en     km
en     km

មន្រ្តីការទូតតួកគីថ្មីនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាក្នុងអាណត្តិរបស់ខ្លួន

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជាបានសន្យាថានឹងជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជាក្នុងអាណត្តិរបស់លោកស្រី ដើម្បីផ្លាស់ប្តូរចរន្តភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ។ ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃ ទី១៩ មេសា ម្សិលមិញ។

 

ក្នុងជំនួបនោះដែរ លោក ថោង ខុន បានស្នើរអោយភាគីតួកគីពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា រួមមាន ការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ជាដើម។

ក្នុងឳកាសនោះផងដែរ ក្រសួងទេសចរណ៍ប្រទេសទាំងពីរ នឹងខិតខំឲ្យមានការចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដែលក្នុងនោះក៏នឹងជុំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាផងដែរ។

សូមជម្រាបផងដែរថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរនេះ មានចំនួន ១១៩ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ ២៥០ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕

 

Share

Image
Image
Image