en     km
en     km

រាជរដ្ឋាភិបាលកម្ពុជាចេញមុខការពារវៀតណាម ខណៈCNRMនៅជប៉ុនគាំទ្រសឹង្ហបុរី

Share

ភ្នំពេញ៖ សមាជិករាជរដ្ឋាភិបាលកម្ពុជា មាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាដើម បានបង្ហាញការសោកស្ដាយចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលថាវៀតណាមឈ្លានពានកម្ពុជា ។ ដោយឡែក ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន បានសរសេរលិខិតចំហរមួយជូនទៅនាយករដ្ឋមន្ត្រីសឹង្ហបុរី ក្នុងន័យគាំទ្រ និងយល់ស្របចំពោះប្រសាសន៍របស់លោក និងជាការសុំជំនួយផ្នែកនយោបាយមួយចំនួន ។

រាយការណ៍លម្អិតដោយ លោក សោម លាភ

 

ការបញ្ចេញប្រតិកម្មរបស់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសកម្ពុជា  នៅបន្តកើតឡើងដូចភ្លៀងរលឹម ដោយជំទាស់ចំពោះការប្រើពាក្យពេចន៍ថា«វៀតណាមឈ្លានពានកម្ពុជា»ដែលថ្លែងដោយ នាយករដ្ឋមន្ត្រីសិង្ហបុរីលី ស៊ានឡុង។ យ៉ាងណា ក្នុងនាមជាប្រទេសសេរី ប្រជាធិបតេយ្យពេញលេញ សេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងក្លា លោក លី ស៊ានឡុង ដែលត្រូវជាកូនប្រុសនៃរដ្ឋបុរសសិង្ហបុរី លី ខ្វាន់យូ បានសរសេរលើបណ្ដាញសង្គមទ្វីធ័ររបស់ខ្លួន ដែលសម្ដៅថា វៀតណាម បានឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ។

មិនយូរប៉ុន្មាននោះទេ ដោយសារតែការលើកឡើងបែបនេះរបស់លោក លី ស៊ាន ឡុង   ធ្វើអោយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ក្នុងនោះគឺមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ សម្ដេច ទៀ បាញ់ និងលោកហ៊ុន ម៉ានី ជាសមាជិកសភា និងជាកូនប្រុស សម្ដេច នាយករដ្ឋមន្ត្រីក៏បានប្រតិកម្មចំពោះការប្រើពាក្យថាវៀតណាមឈ្លានពានកម្ពុជា ។ បន្ទាប់មកទៀតគឺក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដែលជាការបង្ហាញការសោកស្ដាយខ្លាំងចំពោះប្រសាសន៍របស់មេដឹកនាំសិង្ហបុរីរូបនេះ។ ក្រសួងមួយនេះ បានសន្មតថា  ការថ្លែងបែបនេះ គឺដោយសារតែប្រទេសសឹង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ប៉ុលពត ឬខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ។ ជាងនេះប្រទេសសឹង្ហបុរី បានធ្វើជាច្រកផ្គត់ផ្គង់សម្ភារៈយោធាដលល់កម្លាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំឱ្យមានការបាត់បង់ជីវិតប្រជាជនកម្ពុជា១០ ឆ្នាំបន្ថែមទៀត ។ សេចក្ដីថ្លែងការនេះក៏បញ្ជាក់បន្ថែមទៀតថា ប្រទេសសឹង្ហបុរីចង់ឱ្យរបបខ្មៅងងឹតបែបនេះកើតឡើងនៅកម្ពុជាម្ដងទៀត ។ ការលើកឡើងបែបនេះ គឺជាការប្រមាថដល់ការធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជួយកម្ពុជាឱ្យផុតពីរបបប្រល័យពូជសាសន៍នោះ ។

ដោយឡែក ថ្នាក់ដឹកនាំកំពូលកម្ពុជា ដែលមានឈ្មោះថា ជាអ្នកទៅពឹងពាក់វៀតណាមឱ្យមកជួយរំដោះកម្ពុជា និងបញ្ចប់សង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះ‑ឈ្នះ គឺសម្ដេច ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មទៅលើការលើកឡើងរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីនេះផងដែរ ។ សម្ដេចបញ្ចេញប្រតិកម្មនេះមិនសូវខុសពីសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនោះទេ ពោលគឺសម្ដេចថា ប្រទេសសឹង្ហបុរីគាំទ្រ និងចង់ឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងនៅកម្ពុជាម្ដងទៀត ។ នាយករដ្ឋមន្ត្រីកម្ពុជាបានចោទជាសំណួរទៅលោក លី ស៊ានឡុងវិញថាតើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬទេ ។

ប្រទេសសង្គមនិយមវៀតណាម ក៏មិននៅស្ងៀមចំពោះការលើកឡើងបែបនេះរបស់លោក លី ស៊ានឡុងដែរ គ្រាន់តែការប្រតិកម្មនេះធ្វើឡើងក្រោយប្រតិកម្មជួសពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ។ មតិនៅតាមបណ្ដាញសង្គមហ្វេសបុកជាច្រើនបានបង្ហាញពីជម្ងល់ថាតើហេតុអ្វីបានជាកម្ពុជាប្រតិកម្មបែបនេះ ។​ ករណីនេះសមតែវៀតណាមជាអ្នកប្រតិកម្ម ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមចេញមុខទាត់ចោលសម្ដីលោក លី ស៊ានឡុង ។ លោកស្រី ​Le Thi Thu Hang ថា ​អ្វី​ដែល​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក លី ស៊ានឡុង អះអាងមិនបាន​ឆ្លុះបញ្ចាំងពី​សច្ចភាព​នៃប្រវត្តិសាស្រ្តនោះទេ ។

ដោយឡែក លោក Tan Chuan-Jin ប្រធាន​សភាសិង្ហបុរីបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ប្រទេសវៀតណាម អាចនឹងមិនពេញចិត្តទៅនឹងការលើកឡើងរបស់លោក លី ស៊ានឡុង នូវចំណុចខ្លះៗមួយចំនួន។ យ៉ាងណា លោកបន្ថែមដោយបញ្ជាក់ថា គេ​អាច​ជ្រើស​រើសយក​ការកំណត់និយមន័យ​អតីតកាល​បែបណា​ដែល​ខ្លួន​គិតថា​សមស្រប ​ក៏ប៉ុន្តែករណីនេះគឺមិនអាច​ផ្លាស់ប្តូរ​អតីត​កាលដែល​មនុស្ស​ភា​គ​ច្រើន​យល់ឃើញ​ឡើយ ។ លោកបញ្ជាក់ជំហរ និងប្ដេជ្ញាចិត្តថា បែបនេះក្ដី ទំនាក់ទំនងជាមិត្តល្អរបស់ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមនៅដដែល ។

ដោយឡែកសមាសភាពអតីតគណបក្សសង្គ្រោះជាតិវិញក៏បង្ហាញពីទស្សនៈជំវិញករណីនេះដែរ ។ ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន បានសរសេរលិខិតចំហមួយផ្ញើជូន លី ស៊ានឡុងដែលចលនានេះបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា ព្យាយាមលាក់បាំងរហូតមកដល់ពេលនេះ អំពីការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា ។

ចលនានេះបង្ហាញអំពីការដឹងគុណរបស់ខ្លួនចំពោះការរំលឹករបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីបែបនេះ ។ ក្នុងលិខិតចំហនោះ សរសេរថា នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងក្លែងបន្លំប្រវត្តិសាស្ត្រ ដើម្បីបិទបាំងការពិត​ ដែលការណ៍នេះជាហានីភ័យដ៏ធំសម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានទាំងមូល ។ យ៉ាងណាចលនាសង្គ្រោះជាតិ នៅប្រទេសជប៉ុននេះ បានបានស្នើសុំរដ្ឋាភិបាលសឹង្ហបុរី ដឹកនាំដោយលោក លី ស៊ានឡុង ឱ្យប្រាស័្រយទាក់ទងជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ពិសេសសហរដ្ឋអាមេរិក និងជប៉ុន ធ្វើយ៉ាងណាឱ្យមានការកោះប្រជុំឡើងវិញពីបណ្ដាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ការកោះប្រជុំនេះ ដើម្បីជាការដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជារៀបចំឱ្យមានការបោះឆ្នោតឡើងវិញ ដោយឱ្យមានការអង្កេតការណ៍ដូចកាលពីការបោះឆ្នោតឆ្នាំ ១៩៩៣ និងការពារលោកសម រង្ស៊ី ពេលធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

សូមជម្រាបថា ករណីទម្លាស់លើពាក្យពេចន៍ថាវៀតណាមឈ្លានពានកម្ពុជា ដែលមេដឹកនាំសិង្ហបុរីបានប្រើនេះ បាននាំឱ្យអ្នកវិភាគនៅកម្ពុជា មាននិន្នាការពីរដាច់ដោយឡែកពីគ្នា គឺក្រុមអ្នកវិភាគឯករាជ្យ គាំទ្រ ទសុ្សនៈរបស់លោកលីស៊ានឡុង ហើយចំណែកក្រុមអ្នកវិភាគមាននិន្នាការទៅបក្សកាន់អំណាច ទស្សនៈរបស់មេដឹកនាំសិង្ហបុរីរូបនេះថា ជាការខ្វះភាពទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជាច្រើនលាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ៕

Share

Image
Image
Image