en     km
en     km

ពលរដ្ឋខេត្តក្រចេះឡើងមកតវ៉ាជាថ្មីនៅរដ្ឋសភាខណៈពួកគេមិនទាន់ទទួលដំណោះស្រាយ

Share

ភ្នំពេញ៖ ពលរដ្ឋខេត្តក្រចេះជាង ១០០នាក់តំណាងអោយ១៤៤០គ្រួសារ នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានឡើងមកដាក់ញាត្តិសុំកិច្ចអន្ដរាគមជាថ្មីនៅពីមុខរដ្ឋសភាជាតិ ខណៈដែលការស្នើសុំរបស់ពួកគេចុងក្រោយពីសម្ដេចនាយករដ្ឋ មន្រ្ដី ហ៊ុន សែន មិនទាន់លេចចេញជារូបរាង។

លោក រឿន ឬទ្ធី ជូនសេចក្ដីរាយការណ៍!

 

លោក ទូច​ ឌុល អះអាងថាតំណាងពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងភូមិជើងឃ្លេ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឱ្យវិទ្យុស្រ្ដីដឹងបន្ដថា ការដែលពួកគាត់ឡើងមកតវ៉ានេះ គឺជាការតវ៉ាលើកទី៣មកកាន់រាជធានីភ្នំពេញ។លោកបន្តថា ការលើកដំបូងអាជ្ញាធរខេត្តចុះមកបញ្ជុះបញ្ចូលអោយត្រឡប់ ទៅវិញ ដើម្បីដោះស្រាយតែមិនមានដំណោះស្រាយអ្វីឡើយ។

លោកបញ្ជាក់ថា៖«ថ្ងៃដែលអភិបាលរងគាត់មកវត្តចាស់នឹងដំណោះស្រាយនិយាយអត់ត្រូវគ្នាទេ។ ទីមួយ.ប្រជាពលរដ្ឋគាត់សំណូមពរចូលតាមក្បាលដី។ ទីពីរ.អាជ្ញាធរគាត់និយាយរឿងចែក ហើយចែកនឹងមិនមែនចែកទៅលើដីដែលពលរដ្ឋគាត់អាស្រ័យផលទេ។ ទីបី.គាត់ថាចែកតែចែកក៏មិនគ្រប់គ្នាដែរ… »។

តាម លោក ទូច ឌុលនេះ ជាមូលហេតុដែលប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តក្រចេះ ជាង ១៤៤០គ្រួសារ ស្នើសុំកិច្ចអន្ដរាគមន៍ជាថ្មីនៅរដ្ឋសភា។

តាមពលរដ្ឋរូបនេះដដែល នេះជាលើកទីបួនហើយដែលពលរដ្ឋខេត្តក្រចេះមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ ឡើងមកតវ៉ានៅភ្នំពេញ ដោយលើកទីមួយ នៅវត្តសាមគ្គីរង្ស៊ី លើកទីពីរ នៅខុទ្ទកាល័យសម្ដេចហ៊ុន​ សែន លើកទីបី នៅវត្តចាស់ ហើយលើកទីបួននេះ គឺនៅរដ្ឋសភាតែម្ដង។

ពលរដ្ឋមួយរូបទៀត គឺលោក គន្ធា ដែលអះអាងថា ជាពលរដ្ឋ មានដីក្នុងជម្លោះ ។​លោក មានប្រសាសន៍ថា មូលហេតុដែលគាត់ឡើងមកស្វែងដំណោះស្រាយជាថ្មីនេះ ដោយសារតែមិនទាន់ទទួលបានដំណោះស្រាយដោយសមរម្យសម្រាប់គាត់នៅឡើយ។

លោក គន្ធា ៖ «គាត់និយាយទៅ គិតទៅវារកដំណោះស្រាយអត់ឃើញ យ៉ាងឆាប់បំផុត ២ខែ ហើយដីពួកខ្ញុំសុទ្ធតែកំពុងអាស្រ័យផលទាំងអស់ ហើយដល់ពេលនិយាយមិនដឹងថាបានពេលណាខ្លះទៀត បានតិចណាស់ ១ពាន់នាក់ជាង បានតែពីរបីរយនាក់ហ្នឹង»។

ទាក់ទិននិងរឿងនេះដែរ អភិបាលរង ខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម បានប្រាប់វិទ្យុស្តីយ៉ាងខ្លីថា ៖ «លទ្ធផលមិនទាន់នេះទេ ខ្ញុំជាប់រវល់បន្ថិច» ។

គួរបញ្ជាក់ដែរថា ពលរដ្ឋនៅខេត្តក្រចេះដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ចំការកៅស៊ូ មាន ១៤៤០គ្រួសារ ខេត្តក្រចេះ ដែលពួកគេភាគច្រើនរស់នៅពឹងផ្អែកលើការដាំដំណាំ ដូចជា ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម៕

 

Share

Image
Image
Image