en     km
en     km

របាយការណ៍ TI៖ ពលរដ្ឋយល់ដឹងពីថវិការដ្ឋមានកម្រិតទាបនៅឡើយ

Share

ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជារកឃើញថា ចំណេះដឹង លទ្ធភាពក្នុងទទួលបានព័ត៌មាន និងការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការស្តីអំពីថវិកាចំណូលចំណាយរបស់រដ្ឋគឺនៅមានកម្រិតទាបនៅឡើយ។ កត្តាដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការរកឃើញនេះរួមមាន កត្តាសង្គមប្រជាសាស្រ្ត យេនឌ័រ ការអប់រំ និងកត្តាភូមិសាស្រ្ត។ ការរកឃើញនេះត្រូវបានបង្ហាញក្នុងកម្មវិធីផ្សព្វ ផ្សាយលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិ ស្តីពី«គណនេយ្យភាព និងតម្លាភាពនៃដំណើរការថវិកា» នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភានេះ។

 

                                                                  វាគ្មិនចូលរួមបកស្រាយលើរបាយការណ៍ចេញផ្សាយដោយTI។

 

របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ស្តីពីការស្រាវជ្រាវស្វែងយល់ឥរិយាបថប្រជាពលរដ្ឋចំពោះតម្លាភាព និងគណនេយ្យភាពថវិកាក្នុងប្រទេសកម្ពុជា បានរកឃើញថា មានប្រជាជនតិចតួចតែប៉ុណ្ណោះដែលយលដឹងពីដំណើរការចាយវាយរបស់រដ្ឋ ក្នុងនោះមានតែ ០.៣%ប៉ុណ្ណោះ ដែលអាចប្រាប់បានយ៉ាងត្រឹមត្រូវពីទំហំថវិកាជាតិឆ្នាំ ២០១៧។

ការសិក្សានេះត្រូវបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០១៧ តាមរយៈការអនុវត្តវិធីសាស្រ្តជ្រើសរើសសំណាកបែបចៃដន្យ និងបានធ្វើកិច្ចសម្ភាសន៍ជាមួយប្រជាជនចំនួន ១៥៩៦នាក់ ក្នុងភូមិចំនួន២០០ ស្ថិតក្នុងឃុំចំនួន១០០ នៅ២៥ខេត្តក្រុងទូទាំងប្រទេស។

របាយការណ៍ខាងលើរកឃើញទៀតថា ប្រជាពលរដ្ឋប្រមាណ ៣៣.៤%ពុំបានដឹងថាប្រភពចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាបានមកពីណានោះទេ ខណៈពលរដ្ឋ ៤៦.៤%​ពុំបានដឹងថារដ្ឋាភិបាលចំណាយថវិកាថ្នាក់ជាតិទៅលើវិស័យចម្បងណាខ្លះនោះឡើយ។

ទន្ទឹមគ្នានេះ លទ្ធភាពរបស់សាធារណជនក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនិងថវិកាជាតិ ក៏បានបង្ហាញនូវបញ្ហាដ៏គួរឱ្យបារម្ភផងដែរ។ ជាក់ស្តែកមានប្រជាពលរដ្ឋត្រឹមតែ ០.១%ប៉ុណ្ណោះ ដែលធ្លាប់បានឃើញឯកសារផ្លូវការរបស់រដ្ឋាភិបាលស្តីពីថវិកាថ្នាក់ជាតិ ហើយមានត្រឹមតែ ១.១% ដែលធ្លាប់ព្យាយាមស្វែងរកមើលឯកសារស្តីពីថវិកាជាតិ។

របាយការណ៍របស់អង្គការតម្លាភាព រកឃើញទៀតថា ប្រជាពលរដ្ឋមានរហូតដល់ ៩០.២%ឆ្លើយថា មិនធ្លាប់បានទទួលព័ត៌មានណាមួយពីអាជ្ញាធរឃុំ សង្កាត់អំពីការផ្សព្វផ្សាយនូវព័ត៌មានថវិកាឡើយ។ ចំណែកប្រជាពលរដ្ឋ ៩៦.៥%មិនធ្លាប់បានព្យាយាមស្វែងរកមើលព័ត៌មានថវិកាឃុំ សង្កាត់ឡើយ។

ជាងនេះទៀតរបាយការណ៍ក៏បានបង្ហាញពីបញ្ហាចោទជុំវិញការទទួលបានព័ត៌មាននៅថ្នាក់មូលដ្ឋានផងដែរ។ របាយការណ៍បង្ហាញថា មានត្រឹមតែ ២៨.៦%តែប៉ុណ្ណោះនៃប្រជាជន ធ្លាប់បានចូលរួមកិច្ចប្រជុំប្រចាឆ្នាំសម្រាប់ផែនការអភិវឌ្ឍឃុំ សង្កាត់ កម្មវិធីវិនិយោគ និងរៀបចំថវិកា។

ជុំវិញការចេញរបាយការណ៍នេះ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលថ្នាក់ជាតិ គួរតែបង្កើនលទ្ធភាពក្នុងការទទួលបានព័ត៌មានស្តីពីថវិកាសម្រាប់ពលរដ្ឋទូទៅ ដើម្បីឆ្លើយតបទៅតាមការចាប់អារម្មណ៍របស់ពលរដ្ឋទាក់ទងនឹងថវិកា និងហិរញ្ញវត្ថុជាតិ។ម្យ៉ាងវិញទៀតរដ្ឋាភិបាលគួរបង្កើនកម្មវិធីផ្សព្វផ្សាយតាមមូលដ្ឋាន និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួម នៅក្នុងដំណើរការរៀបចំថវិកាកាន់តែច្រើនថែមទៀត។

                                                            ​​​​​ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។

 

មន្រ្តីមកពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុដែលបានចូលរួមការបង្ហាញរបាយការណ៍នេះលោក ចន ជីវ័ន្ត និយាយថា របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ដែលរកឃើញពីកម្រិតយល់ដឹងរបស់ពលរដ្ឋនៃដំណើរការថវិការដ្ឋនេះ គឺបានឆ្លុះបញ្ចាំងពីតថភាពពិតដែលជាបញ្ហារបស់ពលរដ្ឋក៏ដូចជារដ្ឋាភិបាលសព្វថ្ងៃ។ លោកបន្តថា ឧបសគ្គដែលបណ្តាលឱ្យពលរដ្ឋមិនសូវទទួលបានព័ត៌មានជុំវិញថវិកានេះ គឺពាក់ព័ន្ធនឹងបញ្ហាជីវភាព កត្តាចំណេះដឹង និងភាពរវល់នៃកិច្ចការងារប្រចាំថ្ងៃ។

                                                                    ​លោក ចន ជីវ័ន្ត មន្រ្តីមកពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

យោងតាមការសិក្សារបស់ស្ថាប័នអន្តរជាតិមួយឈ្មោះថា International Budget Partnership(IBP) ដែលធ្វើរបាយការណ៍ជារៀងរាល់ពីរឆ្នាំម្តង ដោយរកឃើញថា កម្ពុជាទទួលបានពិន្ទុ ២០ លើ១០០ សម្រាប់ការត្រួតពិនិត្យលើផ្នែកតម្លាភាព ប្រសើរជាងឆ្នាំ ២០១៥ ដែលមានតែ ៨ លើ១០០ពិន្ទុ។ ដោយឡែកពិន្ទុនៃការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការថវិកាវិញ គឺកម្ពុជាទទួលបានតែ ៤ លើ ១០០ពិន្ទុដែលជាពិន្ទុមួយស្ថិតក្នុងកម្រិតមួយទាប។ ដូច្នេះការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា និងស្ថាប័ន IBP គឺមានភាពប្រទាក់ក្រឡាគ្នា ដែលបង្ហាញថាការចូលរួមរបស់ពលរដ្ឋក្នុងការយលដឹងពីបញ្ហាតម្លាភាពថវិកាគឺនៅមានកម្រិតទាប៕

Share

Image
Image
Image