en     km
en     km

នាយក​រដ្ឋមន្ដ្រី​ ធានា​ថា​ បើកប្រាក់​ជូន​ កម្មករ​ដែល​ថៅកែ​រត់​ចោល​ តែ​សុំ​កុំ​បិទផ្លូវ​

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​ធានា​ថា​ រាជរដ្ឋាភិបាល​នឹង​ចេញ​មុខ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ ដែល​ថៅកែ​រត់​ចោល​ តែ​សម្ដេច​សុំ​ម្យ៉ាង​គឺ​កុំ​ឲ្យ​មានការ​បិទផ្លូវ​កើត​ឡើងជា​បន្ដ​ទៀត​។​ ការ​អះអាង​របស់​នាយក​រដ្ឋមន្ដ្រី​ ដូចនេះ​ គឺ​បន្ទាប់​ពី​កម្មករ​នៅ​រោងចក្រ​មួយ​ កាលពី​ថ្ងៃ​ចន្ទ​ ទី​១៧​ ខែកញ្ញា​បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ជា​ខ្លាំង​។​ ករណី​នេះ​សហជីព​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ ពង្រឹង​ការ​អនុវត្ដ​ច្បាប់​លើ​ក្រុម​ថៅកែ​ដែល​ប្រព្រឹត្ដ​ល្មើសច្បាប់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រំលង​បាន​ ២​ថ្ងៃ​ ក្រោយ​ពី​ កម្មករ​ ផ្ទុះ​បាតុកម្ម​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ ស្ថិត​ក្នុង​សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​បើក​ប្រាក់ខែ​គឺ​ នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​នេះ​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​កម្មករ​ នៅ​ខេត្ដកំពង់ស្ពឺ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ថ្មី​ អាណ​ត្ដី​ទី​០៦​ បាន​អំពាវនាវ​ដល់​កម្មករ​ កម្មការិនី​ នៅ​ទូ​ទាំង​ប្រទេស​ សូមកុំ​ធ្វើ​បាតុកម្ម​ បិទផ្លូវ​ប្រសិនបើ​មាន​ករណី​ថៅកែ​រត់​ចោល​រោងចក្រ​ ទាំង​មិន​បាន​បើក​ប្រាក់ខែ​ជូន​។​ សម្ដេច​ អះអាង​ថា​ រាជរដ្ឋាភិបាល​របស់​សម្ដេច​ នឹង​ចេញ​មុខ​មក​ទូទាត់​ប្រាក់ខែ​ជូន​កម្មករ​ ទាំងអស់​ ដោយ​មិន​ឲ្យ​កម្មករ​ណា​ម្នាក់​បាត់បង់​អត្ថប្រយោជន៍​របស់​ខ្លួន​ឡើយ​។​

​សម្ដេច​បន្ដ​ថា​ ការ​យក​ផ្លូវ​មក​ធ្វើ​ជា​ចំណាប់ខ្មាំង​ ដើម្បី​តវ៉ា​ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ ពីព្រោះ​តែ​វា​មិនមែន​ប៉ះពាល់​តែ​ថៅកែ​រោងចក្រ​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ​វា​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ពិសេស​ គឺ​អាច​ប៉ះពាល់​ទៅ​ដល់​អ្នក​ត្រូវការ​ ការ​សង្គ្រោះ​បន្ទាន់​ នៅ​តាម​មន្ទីរពេទ្យ​ទៀត​ផង​ ៖«​ក្មួយៗ​តាម​រោងចក្រ​នានា​ ណ្ហើយ​ សុំ​អ​ញ្ចេះ​ពូ​ស្នើ​សុំ​ដោយ​ត្រង់​។​ ពូ​មិន​ឲ្យ​ក្មួយៗ​អត់​លុយ​ទេ​ ចេញ​អស់​ ២២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​រួច​ហើយ​ គ្រាន់តែ​ថៅកែ​រត់​ចោល​នោះ​។​ ឥឡូវ​បើ​ថៅកែ​រត់​ចោល​យើង​ទៅ​បិទផ្លូវ​ទៀត​ បិទ​ហ្នឹង​មិនមែន​សម្លាប់​ថៅកែ​ឯណា​ សម្លាប់​អ្នក​ធ្វើ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​ ៤​នេះ​។​ អ​ញ្ចឹ​ង​លុយ​គង់តែ​ដោះស្រាយ​ទេ​ តែ​កុំទៅ​លេង​បិទផ្លូវ​»​។​

​ជុំវិញ​រឿង​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បង្ហាញ​ទស្សន​របស់​លោក​ថា​ លោក​ជឿជាក់​ថា​ គ្មាន​កម្មករ​ណា​ម្នាក់​ ចង់​ធ្វើ​កូដកម្ម​បិទផ្លូវ​អ្វី​នោះ​ទេ​ ក៏​ប៉ុន្ដែ​នេះ​គឺ​មក​ពី​កម្មករ​ កម្មការិនី​ គ្មាន​ជម្រើស​អ្វី​ដែល​ល្អ​ជាង​នេះ​ ព្រោះតែ​ការ​អនុវត្ដ​ការងារ​របស់​មន្ដ្រី​ថ្នាក់​ក្រោម​បាន​នាំ​ឲ្យ​ពួក​គេ​បាត់បង់​ជំនឿ​។​ លោក​បន្ដ​ថា​ ដើម្បី​លុប​បំបាត់​បាតុកម្ម​ ដែល​កើត​ចេញពី​វិវាទ​ការងារ​របស់​កម្មករ​ កម្មការិនី​ លោក​សំណូមពរ​ ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ សុំ​តាមដាន​ការ​អនុវត្ដ​ច្បាប់​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ កម្មការិនី​ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​។​

​ចំណែក​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មើលឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ អស់ជម្រើស​ហើយ​ឈាន​ដល់​ការ​បិទផ្លូវ​ គឺ​ដោយសារ​តែ​ ច្បាប់​ស្ដី​ពី​សហជីព​បាន​ចូល​មក​ធ្វើ​ជា​រនាំង​បាំង​កម្មករ​ មិន​ឲ្យ​ទទួល​បាន​សហជីព​ដែល​គេ​ពួក​ចង់បាន​។​ បន្ថែម​ពី​នេះ​លោក​សង្កត់ធ្ងន់​ថា​ ភាព​អសកម្ម​របស់​មន្ដ្រី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ជូន​ពួក​គេ​ ក៏​ជា​ចំណែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ សម្រេចចិត្ដ​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​ កូដកម្ម​ ដើម្បី​រក​ដំណោះស្រាយ​ដូច្នេះ​ ៖«​អ្វី​ដែល​ខ្ញុំ​មើលឃើញ​ទី​១​ គឺ​ភាព​អូស​បន្លាយ​នៃ​ការ​ដោះស្រាយ​ដែល​កម្មករ​គាត់​អត់​សូវ​មាន​ជំនឿ​ ទី​២​ គឺ​គាត់​មិនសូវ​មាន​ទំនុកចិត្ដ​ទៅ​លើ​ការ​ដោះស្រាយ​ ទី​៣​ គឺ​គាត់​បាត់បង់​តំណាង​ដែល​គាត់​ជឿជាក់​ គឺ​ចំណុច​ទាំង​អស់នេះ​ហើយ​ ដែល​វា​មិន​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​វិវាទ​ហ្នឹង​គឺថា​ត្រូវ​បាន​ទប់ស្កាត់​ទេ​»​។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ កញ្ញា​ មាន​បាតុកម្ម​មួយ​បាន​ផ្ទុះ​ឡើង​ ក្រុម​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​ ជី​ម​ លី​ មាន​គ្នា​ប្រមាណ​ជាង​ ៧០០​នាក់​ បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ ដោយ​ទាមទារ​បើក​ប្រាក់ខែ​។​ តែ​យ៉ាងណា​ផ្លូវ​ក៏​បាន​បើក​វិញ​ នៅ​វេលា​ថ្ងៃត្រង់​ បន្ទាប់​ពី​មានការ​ចរចា​រវាង​មន្ដ្រី​ក្រសួង​ការងារ​ និង​កម្មករ​។​ ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​នេះ​ គឺ​បន្ទាប់​ពី​ ក្រុម​កម្មករ​ កម្មការិនី​ រោងចក្រ​នេះ​ ដែល​មាន​គ្នា​ប្រមាណ​ជាង​ ២៥០០​នាក់​ មិន​បាន​បើក​ប្រាក់ខែ​ ហើយ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​ជាង​មួយ​ខែ​ មិន​ទទួល​បាន​លទ្ធផល​។​

​ទន្ទឹម​ជាមួយ​គ្នា​នោះ​ ក្រសួង​ការងារ​បាន​ជូនដំណឹង​ថា​ ក្រសួង​នឹង​ខិតខំ​ ព​ន្លឿ​ន​ រៀបចំ​ទូទាត់​ប្រាក់បៀវត្ស​ជូន​កម្មករ​ ដោយ​ស្នើ​សុំ​ប្រាក់​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​ បើក​ជូន​កម្មករ​ កម្មការិនី​ ទាំងអស់​។​ ប៉ុន្ដែ​ក្នុង​លិខិត​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​បើកប្រាក់​ជូន​កម្មករ​នោះ​ទេ​។​ តែ​ជាមួយ​គ្នា​នេះ​ ក្រសួង​ស្នើ​សុំ​ឲ្យ​កម្មករ​ រក្សា​ភាព​ស្ងៀមស្ងាត់​ និង​ត្រូ​ត​ពិនិត្យ​ប្រាក់​អី​ត​ភាព​ផ្ទាល់ខ្លួន​ម្នាក់ៗ​៕

Share

Image
Image
Image