en     km
en     km

ទិវានៃក្តីស្រឡាញ់៖នាយករដ្ឋមន្ត្រីនិងស្ថាប័នមួយចំនួនដាស់តឿនយុវវ័យកុំប្រព្រឹត្តប្រាស់ចាកប្រពៃណី និងទំនៀបទម្លាប់ខ្មែរ

Share

ទីវានៃក្ដីស្រឡាញ់បានទាក់ទាញជាខ្លាំងដល់យុវ័យកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឱ្យមានការព្រួយបារម្ភអំពីការប្រព្រឹត្តខុសនឹងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ។ វប្បធម៌នេះ ហូរមកពីទ្វីបអឺរ៉ុប ដោយបានមកកាន់កម្ពុជានៅរយៈពេលជាង១០ឆ្នាំមកនេះ។

ទាំងអាណាព្យាបាល មាតាបិតានិង អ្នកនយោបាយ ថ្នាក់ដឹកនាំ បានបន្តរំលឹកអោយយុវ័យ​ខ្មែរ​បន្តរក្សាសីលធម៌ វប្បធម៌របស់ខ្មែរអោយបានខ្ជាប់ខ្ជួន ។

កញ្ញា ឆោម ពៅនិកា ​រាយការណ៍៖

 

សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន និង ស្ថាប័នរបស់រដ្ឋមួយចំនួននៅ ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈនេះ បានក្រើនរំលឹក និងដាស់តឿនដល់យុវវ័យទាំងអស់កុំប្រព្រឹត្តទង្វើប្រាស់ចាកពីប្រពៃណី និងទំនៀបទម្លាប់របស់ខ្មែរដែលមានយូរលង់មកហើយ។

សម្តេច ហ៊ុន សែន បានរៀបរាប់នៅក្នុងទំព័រ Facebook នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះដែល​មានន័យដើមថា «ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ»។

សម្តេច ហ៊ុន សែន បានរំលឹកថា នៅក្នុងសម័យយុវវ័យរបស់សម្តេច និងសម្តេចភរិយា ទោះពេលនោះស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះសម្តេចស្រលាញ់គ្នាយ៉ាងណា ក៏នៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម។

យ៉ាងណា សម្តេច ហ៊ុន សែន បានបង្ហាញសប្បាយរីករាយ ចំពោះរបាយការណ៍នៃការសិក្សាស្រាវជ្រាវមួយដែលថា ឥឡូវនេះយុវវ័យហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀប ឆ្នាំមុនៗនៅថ្ងៃទិវានៃក្តីស្រលាញ់។

ស្របពេលជាមួយគ្នា នេះ គឺចំថ្ងៃនៃក្ដីស្រឡាញ់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យឲ្យរួមគ្នាផ្តល់ឈាមទុកសង្គ្រោះជីវិតមនុស្ស។

នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានធ្វើពិធី«ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»។ ពិធីនេះនឹងធ្វើចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ឱកាសនៃទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងក្រសួងព័ត៌មានឱ្យចេះស្រឡាញ់ ជួយទុក្ខធុរៈគ្នា ចេះសាមគ្គីគ្នា អត់ឱនឲ្យគ្នា យោគយល់គ្នា និងបានសុខត្រជាក់ត្រជំក្រោមឆត្ររដ្ឋធម្មនុញ្ញតែមួយ។

ដោយឡែកក្រសួងអប់រំ យុវជន និងកីឡា បានចាត់ឲ្យតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនឲ្យធ្វើសកម្មភាពមួយចំនួន ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី។

ក្រសួង បានស្នើឲ្យគ្រឹះស្ថានអប់រំធ្វើសកម្មភាពដើម្បីទប់ស្កាត់ភាពមិនប្រក្រតីមានដូចជា៖

១៖ ផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។

២៖ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣៖ ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។

៤៖ ធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្ផសិស្សានុសិស្ស បានទាន់ពេលវេលា។

ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ ក្រើនរំលឹក ដល់ កូនចៅឲ្យប្រើប្រាស់ «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។

សេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌បានរៀបរាប់ដូចនេះថា៖ «ក្នុងបរិការណ៍នេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាស្វែងយល់ ឲ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពល នៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៉ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាព ជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំ មកហើយនៅទ្វីបអាស៊ីនេះ»។

ក្រសួងលើកឡើងទៀតថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរតែប្រែក្លាយជាឱកាសនៃការ ចែកចាយ នូវក្តីស្រឡាញ់ប្រកប ដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ៕

Share

Image
Image
Image