en     km
en     km

លទ្ធផលខ្លះៗនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅកម្ពុជាក្នុងថ្ងៃទី២

Share

(ភ្នំពេញ)៖ ថ្ងៃទី១៥ មីនានេះជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងនៅកម្ពុជា។ នៅថ្ងៃទីពីរនេះភាគីកូរ៉េបានសម្រេចបន្ត ផ្ដល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។ តើមានលទ្ធផលសម្រេចបានអ្វីខ្លះក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េនៅកម្ពុជារយៈពេលពីរថ្ងៃនេះ? តទៅនេះសូមនាងកញ្ញា លោក លោកស្រីអញ្ជើញស្តាប់ព័ត៌មានលម្អិតដោយលោក កែវ សុខា ដូចតទៅ!

 

នៅថ្ងៃទី១៥ មីនានេះបន្ទាប់ពីចូលគាល់អង្គព្រះមហាក្សត្រកម្ពុជារួមមក លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ មុនចូលជួបសម្តេច ហ៊ុន សែន ។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ភាគីកូរ៉េខាងត្បូងបានសម្រេចបន្តផ្ដល់ឥណទានសម្បទាន សរុបចំនួន ៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន ៥ ពីឆ្នាំ២០១៩-២០២៣។

ហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណរដ្ឋកូរ៉េ បានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ, វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស, និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ ជាដើម។

ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រីសូមអោយវិស័យឯកជន និងអ្នកវិនិយោគកូរ៉េដែលមិនទាន់បានមកកម្ពុជាសូមមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផលប្រយោជន៍ជាអតិបរមា។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅដើម្បីកាត់បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្តិការធុរកិច្ចនាពេលកន្លងមក។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដល់ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។

                                                    ជំនួបរវាងសម្តេច ហ៊ុន សែន និងប្រធានាធិបតីកូរ៉េខាងត្បូង។

 

អំឡុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោក មូន ចេអ៊ីន បានជួបសំណេះសំណាលជាមួយនឹង វិនិយោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទានអាហាររួមគ្នាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

គួររំលឹកថា កម្ពុជា និងសាធារណរដ្ឋកូរ៉េបានតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី៣០ តុលា ១៩៩៧។ ​នៅថ្ងៃធ្នូឆ្នាំ២០១៦ សាធារណរដ្ឋកូរ៉េ បានបើកស្ថានកុងស៊ុលនៅខេត្តសៀមរាប ទទួលបន្ទុកខេត្តចំនួន៥ មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

នៅឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ បានកើនដល់ជាង ៧៥ ម៉ឺនលានដុល្លារអាមេរិក។ ទំនិញដែលកម្ពុជានាំចូលពីកូរ៉េច្រើនបំផុតរួមមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិច។

ចំណែកទំនិញដែលកម្ពុជានាំចេញទៅសាធារណរដ្ឋកូរ៉េច្រើនបំផុតវិញរួមមាន សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិច ស្បែកជើង ភេសជ្ជៈ កាបូប ឱសថ និងក្រដាសកាតុង។ ក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញនូវផលិតផលកសិកម្មសរុប ១៦៤៨តោន ក្នុងនោះរួមមាន ពោត ដំណាប់ស្វាយ ផ្សិត កៅស៊ូក្រែប គ្រប់សណ្តែកផ្កាយ ផ្លែម្នាស់ ផ្លែចេក ចេកឆាប ម្សៅញ ទឹកញ ទឹកឃ្មុំ ឈើកែច្នៃ ស្លឹកទៀបបារាំង កន្ទេលកក់ គ្រប់ស្វាយចន្ទី ម្រេច និងស្ករត្នោតជាដើម។

រីឯទំហំវិនិយោគនៅដើមឆ្នាំ២០១៩នេះមានជិត២ពាន់លានដុល្លារ។

ក្នុងឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ទិដ្ឋាការរយៈពេល៣ឆ្នាំដល់អ្នកវិនិយោគកូរ៉េ ដែលកាន់លិខិតឆ្លងដែនអាចចូលមកកម្ពុជាបានធម្មតា។

ចំណែកវិស័យទេសចរណ៍វិញ ភ្ញៀវទេសចរណ៍កូរ៉េបានចូលមកកំសាន្តក្នុងប្រទេសកម្ពុជាចំនួនជាង៣០ម៉ឺននាក់ ជាប់ចំណាប់ថ្នាក់លេខ៥ បន្ទាប់ពីចិន វៀតណាម ឡាវ និងថៃ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរចំនួន០៥ កំពុងប្រតិបត្តិការហោះហើរត្រង់កម្ពុជា-កូរ៉េ សរុបចំនួន៥០ជើងក្នុងមួយសប្តាហ៍។

គិតត្រឹមឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ កម្ពុជាបានបញ្ចូនពលករចំនួនសរុបជាង ៦ម៉ឺននាក់ ស្រ្តីជាងមួយម៉ឺននាក់ទៅធ្វើការងារនៅប្រទេសកូរ៉េ។ ពលករទាំងនោះបំរើការងារក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និងនេសាទ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបបESP។

រីឯជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េដល់កម្ពុជា បានផ្តោតលើវិស័យអាទិភាពចំនួន៤ ៖ ការដឹកជញ្ជូន ការគ្រប់គ្រងធនធានទឹក និងសុខភាពសាធារណៈ ការអប់រំ និងការអភិ​វឌ្ឍជនបទ។

ហិរញ្ញប្បទានឥតសំណងរបស់កូរ៉េបានផ្តល់មកកម្ពុជាតាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ សរុបមានចំនួនប្រមាណ​ ៣០០លានដុល្លារអាមេរិក ឈរលើលំដាប់ទី ៤ បន្ទាប់ពីចិន ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងឆ្នាំ២០១៨ កូរ៉េបានផ្តល់ថវិកាប្រមាណ ២១ លានដុល្លារលើវិស័យសុខភិបាល សេដ្ឋកិច្ច អភិវឌ្ឍ វប្បធម៌ អាកាសចរណ៍ស៊ីវិល ការបញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងអាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិត។

ដោយឡែកសម្រាប់ឆ្នាំ ២០១៩នេះ រដ្ឋាភិបាលកូរ៉េបានឯកភាពទ្រទ្រង់គម្រោង ៣ ទី១ គម្រោងអភិរក្សប្រសាទចមនៃប្រសាទណពិធូរ លានជល់ដំរី ទី២គម្រោងបង្កើតធុរកិច្ចថ្មីរវាងសាកលវិទ្យាស័យ និងផ្នែកឧស្សាហ៍កម្មកម្ពុជា និងទី៣ គម្រោងបង្កើតពង្រឹងកម្មវិធីផ្សព្វផ្សាយពីសុខភាពមាតា និងទារកនៅតំបន់ឥសាន។ គម្រោងទាំងបីនេះសរុបជាទឹកប្រាក់មាន ១៩លានដុល្លារ។

សម្រាប់ឆ្នាំ២០២០វិញ ភាគីកូរ៉េបានជ្រើសរើសយកគម្រោងចំនួន ៤ សរុបទឹកប្រាក់ជិត៤០លានដុល្លារដើម្បីជំរុញការអភិវឌ្ឍកសិកម្មដោយចីរភាព តាមរយៈការបង្កើតផ្សារកសិកម្មលក់ដុំ និងប្រព័ន្ធផ្តល់ព័ត៌មានទីផ្សារនៅកម្ពុជា។ ទី២គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាដើម្បីការងារស្រាវជ្រាវ និងឆ្លើយតបទៅនឹងជម្ងឺឆ្លង។ ទី៣ គម្រោងពង្រឹងសេវាកម្មសុខភាពនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ និងចុងក្រោយកម្មវិធីផ្តល់អាហារនៅសាលារៀនតាមការដាំដុះនៅមូលដ្ឋានជាដើម៕

 

Share

Image
Image
Image