របាយការណ៍មួយរបស់លីកាដូ ស្ដីពី៖ «ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការកម្ពុជា» ចំនួន៣៦ទំព័រ បានរកឃើញពីភាពទន់ខ្សោយយ៉ាងធ្ងន់ធ្ងររបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដូចជា កំហុសឆ្គងជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ អាកប្បកិរិយារើសអើងចំពោះស្ដ្រី និងក្មេងស្រី ការបកស្រាយច្បាប់ខុស និងការខ្វះធនធាន ដែលនាំឲ្យប្រព័ន្ធនៃនិទណ្ឌភាពមានការរីកដុលដាល និងស្ថិតស្ថេរ។
អង្គការលីកាដូបានបង្ហាញភស្ដុតាង នៃការមិនបានអនុវត្តឲ្យបានត្រឹមត្រួវ នៅក្នុងប្រព័ន្ធតុលាការ ក្នុងការស៊ើបអង្កេត ផ្ដន្ទាទោសឲ្យបានត្រឹមត្រូវ ចំពោះករណីនៃបទល្មើសរំលោភសេពសន្ធវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈជាដើម។
យោងរបាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យដឹងថា ក្នុងឆ្នាំ ២០១២ ឆ្នាំ២០១៣ និង ឆ្នាំ ២០១៤ អង្គការនេះ បានស៊ើបអង្កេត និងស្រាវជ្រាវ ជុំវិញករណីហិង្សាផ្លូវភេទ លើស្ដ្រីនិ ងក្មេងស្រីនៅរាជធានី និងខេត្តចំនួន១២ ឃើញថា ក្នុងចំណោមករណីរកឃើញនេះមាន ២២៥ករណី ពាក់ព័ន្ធនឹងស្ត្រី ដែលមានអាយុ១៨ឆ្នាំ ឬលើសពីនេះ ចំណែក ៥៣៧ ករណីទៀតពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ។
របាយការណ៍លីកាដូដដែលឲ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះអាយុក្រោម ១៨ឆ្នាំ មាន ១០ ភាគរយ ជាកុមារក្រោមអាយុក្រោម ៦ ឆ្នាំ ៣២ ភាគរយអាយុពី ៦ ដល់ ១១ ឆ្នាំ និង ៥៨ ភាគរយអាយុពី ១២ ដល់ ១៧ ឆ្នាំ។
របាយការណ៍បន្ដថា ក្នុងចំណោម ៧៦២ ករណីនេះ មាន ៤២៤ ករណី ត្រូវបានបិទនៅពេលកំពុងសរសេររបាយការណ៍ ក្នុងនោះ១ភាគ៣គឺបានបិទបញ្ចប់មុនពេលបើកសវនាការ ដោយការបង់ប្រាក់សំណងបញ្ចប់រឿងក្តីពីជនល្មើស ជូនដល់ជនរងគ្រោះ ជាថ្នូរនឹងការដកពាក្យបណ្តឹង ។ ករណីខ្លះទៀត ពួកគេបានបញ្ចប់រឿង ដោយការរៀបអាពាហ៍ពិពាហ៍រវាងជនរងគ្រោះ និងជនសង្ស័យ ។
របាយការណ៍បន្ថែមថា មួយភាគបី នៃអំពើរំលោភសេពសន្ថវៈដែលបានបិទបញ្ចប់ ដោយមានការផ្ដន្ទាទោសមិនត្រឹមត្រូវ ឬសម្រេចថាមិនមានទោសនោះ គឺមានករណីខ្លះត្រូវបានបិទបញ្ចប់ដោយផ្តន្ទាទោសពីបទប្រទូសកេរ្តិ៍ខ្មាស (បៀតបៀនកេរ្តិ៍ខ្មាស) ហើយករណីមួយចំនួនទៀតត្រូវបិទបញ្ចប់ដោយដាក់ទណ្ឌកម្មស្រាលជាង ទណ្ឌកម្មដែលមានចែងនៅក្នុង ក្រមព្រហ្មទណ្ឌទៅវិញ។
របាយការណ៍នេះក៏បានរកឃើញផងដែរ នូវករណីជាច្រើនត្រូវបានបិទ ដោយកំហុសឆ្គងជាច្រើនខុសៗគ្នា កើតចេញពីអំពើពុករលួយផងដែរ រាប់តាំងពីការបញ្ចប់ដោយប្រាក់សំណងចរចានៅប៉ុស្តិ៍នគរបាល រហូតដល់នីតិវិធីបើកសវនាការ ។
ឆ្លើយតបជុំវិញរឿងនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាធិប្បាយ តបចំពោះរបាយការណ៍ខាងលើនោះឡើយ ដោយលោក បញ្ជាក់ថា របាយការណ៍លីកាដូខាងលើជារបាយការណ៍ក្ដោបរួម ហើយមិនមានទិន្នន័យនិងមូលដ្ឋានស្រាវជ្រាវ។
«បានន័យថា គាត់អាចឃើញបញ្ហាមួយពីរ គាត់យកទៅធ្វើជាទូទៅ ធ្វើជាបញ្ញាត្តិទូទៅ ដែលកំណត់ ពីអំពើពុករលួយ បញ្ហាអនុវត្តខុសនីតិវិធី ដែលមានលក្ខណៈជាប្រព័ន្ធ។ ហើយមែនទែន ខ្ញុំអត់ដឹងថា របៀបការស្រាវជ្រាវ ការប្រមូលភស្ដុតាងរបស់គាត់ហ្នឹងរបៀបម៉េចទេ មានលក្ខណៈជាវិទ្យាសាស្ដ្រ គ្រប់គ្រាន់ឬក៏អត់ទេ។ អ៊ីចឹងខ្ញុំមិនមានយោបល់អ្វីទៅលើរបាយការណ៍របស់គាត់ទេ លើការរកឃើញរបស់ គាត់ហ្នឹងទេ»។
ជាមួយគ្នានេះ លោកជិនម៉ាលីនបន្ថែមថា បើសិនជាមានករណីរកឃើញណាមួយ ដែលជាការ រំលោភសិទ្ធិទៅលើជនរងគ្រោះជាស្ដ្រី ឬមួយការអនុវត្ដខុសនីតិវិធី ឬមួយក៏មានភាពមិន ប្រក្រតី ដូចជាអំពើពុករលួយ ឬការរំលោភសិទ្ធិជនរងគ្រោះនោះ លោកស្នើឲ្យអង្គការលីកាដូ ធ្វើជាបណ្ដឹង ដែលមានភស្ដុតាងច្បាស់លាស់ ជាក់ស្ដែង ពីពេលវេលា ពីអ្នកដែលពាក់ព័ន្ធ នឹងអ្នកដែលប្រព្រឹត្ត រួចហើយប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដូចជា ក្រសួងយុត្តិធម៌ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ឬមួយអង្គភាពប្រឆាំងអំពើពុករលួយ ជាជាងធ្វើការសរុប ហើយបកស្រាយបញ្ហាជាប្រព័ន្ធបែបនេះ ។
ភ្ជាប់និងការលើកឡើងរបស់លោកជិនម៉ាលីនដែរ នាយិកាអង្គការលីកាដូលោកស្រី ណាលី ពីឡូក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា គ្រប់ពេលដែលជនរងគ្រោះមកទាក់ទងមន្ត្រីសាធារណៈ អ្នកទាំងនោះហាក់ដូចជាត្រូវតែបង់ប្រាក់ក្រៅច្បាប់ ហើយប្រសិនបើជនសង្ស័យមានប្រាក់ជននោះអាចនឹងទិញនូវសេរីភាពរបស់ខ្លួនមកវិញបាន៕