en     km
en     km

បទ​យក​ការណ៍​៖ ភាសា​ជប៉ុន​ផ្តើម​មាន​ប្រជា​ប្រិយ​ភាព​កាន់​តែ​ខ្លាំង​សម្រាប់​អ្នក​សិក្សា​ខ្មែរ​

Share

បើ​ទោះ​បី​ភាសា​ជប៉ុន​ពី​មុន​មក​ពុំ​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សិក្សា​ខ្មែរ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ភាសា​ជប៉ុន​ត្រូវ​​បាន​សិស្ស​ និស្សិត​ ឬ​អ្នក​សិក្សា​ ខ្មែរ​មួយ​ចំនួន​ យក​ចិត្ត​ទុក​ដាក់​គាំ​ទ្រ​ និង​បាន​នាំ​គ្នា​សិក្សា​ភាសា​នេះ​ច្រើន​គួរ​សម​ ដូច​ជា​ភាសា​ផ្សេងៗ​ មាន​ភាសា​អង់គ្លេស​ បារាំង​ជា​ដើម​។​ មូល​ហេតុ​ដែល​ ជំរុញ​ឱ្យ​អ្នក​សិក្សា​ខ្មែរ​រៀន​ភាសា​ជប៉ុន​ ព្រោះ​អ្នក​ទាំង​នោះ​បាន​​អះ​អាង​ថា​ ចេះ​ភាសា​ជប៉ុន​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ​ និង​បាន​សិក្សា​ស្វែង​យល់​បាន​ ច្រើន​ពី​វប្បធម៌​របស់​ជប៉ុន​។​

ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​វិទ្យា​ស្ថាន​ភាសា​បរទេស​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ IFL​ លោក​អ្នក​គ្រាន់​តែ​ចោល​ក្រសែ​ភ្នែក​ទៅ​ផ្នែក​ខាង​ស្តាំ​ដៃ​បន្តិច​​នោះ​លោក​អ្នក​​នឹង​ឃើញ​អគារ​មួយ​មាន​ឈ្មោះ​ថា​ មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​​-​ជប៉ុន​ (CJCC)​។ ​ទី​នោះ​ហើយ​ដែល​​ជា​កន្លែង​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន​ធំ​ជាង​គេ​នៅ​ក្រុង​ភ្នំពេញ​ ក្រៅ​ពី​ការ​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ​ភាសា​ជប៉ុន​របស់​វិទ្យា​ស្ថាន​ភាសា​បរទេស​។​

មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​​-​ជប៉ុន​ មិន​ត្រឹម​តែ​ជា​កន្លែង​ផ្ទេរ​ចំណេះ​ដឹង​ភាសា​ជប៉ុន​ដល់​សិស្ស​ និស្សិត​កម្ពុជា​នោះ​ទេ​ មជ្ឈ​មណ្ឌល​ដែល​សង់​ឡើង​តាម​ រចនា​បទ​បែប​សិល្បៈ​វប្បធម៌​ជប៉ុន​មួយ​នេះ​ ក៏​ជា​កន្លែង​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​វប្បធម៌​ខ្មែរ​ និង​ វប្បធម៌​ជប៉ុន​ផង​ដែរ​។

cjcc_FBក្នុង​ដំណើរ​បោះ​ជំហ៊ាន​មួយៗ​ ទើប​តែ​ដើរ​ចេញ​ពី​កន្លែង​សួរ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​​-​ជប៉ុន​ ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​ជា​និស្សិត​ស្រស់​​ស្អាត​ម្នាក់​ ពាក់​អាវ​ស​ សំពត់​ខ្លី​​ស្ទើរ​ត្រឹម​ក្បាល់​ជង្គង់​ កញ្ញា​ ស៊ុន​ សៀវនី​ ជា​និស្សិត​ឆ្នាំ​ទី២​ នៃ​ដេប៉ា​តឺ​ម៉ង​​ភាសា​ជប៉ុន​។ ​កញ្ញា​ ស៊ុន​ សៀវនី​ បាន​និយាយ​ រៀប​រាប់​ពី​មូលហេតុ​នាំ​ឱ្យ​កញ្ញា​រៀន​ភាសា​ជប៉ុន​ដោយ​ទឹក​មុខ​ញញឹម​ថា​ ដំបូង​ឡើយ​កញ្ញា​មិន​សូវ​ជា​ចូល​ចិត្ត​រៀន​ឬ​ចាប់​អារម្មណ៍​ចំពោះ​ភាសា​ជប៉ុន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​ការ​និយម​ចូល​ចិត្ត​ស្តាប់​ពី​របៀប​និយាយ​ក្នុង​ភាសា​ជប៉ុន​របស់​ជន​ជាតិ​ជប៉ុន​ និង​ចូល​ចិត្ត​ចង់​ដឹង​វប្បធម៌​ជប៉ុន​ ​ទើប​ជំរុញ​ចិត្ត​ឱ្យ​ សៀវនី​ ចាប់​យក​ភាសា​ជប៉ុន​ជា​មុខវិជ្ជា​សិក្សា​បន្ត​នៅ​ថ្នាក់​មហា​វិទ្យាល័យ​។​

ដំបូង​មិន​ស្រឡាញ់​ភាសា​ជប៉ុន​នេះ​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ពេល​ដែល​បាន​សិក្សា​ពី​ភាសា​នេះ​មាន​អារម្មណ៍​ថា​ ភាសា​ជប៉ុន​មាន​ភាព​​ងាយ​​ស្រួល​​ទៅ​​វិញ​​នេះ​​ជា​​ការ​លើក​​ឡើង​​របស់​​ កញ្ញា​​ ស៊ុន​​ សៀវ​នី​​។ ​ពី​​មនុស្ស​​ម្នាក់​​ដែល​មិន​ស្រឡាញ់​ភាសា​ជប៉ុន​ មាន​ចំណង់​ចំណូល​ចិត្ត​តិច​តួច​ពី​ភាសា​ជប៉ុន​ ប្រែ​ក្លាយ​ជា​ស្រឡាញ់​ ពេញ​ចិត្ត​ភាសា​ជប៉ុន​ទៅ​វិញ​។ កញ្ញា​ បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​បាន​ស្តាប់​គ្រូ​ពន្យល់​ បាន​សិក្សា​ភាសា​ដែល​មនុស្ស​ទូ​ទៅ​ធ្លាប់​គិត​ថា​ពិបាក​មួយ​នេះ​ទៅ​ ភាសា​ជប៉ុន​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​កា​រ​សិក្សា​ វិស័យ​ការងារ​ និង​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ជា​មួយ​ជន​ជាតិ​ជប៉ុន​។​

ផ្តើម​ស្រឡាញ់​ភាសា​ជប៉ុន​បាន​ធ្វើ​ឱ្យ​កញ្ញា​ សៀវ​នី​ មាន​ក្តី​សង្ឃឹម​​យ៉ាង​មុត​មាំ​ថា​ ការ​សិក្សា​ភាសា​ជប៉ុន​របស់​គេ​នឹង​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ តាម​រយៈ​កា​រ​ខិត​ខំ​ប្រឹ​ង​ប្រែង​របស់​គេ​។ ​សៀវនី​ បាន​សម្លឹង​មើល​ឃើញ​ពី​គោល​ដៅ​ការងារ​ជា​ច្រើន​ ដែល​កំពុង​រង់​ចាំ​បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​បរិញ្ញា​បត្រ​ភាសា​ជប៉ុន​។ សៀវនី​ មាន​សង្ឃឹម​មួយ​ទៀត​ថា​ គេ​នឹង​​អាច​ស្វែង​រក​អាហា​រូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ឱ្យ​បាន​ ដើម្បី​យក​ចំណេះ​ដឹង​ បទ​ពិសោធន៍​មក​ប្រើ​ប្រាស់​ ដើម្បី​ចិញ្ចឹម​ជីវិត​ និង​កសាង​សង្គម​ជាតិ​ឱ្យ​នា​ថ្ងៃ​អនាគត​។​

ទន្ទឹម​នឹង​ការ​រៀប​រាប់​របស់​និស្សិត​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ភាសា​ជប៉ុន​ខាង​លើ​ លោក​ នី​ ធន់​ មិន​មែន​ជា​អ្នក​រៀន​បរិញ្ញា​បត្រ​ភាសា​ជប៉ុន​នោះ​ទេ​ ប៉ុន្តែ​លោ​ក​​​ នី​ ធន់​ គ្រាន់​តែ​ជា​​អ្នក​រៀន​ឈ្នួល​ក្រៅ​ម៉ោង​ពី​ភាសា​ជប៉ុន​នៅ​សាលា​ឯក​ជន​មួយ​កន្លែង​ បាន​និយាយ​ថា​ លោក​បាន​សម្លឹង​មើល​ឃើញ​ពី​សារៈ​សំខាន់​របស់​ភាសា​ ជប៉ុន​យ៉ាង​ច្រើន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ទើប​ជំរុញ​ឱ្យ​លោក​រៀន​ភាសា​ជប៉ុន​។ ចេះ​ភាសា​ជប៉ុន​ ងាយ​ស្រួល​រក​ការងារ​ធ្វើ​នៅ​ពេល​រៀន​ចប់​ពី​មហា​វិទ្យាល័យ​។​

លោក​ នី​ ធន់​ បាន​រៀប​រាប់​ថា​ លោក​បាន​សិក្សា​ភាសា​ជប៉ុន​នេះ​ទើប​បាន​រយៈ​ពេល​ជាង​ ៨​ខែ​ប៉ុណ្ណោះ​។ មក​ទល់​ពេល​នេះ​ លោក​អាច​សន្ទនា​ភាសា​ជប៉ុន​​ បាន​គ្រាន់​តែ​ពាក្យ​​ឬ​ឃ្លា​សាមញ្ញា​ៗ​ធម្មតា​តែ​ប៉ុណ្ណោះ​។​​ ក៏​ប៉ុន្តែ​វា​ហាក់​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ តាម​រយៈ​ការ​ហ្វឹក​ហាត់​សិក្សា​ ជា​ពិសេស​ឆ្លៀត​ពេល​ ទំនេរ​ពី​ការ​សិក្សា​មុខវិជ្ជា​ផ្សេងៗ​របស់​សាកល​វិទ្យាល័យ​មក​សិក្សា​ភាសា​ជប៉ុន​។ ​ទន្ទឹម​នឹង​ការ​មើល​ឃើញ​ពី​សារៈ​សំខាន់​នៃ​ភាសា​ជប៉ុន​ដែល​ខ្លួន​ចង់​ចេះ​នេះ​​ អ្នក​សិក្សា​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ភាសា​ជប៉ុន​មិន​មែន​ជា​ភាសា​ងាយ​ស្រួល​នៅ​ក្នុង​ការ​សិក្សា​នោះ​ទេ​ វា​ទាម​ទារ​ការ​តស៊ូ​ព្យាយាម​ និង​មាន​ឆន្ទៈ​ខ្ពស់​នៅ​ក្នុង​ ការ​សិក្សា​។ ​រៀន​ភាសា​ជប៉ុន​ធ្វើ​ឱ្យ​ដឹង​ពី​របៀប​ធ្វើ​ការ​របស់​ជន​ជាតិ​ជប៉ុន​ លោក​ថា​ លោក​ក៏​មាន​បំណង​ទៅ​បន្ត​ការ​សិក្សារ​បស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។

ជា​គ្រូ​បណ្ដុះ​បណ្តាល​ភាសា​ជប៉ុន​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​ជប៉ុន​ លោក​ស្រី​​ វ៉យ​ សំនៀ​ង​ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ អ្នក​សិក្សា​ភាសា​ ជប៉ុន​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ ​អ្នក​គ្រូ​ប្រាប់​ថា​ អ្នកគ្រូ​មិន​មាន​ទន្និន័យ​ចំនួន​សិស្ស​បញ្ជាក់​ជាក់​លាក់​ពី​អ្នក​រៀន​ភាសា​ជប៉ុន​នោះ​ទេ​ តាម​បទ​ពិសោធន៍​​នៃ​ការ​បង្រៀន​ភាសា​ជប៉ុន​របស់​អ្នក​គ្រូ​ ឃើញ​ថា​ភាសា​ជប៉ុន​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សិស្ស​និស្សិត​កម្ពុជា​។

អ្នក​គ្រូ​ បាន​លើក​ឡើង​ថា​មូល​ហេតុ​នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​រៀន​ភាសា​ជប៉ុន​ពី​សិស្ស​និស្សិត​អ្នក​សិក្សា​កម្ពុជា​ ក៏​ព្រោះ​តែ​ពួក​គេ​ គិត​ថា​ភាសា​ជប៉ុន​មាន​​ សារៈ​សំខាន់​នៅ​ក្នុង​វិស័យ​ការងា​រ។​ ​អ្នក​គ្រូ​បាន​បញ្ជាក់​ថា​ អ្នក​ចេះ​ភាសា​ជប៉ុន​តែង​ទទួល​បាន​ការងារ​ល្អ​ ងាយ​ស្រួល​រក​ការងារ​ធ្វើ​ ជា​ពិសេស​ការ​មាន​ប្រាក់​ខែ​ ខ្ពស់​ក្នុង​ការងារ​របស់​ខ្លួន​។​

ទន្ទឹម​គ្នា​នេះ​ដែរ​ ​អ្នក​បណ្ដុះ​បណ្តាល​ភាសា​ជប៉ុន​រូបនេះ​ក៏​បាន​និយាយ​អម​ដោយ​កាយ​វិការ​ពន្យល់​ទៀត​ថា​មូល​ហេតុ​សំខាន់​មួយ​ទៀត​ដែល​ភាសា​ជប៉ុន​មាន​ប្រជា​ប្រិយ​ភាព​សម្រាប់​សិស្សា​នុសិស្ស​ និស្សិត​ខ្មែរ​ ដោយ​សារ​សិស្ស​ និស្សិត​បច្ចុប្បន្ន​មួយ​ចំនួន​មាន​បំណង​ចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទើប​ជំរុញ​ ឱ្យ​ពួក​គេ​រៀន​ភាសា​ជប៉ុន​។ ​លើស​ពី​នេះ​ទៅ​ទៀត​​​អ្នករៀន​ភាសា​ជប៉ុន​កើន​ឡើង​ច្រើន​ ដោយ​សារ​តែ​អ្នក​នោះ​ឯង​ ចង់​ចេះ​ ចង់​ដឹង​ ចង់​សិក្សា​ស្វែង​យល់​ពី​វប្បធម៌​របស់​ជន​ជាតិ​ជប៉ុន​។

អ្នក​គ្រូ​ វ៉យ​ សំនៀង​ បាន​បញ្ជាក់​ទៀត​ថា​ ភាសា​ជប៉ុន​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ​ ប៉ុន្តែ​ក៏​មិន​ពិបាក​ដែល​សម្រាប់​អ្នក​ដែល​ចង់​ចេះ​ភាសា​ជប៉ុន​។ ​ជា​ទូទៅ​ដើម្បី​ចេះ​ភាសា​ជប៉ុន​ អ្នក​គ្រូ​បាន​សង្កត់​ធ្ងន់​ថា​ សិស្ស​ត្រូវ​ចេះ​ត្រូវ​តែ​ព្យាយាម​ យក​ចិត្ត​ទុក​ដាក់​សិក្សា​ឱ្យ​បាន​ច្រើន​ពី​ភាសា​នេះ​។

ភាសា​ជប៉ុន​ គឺ​ជា​ភាសា​មួយ​ដែល​មាន​មនុស្ស​ប្រហែល​ ១៣០​លាន​នាក់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ជប៉ុន​។ ​ភាសា​ជប៉ុន​ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ការ​រួម​ផ្សំ​ អក្សរ​បី​ប្រភេទ​សំខាន់​ផ្សេងៗ​គ្នា​ គឺ​អក្សរ​ចិន​ ហៅ​ថា​ ខាន់ជិ​ និង​ពីរ​ប្រភេទ​ទៀត​កើត​ឡើង​ដោយ​ការ​កែ​សំរួល​ពី​អក្សរ​ចិន​គឺ​ ហ៊ី​រ៉ា​ហ្កា​ណា​ និង​ កា​តា​កា​ណា​។ បច្ចុប្បន្ន​ភាព​ភាសា​ជប៉ុន​ត្រូវ​បាន​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ជប៉ុន​ ដូច​ជា​នៅ​បណ្តារ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​មាន​កម្ពុជា​ជា​ដើម​ ទទួល​ឥទ្ធិពល​សិក្សា​ភាសា​នេះ​។

គួរ​រម្លឹក​ដែរ​ថា​ ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា​និង​ជប៉ុន​ ប្រទេស​ជប៉ុន​បាន​ផ្តល់​អាហា​រូបករណ៍​ជា​ច្រើន​កន្លែង​ សម្រាប់​ទទួល​ស្វាគមន៍​សិស្ស​ និស្សិត​ កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ ​នៅ​ឆ្នាំ​២០១២​ កន្លង​ទៅ​អ្នក​រៀន​ភាសា​ជប៉ុន​នៅ​កម្ពុជា​​មាន​ចំនួន​ប្រមាណ​ជិត​ ៤ពាន់​នាក់​។ ​ក្នុង​ឆ្នាំ​២០១៤ ​កន្លង​ទៅ​នេះ​ សិស្ស​ និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជាង​៩០០​នាក់៕

Share

Image
Image
Image