en     km
en     km

ផ្ទុះការរិះគន់ម្ដងទៀតរឿងមិនអនុញ្ញាតឱ្យសិស្សសាលាជជែករឿងនយោបាយ

Share

ភ្នំពេញ៖ មតិចម្រុះមួយចំនួន បានផ្ទុះឡើងជាថ្មីម្ដងទៀតតាមរយៈបណ្ដាញសង្គមហ្វេសបុក ពាក់ព័ន្ធរឿនរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា មិនអនុញ្ញាតឱ្យមានការជជែករឿងនយោបាយនៅក្នុងសាលា ព្រោះជាការខុសច្បាប់ ។

រាយការណ៍ដោយលោក សោម លាភ

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងអប់រំ គឺលោក ហង់ ជួនណារ៉ុន អះអាងថា សិស្សានុសិស្ស មិនអាចជជែករឿងនយោបាយបានទេ ។

បើតាមការចុះផ្សាយនៅលើទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី ២៣ ធ្នូ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងអប់រំ អះអាងថា សិស្សមិនអាចជជែកគ្នាបានទេអំពីរឿងនយោបាយនៅក្នុងសាលារៀន ។ លោកក៏បានបញ្ជាក់ពីមូលហេតុផងដែរ ពោលគឺលោករដ្ឋមន្ត្រីអះអាងថា ដោយសារតែច្បាប់បានហាមប្រាម មិនឱ្យជជែក នៅសាលារៀន ដោយហេតុថា សាលារៀន គឺជាកន្លែងអព្យាក្រឹត ។ យ៉ាងណា លោករដ្ឋមន្ត្រីអះអាងថា បើចង់ឲ្យសិស្សជជែកគ្នាអំពីរឿងបាយបាននៅក្នុងសាលារៀននោះ គឺត្រូវវិសោធនកម្មច្បាប់ដែលហាមឃាត់នោះចោលជាមុនសិន ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបញ្ជាក់ថា ការតម្លើងនូវប្រាក់ខែជូនគ្រូបង្រៀន គឺ មិនអាចធ្វើបាននោះទេដោយសាររដ្ឋាភិបាលគ្មានលុយ ។

គួររំលឹកថា ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី ​១១ ខែ​សីហា ឆ្នាំ​២០១៥ ក៏បានចេញសេចក្ដីណែនាំមួយដោយបញ្ជាក់​ថា សមាគម អង្គការ បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​មិន​ប្រក្រតី ដោយ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន និង​អូស​ទាញ​បុគ្គលិក​អប់រំ​ដទៃ​ទៀត​ឲ្យ​ចូលរួម​ជាមួយ ។ ក្រសួង​អប់រំ​តាមរយៈលោកហង់ ជួនណារ៉ុន គឺចាត់ទុក​ទង្វើ​នេះ​ថា ជា​ការ​ជ្រៀតជ្រែក​ការងារ​ផ្នែក​អប់រំ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក្នុង​សាលា ដែល​ផ្ទុយ​នឹង​គោលការណ៍​អព្យាក្រឹតភាព​របស់​គ្រឹះស្ថាន​សិក្សា ។

រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ក្រសួងអប់រំ​មិន​អនុញ្ញាត​ឲ្យ​សមាគម អង្គការ ឬ​ភ្នាក់ងារ​ណា​មួយ ធ្វើ​សកម្មភាព​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ជាពិសេស គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ការ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ក្នុង​សាលា​រដ្ឋ ឬ​ស្ថាប័ន​អប់រំ ។ ក្នុងសេចក្ដីណែនាំនោះ ក៏បានលើកឡើងពីទោសទណ្ឌ ចំពោះករណីដែល​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំនោះ ពោលគឺអង្គការ សមាគម ឬ​បុគ្គលិក​អប់រំ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​មាត្រា​៥២ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ ដែល​ចែង​ពី​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១​លាន​រៀល​ដល់​២០​លាន​រៀល ។ សម្រាប់​ស្ថាប័ន​អប់រំ​វិញ បើ​មិន​រាង​ចាល នឹង​មាន​ការ​ពិន័យ​ជា​ប្រាក់​ទ្វេដង និង​ឈាន​ដល់​ការ​ដក​ហូត​ជា​ស្ថាពរ​នូវ​អាជ្ញាប័ណ្ណ​អប់រំ​របស់​ស្ថាប័ន​នោះ​ទៀត​ផង ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកតាមដានការវិវត្តសង្គម បញ្ជាក់តាមរយៈទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២៤ ធ្នូថា «ការនិយាយគ្នាពីបញ្ហាសង្គមនិងនយោបាយស្រុកទេសវាជាសេរីភាពរបស់យុវជននៅក្នុងវ័យសិក្សា ហើយត្រូវបានគាំទ្រដោយរដ្ឋធម្មនុញ្ញ ។ តែបើនាំគ្នាធ្វើនយោបាយនៅក្នងសាលាវាជារឿងមួយផ្សេងដែលក្រសួងត្រូវតែវែកញែកអោយបានច្បាស់រវាងឃ្លាទាំងពីរនះ។

លោកបណ្ឌិតមាស នី ចោទសួរថា តើក្រសួងត្រូវធ្វើដូចម្ដេចដើម្បីអោយទំពាំងស្នងឬស្សី បានល្អ ។  

អ្នកវិភាគនយោបាយរូបនេះ បញ្ជាក់ថា ប្រទេសកម្ពុជា នឹងត្រូវបន្តរគ្រប់គ្រងដោយគ្រួសារនិយម ឫបក្សពួកនិយម ដូចដែលបានកើតឡើងចាប់តាំងពីសម័យទសវត្សន៍ឆ្នាំ១៩៦០ឫមុននេះទៅទៀតរហូតមកដល់សព្វថ្ងៃ ។

ជុំវិញករណីនេះ ក៏មានការបញ្ចេញមតិក្នុងប្រអប់ខុមិនរបស់សាររបស់លោកបណ្ឌិតមាសនី ដោយបញ្ជាក់នូវការហួសចិត្តចំពោះបម្រាមនេះ ។

លោក Lak Leang ថាហាមនិយាយនយោបាយនៅក្នុងសាលារៀន តែពេល

ប្រឡងថ្នាក់ទី ១២ ឬបាក់ឌុប ឬប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញសុទ្ឋតែ

នយោបាយ ។ លោកបន្ថែមថា មិនដឹងជាសង្គមមួយនេះ ហៅថាសង្គមអ្វី ។

ដោយឡែក លោក Hea Um សរសេរថា កាលលោករៀននៅវិទ្យាល័យ នាយកសាលាតែងអោយបរិវេណសាលាទៅសកម្មជនបក្សប្រជាជនកម្ពុជាឃោសនា និងបញ្ចុះបញ្ចូលសិស្សអោយទៅប្រាប់ឪពុកម្តាយ ឬបងប្អូនដែលមានឈ្មោះបោះឆ្នោតទៅបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ។

លោកបន្ថែមថា មានគ្រូៗមួយចំនួនក៏បានយកម៉ោងសិក្សាឆ្លៀតឃោសនាអោយគណបក្សប្រជាជនកម្ពុជាដែរ ដោយឡែកចំពោះគ្រូផ្សេងដែលគាត់មាននិន្នាការទៅបក្សផ្សេង គាត់មិនហ៊ាននិយាយទេព្រោះខ្លាចត្រូវនាយកសាលាព្រមាន ។

លោកសរសេរក្នុងន័យដើមបន្ថែមទៀតថា  គ្រូបង្រៀនម៉ោងប្រវត្តិវិទ្យាមិនហ៊ានបង្រៀនលំអិត និងស៊ីជំរៅលើមេរៀនប្រវត្តិសាស្ត្រខ្មែរទេ ព្រោះគាត់ខ្លាចចូលនយោបាយនិងទទួលការស្តីបន្ទោស

ជាងនេះទៅទៀត ក៏បានលើកឡើងដោយដាក់រូបពីរទន្ទឹមគ្នា រវាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាកម្ពុជា ដែលមិនឱ្យសិស្ស និងគ្រូ និយាយរឿងនយោបាយ និងរដ្ឋមន្ត្រីវ័យក្មេងនៃក្រសួងអប់រំយុវជននិងកីឡានៃប្រទេសម៉ាឡេស៊ី គឺលោក ​ Syed Saddih Syed Abdul Rahman ដែលជម្រុញឱ្យយុវជនទាំងអស់ គួរតែចេះឈឺឆ្អាលពីបញ្ហាជាតិ ទើបប្រទេសរីកចម្រើន ។

សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកម្នាក់ទៀតឈ្មោះថា Phi Kho Em Chhut ដែលដាក់តាំងរូប​ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជារូបប្រូហ្វាល់នោះ ក៏បានបង្ហោះវីដេអូមួយ ស្ដីអំពីសកម្មភាពរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលចុះទៅចែកជូនសម្លៀកបំពាក់ដល់សិស្សសាលាតូចៗ ហើយណែនាំឱ្យពួកគេទៅប្រាប់ឪពុកម្ដាយឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ។

លោក ពេជ្រស្រស់ ស្នើតាមរយៈហ្វេសបុក ដោយឱ្យលោក ហង់ ជួនណារ៉ុន បកស្រាយចំពោះសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា មុនអាណត្តិទី ៦​នេះ ។

យ៉ាងណាមិញ ក៏មានការចែកចាយបន្តគា្ននូវទ្រីស្ដីរបស់លោក ប្លាតុង ទស្សនៈវិទូក្រិច ដែលមានអត្តន័យថា លើលោកនេះមានតែសត្វប៉ុណ្ណោះ ដែលមិនត្រូវខ្វល់ពីរឿងនយោបាយ ៕ 

Share

Image
Image
Image