en     km
en     km

លោកសមរង្ស៊ីស្នើឱ្យក្រុមប្រឹក្សាសិទិ្ធមនុស្សUNជួយធានាសុវត្ថិភាពមាតុភូមិនិវត្តន៍

Share

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បានសរសេរលិខិតទៅ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជួយ​ធានានិងការពារការធ្វើ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែលនឹងធ្វើឡើង នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩។

លិខិត ដែល​លោក សម រង្ស៊ី សរសេរ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ខូលី សេក ធ្វើឡើងកាលពីថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៩នេះ ខណៈលោកកំពុងនៅលើទឹកដី​អាមេរិក ក៏លោកបានជួបមន្ត្រីអាមេរិកគឺទាំងមន្ត្រី សេតវិមាន សមាជិកសភានិងព្រឹទ្ធសភា។

ក្នុងសារលិខិតនេះ លោក សម រង្ស៊ី បានប្រកាស​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​វិល​ទៅ​​រក​ការចរចា និង​​​​​​​​​​​​​​​​​​ការផ្សះផ្សា​ជាតិ ដែលលោកថាធ្វើឡើង​ស្របតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្មីត ។

ឮនៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៩ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី៩ ខែ​កញ្ញា លោកស្រី រ៉ូណា ស្មីត  បានទទូច ​ដល់​រាជរដ្ឋាភិបាលកម្ពុ្ជជា  ឱ្យ​បង្កើត​ការសន្ទនា​គ្នា​ រវាង​រដ្ឋាភិបាល និង អ្នកនយោបាយនៃអតីតគណបក្ស​ប្រឆាំង។

លិខិតរបស់លោកសមរង្ស៊ីធ្វើឡើងក៏ស្របពេល ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន លើក​ទី៤២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

ក្នុងលិខិតនោះ ​បាន​ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ គាំទ្រ​ពេញ​ទំហឹង​ចំពោះ​អនុសាសន៍​​របស់​លោកស្រី រ៉ូណា ស្មីត ​ដែល​ស្នើ​ឱ្យ​ ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ពី​ការ​ឃុំខ្លួន និង បិទ​បញ្ចប់​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មក​លើ​លោក កឹម សុខា និង​អ្នក​ជាប់ឃុំ ព្រមទាំង​អ្នក​ទោស​នយោបាយ​ទាំងអស់។

ជាមួយគ្នានេះ លោក សម រង្ស៊ីប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ក៏បាន​ស្នើ​ឱ្យ​បន្ត​អាណត្តិ​របស់​លោក ស្រី រ៉ូណា ស្មីត ពីរ​ឆ្នាំ​បន្ត​ទៀត ដើម្បី​បន្ត​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ដែល​លោក​គិត​ថាស្ថាន​​ការណ៍នយោបាយនៅកម្ពុជា  នឹង​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ត្រៀម​ធ្វើដំណើរ​ទៅ​កម្ពុជា​វិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​ព្រឹត្តិការណ៍​ដែល​អាច​កាន់តែ​អាក្រក់ នៅ​ក្រោយ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​កំណត់​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ។

ចុងក្រោយ លោកលោក សម រង្ស៊ីទទូចថា វិធានការណ៍​សំខាន់​បំផុត ដែល​អាច​បង្ការ​ការ​គំរាម​ប្រើ​ហិង្សា និង​គ្រឿង​សព្វាវុធ​យោធា បង្ក្រាប​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​មានតែ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ រួម​ទាំង​អង្គការ​សហប្រជាជាតិ អាស៊ាន សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក  សហភាព​អន្តរ​សភា​ជាដើម គាំទ្រ​ដល់​​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក និង​មេដឹកនាំ​ដទៃ​ទៀតនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវធ្វើ​មាតុភូមិ​វិញ និង គាំទ្រ​ការ​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។

នេះបើតាមការចុះផ្សាយបន្តដោយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣កញ្ញានេះ។ សូមជម្រាបថា នៅពេលនេះ ស្ថានការណ៍របស់សកម្មជន នៃអតីតបក្សប្រឆាំង ដែលគាំទ្រលោកសមរង្ស៊ី កំពុងរងការកោះហៅនឹងចាប់ខ្លួន ជាបន្តបន្ទាប់ ដែលមានចំនួន២៩នាក់ ហើយ កាលពីថ្ងៃទី២២កញ្ញា បុ​រស​ម្នាក់ ជាអង្គរក្សរបស់លោកសមរង្ស៊ី ត្រូវវាយពីក្រោយខ្នង ដោយបណ្ដាលរយះក្បាល។ រាជរដ្ឋាភិបាលនិង បក្សកាន់អំណាច ព្រមានថានឹងចាប់ខ្លួនអ្នកធ្វើសកម្មភាព គាំទ្រ លោកសមរង្ស៊ី វិលចូកម្ពុជាវិញដោយផ្តន្ទាទោស ពី៥ឆ្នាំទៅ១០ ក្រោមបទចោទការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល៕

Share

Image
Image
Image