en     km
en     km

បក្សកាន់អំណាចប្រតិកម្មប្រ៊ែដ អាដាមដែលថាឧត្តមសេនីយ៍កម្ពុជា៧រូបទៀតរងការដាក់ទណ្ឌកម្ម

Share

ភ្នំពេញ៖ អ្នកនាំពាក្យបក្សកាន់អំណាចបានឆ្លើយតបដោយប្រតិកម្មជាមួយលោកប្រ៊ែដ អាដាម (Brad Adams) មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែលលើកឡើងថា ឧត្តមសេនីយជាន់ខ្ពស់កម្ពុជាជាច្រើនរូបផ្សេងទៀតកំពុងស្ថិតក្នុងបញ្ជីខ្មៅនៃការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះថា លោក ប្រ៊ែដ អាដាម​ តែងតែមានទម្លាប់អាក្រក់ចងគំនុំជាមួយពលរដ្ឋកម្ពុជា និងមានឧបាយកលស្មោកគ្រោកយាយីផលប្រយោជន៍ប្រជាជាតិកម្ពុជា។

 

                                                              ​លោក សុខ ឥសាន(ឆ្វេង)លោក ប្រ៊ែដ អាដាម (ស្តាំ)។

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ខ្លីជាមួយវិទ្យុស្រ្តីនៅថ្ងៃទី១៥ មិថុនា នេះដោយប្រតិកម្មតបទៅលោកប្រ៊ែដ អាដាម (Brad Adams)នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិHuman Rights Watch ដែលបានអះអាងថា មានឧត្តមសេនីយជាន់ខ្ពស់ កម្ពុជា៧រូបទៀត ស្ថិតក្នុងបញ្ជីខ្មៅនៃការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក។

លោក សុខឥសាន្តបានហៅលោកប្រ៊ែដ អាដាម ថាជាជនអាក្រក់ ចូលចិត្តបំផ្លាញកិត្តិយសប្រទេសកម្ពុជា។

ការឆ្លើយតបរបស់លោក សុខ ឥសាន នេះគឺបន្ទាប់ពីលោកប្រ៊ែដ អាដាម​ បានប្រាប់វិទ្យុអាស៊ីសេរីថាឧត្តមសេនីយ កម្ពុជាជាច្រើនរូបទៀត កំពុងស្ថិតក្នុងបញ្ជីខ្មៅដែលអាចត្រូវរងទណ្ឌកម្មដូចលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។

លោក​ប្រ៊ែដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការ Human Rights Watch​ បានប្រាប់អាស៊ីសេរី ហើយត្រូវផ្សព្វផ្សាយកាលពីថ្ងៃទី១៤មិថុនានេះថា ឧត្តមសេនីយជាន់ខ្ពស់ទាំង៧រូបនេះ រួមមាន លោកប៉ុលសារឿន លោក គន់ គីម លោក សៅ សុខា ​ លោក មាស សុភា លោក រ័ត្ន ស្រ៊ាង លោក នេត សាវឿន  និងលោក ម៉ក់ ជីតូ គឺមានជាប់ពាក់ព័ន្ធការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោកប្រ៊ែដ អាដាម បន្តថាឧត្តមសេនីយជាន់ខ្ពស់ ទាំងនេះ បានយកតួនាទីជាមន្រ្តីសាធារណៈ ទៅបំរើផលប្រយោជនបក្សកាន់អំណាច ហើយធ្វើទុក្ខបុកម្នេញមនុស្សបក្សប្រឆាំង​។ ជាងនេះទៀតលោកប្រ៊ែដ អាដាម បង្ហើបថាសម្តេច ហ៊ុន សែន ក៏គេច​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ នោះ​ដែរ ព្រោះសម្តេច​ជាអ្នកមានអំណាច​បញ្ជា​ផ្ទាល់​លើ​មន្ត្រី​ទាំងនេះ។​

កាលពីថ្ងៃអង្គារ៍ទី១២ មិថុនា ក្រសួងរតនាគារអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបង្កកទ្រព្យសម្បត្តិ​លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្ត្រី។

    លោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្ត្រី។

 

ជុំវិញការបង្កកទ្រព្យសម្បត្តិលោកឧត្តមសេនីយហ៊ីង ប៊ុនហៀង នេះ ស្ថាប័នធំៗមួយចំនួនរួមមាន ក្រសួង​ការពារ​ជាតិ​កម្ពុជា មេបញ្ជាការ នាយទាហាន ពលទាហាន ក្រសួង​ការបរទេស និង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ និងលោក ហ៊ីង ប៊ុនហៀង ផ្ទាល់បានចេញមុខថ្កោលទោស​អាមេរិក​ព្រមៗ​គ្នា ​ដោយ​ចាត់​ទុក​ការសម្រេច​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន និង​ល្ងង់ខ្លៅ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​។

ជុំវិញការបង្កកទ្រព្យសម្បត្តិលើមន្រ្តីខ្មែរធ្វើឡើងដោយក្រសួងរតនាគារសហរដ្ឋអាមេរិកនេះសម្រាប់លោក សុខ ឥសាន គឺជាទង្វើមួយធ្វើឱ្យខូចកិត្យានុភាពកម្ពុជា ប៉ុន្តែទណ្ឌកម្មនេះគ្មានប្រសិទ្ធភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយ។

កម្ពុជាកំពុងដើរលើផ្លូវមួយដែលក្រុមបក្សប្រឆាំង សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកចាត់ទុក ដើរចេញពីគន្លប្រជាធិបតេយ្យ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ តែ មន្ត្រីបក្សកាន់អំណាច រួមសម្ដេចនាយករដ្ឋមន្ត្រី អះអាងថាប្រជាធិបតេយ្យនៅកម្ពុជានៅតែដើរលើផ្លូវត្រូវហើយមានប្រព័ន្ធពហុបក្សទៀតផង៕   

 

Share

Image
Image
Image