en     km
en     km

មន្ត្រីកម្ពុជា៖រាជរដ្ឋាភិបាលប្ដេជ្ញាការពារទឹកដី និងសញ្ជាតិ ខណៈផ្ទុះរឿងលោក សម រង្ស៊ីករណីម៉ុងតាញ៉ា

Share

ភ្នំពេញ៖ មន្ត្រីរដ្ឋសភាកម្ពុជាបញ្ជាក់ថា កម្ពុជាបដិសេធសំណើសុំផ្តល់សញ្ជាតិដល់ពលរដ្ឋវៀតណាម តំបន់អភិវឌ្ឍន៍ត្រីកោណ និងមិនឱ្យរបេះទឹកដីទៅប្រទេសណាឡើយ ខណៈមានការចុះផ្សាយរបស់សារព័ត៌មានមាននិន្នាការប្រឆាំងលោក សម រង្ស៊ីបានចុះផ្សាយថាមេដឹកនាំបក្សប្រឆាំងរូបនេះ បានសន្យាផ្ដល់សញ្ជាតិ និងកាត់ទឹកដីទៅឱ្យជនជាតិដើមដេហ្កាម៉ុងតាញ៉ា ដោយស្វ័យប្រវត្តិបើបក្សសង្គ្រោះជា​តិជាបក្សកាន់អំណាច ។អ្នកវិភាគថា កិច្ចព្រមព្រៀងធ្វើឡើងដោយលោកសមរង្ស៊ី មិនអាចយកជាការបានឡើយទោះបីជាការពិតក៏ដោយ ព្រោះជាកិច្ចព្រមព្រៀងខ្យល់គឺត្រូវ​ឆ្លងកាត់សភាជាមុនសិន ។

លោក សោម លាភរាយការណ៍ពីព័ត៌មាននេះ៖

បន្ទាប់ពីបានចូលរួមសន្និសីទលើកទី៧របស់គណៈកម្មាធិការកិច្ចការបរទេសប្រទេសទាំងបីនៃតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម លោក ឈាន វុន ប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានបដិសេធផ្ដល់សញ្ជាតិឱ្យជនជាតិវៀតណាមនៅតំបន់ត្រីកោណ។ តំបន់ត្រីកោណ  រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។

លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការនិងព័ត៌មាន នៃរដ្ឋសភា និងជាប្រតិភូតំណាងកម្ពុជាដែលចូលរួមក្នុងសន្និសីទលើកទី ៧នេះ បន្ថែមទៀតថា វៀតណាម បានស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងរកស៊ីយូរមកហើយនៅខេត្ត នៃតំបន់អភិវឌ្ឍន៍ត្រីកោណ ។

លោកឈាង វុន ថា កម្ពុជាមិនឱ្យសញ្ជាតិដល់ជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាទាំងអស់ដោយស្វ័យប្រវត្តិនោះទេ ។

តែយ៉ាងណា លោក ឈាង វុនបន្ថែមថា បើចង់បានសញ្ជាតិកម្ពុជា លុះត្រាតែស្នើសុំតាមនីតិវិធីច្បាប់ដែលមានជាធរមាននៅកម្ពុជា ។

មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះ ក៏បន្តទៀតថា រឿងសញ្ជាតិ និងទឹកដីគឺជាចំណុចរសើប និងក្ដៅខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគឯករាជ្យមានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ២១ សីហានេះ ថាកម្ពុជាមានច្បាប់ត្រឹមត្រូវ ដែលតម្រូវឱ្យមានការស្នើសុំឱ្យបានត្រឹមត្រូវ មិនមែនស្នើសុំតាមរយៈកិច្ចការការទូតនោះទេ ។

ចំណែកលោក សន ដារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកអធិប្បាយដ៏មានប្រជាប្រិយភាព ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង មានប្រសាសន៍ក្នុងវីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុក នៅយប់ថ្ងៃទី ២០ សីហា ២០១៩ថា ការចោទប្រកាន់ថាលោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងផ្ដល់ខេត្តចំនួន ៤ របស់កម្ពុជាឱ្យទៅជនជាតិវៀតណាមនោះ ជារឿងប្រឌិតសុទ្ធសាធ ។

លោកបន្ថែមថា ការដែលកម្ពុជាបដិសេធរឿងផ្ដល់សញ្ជាតិដល់ជនជាតិវៀតណាមគ្រាន់តែជាល្ខោននយោបាយតែប៉ុណ្ណោះ ។

ទាក់ទងទៅនឹងការផ្ដល់សញ្ជាតិពីកម្ពុជាដល់ជនជាតិវៀតណាម សារព័ត៌មាន​​វៀតណាម(Vietnam News ) បានចុះផ្សាយកាលពីដើមឆ្នាំ ២០១៩ថា ពលរដ្ឋខ្លួននៅពេលនេះ ប្រមាណ៨០ភាគរយហើយ ដែលរស់នៅស្របច្បាប់នៅកម្ពុជា  ។

កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាល​វៀតណាមបាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ជនជាតិ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ធានា​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួកគេ ។ ជាងនេះទៅទៀត លោក ឡេ ហាយប៊ិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ​មានប្រសាសន៍ថា វៀតណាម ​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយបញ្ហា​អំពី​ការ​ប្រឈម​មុខ​របស់​ជនជាតិ​វៀតណាម ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់កាសែតខ្មែរថាមស៍ ។

កាលពីឆ្នាំ ២០១៨ សារព័ត៌មាន​វៀតណាមឈ្មោះថា Chinhphu កាលពីថ្ងៃទី ១១ មករា បាន​ចុះ​ផ្សាយ​ថា ​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តែយ៉ាងណា លោក កែវ វាន់ថា អ្នកនាំពាក្យនាយកកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃធ្លាប់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាកាលពីដើមឆ្នាំ ២០១៩ ថា ជនអន្តោប្រវេសន៍មករស់នៅកម្ពុជា គឺសរុបមានជាង១៨ម៉ឺននាក់ ក្នុងនោះលោកថាពលរដ្ឋវៀតណាមមានដល់ទៅ៩០ភាគរយ ។

ថ្មីៗនេះ មានព័ត៌មានជាច្រើនចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានមួយចំនួន​មាននិន្នាការប្រឆាំងលោកសមរង្ស៊ី ដោយចុះផ្សាយជាប្រភេទវីដេអូ ដោយអះអាងថា ជាភស្ដតាងដែលថា លោក សម រង្ស៊ី ជាមនុស្សក្បត់ជាតិ ក្នុងការសន្យាថានឹងកាត់ទឹកដីកម្ពុជា តំបន់ត្រីកោណឱ្យទៅជនជាតិវៀតណាម ប្រសិនបើគណបក្សរបស់លោក កា្លយជាបក្សកាន់អំណាច ។

ការផ្ទុះព័ត៌មានចាស់នេះ កើតឡើងនៅពេលដែលលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាស និងកំណត់ថ្ងៃវិលចូលកម្ពុជាវិញនៅដើមវិច្ឆិកាឆ្នាំ២០១៩នេះ ។

ជាងនេះ ក្នុងវីដេអូនោះទៀតសោត ក៏បង្ហាញថាលោក សម រង្ស៊ី នឹងផ្ដល់ឱ្យជនជាតិម៉ុង តា ញ៉ា មានស្វ័យភាព គ្រប់គ្រង និង មាន សិទ្ធិ ពេញលេញ ក្នុងការរស់នៅ ដូចជាប្រជាជន កម្ពុជាទូទៅ ។

យ៉ាងណា លោក សម រង្ស៊ី ក៏ធ្លាប់បាន បដិសេធថា លោកមិនបានចុះហត្ថលេខា កាត់ដី ឲ្យទៅវៀតណាមឡើយ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ អះអាងថា ឯកសារដែលលោកចុះហត្ថលេខា ជាមួយលោក Kok Ksor អតីតមេដឹកនាំចលនាម៉ុងតាញ៉ា  កាលពីឆ្នាំ ២០១៣ នោះ គឺមាន ខ្លឹមសារគ្រាន់តែឱ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ា  ដែលរស់នៅក្នុងខេត្តមួយចំនួន ភាគឦសាននៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង ស្ទឹងត្រែងតែប៉ុណ្ណោះ ។

កាលពីថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០១៨ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយបញ្ជាក់ថាអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកថា សម្ដេចហ៊ុន សែន​ចោទលោកយ៉ាងងងើលពីបទក្បត់ជាតិ ។ លោកថា ការចោទប្រកាន់នេះ ជាការបើកឱកាសឱ្យលោកលើកឡើងពីបញ្ហាដែលត្រូវបានបិទបាំងនៅកម្ពុជា ពោលគឺការគាបសង្កត់ និងធ្វើបាបជនជាតិដើមភាគតិច ។

ដោយឡែក លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរក្នុងទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៩ សីហា ទាក់ទិនទៅនឹងព័ត៌មានដែល​​ថា លោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយប្រគល់ដីទៅវិញដល់ជនជាតិមុងតាញ៉ានោះថា លោក សម រង្ស៊ី ដូចឳពុករបស់លោកបេះយកទៅដាក់ ។

តែយ៉ាងណា គិតមកដល់ពេលនេះ មិនទាន់ឃើញលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ឆ្លើយតបយ៉ាងណានោះទេ ជុំវិញករណីនេះ ។

ផ្ទុយទៅវិញ  លោកសម រង្ស៊ី​ តែងតែអះអាងថា មានតែនាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលកាត់ទឹកដីឱ្យបរទេស ។

ជាក់ស្ដែង លោកបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី ២២ កក្កដាក្នុងន័យដើមថា «ហ៊ុន សែន ខ្ចីលុយពីចិនច្រើនពេក (រាប់ពាន់លានដុល្លារ) យកមកប្រព្រឹត្តអំពើពុករលួយ ហើយគាត់គ្មានអ្វីសងទៅចិនវិញ ក្រៅពីប្រគល់ទឹកដីកម្ពុជា ឲ្យទៅម្ចាស់បំណុល»

ជាងនេះទៅទៀត លោកថា នាយករដ្ឋមន្ត្រីកម្ពុជាកាត់ដីឱ្យជនជាតិវៀតណាមជាដើម ។

ដោយឡែក លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី ៤ មិថុនាថា ប្រសិនបើប្រទេសកម្ពុជាមិនមានការផ្លាស់ប្ដូរមេដឹកនាំកម្ពុជាទេ ព្រមទាំងប្រជាជនភ្លេចខ្លួនក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នោះកម្ពុជាកណ្ដាល នឹងមានវាសនាមិនខុសពីកម្ពុជាក្រោម និងសុរិន្ទនាពេលអនាគតនោះទេ ។ លោកថា នេះនឹងចូលទៅក្នុងយុទ្ធសាស្ត្រដំណើរឆ្ពោះទៅទិសខាងលិចរបស់ហ៊ូជីមិញ ។

លោក ឯម សុវណ្ណារ៉ា ថាករណីនេះគ្រាន់តែជារឿងអតីតកាលដែលលោក សម រង្ស៊ី ថានឹងបង្កើតនូវកិច្ចព្រមព្រៀងនេះ ប្រសិនបើលោក សម រង្ស៊ីឈ្នះឆ្នោត ។

លោកថា នេះគ្រាន់តែជាកិច្ចព្រមព្រៀងខ្យល់ និងមិនផ្លូវការនោះទេ ។

អ្នកវិភាគរូបនេះបន្ថែមថា កិច្ចព្រមព្រៀងប្រភេទនេះ គឺត្រូវមានការឆ្លងកាត់អនុម័តដោយសភា និងប្រជាមតិពីប្រជាជន ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០០១ មក ជនជាតិម៉ុងតាញ៉ាជាច្រើនពាន់នាក់បានរត់ពីប្រទេសខ្លួន មកសុំជ្រកកោននៅកម្ពុជា។ តែយ៉ាងណាមិញ ជនជាតិម៉ុងតាញ៉ាជាច្រើននាក់ ត្រូវរដ្ឋាភិបាលកម្ពុជាបណ្ដេញទៅប្រទេសវៀតណាម។

កាលពីខែ សីហា ឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនជនជាតិម៉ុងតាញ៉ាចំនួន ១៣នាក់ ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេត្រូវបដិសេធការផ្ដល់ឋានៈជាជនភៀសខ្លួន និងការតាំងទីលំនៅនៅកម្ពុជា ។

ជាងនេះទៅទៀត កន្លងមក ក្រសួងមហាផ្ទៃកម្ពុជាបានជំទាស់ការតាំងទីលំនៅឲ្យជនជាតិម៉ុងតាញ៉ាវៀតណាម ចំនួន ២៩រូបនៅកម្ពុជា ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំអាស៊ី លោក Phil Robertson កាលពីខែកញ្ញា ឆ្នាំ ២០១៧ថា កម្ពុជាមិនគួរបញ្ជូនជន ភៀសខ្លួនទាំងនោះទៅវិញទេ ដោយសារតែពួកគេអាចប្រឈមមុខនឹងការកាត់ទោស ធ្ងន់ធ្ងរ ហើយប្រសិនបើកម្ពុជានៅតែបង្ខំពួកគេទៅវៀតណាមវិញ អាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាមេដឹកនាំថ្នាក់តំបន់ក្នុងការការពារសិទ្ធិជនភៀសខ្លួន ៕

Share

Image
Image
Image