en     km
en     km

ភាគីពាក់ព័ន្ធក្នុងតំបន់ពិភាក្សាស្វែងរកការអភិវឌ្ឍលើដងទន្លេមេគង្គប្រកបដោយចីរភាព

Share

កាលពីថ្ងៃទី ២០ និង ២១ ឧសភា ឆ្នាំ២០១៩ អ្នកតំណាង ១៨០ នាក់ដែលធ្វើការងារពាក់ព័ន្ធលើដងទន្លេមេគង្គ បានជួបជុំគ្នាក្នុងវេទិកាថ្នាក់តំបន់មួយនៃគណៈកម្មការទន្លេមេគង្គលើកទី ៧ ដើម្បីរៀនសូត្រពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ននិងស្វែងរកវិធីសាស្រ្តល្អប្រសើរជាងមុន ដោះស្រាយបញ្ហាប្រឈមបន្ទាន់ដែលកំពុងកើតមានលើដងទន្លេមេគង្គ។ អ្នកចូលរួមមានតំណាងមកពីកម្ពុជា ឡាវ ថៃ វៀតណាម ចិននិងមីយ៉ាន់ម៉ា ព្រមទាំងស្ថាប័នស្រាវជ្រាវផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ នេះបើយោងតាមព័ត៌មានផ្សាយលើគេហទំព័ររបស់គណៈកម្មការទន្លេមេគង្គចេញផ្សាយកាលពីថ្ងៃទី២១ ឧសភា។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

យោងតាមព័ត៌មានលើគេហទំព័ររបស់គណៈកម្មការទន្លេគង្គបានឱ្យដឹងថា វេទិកានៃគណៈកម្មការទន្លេមេគង្គលើកទី ៧ នេះផ្តោតសំខាន់លើសមិទ្ធផល និងមេរៀនដែលទទួលបានក្នុងបេសកកម្មការងាររួមគ្នានាពេលកន្លងទៅ លើបញ្ហាព្រំដែនឆ្លងកាត់ ផលប៉ះពាល់ និងឱកាសដែលបានមកពីគម្រោងគ្រប់គ្រងប្រភពទឹកចម្រុះនៃទន្លេមេគង្គ (M-IWRM) ដែលត្រូវបានផ្តល់មូលនិធិដោយធនាគារពិភពលោក។

គម្រោងនេះមានប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គចំនួន ៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមទ្វេភាគីចាប់ពីឆ្នាំ ២០១៤ មក។ គម្រោងនេះផ្តោតសំខាន់លើការពង្រឹងកិច្ចពិភាក្សាឆ្លងដែន និងលើកកម្ពស់ការអនុវត្តការគ្រប់គ្រងធនធានទឹករួមនៅកម្រិតអនុតំបន់ដែលមាននៅទន្លេសេកុង ទន្លេសេសាន ស្រែ​ពក ដី​សណ្ត​មេ​គង្គ​  ទន្លេសិញបេងហៀង ទន្លេណាមកេន ទន្លេសុខាឡា  និងទន្លេសាប។

                                          កាប៉ាល់ដឹកខ្សាច់របស់វៀតណាម ដឹកខ្សាច់ពីកម្ពុជា។រូបភាពkeo sokha,WMC

 

លោក ប្រាដា ឃ្លេនកេនពេជ្រ(Pradab Kladkempetch) ជំនួយការអគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិនិងលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ ថ្លែងក្នុងពិធីបើកវេទិកានេះ៖«នៅក្នុងបណ្តាប្រទេសជាប់ដងទន្លេមេគង្គទាំងអស់ រដ្ឋាភិបាលប្រទេសនីមួយៗបានទទួលស្គាល់កាន់តែខ្លាំងនូវសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន»។

លោកបន្តថា លោកមានសេចក្តីរីករាយដែលភាគីពាក់ព័ន្ធអាចបង្កើនការយល់ដឹងរួម ស្តីពីបញ្ហាលំហូរទឹកឆ្លងកាត់សំខាន់ៗ ការស្វែងរកដំណោះស្រាយយូរអង្វែងដើម្បីសហការ និងចែករំលែកនូវការអនុវត្តល្អៗក្នុងការគ្រប់គ្រងធនធានទឹក»។

ចំណែកលោក អាន ពេជ្រហាតដា (An Pich Hatda) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសហប្រតិបត្តិការឆ្លងដែននេះថា៖«យើងត្រូវការច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់​បន្ថយ​ហានិភ័យ​ទឹក​ជំនន់​​ និង​ភាព​រាំង​ស្ងួត​ ​ការ​ការពារ​ទ្រព្យ​សម្បត្តិ​បរិស្ថាន ​​និង​បង្កើន​អត្ថ​ប្រយោ​​ជន៍​នៅ​ទូទាំង​​អាង​ទន្លេ​។ ការសម្រេច​គោលដៅ​ទាំង​នេះ​គឺ​សំខាន់​​​ និង​បន្ទាន់ ​ខណៈ​ចំនួន​ប្រជា​ជន​ និង​សេដ្ឋ​កិច្ច​មាន​ការ​កើន​ឡើង​ ហើយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បន្ត​កើត​មាន»។​

លោកបន្ថែមថា៖«នេះជាមូលហេតុដែលគណៈកម្មការទន្លេមេគង្គបានផ្តោតការយកចិត្តទុកដាក់ច្រើនជាងមុនពីកិច្ចសហប្រតិបត្តិការឆ្លងដែន និងគម្រោងរួមគ្នារវាងប្រទេសជាសមាជិក។ យើងប្តេជ្ញាគាំទ្រប្រទេសជាសមាជិក និងប្រជាជនរបស់យើង ​​​ក្នុង​​ការ​ផ្លាស់​ប្តូរ​ពី​ជម្លោះ​​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​​ដែល​អាច​ធ្វើ​ទៅ​បាន»។

គណៈកម្មការទន្លេមេគង្គ គឺជាអង្គការអន្តររដ្ឋាភិបាលដែលទទួលខុសត្រូវសម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដែលសមាជិករបស់ខ្លួនរួមមានប្រទេសកម្ពុជាឡាវ ថៃ និងវៀតណាម។

គណៈកម្មាការនេះធ្វើការលើវិស័យជាច្រើនរួមមាន វិស័យកសិកម្ម ការចិញ្ចឹមសត្វប្រកបដោយនិរន្តភាព សេរីភាពនៃដឹកជញ្ជូន ការគ្រប់គ្រងទឹកជំនន់ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ៕

Share

Image
Image
Image