en     km
en     km

លោក សម រង្ស៊ីឆ្លើយតបទៅនឹងការរៀបគម្រោងកម្ចាត់លោករបស់នាយករដ្ឋមន្ត្រីកម្ពុជា

Share

ភ្នំពេញ៖ លោក សម​ រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអំពីគម្រោងដែលសម្ដេចចង់កម្ចាត់លោកពេលដែលលោកវិលចូលកម្ពុជាវិញ ។ មន្ត្រីរាជរដ្ឋាភិបាល នៅតែបង្ហាញជំហរថា ត្រៀមនឹងប្រឆាំងចំពោះវត្តមានរបស់លោក សម រង្ស៊ី ។ អ្នកវិភាគថា លោក សម រង្ស៊ី អាចនឹងមិនមកកម្ពុជាក្នុងឆ្នាំ ២០១៩ នេះនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

លោក ស​ម រង្ស៊ីថា សម្ដេច ហ៊ុន សែន មិនហ៊ានកម្ចាត់លោក និងអ្នកដែលអមដំណើរលោកមកកម្ពុជានោះទេ ។

លោកមានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ១៧ កក្កដាថា លោក នឹងវិលមកកម្ពុជានៅពេលដែលស្ថានភាពកម្ពុជាមានភាពល្អប្រសើរ ។

លោក សម រង្ស៊ី​ បានឆ្លើយតបទៅតាមការដែលសម្ដេច ហ៊ុន សែន ថាត្រៀមនឹងកម្ចាត់ដូចនេះថា សូមស្ដាប់លោក សម រង្ស៊ី៖

ទាំងអន្តរជាតិ សង្គមស៊ីវិលមួយចំនួន និងអតីតគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយរៀបចំការបោះឆ្នោតឡើងវិញ ដោះលែងលោក កឹម សុខា បើកឱ្យមន្ត្រីបក្សនេះអាចធ្វើនយោបាយឡើងវិញ និងធ្វើឱ្យមានវត្តមានគណបក្សសង្គ្រោះជាតិ ។

ពួកគេតែងតែអះអាងថា កម្ពុជាគ្មានប្រធាធិបតេយ្យ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មាននីតិរដ្ឋ ។

នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងឱ្យកងកម្លាំងកម្ចាត់ក្រុមលោក សម រង្ស៊ីឱ្យខានតែបាន ។ ថ្មីៗនេះ សម្ដេច ហ៊ុន សែន ក៏បានព្រមានថា នឹងមិនឱ្យទិដ្ឋាការដល់បរទេសណា ដែលនឹងចូលរួមអមដំណើរជាមួយលោក សម រង្ស៊ី ។

បើតាមរបាយការណ៍ក្រោមគម្រោង នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន ចេញផ្សាយកាលពីថ្ងៃទី ១៨ កក្កដា ដោយមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព បង្ហាញថា រយៈពេល ៣ ឆ្នាំចុងក្រោយនេះ សេរីភាពមូលដ្ឋាននៅកម្ពុជានៅតែមានការរឹតត្បិត ។

លោក សុខ ឥសាន្ត បានប្រាប់វិទ្យុស្ត្រីកម្ពុជាកាលពីថ្ងៃទី ១៨ ម្សិលមិញថា បើកម្ពុជាមានការរំលោភបំពានសិទ្ធិមនុស្ស ច្បាស់ជាមានចលនាបះបោរ ។

លោក ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា លោក សម រង្ស៊ី អាចនឹងមិនទាន់ចូលមកកម្ពុជានៅឡើយនោះទេ នៅឆ្នាំ ២០១៩នេះ លុះត្រាតែប្រាកដថា គ្មានអ្នកចាប់ចងលោក ទើបលោកមក ។

តែយាងណា លោកសមរង្ស៊ីថា ពេលវេលាទុំជ្រុលហើយដែលលោកត្រូវវិលកម្ពុជាវិញ ។

ស្ថានភាពដែលគេកត់សម្គាល់ឃើញថាមានការរិតត្បិតនយោបាយ គឺកើតមានឡើងក្រោយការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ ២០១៧ ដោយមានការបិទសម្លេងផ្សព្វផ្សាយឯករាជ្យ, ចោទប្រកាន់អ្នកនយោបាយ អ្នកសារព័ត៌មាន អ្នកវិភាគ, រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងហាមឃាត់មន្ត្រីបក្សនេះមិនឱ្យធ្វើនយោបាយជាដើម៕

Share

Image
Image
Image