en     km
en     km

រដ្ឋាភិបាល​ ចេញ​មុខ​បើក​ប្រាក់ខែ​ឲ្យ​ កម្មករ​ កម្មការិនី​ ចំនួន​ ៩​រោងចក្រ​ បន្ទាប់​ពី​ថៅកែ​រត់​ចោល​

Share

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ម្សិលមិញ​(២៨​ ខែកុម្ភៈ​)​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់មាត់​ ថា​ នឹង​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ ឲ្យ​កម្មករ​ កម្មការិនី​ ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​ រត់​ចោល​ចំនួន​ ០៩​រោងចក្រ​។​ តែ​ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ បាន​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​ របស់​រោងចក្រ​ទាំង​ ៩​នេះ​។​ សហជីព​ សាទរ​ចំណាត់ការ​នេះ​ នឹង​សង្ឃឹមថា​ បើ​រដ្ឋាភិបាល​ប្រើ​យន្ដ​ការណ៍​នេះ​រហូត​ នឹង​ធ្វើ​ឲ្យ​កម្មករ​ កម្មការិនី​ មាន​ភាព​កក់ក្ដៅ​។​

លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​លម្អិត​ ៖​

 

​សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ បាន​បង្ហាញ​ពី​ចេតនា​ ថា​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់​ កម្មករ​ កម្មការិនី​ ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល​។​ សម្ដេច​បាន​ថ្លែង​ ដោយ​ផ្ដាំ​ទៅ​ កម្មករ​ កម្មការិនី​ ដែល​ថៅកែ​រត់​ចោល​ កុំ​មានការ​ព្រួយបារម្ភ​ ពី​ការ​ខាតបង់​ប្រាក់​អត្ថប្រយោជន៍​របស់​ខ្លួន​ ព្រោះ​រាជរដ្ឋាភិបាល​ បាន​ត្រៀម​ប្រាក់​បុរេប្រទាន​ ប្រមាណ​ ៤​លាន​ ៦​សែន​ដុល្លារ​ ដើម្បី​បើក​ឲ្យ​ កម្មករ​ កម្មការិនី​ទាំងនោះ​អស់ហើយ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​ផ្ដាំ​ទៅ​កម្មករ​ កម្មការិនី​ ដែល​ថៅកែ​រត់​ចោល​ទាំងឡាយ​ ត្រង់​ថា​ រាជរដ្ឋាភិបាល​បាន​បុរេប្រទាន​ប្រាក់​ប្រមាណ​ជា​ ៤​លាន​ ៦​សែន​ដុល្លារ​ ដើម្បី​យក​ទៅ​បើក​ផ្ដល់​ឲ្យ​កម្មករ​ កម្មការិនី​ ដែល​ថៅកែ​រត់​ចោល​»​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ នេះ​ ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ប្រាក់​បុរេប្រទាន​ចំនួន​ ៤​លានជាង​ ៥​សែន​ ៧​ម៉ឺន​ដុល្លារ​ សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ ជូន​កម្មករ​ និយោជិត​ ប្រមាណ​ ៤​ពាន់​ ១៤៧​នាក់​ នៅ​រោងចក្រ​ចំនួន​ ០៩​ ដែល​មាននៅ​រាជា​ធានី​ភ្នំពេញ​ចំនួន​ ៥​ ខេត្ដកណ្ដាល​ចំនួន​ ០១​ និង​ខេត្ដកំពង់ស្ពឺ​ចំនួន​ ០៣​។​

​បើ​តាម​សេចក្ដីជូនដំណឹង​ គឺ​រោងចក្រ​ទាំង​ ៩​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​វិធានការ​របស់​សមត្ថកិច្ច​ ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​ ដើម្បី​លក់​ឡៃ​ឡុ​ង​យក​ថវិកា​បើក​ជូន​កម្មករ​ ដែល​ត្រូវ​ថៅកែ​បិទទ្វារ​រត់​ចោល​ពួក​គេ​នោះ​។​ ក្រៅពី​វិធានការ​លក់​ទ្រព្យសម្បត្តិ​រោងចក្រ​ទាំង​ ៩​នោះ​ ក្រសួង​ក៏​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​មន្ត្រី​នរ​គ​បាល​យុត្តិធម៌​ និង​ព្រះរាជអាជ្ញា​ ដើម្បី​កោះហៅ​ ឬ​ឃាត់ខ្លួន​ម្ចាស់​ ឬ​តំណាង​ក្រុមហ៊ុន​ដែល​រត់​ចោល​កម្មករ​ ព្រមទាំង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ ដែល​ផ្តល់​ការ​ណែនាំ​បែប​ទុច្ចរិត​ ដល់​ថៅកែ​រោង​ចោល​ឲ្យ​ប្រើ​វិធីសាស្ត្រ​បិទទ្វារ​រត់​ចោល​កម្មករ​ដូច្នេះ​។​ ក្រោយ​ពី​ក្រសួង​ ទូទាត​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ កម្ម​កា​រិ​និ​ រួចរាល់​ហើយ​ គឺ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ នឹង​ចុះ​ឈ្មោះ​រក​ការងារ​ថ្មី​ ជូន​កម្មករ​ និយោជិត​ ដែល​បាត់បង់​ការងារ​។​

​ទាក់ទិន​រឿង​នេះ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ យល់​ឃើញ​ថា​ នេះ​ជា​ទ​ង្វើ​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ និង​គិតគូរ​ ពី​ផល​លំបាក​របស់​កម្មករ​ កម្មការិនី​ ដែល​ក្រុម​ថៅកែ​រត់​ចោល​។​ កម្មករ​ រោងចក្រ​ ដែល​មាន​ស្ដ្រី​ជាង​ ៩៥​ភាគរយ​ នៅ​ទូ​ទាំង​ប្រទេស​ បាន​ជួប​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ នៅ​ពេល​ដែល​ថៅកែ​ រោង​ក្រ​របស់​ពួក​គេ​ បាត់​រត់​ដោយ​មិន​បាន​បើកប្រាក់​ឈ្នួល​។​ ករណី​នេះ​ លោក​ ប៉ាវ​ ស៊ី​ណា​ ទទូច​ថា​ បើសិនជា​រដ្ឋ​បង្កើត​យន្ដ​ការណ៍​បែប​នេះ​ ទៅ​មុខ​គឺជា​រឿង​ល្អ​ ដែល​អាច​ធ្វើ​ឲ្យ​ កម្មករ​ កម្មការិនី​ មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​បំពេញការងារ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​ដូច្នេះ​ហើយ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​នេះ​គឺជា​រឿង​មួយ​ដែល​ល្អ​ ខ្ញុំ​គាំទ្រ​។​ ប៉ុន្ដែ​បើ​យើង​គិត​ថា​ រដ្ឋាភិបាល​នឹង​បន្ដ​ការ​ផ្ដល់​ជា​ដំណោះស្រាយ​អ​ញ្ចឹ​ងរ​ហូត​សម្រាប់​កម្មករ​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​កាន់តែ​ល្អ​ប្រសើរ​»​។​

​លើស​ពី​នេះ​លោក​យល់​ថា​ រាជរដ្ឋាភិបាល​គួរតែ​បង្កើត​យន្ដការ​ថ្មី​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​និយោជក​ ដែល​មក​រកស៊ី​នៅ​កម្ពុជា​ មាន​កញ្ចប់​ថវិកា​តម្កល់​ជាក់លាក់​ ដើម្បី​បង្ការ​បញ្ហា​ក្រោយ​ពេល​ដែល​ថៅ​ និយោជក​ បាន​រត់​ចោល​កម្មករ​ កម្មការិនី​។​

​គួរ​ជម្រាប​ថា​ រោងចក្រ​ដែល​ថៅកែ​ បាន​រត់​ចោល​ គេ​សង្កេត​ឃើញ​កម្មករ​ កម្មការិនី​ តែងតែ​ធ្វើការ​តវ៉ា​ ក៏​ប៉ុន្ដែ​ពួក​គាត់​ កម្រ​នឹង​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប​ណាស់​។​ យ៉ាងណា​ការ​ផ្ដល់​ប្រាក់​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ​ ក្រុម​កម្មករ​ និយោជិត​ បង្ហាញ​ក្ដី​រំពឹង​ថា​ នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួក​គេ​បាន​ខ្លះ​ ទម្រាំ​ពួក​គេ​អាច​រក​ការងារ​ថ្មី​បាន​៕​

Share

Image
Image
Image