en     km
en     km

រដ្ឋមន្ត្រីទេសចរណ៍ព្រមានទប់ស្កាត់ក្រុមហ៊ុនរកស៊ីលក់កញ្ចប់ទស្សនកិច្ចតម្លៃសូន្យ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រកាសទប់ស្កាត់ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះប្រតិបត្តិករទេសទាំងឡាយណាដែលនៅតែគគ្លើន បន្តសកម្មភាពអាជីវកម្មលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬ(Zero Package Tour​)ទៀត។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បង្ហោះកាលពីរសៀលថ្ងៃទី១៤ កក្កដាមិ្សលមិញ។ ទាក់ទងរឿងនេះ សាធារណជនមួយចំនួនបានចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថា ក្រុមហ៊ុនដែលរកស៊ីបែបនេះភាគច្រើនជាក្រុមហ៊ុនរបស់ចិន។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

បន្ទាប់ពីរកឃើញថា នៅមានសកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ លោករដ្ឋមន្រ្តីទេសចរណ៍បានព្រមានទប់ស្កាត់ និងចាត់វិធានការម៉ឺងម៉ាត់ ដោយលោកប្រៀបប្រដូចក្រុមហ៊ុននិងប្រតិបត្តិករទេសចរណ៍ខិតខូចទាំងនោះថា ជាមេរោគបំផ្លាញវិស័យទេសចរណ៍កម្ពុជា។

ការប្រកបអាជីវកម្មបែប Zero Package Tour ពីសំណាក់ក្រុមហ៊ុន និងប្រតិបត្តិករទេសចរណ៍ សំដៅលើសកម្មភាពលក់កញ្ចប់ទស្សនកិច្ចនៅថ្លៃទាប ឬលក់ទាំងខាត ដោយក្រុមហ៊ុនឬប្រតិបត្តិករទេសចរណ៍ទាំងនោះតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ទិញទំនិញក្នុងតម្លៃខ្ពស់ ដើម្បីប៉ះប៉ូវការខាតបង់ទាំងនោះ។

អ្នកទេសចរណ៍ទៅលេងអង្គរ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ចុងសប្ដាហ៍នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរកស៊ីបែប Zero Package Tour នេះក្រុមហ៊ុនទាំងនោះ បានរកស៊ីដោយមិនគិតចំណេញក្នុងកញ្ចប់ទេ តែពួកគេយកភ្ញៀវមកដើម្បីកាប់ស៊ីតាមរយៈការលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការក្លែងក្លាយ ទំនិញ និងសេវាកម្មអន់គុណភាព ដោយទទួលបានលុយក្រៅឬហៅថា Comission ច្រើនហួសហេតុពីម្ចាស់មូលដ្ឋានអាជីវកម្ម។

លោកបន្ថែមថា សកម្មភាពរកស៊ីបែបនេះ នាំឱ្យក្រុមហ៊ុនទេសចរណ៍ជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ខ្លះ ជំពាក់លុយម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍មិនសង ឬសងយឺតយ៉ាវជាមូលហេតុនាំឲ្យគុណភាពសេវាកម្មកាន់តែធ្លាក់ចុះ។ លោកថា កន្លងទៅមានសណ្ឋាគារ ភោជនីយដ្ឋានខ្លះត្រូវបិទទ្វារ ពីព្រោះក្រុមហ៊ុនអ្នករកស៊ី Zero Package Tour មិនសងលុយ ហើយរត់ចោលបាត់ស្រមោល។

ជាងនេះទៀតភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនទាំងនេះ មានការខាតបង់ និងខកចិត្តយ៉ាងខ្លាំង រហូតអ្នកទេសចរណ៍បរទេសខ្លះលែងចង់មកលេងកម្ពុជាលើកក្រោយទៀត។

កន្លងមកក្រុមហ៊ុនខ្លះទិញសំបុត្រចូលទស្សនាអង្គរវត្ត ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃ តែក្រុមហ៊ុនទាំងនោះបានភូតភរភ្ញៀវ ហើយនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃ។  ចំណែកថ្ងៃទី២ និងថ្ងៃទី៣ ពួកគេនាំភ្ញៀវទៅទស្សនាប្រាសាទបេងមាលា ១ថ្ងៃក្នុងតម្លៃតែ ៥ដុល្លារ និងប្រាសាទកោះកេរ ១ថ្ងៃតម្លៃ ១០ដុល្លារ។

ក្រុមហ៊ុនខិលខូចទាំងនោះ បានភូតភរទេសចរថា ប្រាសាទបេងមាលា និងប្រាសាទកោះកេរ ក៏ជាអង្គរវត្តដែរ ដោយយកបានចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។

បើតាមលោករដ្ឋមន្ត្រី នេះជាបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន។​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ទាក់ទងក្នុងរឿងនេះសាធារណជនមួយចំនួនបានចូលទៅបញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ដោយអ្នកប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ សែម វាសនា(Veasna Sem) លើកឡើងថា ក្រុមហ៊ុនចិនសុទ្ធតែzero package។ ហាងលក់វត្ថុអនុស្សាវរីយ សូត្រ ត្បូងនៅផ្សារចាស់សុទ្ធតែក្លែងក្លាយ សូមឯកឧត្តមនឹងក្រសួងពាក់ព័ន្ធមានវិធានការណ៏ដើម្បីលើកកំពស់វិស័យទេសចរណ៍ផង។

ចំណែកហ្វេសប៊ុកឈ្មោះ នន់ ទេវីភា(Teviphea Nuon) សរសេរថា ក្រុមហ៊ុនទាំងនោះមិនមែនត្រឹម Zero Package Tour​ ទេ គឺថែមទាំងក្រោម Zero Tour Package ​(Minus Tour Pacakage) ទៀតផង…នេះគឺដោយសារការប្រកួតប្រជែងងាប់រស់របស់ក្រុមហ៊ុនធួរ (Tour) ធ្វើយ៉ាងណាអោយតែទទួលបានភ្ញៀវ សម្រាប់ចូលហាងលក់វត្ថុអនុស្សាវរីយ(Souvenir shop)។

ដោយឡែកមានគណនីហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិគាំទ្រចំពោះចំណាត់ការរបស់ក្រសួងទេសចរណ៍ផងដែរ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសហាមឃាត់យ៉ាងដាច់អហង្កាថា «កម្ពុជាមិនអនុញ្ញាឱ្យការីទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ណាមួយប្រកបអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ទៀតនោះឡើយ»។

ក្នុងឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវ​ទេសចរ​អន្តរ​ជាតិមក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​​ ​មាន​ចំនួន​ ​៦.២​ ​លាន​នាក់​ ​​កើន​ជាង ​១១​ ​ភាគ​រយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ ​ឈរ​លំដាប់​មុខ​គេ​បង្អស់​ ​ដែល​មាន​ចំនួន​ប្រមាណ​ ១ ​លាន ​៩សែន​នាក់​ កើន​ឡើង​ជាង ​៧០​ភាគ​រយ។ ​

ដោយឡែក ភ្ញៀវទេសចរណ៍បានទៅទស្សនាតំបន់សៀមរាប-អង្គរ មានចំនួន ៥ លាននាក់  ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាន ៥០ម៉ឺននាក់ផងដែរ៕

Share

Image
Image
Image