en     km
en     km

លោក​ ​សុខ​ ​ទូច​ ​បាន​លើក​ឡើង​ថា​ ​រដ្ឋសភា​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ បើ​អង្គការ​សហប្រជាជាតិ​បាត់​ផែន​ទី​កម្ពុជា​

Share

ភ្នំពេញ​៖​ ​«កម្ពុជា​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​បាត់​ផែន​ទី​»​។​ នេះ​ជា​ការ​ថ្លែង​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​នៅ​ក្នុង​​សន្និសីទ​សារ​ព័ត៌មាន​ស្តី​ពី​ ​«​ដំណើរ​ការ​ប្រមូល​ឯកសារ​ពាក់​ព័ន្ធនឹង​បញ្ហា​ព្រំ​ដែន​ប្រទេស​កម្ពុជា​​​​​​​និង​​ប្រទេស​វៀតណាម​»​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ​កក្កដា​ ​ឆ្នាំ២០១៥​ ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។​

សន្និសីទ​សារ​ព័ត៌មាន​នេះ​ ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្រាវជ្រាវ​ ​ដើម្បី​ឲ្យមាន​តុល្យ​ភាព​ក្នុង​ដំណើរការ​ប្រមូល​ឯកសារ​ ​និង​ទទួល​យក​ឯកសារ​ពី​ប្រភព​នានា​ ​រួមមា​ន៖ ​អាជ្ញាធរ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ គណបក្ស​សង្គ្រោះ​ជាតិ​ ​សង្គម​ស៊ីវិល​ ​អ្នក​វិភាគ​ ​និង​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​។​ សន្និសីទ​នេះ​ ​មាន​ព្រះសង្្ឃ​ ​សិស្ស​ ​និស្សិត​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ក្រុម​អ្នក​ស្រាវជ្រាវ​ ចូលរួម​ជាង​៧០​នាក់​។​

លោក​បណ្ឌិត​ ​សុខ​ ​ទូច​ ​ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​ ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​មាន​ប្រសាសន៏​ថា​៖​ ​«​ក្នុង​ករណី​ផែនទី​ ​ដែល​តំកល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​អត់​មាន​ បើ​វា​អត់​មាន​ ​តើ​យើង​ទៅ​ធ្វើ​យ៉ាង​ម៉េច​ទៅ​?​ ​យើង​មិន​ត្រូវ​​ធ្វើ​វិសោធនកម្ម​!​ ​បើ​មិន​ធ្វើ​​វិសោធនកម្ម​​ ​​តើ​បាន​អ្វី​ជា​គោល​?​»​។​ ​លោក​បណ្ខិត​ ​ក៏​បាន​បន្ត​ទៀត​ថា​ ​ក្រុម​ស្រាវ​ជ្រាវ​របស់​លោក​ ​នឹង​យក​ផែនទី​បោន​ខ្នាត​១​លើ​១​រយ​ពាន់​ ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ដើម្បីធ្វើជា​មូលដ្ឋាន​នៃ​ការ​ស្រាវ​ជ្រាវ​។​ ​កម្ពុជា​យក​ផែនទី​តាម​រដ្ឋធម្មនុញ្ញ​មែន​ ​ប៉ុន្តែ​ក្នុង​ករណី​ដែល​អង្គការ​សហ​ប្រជាជាតិ​រក​ផែនទី​មិន​ឃើញ​ ​រដ្ឋសភា​ត្រូវ​​ ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​ជំពូក​ទី​១​ ​មាត្រា​២​ ​ដើម្បី​បើក​ផ្លូ​វ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កំណត់​យក​ផែនទី​ដែល​ត្រឹម​ត្រូវ​ ​ដើម្បី​បោះ​បង្គោល​ព្រំដែន​ជា​មួយ​វៀតណាម​។​

លោក សុក ទូច ចង្អុលបង្ហាយពីផែនទីក្នុងសន្និសីទនៅរាជបណ្ឌិត្យសភាកម្ពុជា
លោក សុក ទូច ចង្អុលបង្ហាយពីផែនទីក្នុងសន្និសីទនៅរាជបណ្ឌិត្យសភាកម្ពុជា

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​ក៏​បាន​ស្នើ​នូវ​អនុសាសន៍​៦​ចំនុច​ ​ដល់​អ្នក​ពាក់​ព័ន្ធ​នា​​រួម​មាន​៖​
១​.​ ​ក្រោយ​​ការ​​បោះ​បង្គោល​​ខណ្ឌ​សី​មា​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​ ​រួច​រាល់​ ​រដ្ឋា​ភិបាល​គប្បី​យក​លទ្ធ​ផល​ទៅ​សុំ​ការ​យល់​ព្រម​ពី​ស្ថា​ប័ន​រដ្ឋ​សភា​
២​.​ ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​ប្រសិន​បើ​មាន​ការ​រាំង​ស្ទះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ផែន​ទី​ ​
៣. ការ​អភិវឌ្ឍ​តំបន់​ព្រំ​ដែន​ឲ្យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ ​ហើយ​ការ​បង្កើត​ស្នាក់​ការ​គណ​បក្ស ​ជាប់​ព្រំដែន​ ​និង​ការ​លើក​ទឹក​ចិត្ត​ដោយ​ផ្តល់​សិទ្ធិ​ពិសេស​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំ​ដែន​ ​ព្រម​ទាំង​អនុសាសន៍​មួយ​ចំនួន​ទៀត​។​

ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ ​លោក​ ​សុខ​ ​ទូច​ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ក្រុម​ស្រាវ​ជ្រាវ​​របស់​លោក​ ​នឹង​ចុះ​ទៅ​តំបន់​ព្រំ​ដែន​ផ្ទាល់​ ​ចាប់​ផ្តើម​ដំបូង​ពី​ខេត្ត​កំពត​ ​បន្ទាប់​មក​ខេត្ត​តា​កែវ​ ​និង​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​ ​មួយ​ចំនួន​ទៀត​។​

លោក​ ​សុខ​ ​ទូច​ ​ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ​បាន​ធ្វើ​សកម្ម​ភាព​ច្រើន​ពាក់​​ព័ន្ធ​នឹង​ព្រំ​ដែន​ ​តែ​មិន​បាន​ផ្ញើ​​ផែន​ទី​ដែល​គណ​បក្ស​នេះ​អះ​អាង​ថា​ត្រឹម​ត្រូវ​ ​មក​ឲ្យ​ក្រុម​របស់​លោក​នោះ​ទេ​។​ លោក​បន្ថែម​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ញើ​តាម​ប្រព័ន្ធ​​អេឡិច​ត្រូ​និច​ ​តែ​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ ដោយ​សារ​តែ​ផែន​ទី​ខុស​តែ​១​មី​លី​មែត្រ​លើ​ផែន​ទី​ ​ស្នើ​នឹង​១​ពាន់​មែត្រ​លើ​ផ្ទៃ​ដី​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពី​ព្រឹត្តិ​ការណ៏​អំពើ​ហិង្សារវាង​កង​ទ័ព​ ​និង​ប្រជាជន​វៀតណាម​ ​ជា​មួយ​ពល​រដ្ឋ​​និង​តំណាង​រាស្រ្ត​របស់​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ទី​២៨​ ​មិថុនា​ ​ឆ្នាំ​២០១៥​ ​និង​ ​ពលរដ្ឋ​ ​ព្រះ​សង្ឃ​ ​និង​យុវជន​រាប់​ពាន់​ ​ទៅ​មើល​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​ ​​កាល​ពី​ថ្ងៃ​ទី​១៩​ ​កក្កដា​ថ្មី​ៗ​នេះ​ ​ក៏​ជា​កត្តា​​ជំ​រុញ​ឲ្យ​បញ្ហា​ព្រំ​ដែន​រឹត​តែ​ ​តាន់​តឹង​និង​រសើប​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា​ ​និង​រដ្ជា​ភិបាល​វៀត​ណាម​៕​

Share

Image
Image
Image