en     km
en     km

នាយករដ្ឋមន្ត្រីថា វប្បធម៌លាបពណ៌កើតឡើងដោយក្រុមប្រឆាំង

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថាវប្បធម៌លាបពណ៌ មិនមែនជានយោបាយរបស់សម្ដេចឡើយ ហើយបើនៅតែមានវប្បធម៌នេះបន្តទៀត នឹងធ្វើឱ្យជាតិមិនបានសុខនោះទេ ។ កន្លងមកមានអ្នកនយោបាយ ចោទប្រកាន់គ្នាទៅវិញទៅមកថា អ្នកនេះអាយ៉ងវៀតណាម ចិន ឬជាខ្ញុំបម្រើអាមេរិកជាដើម ។  អ្នកអង្កេតការណ៍មើលឃើញថា វប្បធម៌នៃការលាបពណ៌ និងការចោទប្រកាន់គ្នារវាងអ្នកនយោបាយទាំងនេះ មិនមានផលល្អសម្រាប់កម្ពុជានោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន ថ្លែងនៅថ្ងៃទី ១១ ធ្នូ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាថា វប្បធម៌នៃការលាបពណ៌ និងនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី គឺមានកំណើតចេញពីក្រុមប្រឆាំង កាលពីឆ្នាំ ២០០៣ ។

ពាក់ព័ន្ធនឹងការរអើងនេះ គឺនាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងទាំងការរើសអើងកីឡាករជំរើសជាតិកម្ពុជាឆ្នើមម្នាក់ គឺលោក កែវ សុខផេង ផងដែរ ពោលគឺរើសអើងថាកីឡាកររូបនេះមានម្ដាយជាជនជាតិវៀតណាម ខណៈសម្ដេចថានេះជារឿងអកុសលបំផុត ។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីថា ជាតិសាសន៍ណាក៏ដោយ គឺមិនត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ ។

សម្ដេច ហ៊ុន សែន ក៏បានរំលឹកថា ក្រុមប្រឆាំង បានលាបពណ៌សម្ដេចព្រះបាទនរោត្តមសីហនុ អតីតព្រះមហាក្សត្រកម្ពុជាថា ដោយចោទប្រកាន់ថាព្រះបរមរតនកោដិប្រគល់ដីឱ្យយួនជាដើម នៅពេលចង់ផ្ដួលព្រះអង្គ ។ យ៉ាងណាមកទល់ពេលនេះ សម្ដេចថា ក្រុមប្រឆាំង ក៏នៅតែបន្តវប្បធម៌នៃការលាបពណ៌មកលើសម្ដេច ដូចចោទសម្តេច សីហនុ នៅពេលចង់ផ្តួលចេញពីដំណែងនាយករដ្ឋមន្ត្រី ។

មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីក៏អះអាងថា នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ឬនយោបាយ «មានស៊ីអត់សែន មានសែន អត់ស៊ី» មិនមែនជានយោបាយដែលសម្តេចដាក់ចេញទេ ។

យ៉ាងណា សម្ដេចថា ជាតិខ្មែរនឹងមិនបានសុខឡើយ បើធ្វើនយោបាយចោទគ្នា «ជាអាយ៉ងចិន វៀតណាម អាមេរិក ឬបារាំង» ។

គេសង្កេតឃើញថា ការលាបពណ៌ និងចោទប្រកាន់គ្នាទៅវិញទៅមកមានច្រើនសម្រាប់អ្នកនយោបាយកម្ពុជាជាច្រើននិន្នាការ ។

កន្លងទៅ លោក សម រង្ស៊ី ប្រធានស្ដីនៃអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងថាសម្ដេច ហ៊ុន សែន ជាអាយ៉ងចិន និងជាអាយ៉ងវៀតណាមជាដើម ។ លោកថា នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងកាត់ទឹកដីកម្ពុជាឱ្យទៅវៀតណាម និងចិន រួមទាំងអនុញ្ញាតឱ្យទឹកដីចិនដើម្បីដាក់មូលដ្ឋានទ័ពនៅកម្ពុជាជាដើម ។

នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តែងតែចេញមុខបដិសេធន៍លើករណីនេះ ។

មានការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើន អំពីកម្ពុជាបើកលទ្ធភាពឱ្យចិនបង្កើតមូលដ្ឋានទ័ពលើទឹកនដីកម្ពុជា ។

ជាងនេះ ក៏មានការលើកឡើងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលកាត់ដីបង្កើតជាភូមិចំនួន ៤០ ហិកតា ឱ្យជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យមករស់នៅលើគោកវិញជាដើម ។​ អាជ្ញាធរថានេះ ជាទង្វើត្រូវច្បាប់ ទាំងច្បាប់ជាតិ និងអន្តរជាតិ ។  ករណីនេះមានការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនចាប់អារម្មណ៍លើជនជាតិខ្មែរដែលខ្វះដីរស់នៅ និងត្រូវឧកញ៉ារំលោភយកដី តែបែជាងាកទៅយកចិត្តទុកដាក់ និងផ្គត់ផ្គង់ចំពោះវៀតណាមយ៉ាងខ្លាំងទៅវិញ ។

អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍លើទំព័រហ្វេសបុករបស់ខ្លួនថា​ ការណ៍នេះជាការបញ្ជាក់ឱ្យឃើញថា វៀតណាម មានឥទ្ធិពលមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។ ប្រការនេះ អាចនឹងមានការបង្កើតភូមិរបៀបនេះជាបន្តបន្ទាប់ ប្រសិនបើការបង្កើតលើកនេះអាចធ្វើទៅបានប្រកបដោយជោគជ័យ ។

លោក អ៊ំ សំអាន អតីតតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាប់ពន្ធនាគាររឿងព្រំដែននោះ ក៏បានលើកឡើងដែលថា ក្រោមការដឹកនាំរបស់មេដឹកនាំសព្វថ្ងៃ បើនៅតែបន្តទៀត នោះកម្ពុជាកណ្ដាលអាចនឹងមានវាសនាដូចជាកម្ពុជាក្រោម និង សុរិន្ទ ។

ការចោទពីការកាត់ទឹកដីឱ្យបរទេស មិនមែនកើតឡើងតែពីសំណាក់មន្ត្រីអតីតគណបក្សប្រឆាំងទៅលើបក្សកាន់អំណាចតែប៉ុណ្ណោះនោះទេ តែក៏មានការចោទប្រកាន់ពីមន្ត្រីកម្ពុជាមួយចំនួនផងដែរទៅអតីតបក្សប្រឆាំងវិញផងដែរ ។ ជាក់ស្ដែង គឺមានការចោទប្រកាន់អំពីរឿងរ៉ាវមួយដែលថា លោក សម រង្ស៊ី សន្យាកាត់ទឹកដីឱ្យជនជាតិយួនដេហ្កា នូវខេត្តស្ទឹងត្រែង ក្រចេះ និងរតនាគិរី ។

បើតាមការអង្កេត គឺភាគីខាងបក្សប្រឆាំងចោទប្រកាន់ទៅបក្សកាន់អំណាចថាជាអាយ៉ងវៀតណាម ចិនជាដើម ពោលគឺប្រភេទប្រទេសកុម្មុយនីស្ត ។ ដោយឡែក ខាងបក្សកាន់អំណាចវិញ ក៏ចោទទៅក្រុមប្រឆាំងថា ជាអ្នកបម្រើបរទេស ដូចជាអាមេរិកជាដើម ។ ជាងនេះ កាលពីកន្លងទៅ ក៏រាជរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ថា ក្រុមលោក សម រង្ស៊ី មានគម្រោងធ្វើរដ្ឋប្រហារលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងដំណើរមាតុភូមិនិវត្តន៍ថ្ងៃទី ៩ វិច្ឆិកា ។

អ្នកអង្កេតការណ៍មើលឃើញថា វប្បធម៌នៃការលាបពណ៌ និងការចោទប្រកាន់គ្នារវាងអ្នកនយោបាយទាំងនេះ មិនមានផលល្អសម្រាប់កម្ពុជានោះទេ ៕

Share

Image
Image
Image