en     km
en     km

បទយកការណ៍ ៖ ការរងទុក្ខនៃប្រេតទាំង ១២ ពពួក

Share

ខ្មែរមានជំនឿថា រៀងរាល់ឆ្នាំ នៅរដូវកាន់បិណ្ឌរយៈពេល ១៥ថ្ងៃឋានយមរាជ និងបើកទ្វារឲ្យពួកសត្វប្រេតទាំងឡាយ ឲ្យមក ឋានមនុស្សដើម្បីទទួល កុសលពីសាច់ញាតិ។ ពលរដ្ឋខ្មែរគ្រប់ភូមិ ស្រុក ខេត្តក្រុង តែងតែប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌចាប់ពី ថ្ងៃ ១រោជដល់ថ្ងៃ ១៥រោជភទ្របទ។  ប្រជាជនខ្មែរតែងធ្វើបុណ្យនេះឧទ្ទិសកុសលចំពោះបេតបុគ្គលទាំងនោះឲ្យបានទទួលអានិសង្ឃ។

កញ្ញា ច្រឹក ស្រីអូន មានសេចក្តីរាយការណ៍៖ ​

 

                                                                                           ​សៀវភៅល្បើកប្រេត។

ពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងមានជំនឿថា បាប បុណ្យ ពិតជាមាន។ អ្នកកាន់ព្រះពុទ្ធសាសនា មានជំនឿលើ កម្មផល ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ។ ជាប្រពៃណីរបស់ពលរដ្ឋខ្មែរ ចាប់ពីថ្ងៃ ១ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ គឺប្រជាពលរដ្ឋខ្មែរតែប្រារព្ធពិធី បុណ្យកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីដើម្បី ឧទ្ទិសកុសល ចំពោះដូនតា ដែលបានចែកឋាន ទៅលោកខាងមុខ គឺក្រែងញាតិសណ្តានខ្លួន ធ្លាក់ខ្លួនទៅចាប់កំណើតជាប្រេតដោយ ផលកម្មដែលខ្លួនបានសាងកាលទៅជាមនុស្ស ហើយត្រូវរស់នៅរងទុក្ខឥតល្ហែ នៅឋាននរក​​ ដែលអាចទាញទំលាក់ដួងវិញាណក្ខនខ្លួន ចាប់កំណើតក្នុង អបាយ​ភូមិ  ជាកំណើត​សត្វ​ដែល​ប្រាស​ចាក​សេចក្ដី​ចម្រើន  ដែលរស់នៅក្នុង ភពនរក តិរច្ឆាន ប្រេត អសុរ​កាយ ទាំង ៤ នេះ​ជា​អបាយ​ភូមិ ដែរ រស់ទុក្ខឥតស្រាក។ សម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌនេះគេធ្វើឡើងដើម្បី ឧទ្ទិសអនិសង្ឃ ជនទាំងនោះនិងពពួកប្រេតជាដើម។

ព្រះភិក្ខុខន្តិរក្ខិតោ ខាន់ សុខន ព្រះចៅអធិកាវត្តភ្នំតូច ស្រុកបាទី ខេត្តតាកែវ មានសង្ឃដីកា ថា ការធ្វើបុណ្យឧទ្ទិសកុសល ជូនដល់ពពួកប្រេត មិនអាចទៅដល់ពពួកប្រេតទាំងអស់នោះទេ។ ព្រះអង្គបន្តថា មានពពួកប្រេតមាន ៣ ពួក មានតែមួយពួកប៉ុណ្ណោះ ដែលអាចទទួលបានអនិសង្ឃពីការឧទ្ទិសកុសលរបស់ញាតិផ្សាយបុណ្យទៅ តែពីរពួកទៀត មិនអាចទទួលបានទេដោយអំណាចផលកម្មដែលនៅទុំជាប់ប្រាណ។

ជុំវិញបញ្ហានេះ ព្រះភិក្ខុខន្តិរក្ខិតោ  ខាន់ សុខន បញ្ជាក់ថា ក្នុងចំណោម ពពួកប្រេតទាំង ២ ពួកដែលមិនអាចទទួលបានកុសល  គឺចែកចេញ ជា ១២ ប្រភេទទៀត។

នៅក្នុងគម្ពី បេតវត្ថុ បានបែងចែងពពួកប្រេត ជាប្រភេទផ្សេងជាច្រើន។ វេលាក្រោយមកអ្នកប្រាជ្ញខ្មែរ លោក សុង ស៊ីវ បានចងក្រងល្បើកប្រេត ១២ ជាកំណាព្យបទកាកគិតិ ដែលដកស្រង់ចេញពីប្រភេទប្រេត ក្នុងគម្ពីរ បេតវត្ថុ រៀបរាប់ពីរូបរាងប្រេត ហេតុនាំឲ្យរងទុកេ ជាដើម។

ល្បើកប្រេតទាំង ១២ មានដំណាលដូច្នេះ ៖

និយាយពី ប្រេតទី១-ឈ្មោះវន្តាសា ៖ ប្រេតនេះរូបរាងកាយមានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ។ ដំបៅពេញកាយ រងទុក្ខរាប់រយលានឆ្នាំស្រេកឃ្លាឥតស្រាកច្រើននៅក្បែរផ្ទះអ្នកស្រុក ហើយ ស៊ីតែកំហាកនិងទឹកសំបោរ ។ ប្រេតទាំងនេះមកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា អាងខ្លួនមានឋានៈខ្ពស់ស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់ ។

ប្រេតទី២-ឈ្មោះកុណបា ៖ គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសពខ្មោច កាត់តែស៊ីកាន់តែកាន់តែឃ្លាន ព្រោះធ្វើតែអរកុសលកម្ម ធ្វើអំពើរអាក្រក់ជាធំ មិនបានសាកកុសល ដោយបញ្ឆោតឲ្យអ្នកបូសបរិភោគសាច់សាច់ទាំង ១០ មានដំរី ខ្លា ពសជាដើម។

ប្រេតទី៣-ឈ្មោះគូថៈ ប្រេតនេះភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក និង របស់ស្អុយ។ ភាគច្រើននៅខាងក្រោមផ្ទះ និងនៅតាមបង្គន់អ្នកស្រុក។

ចំពោះប្រេតនេះ រស់នៅរងទុក្ខ រាប់រយកោដិឆ្នាំ ដោយអំណាចកម្ម ដែលខ្លួន បានធ្វើពីអតីតជាតិ អាងអំណាចបង្ខំឲ្យមានសិល ឆីលាមកសត្វ គោ ក្របី និង មិនចិញ្ចឹម មាតា បិតា។

ប្រេតទី៤-ឈ្មោះអគ្គិជាល ៖ មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ញកបព្វតាក្បែរមាត់សមុទ្រលើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក ជាប់ជានិច្ចបាន ភ្លើងឆេះជាប់មាត់។ពួកប្រេតនេះគឺសាង កម្មពីជាតិមុន គឺជាមនុស្សប៉ោឡែលេងសើច ប្រមាថព្រះសង្ឃបញ្ឆោតលេងសប្បាយ ។

ប្រេតទី៥-ឈ្មោះសុចិមុខ៖ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។

ពួកប្រេតនេះ រស់នៅបព្វតាព្រៃជ្រៅ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនចង់ស្លាប់ក៏មិន ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់មិនធ្វើទាន  និង មិនរក្សាទំនុកបម្រុងមាតាបិតា។

ប្រេតទី៦-ឈ្មោះកណ្ហជិ ៖ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ខ្លួនធំដូចយក្ស  ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។

ប្រេតនេះ រស់នៅក្នុងព្រៃជ្រៅឆ្ងាយពីគេឯង ហើយស្រេកឃ្លានអាហារ ស្រេកទឹកខ្លាំងណាស់ឃើញបឹង ស្រះមិនអាចផឆកបាន ដោយទឹកនោះក្លាយជាក្រួសថ្មទៅវិញ ។ កម្មនេះកើតឡើងដោយសារ ការធ្វើឲ្យទឹកស្រះប្រើប្រាស់របស់សង្ឃកង្វក់ និង ដឹកគោចូលវត្ថ ព្រះសង្ឃហាមមិនស្ដាប់ ហើយកើតគំនិតចងគុំនុំ។

ប្រេតទី៧-ឈ្មោះនិជ្ឈាមក ៖ ប្រេតនេះគឺមានកម្មក្រាស់ណាស់មិនស៊ី ពុំអាហារបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅ រាងខ្ពស់ស្គមស្វិតដៃជើង ។ ប្រេតនេះ នៅលើកោះតែម្នាក់ឯង ព្រោះជាតិមុនខ្លួនបានសាងរឿងអាក្រក់លើ សាមណៈ និយាយពាក្យចាក់ដោត អាក្រក់ ជេរស្តីឲ្យ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។

ប្រេតទី៨-ឈ្មោះសព្វង្កា ៖ ប្រតនេះ មានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខដោយការឈឺចាប់ពន្លពេក ។ ដោយមានសេចក្តីស្រេកឃ្លានគឺតែង ខ្វេះហែក សាច់ខ្លួនឯងស៊ីជាអាហារ ហើយកាន់តែស៊ីកាន់តែឃ្លានព្រោះកម្មក្រាស ណាស់។ នៅក្នុងព្រៃជ្រៅនៅលើកោះ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ និង មានចិត្តកាច ។ ប្រេតនេះបានសាងកម្មកាលនៅរស់ អកត្តញ្ញូ ឈ្លះប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ រមិលគុណ និងញាតិសណ្តាន។

ប្រេតទី៩-ឈ្មោះបព្វង្កា ៖ មានដៃខ្លីជើងខ្លីៗ ខ្លួនវែង ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី  កាយឆេះជាប់ដោយភ្លើងជាប់ទាំងយប់ទាំងថ្ងៃ ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនអាចស្លាប់ព្រោះបានធ្វើបាបកម្មច្រើន ត្រូវរស់នៅទ្រាំ លុះអស់កម្មពៀរ។ ប្រេតនេះ ព្រៃជ្រៅ កាលពីជាតិមុនដុតព្រៃ  ដុតផ្ទះសម្បែង សម្លាប់ជីវិត សាងកម្មក្រៃលែងលុះស្លាប់ក្នុងឋានអវចី។

ប្រេតទី១០-ឈ្មោះអដតរៈ មានក្បាលច្រើនប្រភេទ ម្តង ពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី។ ប្រេតប្រភេទនេះមានភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ  រងទុក្ខវេទនា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ ប្រេតនេះច្រើនរស់នៅក្នុង បុព្វតា ក្បែរសមុទ្រលើដុំសិលា ។

កាលពីនៅជាមនុស្សប្រេតនេះ ជេរអ្នកមានគុណដូចសត្វឆ្កែឆ្មា ។ ប្រហើន​​​​​ប្រមាថអ្នកមានសិល មានព្រះសង្ឃ ជាដើម។  

ប្រេតទី១១-ឈ្មោះវិមានិកៈ  មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្នា ។ ប្រេតនេះគេហៅថាយមរាជគ្រប់គ្រង សត្វនរកឈាមប្រឡាក់ស្រោច ពីព្រឹកដល់ល្ងាចអត់បាយអត់ទឹកវាយសួរចម្លើយ គេតែខ្លួនក៏គ្មានបុណ្យបានទទួលអាហារនោះទេ ។ ពេលដែលសោយសុខ អាចក្លាយខ្លួនទៅជាទេវបុត្រ មានស្រីសួគ៌ ស្រលាញ់ ។ ប្រេតនេះកាលពី នៅជាមនុស្សតាមទម្លាប់ គឺ ធ្វើបុណ្យ បាបក៏ធ្វើ ក្នុងដោយសេចក្តីប្រមាថ ។

ប្រេតទី១២-ឈ្មោះមហិទ្ធិកៈ  មានរូបកាយស្រស់ស្អាតពេកក្រៃ តែក្លិនស្អុយអស្ចារ្យ ហើយត្រូវ ស្រេកឃ្លានអាហារ ។  កាលមានអាហារស៊ី អាហារនោះ ក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆាបឆេះ មាត់ និង ស៊ីលាមកជាអាហារ។  ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនាវិន័យសិក្ខាមិនប្រតិបត្តិ ។

ការសាង នូវអំពើរជាអកុសល និង រង់ទុក្ខដូច្នេះ។ ក្នុងពុទ្ធឱវាទ តែងតែអប់ឲ្យពុទ្ធបរិស័ក សាងអំពើរជាកុសល និង សាងនូវសន្តិភាពក្នុងចិត្តដើម្បីរស់នៅក្នុងសង្គមដោយសុខដុម៕

 

Share

Image
Image
Image