en     km
en     km

បក្សប្រឆាំងគ្រោងធ្វើសន្និសឹទកាសែតទាមទារអោយរដ្ឋាភិបាលបង្ហាញផែនទីពិត

Share

នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មិថុនា​នេះ តំណាង​រាស្រ្ត​គណ​បក្ស​សង្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ កំពុង​ព្រាង​លិខិត​ស្នើ​សុំ​​អគ្គលេខា​ដ្ឋាន​រដ្ឋ​សភា ដើម្បី​រៀប​ចំ​សន្និ​សីទ​កាសែត​នៅ​សប្តាហ៍​នេះ បំណង​ដើម្បី​ស្នើ​ដល់​រដ្ឋា​ភិបាល​បង្ហាញ​ពី​ផែន​ទី​ពិត​ស្តី​ពីការ​កំណត់​ព្រំដែន​កម្ពុជា​និង​ប្រទេស​វៀតណាម ដែល​បាន​តម្កល់​នៅ​អង្គការ​សហ​ប្រ​ជា​ជាតិ​។ ការ​ស្នើ​បែប​នេះ គឺ​បន្ទាប់ពី​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​ឃើញ​ថា ទឹក​ដី​កម្ពុជា​តាម​បណ្តោយព្រំដែន បាន​បាត់​បង់​ទៅ​ភាគី​វៀតណាមដោយ​សារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​ផែន​ទី​ខុស។

« គោល​បំណង​អត់​មាន​អី​ច្រើន​ទេ សុំ​ឲ្យ​បង្ហាញ​ផែន​ទី​ជា​ផ្លូវ​ការ ហើយ​បើ​លោក​មិន​បង្ហាញ​ខ្ញុំ​ប្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា លោក​បោះ​បង្គោល​ព្រំដែន​កន្លង​មក មិន​មែន​បោះ​តាម​ផែនទី​ដែល​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​នោះ​ទេ »។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉ៅ មុន្នីវណ្ណ ប្រាប់​អ្នក​យក​ព័ត៍​មាន​មណ្ឌល​ស្រ្តី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ច​នេះ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ទឹក​ដី​កម្ពុជា​ដែល​បាន​បាត់​បង់​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា​-​វៀតណា​មកន្លង​មក ក៏ដោយ​សារ​តែ​ការបោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផែន​ទី​ខុស​ដោយ​យោង​តាម​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ និងសន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

លោក ម៉ៅ មុន្នីវណ្ណ (លើកដៃោឡើងលើ)​ និងតំណាងរាស្រ្តគណបក្សសង្រោះជាតិ ចុះត្រួតពិនិត្យ នៅព្រំដែនកម្ពុជា-វៀតណាម ​-(រូបភាពពីទំព័រហ្វេសប៊ុករបស់លោកម៉ៅ មុន្នីវណ្ណ)
លោក ម៉ៅ មុន្នីវណ្ណ (លើកដៃឡើងលើ)​ និងតំណាងរាស្រ្តគណបក្សសង្រោះជាតិ ចុះត្រួតពិនិត្យ នៅព្រំដែនកម្ពុជា-វៀតណាម ​ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោកម៉ៅ មុន្នីវណ្ណ)

តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​រូប​នេះ បាន​បន្ត​ទៀត​ថា បញ្ហា​រឿង​ព្រំ​ដែន​គឺ​ជា​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប ដូច្នេះ​ការ​បង្ហាញ​ពី​ព្រំដែន​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បើក​ចំហ​ជា​សាធារណៈ មិន​ត្រូវ​ធ្វើ​ការ​បក​ស្រាយ​ដោយ​ម្នាក់​ឯង​នោះ​ទេ​។ « ប្រសិន​បើការ​បង្ហាញ​ផែន​ទី​ពី​រដ្ឋាភិ​បាល ដូច​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​មែន​នោះ នោះ​ប្រជា​ប្រិយ​ភាព​របស់​បក្ស​កាន់​អំណាច​កាន់​តែ​ល្អ​ប្រសើរ​ទៅ​វិញ​នោះ​ទេ…។ ដូច្នេះ បង្ហាញ​ផែន​ទី​នោះ​មកដើម្បី​ឲ្យ​អស់​សង្ស័យ​ទាំងអស់​គ្នា »។

លោក វ៉ា គឹមហុង កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ថ្មីៗ​នេះ បាន​បញ្ជាក់​ថា សំណើ​សុំ​ផែន​ទី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋា​ភិបាល​បញ្ជាក់​និង​បង្ហាញ​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សារ​រួចមក​ហើយតាមរយៈ​បទ​អន្ត​រាគមន៍​របស់​លោក សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី​ស្តី​ពី​​បញ្ហា​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ទៅ​លើសន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​ជុំវិញ​បញ្ហា​ព្រំ​ដែន​ទឹក​រវាង​កម្ពុជា-វៀតណាម នៅ​រដ្ឋ​សភា​ជាតិ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០០៥។

លិខិត​របស់​លោក វ៉ា គឹមហុង បាន​បន្ត​ថា រូប​លោក​បាន​ចូល​ពន្យល់​ដល់​សភា​ពេញ​អង្គ ក៏ដូច​ជា​នៅ​គណៈ​កម្មា​ធិការ​នៃ​រដ្ឋសភា​ជា​ច្រើន​ដង​រួច​មក​ហើយ​។ សារលិខិតនេះឲ្យដឹងផងដែរ​ថា កាល​ពី​ឆ្នាំ២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​នីតិ​វិធី​ខណ្ឌ​សីមា ​បោះ​បង្គោល​ព្រំដែន ព្រមទាំងបង្ហាញ​ផែន​ទី​ផ្លូវ​ការ​ដែល​រដ្ឋា​ភិបាល​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​ធ្វើ​ព្រំ​ដែន​ជា​មួយ​ប្រទេស​វៀតណាម​ផង​ដែរ។

យ៉ាង​ណា​ក្តី​លោក វ៉ា គឹមហុង បញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ លោក​សូម​ជម្រាប​សារជាថ្មី ទៅ​ តំណាង​​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា រាជ​រដ្ឋា​ភិបាល​ពុំ​មាន​ផែន​ទីណា​ផ្សេង ខុស​ពី​ផែន​ទី​ផ្លូវ​ការ​ដែល​បាន​បង្ហាញ​ជូន​ជាសាធារណៈ​នោះ​ទេ។ តែ​បើ​អ្នក​តំណាង​រាស្ត្រ​​គណ​បក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ទីដែល​អះ​អាង​ថា​ត្រឹម​ត្រូវ​នោះ សូម​យកមក​ប្រគល់​ឲ្យ​រាជ​រដ្ឋាភិ​បាល ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹង​ផែន​ទី​ផ្លូវ​ការ​ដែល​កម្ពុជា​មាន​ដោយ​ឈរ​លើ​ឧត្តមប្រយោជន៍​ជាតិ​ខ្ពស់​បំផុត​៕

Share

Image
Image
Image