en     km
en     km

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អំពើហិង្សាផ្លូវភេទលើស្រ្តីមិនមានអត្រាធ្លាក់ចុះ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបង្ហាញរបាយការណ៍មួយជាសាធារណៈថា អំពើហិង្សាផ្លូវភេទលើស្រ្តីនិងក្មេងស្រីនៅពុំទាន់មានអត្រាធ្លាក់ចុះនោះទេ បើទោះបីជាអត្រានៃអំពើហិង្សាលើរាងកាយបានថយចុះក៏ដោយ។ សង្គមស៊ីវិលដែលធ្វើការលើបញ្ហាស្រ្តីមើលឃើញថា កត្តាអប់រំផ្នែកសង្គមនៅមានកម្រិត ភាពងាយស្រួលរកបាននៃរូបភាពអាសអាភាស និងបញ្ហាគ្រឿង ញៀន ជាបញ្ហាត្រូវដោះស្រាយឈានទៅកាត់បន្ថយអំពើហិង្សា ឬការរំលោភផ្លូវភេទលើស្រ្តីនិង ក្មេងស្រី។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

​ការសិក្សាស្រាវជ្រាវពីប្រេហ្វវ៉ាឡង់នៃអំពើហិង្សា ការអង្កេតជាតិស្តីពីប្រជាសាស្រ្តនិងសុខភាព ជាមួយនឹងការវិភាគស៊ីជម្រៅរបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធឆ្នាំ២០០០,២០០៥ និង២០១៤ បានបង្ហាញថា ​ចរន្តនៃអំពើហិង្សាក្នុងគ្រួសារ​​បានធ្លាក់ចុះ ប៉ុន្តែ អំពើហិង្សាផ្លូវភេទលើស្រ្តីមិនមានអត្រាធ្លាក់ចុះនោះទេ។

​បញ្ហានេះជាក្តីកង្វល់របស់ស្ថាប័នពាក់ព័ន្ធ ពិសេសក្នុងនាមក្រសួងកិច្ចនារី បាន​បង្កើនការពិគ្រោះយោបល់ជាមួយក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដើម្បីរកមធ្យោបាយបង្ការ និងទប់ស្កាត់​ឱ្យបានទាន់ពេលវេលា​ កុំឱ្យកើតមានក្នុងវង្វង់គ្រួសារ និងសង្គមជាតិ។

នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ធ្វើឡើងក្នុងពិធីបើកគម្រោងកម្មវិធី ACCESS ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី រយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង១០លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើង លើការផ្តល់សេវាដល់ជនមានពិការភាព ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយនិរន្តភាព។

                                                                  លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

 

ដើម្បីឈានទៅសម្រេចឱ្យបាននូវអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទលើស្រ្តី​ ក្រសួងកិច្ចការនារីបានកែលម្អយន្តការសម្របសម្រួលថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងក្រុមការងារបច្ចេកទេស ទទួលបន្ទុកអំពើហិង្សាទាក់ទងយេនឌ័រឈ្មោះថា TWGDD  ។ ​ជាមួយគ្នានេះក្រសួងក៏បានបង្កើនបទដ្ឋានអប្បបរិមាសម្រាប់ការផ្តល់សេវា ដែលផ្តោតលើការឆ្លើយតបផ្នែកប្រឹក្សាយោបល់ផ្នែកសុខភាព ផ្នែកបញ្ជូន និងការផ្សះផ្សារវាងដៃគូទាំងពីរ។

របាយការណ៍ដែលទទួលបានជំនួយពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) និងជំនួយរបស់ប្រទេសអូស្រ្តាលី​ សហការជាមួយក្រសួងកិច្ចការនារីបង្ហាញថា ស្រ្តីកម្ពុជាជាង៣០%ធ្លាប់បានរងអំពើហិង្សាលើរាងកាយ ផ្លូវភេទ ផ្លូវចិត្ត ឬសេដ្ឋកិច្ចពីដៃគូស្និទ្ធស្នាលក្នុងជីវិតរបស់ពួកគេ។ ស្រ្តីជួបអំពើហិង្សាលើរាងកាយពីដៃគូស្និទ្ធស្នាលក្នុងជីវិតរបស់ខ្លួនមានចំនួន ៣ដង ច្រើនជាងអំពើហិង្សាលើផ្លូវកាយពីអ្នកមិនមែនជាដៃគូជីវិត។ ៨៥%នៃស្រ្តីធ្លាប់ជួបអំពើហិង្សាផ្លូវភេទ បានទទួលរងអំពើហិង្សាផ្សេងៗទៀតដូចជាអំពើហិង្សាលើរាងកាយ និងផ្លូវចិត្ត។ ចន្លោះឆ្នាំ២០០០ និង២០០៤ ភាគរយស្រ្តីបានរាយការណ៍ថា ធ្លាប់ជួបអំពើហិង្សាលើផ្លូវកាយពីដៃគូស្និទ្ធស្នាលក្នុងរយៈពេល១២ខែបានថយចុះ។

ការងារស៊ើបអង្កេតលើបញ្ហាហិង្សាផ្លូវភេទលើស្រ្តីនៅកំពុងស្ថិតក្នុងនីតិវិធីស្រាវជ្រាវនៅឡើយ។ ចំណែកមូលហេតុនៃការមិនធ្លាក់ចុះហិង្សាផ្លូវភេទក៏ពុំទាន់បានបកស្រាយបំភ្លឺដែល។

 

តែយ៉ាងណាតម្រុយខ្លះៗនៃហិង្សាផ្លូវភេទ​នេះ មានកត្តារួមផ្សំមួយចំនួនដែលក្រុមការងារនៃអង្គការសង្គមស៊ីវិលពាក់ព័ន្ធបញ្ហាស្រ្តីបានរកឃើញ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិហៅកាត់ថា CWCC លើកឡើងថា កត្តាអប់រំទៅកាន់សង្គមនៅមានកម្រិត រឿងអាសអាភាសក្នុងគ្រឿងបច្ចេកវិទ្យាងាយស្រួលរកបាន បញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង ទាំងនេះជាបច្ច័យមួយបង្កឱ្យមានអំពើហិង្សាផ្លូវភេទក្នុងគ្រួសារ និងក្នុងសង្គម។

                                 លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិហៅកាត់ថា CWCC

 

ក្នុងចំណោមស្រ្តីដែលធ្លាប់រងអំពើហិង្សាលើផ្លូវកាយ ឬផ្លូវភេទពីដៃគូស្និទ្ធស្នាលមាន ៤៩%រាយការណ៍ថា ពួកគេមិនដែលនិយាយពីបទពិសោធន៍ប្រាប់នរណាម្នាក់ឡើយ។ ដោយឡែកស្រ្តីប្រហែល ២៤% ដែលធ្លាប់រងអំពើហិង្សារាងកាយ ឬផ្លូវភេទពីដៃគូស្និទ្ធស្នាលបានស្វែងរកជំនួយផ្តល់សេវាផ្លូវការ ឬអាជ្ញាធរ។

នៅក្នុងចំណោមស្រ្តីដែលមិនស្វែងរកជំនួយមាន ៤០% បានរាយការណ៍ថា ពួកគេមិនស្វែងរកជំនួយដោយសារ អំពើហិង្សាគឺកើតឡើងជាធម្មតា ហើយ៣០% ទៀតនិយាយថា ពួកគេមិនស្វែងរកជំនួយដោយសារភាពភ័យខ្លាច ឬខ្មាសអៀន។

ស្រ្តីរងគ្រោះបានទៅស្វែងរកជំនួយ ពីអាជ្ញាធរមូលដ្ឋានមានចំនួន១៤,៥% ពីនគរបាល ១១% និងពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬសេវាផ្តល់ជំរក៥%។

របាយការណ៍ដដែលរកឃើញថា ស្រ្តីមានកូនច្រើនក្នុងបន្ទុកបានរាយការណ៍ថា ធ្លាប់រងអំពើហិង្សារាងកាយក្នុងកំឡុងពេលមានផ្ទៃពោះណាមួយ។ ស្រ្តីជនបទដែលជួបហិង្សាក្នុងអំឡុងពេលមានផ្ទៃពោះមានមានចំនួនពីរដងខ្ពស់ជាងស្ត្រីនៅទីក្រុង។ ចំណែកភាគរយស្រ្តីដែលជួបអំពើហិង្សាកំឡុងពេលមានផ្ទៃពោះមានកម្រិតខ្ពស់ចំពោះស្រ្តីមិនចេះអា​ន សរសេរ ឬមានជីវភាពគ្រួសារទាប បើធៀបជាមួយស្រ្តីដែលទទួលបានការអប់រំ ឬមានជីវភាពគ្រួសារធូរធារកម្រិតខ្ពស់។

 

ភាគរយស្រ្តីមានកូន៥នាក់ ឬច្រើនជាងដែលជួបអំពើហិង្សាពីដៃគូស្និទ្ធស្នាលទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវចិត្ត បានកើនឡើង៤ដងខ្ពស់ជាងស្រ្តីដែលមិនមានកូនគឺ ៤៣% ធៀបនឹង១៣%។ ចំណែកភាគរយស្រ្តីមិនចេះអាន ឬសរសេរដែលជួបអំពើហិង្សាផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត បានកើនឡើង ២ដងខ្ពស់ជាស្រ្តីទទួលបានការអប់រំកម្រិតមធ្យមសិក្សា ឬខ្ពស់ជាង៣៨% ធៀបនឹង១៨%។

កត្តាចម្បងៗពាក់ព័ន្ធនឹងបទពិសោធន៍របស់ស្រ្តីចំពោះហិង្សាពីដៃគូស្និទ្ធស្នាលរួមមាន៖ ដៃគូស្និទ្ធស្នាលរបស់ខ្លួនផឹកស្រវឹងញឹកញាប់ បង្ហាញឥរិយាបថត្រួតត្រា ឬគ្រប់គ្រងក្នុងចំណងអាពាហ៍ពិពាហ៍កម្រិតខ្ពស់។ ស្រ្តីខ្លាចដៃគូរបស់ខ្លួន កម្រិតសិក្សាទាបទាំងស្ត្រី និងដៃគូស្និទ្ធស្នាលរបស់ខ្លួន។ ធ្លាប់ឃើញឳពុកវាយម្តាយតាំងពីតូច មានកូនរស់នៅក្នុងបន្ទុកច្រើន។

ស្រ្តីប្រហែល ៥០% ដែលចូលរួមក្នុងការអង្កេតប្រជាសាស្ត្រ និងសុខភាពបានយល់ថា ប្តីអាចវាយប្រពន្ធរបស់ខ្លួនដោយមានហេតុផលគ្រប់គ្រាន់តែមួយផ្នែកប៉ុណ្ណោះ។ រីឯបុរស ២៧%ជឿថា ប្តីអាចវាយប្រពន្ធរបស់ខ្លួនប្រសិនបើមានហេតុផលជាក់លាក់មួយដូចជា ចម្អិនអាហារខ្លាច ឈ្លោះប្រកែកជាមួយប្តី ចេញក្រៅផ្ទះដោយមិនប្រាប់ប្តី មិនយកចិត្តទុកដាក់លើកូន បដិសេធមិនព្រមរួមភេទជាមួយប្តីជាដើម។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ ទាមទារឱ្យមានការជំរុញ និងលើកទឹកចិត្តដើម្បីឱ្យស្រ្តីទទួលបានសេវាគាំទ្រ។ ការវិនិយោគបន្ថែមគួរពិចារណាលើការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាធនធានគ្រប់គ្រាន់វិស័យទាំងអស់ និងផ្សព្វផ្សាយឱ្យបានទូលាយអំពីសេវាគាំទ្រនិងធានាផ្តល់សេវាដើម្បីឆ្លើយតបឱ្យបានសមស្របតាមការកើនឡើងនូវតម្រូវការរបស់ស្រ្តីរងគ្រោះ៕

 

Share

Image
Image
Image