en     km
en     km

លោក​ អូ​បា​ម៉ា​ ធានា​សុវត្ថិភាព​អា​មេ​រិ​ក​ពី​ការ​គំរាម​ភេរវកម្ម​ ដោយ​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ទិ​ដ្ឋ​ការ​គូស្រករ

Share

cover-Obama
លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា  (ខាងស្ដាំទីពីរ)

​វ៉ា​ស៊ី​ន​តោន​៖​  ថ្មីៗ​នេះ​  លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​រក​ឃើញ​ថា​ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដោយ​ភេរវកម្ម​ ហើយ​អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ពិនិត្យ​ឡើង​វិញ​ប្រព័ន្ធ​ទិដ្ឋាការ​សម្រាប់​ការ​ចូល​មក​ក្នុង​ប្រទេស​អា​មេ​រិ​ក​។​

​នេះ​ជា​លើក​ទី​បី​ហើយ​ ដែល​លោក​ អូ​បា​ម៉ា​ បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឆាំង​អំពើ​ភេរវកម្ម​មក​លើ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​ធំ​មួយ​នៅ​ក្នុង​រដ្ឋ​ California​ ដែល​កំពុង​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ​។​

បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ក្រុម​មន្ត្រី​សន្ដិសុខ​ នា​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​រដ្ឋ​ Virginia​ លោក​ អូ​បា​ម៉ា​ ថ្លែង​ថា​៖​
«​ពេល​នេះ​ អ្នកជំនាញ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ និង​ការ​ប្រឆាំង​ភេរវកម្ម​របស់​យើង​ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ និង​គួរ​ឱ្យ​ទុកចិត្ត​ណាមួយ​ អំពី​ការ​វាយប្រហារ​មក​លើ​ប្រទេស​កំណើត​យើង​នៅឡើយ​ទេ​។​ យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​។​ យើង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ថ្មី​មួយ​នៃ​អំពើ​ភេរវកម្ម​ ដែល​រួម​មាន​តារា​សម្ដែង​ម្នាក់​ និង​ក្រុម​តូច​របស់​ពួក​ភេរវ​ករ​ដូច​ជា​នៅ​ក្នុង​ទីក្រុង​ San​ Bernardino​ ដែរ»។​

​លោក​ អូ​បា​ម៉ា​ បាន​សន្យា​ជាថ្មទៀត​ថា​នឹង​ប្រមាញ់​ពួក​អាយ​ស៊ី​ស​ (ISIS)​ នៅ​បន្ទាយ​របស់​ពួក​គេ​ ក្នុង​ប្រទេស​ស៊ី​រី​  ជា​កន្លែង​ដែល​សហរដ្ឋអាមេរិក​កំពុង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុមចម្រុះ​សកម្មប្រយុទ្ធ​ ដើម្បី​ប​ងា្ករ​ការ​វាយប្រហារ​មក​លើ​ប្រទេស​លោក​ខាងលិច​។​

លោក​និយាយ​ទៀត​ថា​៖​ «​យើង​កំពុង​បញ្ជូន​សារ​មួយ​ ប្រសិនបើ​អ្នក​បាន​កំណត់​គោលដៅ​មក​កាន់​អា​មេ​រិ​ក​ អ្នក​នឹង​មិន​មាន​សុវត្ថិភាព​ទេ​។​ យើង​នឹង​ស្វែងរក​អ្នក​ ហើយ​យើង​នឹង​ការពារ​ប្រទេស​ជាតិ​យើង​»​។​

លោក​បន្ត​ថា​៖​ «​យើង​កំពុងធ្វើការ​ងារ​បន្ថែម​ទៀត​ជាមួយ​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​ដៃគូ​ អឺរ៉ុប​ របស់​យើង​ ដើម្បី​ប​ងា្ករ​លំហូរ​ចូល​របស់​ពួក​សកម្មប្រយុទ្ធ​ភេរវ​ករ​បរទេស​ដូច​ជា​ ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ដែល​អាច​នឹង​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​»​។​

លោក​ អូ​បា​ម៉ា​ បាន​បញ្ជា​ឱ្យ​មានការ​ពិនិត្យ​ប្រព័ន្ធ​ទិដ្ឋាការ​ K-1​ visa​ ឡើង​វិញ​ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ “​ទិដ្ឋាការ​គូស្រករ​”​ ហើយ​ដែល​លោក​ Malik​ បាន​ប្រើប្រាស់​ដើម្បី​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក​។​

អាជ្ញាធរ​ចង់​បន្ថែម​សន្តិសុខ​មួយ​ជំហាន​ទៀត​ ទៅ​លើ​កម្មវិធី​ការ​លើកលែង​ទិដ្ឋាការ​ដ៏​ពេញ​និយម​របស់​អា​មេ​រិ​ក​  ដែល​ភ្ញៀវ​ទេសចរ​មក​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ អាច​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​បាន​ដោយ​គ្មាន​ទិដ្ឋាការ​។​

លោក​ អូ​បា​ម៉ា​ ថ្លែង​ថា​៖​ «​ចាប់តាំងពី​ការ​វាយប្រហារ​នៅ​ថ្ងៃ​ ១១​ កញ្ញា​ ២០០១​ មក​ យើង​បាន​ចាត់វិធានការ​វិសាមញ្ញ​ដើម្បី​ពង្រឹង​សន្ដិសុខ​ប្រទេស​ នៅ​តាម​ព្រំដែន​ កំពង់​ផែ​ ព្រ​លាន​យន្តហោះ​ សន្តិសុខ​អាកាសចរណ៍​ របស់​យើង​ រួម​ទាំង​ការ​ពិនិត្យ​បញ្ជី​តាមដាន​ផង​ដែរ​»​។​

បន្ទាប់​ពី​ ពីរ​ទសវត្សរ៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​មក​  អា​មេ​រិ​ក​កំពុង​មាន​បញ្ហា​កាន់តែ​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ ISIS​ និង​របៀប​ដើម្បី​ឆ្លើយ​តប​។​

យោង​តាម​ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍​ CNN​ /ORC​ ចុង​ក្រោយ​នេះ​ ឱ្យ​ដឹង​ថា​ ៦៨%​ នៃ​ជនជាតិ​អា​មេ​រិ​ក​និយាយ​ថា​ ការ​ឆ្លើយ​តប​របស់​យោធា​អា​មេ​រិ​ក​ទៅ​នឹង​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ គឺ​មិន​ទាន់​ខ្លាំង​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

​គណបក្ស​សាធារណរដ្ឋ​ បាន​ទាមទារ​ឱ្យ​លោក​អូ​បា​ម៉ា​ ដាក់​ពង្រាយ​កងកម្លាំង​ជើង​គោក​របស់​អង្គការ​ណា​តូ​ (NATO)​ ទៅ​កាន់​ប្រទេស​ស៊ី​រី​ ហើយ​បន្ត​ស៊ើបសួរ​បញ្ហា​ចម្រូងចម្រាស​នៅ​ជំរុំ​ឆកសមុទ្រ​ Guantanamo​ ដែល​លោក​ប្រធានាធិបតី​ចង់​បិទ​។​

​អ្នក​អភិរក្សនិយម​ បាន​យក​បញ្ហា​នេះ​មក​ភ្ជាប់​ទៅ​នឹង​ការ​បដិសេធ​របស់​លោក​ អូ​បា​ម៉ា​ ដោយ​ប្រើ​ពាក្យ​ថា​ “​អ៊ី​ស្លា​ម​និយម​”​ ហើយ​សេត​វិមាន​បាន​និយាយ​ថា​ខ្លួន​នឹង​ពិភាក្សា​អំពី​បញ្ហា​ភេរវ​ករ​ នូវ​ជំនឿ​សាសនា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​។​

​លោក​ អូ​បា​ម៉ា​ បាន​ថ្លែង​ដោយ​ប្រយោល​ទៅ​នឹង​សម្ដី​វោហា​សាស្ត្រ​ដែល​បង្ក​ឱ្យ​មាន​កំហឹង​ជាស​កល​ របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក​ Donald​ Trump​ ស្តី​ពី​បញ្ហា​សន្តិសុខ​ជាតិ​ ដែល​លោក​បាន​សុំ​ឱ្យ​បិទ​ព្រំដែន​អា​មេ​រិ​ក​ចំពោះ​ជន​ម៉ូ​ស្លី​ម​។​

​លោក​ អូ​បា​ម៉ា​ ថ្លែង​ថា​៖​ «​នៅ​ពេល​ដែល​ជនជាតិ​អា​មេ​រិ​ក​រួបរួម​គ្នា​ នោះ​គ្មាន​អ្វី​ អាច​ផ្តួល​ពួក​យើង​បាន​ទេ​ យើង​មិន​អាច​មានការ​ភ័យ​ខ្លាច​ ឬ​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ​ ជា​អ្វី​ដែល​ពួក​ភេរវ​ករ​ចង់បាន​នោះ​។​ នោះ​គឺជា​អានុភាព​តែ​មួយ​គត់​ដែល​ពួក​គេ​មាន​។​ ពួក​គេ​មិន​អាច​ឈ្នះ​យើង​នៅ​លើ​សមរភូមិ​បាន​ទេ​ ប៉ុន្តែ​ពួក​គេ​អាច​នាំ​យើង​ឱ្យ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ ដែល​អាច​ឱ្យ​មានការ​ប៉ះពាល់​ដល់​ប្រទេស​នេះ​»៕

​ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ Channel​NewsAsia

Share

Image
Image
Image