en     km
en     km

រាជរដ្ឋាភិបាលគ្រោងផ្តល់កម្ចីការប្រាក់ទាបសម្រាប់អ្នកទិញរថយន្តដឹកកម្មករកាត់ដេរ

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តល់អនុសាសន៍ដល់ធនាគារជាតិ បង្កើតនូវធនា គារមួយដែលផ្តល់កម្ចីអត្រាការប្រាក់ទាបសម្រាប់អ្នកមានបំណងទិញរថយន្តដឹកកម្មករកាតដេរ ដែលរថយន្តទាំងនោះ បានតម្លើងនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនកូរ៉េ ឈ្មោះថា Daehan Auto Cambodia។

 

ការលើកឡើងរបស់សម្តេច ហ៊ុន សែន នេះធ្វើឡើងក្នុង ពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រចំនួន ៣២​ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី១០ ឧសភានេះ។

សម្តេចបានបន្តលើកឡើងថា ការជំរុញលើកទឹកចិត្តសម្រាប់អ្នកមានបំណងទិញរថយន្តដឹកកម្មករពីក្រុមហ៊ុន Daehan Auto Cambodia គឺដើម្បីធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករ ព្រោះរថយន្តនេះមានលក្ខណស្តង់ដាសុវត្ថិភាពល្អប្រសើរ ដែលអាចធានាដល់ការធ្វើដំណើររបស់កម្មករកាត់ដេរ។

សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន

 

                                                                                   សម្តេចដើរពិនិត្យការតម្លើងរថយន្ត។

 

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នៅថ្ងៃនេះដែរ សម្តេចដាក់ក្តីរំពឹងថា ការផ្តល់កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបនេះ នឹងជួយអោយសេវាដឹកជញ្ជូនកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ សម្តេចសង្ឃឹមថា រោងចក្រនឹងផលិតតម្លើងរថយន្តដែលមានគុណភាពនិងសុវត្ថិភាពនៅកម្ពុជា។

បើតាមរូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រថយន្តដឹកកម្មករនោះ  ជាប្រភេទរថយន្តកូរ៉េ មានដំបូល។ ចំណែកផ្ទៃក្នុងនៃរថយន្តមានកៅអីចំនួន៤ ជួរ ដោយក្នុងមួយជួរអាចអង្គុយបានមនុស្ស ៧នាក់។

                                                                                 ​ផ្ទៃក្នុងនៃរថយន្ដដឹកកម្មករ។

របាយការណ៍​របស់​ ប​.​ស​.​ស​ បញ្ជាក់​ថា ​ហានិភ័យ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧​សរុប​ ៣៥ ២៥៨​នាក់​ កើនឡើងបើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​មាន ​២៦ ០៨៩​នាក់​។​ ​

​ក្នុង​នោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សរុបមាន ​៨៨៩០​នាក់​ កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​៧១៧៣​នាក់។ ​ហើយនៅឆ្នាំ ២០១៧នេះ ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​ស្លាប់មាន​ចំនួន ​១៦២​នាក់​ បន្តកើនឡោះងបើ​ធៀប​នឹង​ឆ្នាំ​មុន​មាន ​១៤២​នាក់​៕​

Share

Image
Image
Image