en     km
en     km

នាទីច្បាប់៖ បទឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ

Share

សង្គមកម្ពុជា អំពើដែលសង្គមមិនត្រូវការនៅតែបន្តកើតមានឡើង ដូចជាអំពើលួច អំពើហឹង្សារ កាប់សម្លាប់ ការរំលោភសេពសន្ថវៈ និងរំលោភសម្លាប់ជាដើម ។ អំពើរំលោភសម្លាប់ ជាប្រធានបទក្ដៅនៅកម្ពុជា ជាពិសេសគឺបញ្ហានេះកើតឡើងទៅលើក្មេងស្រី ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីឳពុកម្ដាយ រួមទាំងអាជ្ញាធរមានសមត្តកិច្ច ។ ការណ៍នេះជាការធ្វើឱ្យសង្គមមិនមានសណ្ដាប់ធ្នាប់ បាត់បង់ធនធានមនុស្សជាដើម ។

តើអំពើរំលោភសម្លាប់ត្រូវបានច្បាប់កម្ពុជាកំណត់យ៉ាងដូចម្ដេច? តទៅនេះ សូមស្ដាប់ការអធិប្បាយពីលោក សោម លាភដូចតទៅ៖

 

បើយោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ ២០០៩ បានចែងថា បទរំលោភសេពសន្ថវៈគឺគ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហឹង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស ។

នីតិភាពនៃការរួមភេទ ត្រូវបានកំណត់ចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ។

ដោយឡែក បទឃាតកម្មវិញ បើយោងតាមមាត្រា ១៩៩ នៃក្រមដដែលបញ្ជាក់ថាជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ។

ពាក់ព័ន្ធទៅនឹងការរំលោភសម្លាប់វិញ គេឃើញមានមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ដដែលបានកំណត់ឱ្យជាប់ពន្ធនាគារមួយជីវិត ។

ជាក់ស្ដែង មាត្រានេះបានចែងថា ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

យ៉ាងណា គេអាចចាត់ទុកថាអំពើណាមួយជាបទល្មើសបានលុះត្រាតែអំពើនោះមានគ្រប់ធាតុផ្សំ៣ សំខាន់ៗ ដែលច្បាប់បានកំណត់ ។

ធាតុផ្សំទី១ គឺធាតុផ្សំនីត្យានុកូល

ធាតុផ្សំនីត្យានុកូលគឺជាធាតុផ្សំទាក់ទងនឹងច្បាប់(មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ) ។ អត្តន័យនៃធាតុផ្សំនេះ គឺ គ្មានបទល្មើស គ្មានទោស បើគ្មានច្បាប់  ។ បានន័យថា គេអាចចាត់ទុកថាជាបទល្មើស ដែលនឹងត្រូវនាំជនល្មើសដែលប្រព្រឹត្ត មកឱ្យទទួលទោសបាន លុះត្រាតែមានច្បាប់ចែង ។

ឧទាហរណ៍ ករណីរំលោភសម្លាប់ គឺមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ត្រង់មាត្រា ២០៥ ដែលចែងថា ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

ធាតុផ្សំទី២ គឺធាតុផ្សំសត្យានុម័ត

ធាតុផ្សំសត្យានុម័ត គឺជាអង្គហេតុ  ឬជាហេតុការទាំងឡាយណាដែលបង្កឲ្យ កើតមាននូវអាកាប្បកិរិយាណមួយ ។ អង្គហេតុទាំងនេះ អាចជាអំពើសកម្ម ឬអំពើអកម្ម អាចជាអំពើដែលកើតឡើងភ្លាមៗ  ឬ អូសបន្លាយក្នុងពេលវេលា  អាចជាអំពើកើតឡើងម្តងម្កាល  ឬ ជាទម្លាប់ជាដើម ។  

ជាងនេះ អំពើដែលជាមធ្យោបាយនៃការធ្វើអំពើទាំងនោះ អាចស្ដែងឡើងតាមរយៈកាយវិការ សម្ដី សំណេរ ឬកាយវិការដែលមិនប្រក្រតីផ្សេងៗទៀត ។

ដោយអនុលោមតាមច្បាប់ គេអាចចាត់ទុកថាជាបទល្មើស និងយកទៅផ្ដន្ទាទោសបាន លុះត្រាតែមានការចាប់ផ្ដើមប្រព្រឹត្តអំពើនោះ ទោះបីជាក្នុងលក្ខខ័ណ្ឌនៃការប៉ុនប៉ង ឬដែលគេហៅថាមិនបានសម្រេច ឬក៏បានសម្រេច ។

យ៉ាងណា ករណីរំលោភសម្លាប់លុះត្រាមានការបញ្ចូលអង្គជាតទៅអ្នកដទៃ ដោយគ្មានការព្រមព្រៀងពីជនរងគ្រោះ ។ សូមបញ្ជាក់ថា អំពើបញ្ជូលអង្គជាតដែកប្រព្រឹត្តទៅលើអ្នកដទៃ បានន័យថា ជនល្មើសជាអ្នកធ្វើអំពើបញ្ចូល ដូចនេះជនរងគ្រោះជាអ្នកទទួលរងនូវការបញ្ចូលអង្គជាតនោះ  ។ ករណីនេះ ប្រសិនបើជនល្មើសបង្ខំឱ្យជនរងគ្រោះបញ្ចូលអង្គជាតទៅលើខ្លួនវិញ នោះគេមិនចាត់ទុកថាជាអំពើរំលោភសេពសន្ថវៈនោះទេ ។

ជាងនេះ សកម្មភាពបញ្ចូលឧបករណ៍ណាក៏ដោយទៅក្នុងអង្គជាតរបស់ជនរងគ្រោះ ក៏ចាត់ទុកថាជាអំពើរំលោភសេពសន្ថវៈដែរ ។

អំពើរំលោភសេពសន្ថវៈ ជនរងគ្រោះអាចជាបុរស ឬក៏ស្ត្រី ហើយអំពើនោះអាចធ្វើឡើងទៅលើភេទដូចគ្នា និងខុសគ្នាផងដែរ ។

អ្វីដែលសំខាន់នោះជាងនេះទៅទៀតនោះ  បទល្មើសរំលោភសេពសន្ថវៈ គឺលុះត្រាតែគ្មានការព្រមព្រៀងពីជនរងគ្រោះ ។  ពោលគឺប្រព្រឹត្តទៅដោយការប្រើហឹង្សា ការបង្ខិតបង្ខំ ការគម្រាមកំហែង ឬដោយការឆ្មក់ឱកាសជាដើម ។

ហើយជនល្មើសសម្លាប់ជនរងគ្រោះដោយអាវុធ ឬគ្មាអាវុធក្ដី ដោយមធ្យោយបាយណាមួយ បន្ទាប់ពី ឬក្នុងពេលរំលោភ ។

ធាតុផ្សំទី ៣ គឺធាតុផ្សំអត្តនោម័ត

ធាតុផ្សំនេះដែលគេហៅឱ្យងាយស្រួលយល់ថា ធាតុផ្សំចិត្តសាស្ត្រ ដែលនេះ គឺសម្ដៅទៅលើកិរិយាផ្លូវចិត្តរបស់ជនល្មើសចំពោះអំពើបង្កគ្រោះ ថ្នាក់ដល់សង្គម ឬដល់បុគ្គល ឬវត្ថុ ដែលខ្លួនបានប្រព្រឹត្ត  ។ និយាយឱ្យខ្លីគឺគេសិក្សាទៅលើថា តើជនល្មើសមានចេតនា ឬគ្មានចេតនាក្នុងការប្រព្រឹត្តបទល្មើសនោះ ។

អំពើរំលោភ និងសម្លាប់ ត្រូវបានធ្វើឡើងដោយជនល្មើសដែលមានចេតនាទោះបីជាមានមូលហេតុបែបណាក៏ដោយ ហើយជនល្មើសបានដឹងទៀតថា ជនរងគ្រោះពុំមានការព្រមព្រៀងទេ ។ គេនឹងមិនអាចជឿបានទេថា ប្រសិនបើជនល្មើសឆ្លើយថា ខ្លួនគ្មានចេតនារំលោភ ។ ជាងនេះ ជនល្មើសគឺសម្លាប់ក្នុងពេល ឬក្រោយពេលរំលោភ ។

គួររំលឹកថា ច្បាប់បង្កើតឡើងដើម្បីបង្កា និងបង្រ្កាបបទល្មើស ។ ជាងនេះ ក៏ដើម្បីកែប្រែទណ្ឌិតឱ្យអាចរស់នៅក្នុងសង្គមវិញផងដែរ ។ ច្បាប់មានអានុភាពទូទៅ មិនចំពោះ បុគ្គលណានោះទេ បុគ្គលដែលប្រព្រឹត្តបុគ្គលនោះត្រូវតែទទួលទោស បើទោះបុគ្គលនោះជានរណាក៏ដោយ ចៀសវាងបង្កើតឱ្យមានវប្បធម៌និទណ្ឌភាពកើតឡើង ៕

Share

Image
Image
Image