en     km
en     km

មន្ត្រីពាណិជ្ជកម្មចុះរុះរើស្លាកយីហោហាងចិនប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ

Share

 (ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាឱ្យមន្រ្តីក្រោម​​ឱវាទចុះរុះរើស្លាកយីហោភោជនីយដ្ឋានចិនមួយកន្លែងឈ្មោះថា «សាច់មាន់លោក» ដែលបានបកប្រែពីភាសាអង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ហើយទទួលរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជនខ្មែរ។

ការរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។​

មន្រ្តីនៃក្រសួងពាណិជ្ជកម្មដែលដឹកនាំកម្លាំងចុះរុះរើស្លាកយីហោហាងខាងលើគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធ ឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ម្ចាស់ហាងជាជនជាតិចិន បាននាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ។

លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបន្ថែមថា៖«ក្រៅពីខុសអក្ខរាវិរុទ្ធ ភោជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ខណៈដែលកម្ពុជាកំពុងយកចិត្តទុកដាក់លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម»។

ទន្ទឹមគ្នានោះ លោកបានណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់អាជីវកម្ម ពាណិជ្ជនាម និងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុន ពិសេសការការពង្រឹង និងលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។

សម្រាប់ខេត្តព្រះសីហនុដែលសម្បូរដោយជនជាតិចិនមករស់នៅ និងប្រកបអាជីវកម្មរកស៊ី អាជ្ញាធរបានរាយការណ៍ថា អាជ្ញាធរក្រុងបានចុះរុះរើស្លាកយីហោហាងអាជីវកម្មរបស់ជនជាតិចិនចំនួនជាង ២០០ស្លាក ពីហាងប្រមាណជា ១០០ កាលពីចុងឆ្នាំ២០១៨។

អាជ្ញាធរឱ្យដឹងថា ការសរសេរអក្សរខ្មែរលើស្លាកយីហោហាងមិនត្រឹមត្រូវ ដោយសារម្ចាស់ហាងជាជនបរទេស មិនចេះអក្សរខ្មែរ ហើយពួកគេបានបកប្រែភាសារបស់ពួកគេមកជាភាសាខ្មែរ ដោយប្រើកម្មវិធីបកប្រែ «Google Translate»។

ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ​ឆ្នាំ​២០១៨ បាន​ចេញសារាចរ​លេខ​០០៤​ ​សរណន​ ​ស្តី​ពី​ការ​ដាក់​តាំង​ស្លាក​យីហោ​អាជីវកម្ម​ដ្ឋាន​ទេសចរណ៍ចំនួន​បួន​ចំណុច។​ ​សារាចរ​ណែនាំ​នោះ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវ​កម្ម​ទេសចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​ដាក់​តាំង​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាង​លើ​ ​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​បន្ទាប់ពី​អក្សរខ្មែរ​នៅ​ផ្នែក​ខាងក្រោម​ ​និងត្រូវ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ​(១/២)នៃ​ទំហំ​អក្សរ​ខ្មែរ។​ ​ក្នុង​ករណី​ដែល​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​មាន​បំណង​ប្រើប្រាស់​អក្សរ​បរទេស​ទី​៣​ ​ពួកគេ​អាច​ដាក់បាន​នៅ​ផ្នែក​ខាង​ក្រោម​បន្ទាប់​ទៀត​ដោយ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ(១/២)នៃទំហំអក្សរ​ខ្មែរ​ដែរ ៕

Share

Image
Image
Image