នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ដើម្បីជាការអបអរសាទរ វិទ្យុស្រ្តីសូមពាំនាំនូវប្រវត្តិត្រួសៗនៃកំណើត គោលបំណង និងអត្ថន័យ នៃពិធីបុណ្យប្រពៃណីជាតិមួយនេះជូនប្រិយមិត្តអ្នកស្តាប់។
ដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់ការអធិប្បាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖
ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិជាច្រើនផ្សេងទៀត។ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ នៃខែវិច្ឆិកា ដែលជាខែចេញវស្សា នៃរដូវ រកត្រី។ ពិធីបុណ្យអុំទូកត្រូវបានគេជឿថា មានការប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ដែលអាចជានៅក្នុងឆ្នាំ១១៨១នៃគសករាជ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។ តែបើយោងតាមឯកសារខ្លះៗរបស់បារាំង ប្រវត្តិនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែកើតមានដំបូងក្នុងរាជព្រះបាទ ស៊ីសុវត្ថ ក្នុងឆ្នាំ ១៩១៤ ក៏ប៉ុន្តែពិធីបុណ្យនេះចាប់មានភាពល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ ១៩៤៥ នៃរាជព្រះព្រះបាទ នរោត្តម សីហនុ។
ពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក សំពះព្រះខែ ថ្វីត្បិតតែវាត្រូវបានប្រារព្ធឡើងនៅក្នុងពេលតែមួយក៏ពិតមែន ក៏ប៉ុន្តែអត្ថន័យ មូលហេតុ ហើយនឹងដើមកំណើតគឺសុទ្ធតែមានប្រវត្តិកើតឡើងខុសៗគ្នារវាងពិធីបុណ្យអុំទូក, ការបណ្តែតប្រទីត ហើយនិងអកអំបុក សំពះព្រះខែ។ ដូចនេះយើងសូមលើកយកនូវអត្ថន័យ និងប្រវត្តិនៃឈ្មោះមួយៗយកមកធ្វើការពណ៌នាជាមុនសិន ដោយយោងតាមឯកសារ ល្បែងប្រណាំងទូក និង ពិធីបណ្ដែតប្រទីប របស់លោកថាច់ ប៉ែន និងប្រវត្តិនិទាននៃពិធី អកអំបុក និង សំពះព្រះខែ ដោយអ្នកស្រីសាស្ត្រាចារ្យ អរិយធម៌ខ្មែរ ឡាយ ហ៊ុនគី។
យោងតាមឯកសារប្រវត្តិជ័យវរ្ម័នទី ៧ នៅក្នុងវិទ្យាស្ថានសាសនាបណ្ឌិត្យ បានឲ្យដឹងថា ពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធឡើងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧មកម្ល៉េះ គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវចាម នៃអាណាចក្រ ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ក៏ប៉ុន្តែបើយោងតាមឯកសារពិធីបុណ្យអុំទូកកម្ពុជា ក្នុងឆ្នាំ ១៩៤៥ នាប្រទេសបារាំងវិញ បានលើកឡើងថា ពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ហើយមានការពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទ នរោត្តម សីហនុ។
ពិធីបុណ្យអុំទូក គឺជាការអុំទូកប្រណាំងគ្នានៅលើផ្ទៃនៃទន្លេសាគរ រវាងទូកជាច្រើនដែលបានមកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា។ ចំណែកឯម៉ូតនៃក្បាលទូកត្រូវបានគេរចនាម៉ូតប្លែកៗ និងផ្សេងគ្នា ដែលទូកខ្លះត្រូវបានគេរចនាជាទូកសត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆាជាដើម។ ដែលប្រភេទទូកទាំងនេះត្រូវបានគេជឿថា ស្ថាប័ត្យករខ្មែរបានប្រើប្រាស់ការរចនាម៉ូតទៅតាមចម្លាក់ក្នុងប្រាសាទបន្ទាយឆ្មា និងប្រាសាទបាយ័ន។ រីឯប្រវត្តិនៃការបណ្តែតប្រទីតវិញ ត្រូវបានគេមានជំនឿតៗគ្នាថា នៅពេលដែលព្រះអាទិត្យអស់សុន្តគតដែលប្រហែលជាម៉ោង៦ល្ងាច ប្រទីតចាប់ផ្តើមពន្លយចេញនៅតាមដងទន្លេចតុមុខ។ ការធ្វើដូចនេះគឺដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ។ ព្រះម៉ែគង្គារក្លាយឈ្មោះពីទន្លេមួយនៅប្រទេសឥណ្ឌា ដែលមានឈ្មោះថា កាំងកា (Goddess Ganga) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ។ ទោះបី ពុំមានទន្លេគង្គារនៅខ្មែរ តែព្រះម៉ែគង្គារ នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដែលមិនមែនជាសមុទ្រ ដូចជា ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹមបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ព្រះម៉ែគង្គារត្រូវបានគេជឿថា មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើកជាដើម។ ក្រៅពីការបណ្តែតប្រទីតធំៗ ប្រជាជនខ្មែរនិយមធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គារផង និងដើម្បីជាការបួងសួងសុំសេចក្តីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃផង។
ដែលនេះជាការណ៍មួយបង្ហាញពីការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស។
ប្រពៃណីនៃការបណ្តែតប្រទីត ត្រូវបានគេជឿថា ប្រជាជនខ្មែរនិយមចាប់ផ្តើមធ្វើប្រហែលជានៅក្នុងរជ្ជកាលព្រះបាទចន្ទរាជ អំឡុងឆ្នាំ១៥២៩នៃគសករាជ។ ចំណែកឯប្រវត្តិនៃការបណ្តែតប្រទីបនេះ គឺត្រូវបានគេដំណាល នៅក្នុងឯកសារល្បែងប្រណាំងទូក និង ពិធីបណ្ដែតប្រទីប របស់លោក ថាច់ ប៉ែន ថា នៅក្នុងឆ្នាំ ១៥២៨ នៃ គ.ស ព្រះបាទ ចន្ទរាជា នៃអាណាចក្រលង្វែកបានបញ្ជាឲ្យស្ដេចត្រាញ់នាម ពញ្ញាតាត ឲ្យត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្ននៅវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួន នាមម៉ាក ដាងដុង នៃអាណាចក្រដាយវៀត ។ ពញ្ញាតាតបានចាត់របៀបរៀបចំការពារស្រុកឲ្យមានទាហានជើងទឹកចែកជា ៣ក្រុម÷
- ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ដែលហៅថាទូក ង
- ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។
- ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ ហើយទូករាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំងប្រើប្រាសតែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ពហៅថា ប្រទីប ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ ។
ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲ្យមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ទ្រង់បានបង្កើតឲ្យមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី។ ចាប់តាំងពីពេលនោះមកប្រជារាស្ត្រខ្មែរ បានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកឯរឿងរ៉ាវដែលទាក់ទងទៅនឹងប្រវត្តិនៃការអកអំបុក សំពះព្រះខែវិញត្រូវបានឯកសារប្រវត្តិសាស្រ្តមួយរបស់អ្នកស្រីសាស្រ្តាចារ្យ ឡាយ ហ៊ុនគី ក្រោមចំណងជើងថា ប្រវត្តិនិទាននៃពិធី អកអំបុក និងសំពះព្រះខែបានធ្វើសេចក្តីអធិប្បាយថា ប្រវត្តិពិធី អកអំបុក និងសំពះព្រះខែ ត្រូវបានគេជឿថា បង្កើតឡើងនៅក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស)។ រឿងនេះកើតចេញពី ព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិនឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មានន័យថាអ្នកបរបាញ់ ក្នុងសុបិននោះទ្រង់មិនបរបាញ់សត្វព្រៃនោះទេ ព្រោះទ្រង់គោរពនូវពុទ្ធសាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួននិងសុខចិត្តអត់អាហារដោយការទ្រាំ គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះហើយពោលថា យើងមិនចង់ស៊ីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ ដោយក្ដីរំជួលចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយនិងព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲរូបទន្សាយមាន ឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិននោះ ព្រះម៉ែគង្ហីងព្រះធរណី បានយកថ្មសចង្កូមកែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើដួងព្រះចន្ទ ហើយប្រាប់ថាទន្សាយនោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ ។ ក្រោយភ្ញាក់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាង្គជារូបទន្សាយក្នុងនោះពិតមែនទើបទ្រង់បង្កើតឲ្យមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជា ដង្វាយដែលសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជារឲ្យនាម៉ឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ រីឯរបៀបនៃការប្រារព្ធនូវពិធីទាំង២នេះវិញគឺ ដំបូងគេត្រូវអុជធូបសែនព្រេនជាមុនសិន ដែលនៅក្នុងនោះមានដូចជា អំបុក ទឹកដូង និង ចេកអំបូងជាដើម។ នាពេលដែលគៀកម៉ោងអកអំបុក គេយកដៃក្ដាប់អំបុកអកងើយមើលព្រះខែ ហើយបើកាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនិង មានវិបត្តផ្លូវចិត្តនាដើមឆ្នាំ នៃឆ្នាំបន្ទាប់ នេះគឺជាជំនឿមួយពីបុរាណកាល ដែលអ្នកមួយចំនួនសឹងតែមិនបានដឹង ។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ។
សរុបមកវិញ បច្ចុប្បន្នពិធីបុណ្យនេះត្រូវបានគេរាប់ដាក់ឈ្មោះជារួមមួយថា«ពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក សំពះព្រះខែ»។ ពិធីបុណ្យនេះត្រូវបានរដ្ឋសម្រេចឲ្យមានការប្រារព្ធ និងឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ ដោយមានការប្រណាំងទូក៣ថ្ងៃជាប់គ្នា នៅវេលាប្រហែលជាម៉ោង១០ព្រឹក ហើយមានការបណ្តែតប្រទីតនៅពេលល្ងាចម៉ោង៦ ចំណែកឯការអកអំបុកសំពះព្រះខែវិញ ប្រជាជនខ្មែរនិយមធ្វើតាមផ្ទះស្រុកភូមិរៀងៗខ្លួននៅអធ្រាតថ្ងៃទីបីនៃពិធីបុណ្យនេះ៕
អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា