en     km
en     km

លោក សម រង្ស៊ី ប្រាប់ទៅសម្ដេច ហ៊ុន ​សែន ពុំចាំបាច់ផ្ដល់សិទិ្ធដល់១១៨រូបទេ តែមន្ត្រីកាន់អំណាចថាលោកសមរង្ស៊ីគ្មានសិទ្ធិទេ

Share

ភ្នំពេញ៖  លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានសរសេរសារលើទំព័រហ្វេសបុករបស់លោកផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ថា មិនចាំបាច់គិតគូរការផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ១១៨រូបទេ ប្រសិនបើមិនមានការដោះលែង ឬទម្លាក់ការចោទប្រកាន់លោក កឹម សុខា។តែ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថា  ករណីនេះមិនមែនជាសិទ្ធិរបស់លោក សម​ រង្ស៊ី នោះទេ ។ តែអ្នកវិភាគព្រមានពីការបែកបាក់បើបក្សប្រឆាំងមិនសាមគ្គីគ្នា។ 

 នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ លោក សម រង្ស៊ី បានសរសេរសារជូនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សារនោះបញ្ជាក់ថា លោកស្គាល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិច្បាស់ថា មន្ត្រីទាំងនោះ មិនត្រូវការសិទ្ធិនយោបាយទេ ប្រសិនបើមិនមានការដោះលែងលោក កឹម សុខា។

លោក សម រង្ស៊ី សរសេរបានសេចក្ដីថា «ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃ ១៦ វិច្ឆិកា ២០១៧ មក ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន ថាមិនចាំបាច់គិតគូរពីពួកយើងទេ ពីព្រោះពួកយើងមិនត្រូវការឲ្យគេផ្តល់សិទ្ធិធ្វើសកម្មភាពនយោបាយឲ្យពួកយើងវិញទេ ដរាបណាលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលសេរីភាពពេញលេញនៅឡើយទេ ហើយដរាបណាអាជ្ញាធរ ទីក្រុងភ្នំពេញ មិនទាន់បានទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើលោកប្រធាន កឹម សុខា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំស្គាល់ច្បាស់ មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនោះ ពីព្រោះអ្នកទាំងនោះបានទទួលតំណែងរបស់ខ្លួន នៅពេលដែលខ្ញុំកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ»

អ្នកវិភាគបញ្ហាសង្គម និងនយោបាយឯករាជ្យ លោក បណ្ឌិត មាស​ នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការបញ្ចេញសាររបស់លោក សម រង្ស៊ី បែបនេះ អាចមកពីលោកគិតថា ដើម្បីចៀសវាងបក្សគ្មានមេដឹកនាំ។

បណ្ឌិត មាស នី៖ «ពិសេសឯកឧត្តមសម រង្ស៊ី គាត់គិតថា ដំណោះស្រាយណាក៏ដោយ  បើសិនជាកឹម សុខា មិនទាន់មានការដោះលែងត្រឹមត្រូវស្រួល បួលទេនោះ គឺវានឹងអាចមានធ្វើឱ្យការខ្វះខាត នូវការប្រាស្រ័យទាក់ទងគ្នា រវាងមេដឹកនាំសង្គ្រោះជាតិ ហើយដែលអាចធ្វើឱ្យសង្គ្រោះជាតិ នឹងត្រូវបន្តរស់នៅដោយគ្មានក្បាលម៉ាស៊ីន ដើម្បីឱ្យដំណើរការនយោបាយរបស់បក្សមួយដំណើរការទៅបាន។  ព្រោះយើងដឹងហើយកាលណានៅក្នុងគណ បក្សមួយបើសិនជាមេមិនបានចេញមកទេ ហើយឱ្យរួចត្រឹមតែកូនចៅនឹង ក៏មិនដឹងថាមកយកមកធ្វើអីដែរ អាហ្នឹងវានៅតែមានចេតនានយោបាយដើម្បីប្រើដៃណាមួយសម្រាប់ការបំបែកគណបក្សនេះ »។

លោក បណ្ឌិត មាស នី មើលឃើញថា មុន និងក្រោយ គឺគង់តែមានការដោះលែងគណបក្សប្រឆាំងទាំងអស់គ្នា គ្រាន់តែមានដំណាក់កាល។

លោក បណ្ឌិត មាស នី៖ «មុននឹងក្រោយ វាគង់តែនឹងរួចទាំងអស់ទេ គ្រាន់តែថា ការដោះលែងនេះវានៅមានដំណាក់កាល  ចឹងទីមួយគឺដំណាក់កាលដោយសារតែគណបក្សកាន់អំណាចគាត់ត្រូវការកុំឱ្យវាបាក់មុខបាក់មាត់ដែរ។ អ៊ីចឹងត្រូវដើរដោយជំហាន ក៏ប៉ុន្តែការដើរដោយជំហានរបស់គណបក្សកាន់អំណាចនេះ ក៏វាអាចនឹងទៅជាគ្រោះធំសម្រាប់សង្គ្រោះជាតិដែរ នឹងអាចឈានទៅរកការបែកបាក់គ្នា »។

អ្នកវិភាគរូបនេះបន្តថា ខណៈពេលនេះ បើកម្ពុជាផ្ដល់សិទ្ធិនយោបាយមិនបានដល់មន្ត្រីនៃអតីគណៈបក្សសង្គ្រោះជាតិមិអស់ទេនោះ ឬមិនដោះលែងលោក កឹម សុខាទេ អាចនឹងបង្ករភាពស្មុគស្មាញរវាងកម្ពុជា និងអន្តរជាតិ ដែលជាហេតុធ្វើឱ្យអន្តរជាតិបន្ថែមបន្ទុកដើម្បីកម្ពុជាធ្វើតាម។

លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រតិកម្មតាមរយៈការសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សកម្មភាពមួយចំនួនរបស់លោកសម រង្ស៊ី កន្លងមកអាចនឹងធ្វើឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចសិ្ថតស្ថេរបានទេ។

ជាក់ស្ដែង លោក សរសេរថា  ៖«ម្ដងប្រធានចលនា ម្តងប្រធានស្តីទី (អតីត…សង្គ្រោះជាតិ)  ម្តងដោះលែង កឹម សុខា មុន ម្តង សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ,  ម្តងមិនចាំបាច់គិតពីអ្នក ១១៨ទេ ជាលទ្ធផល សម រង្ស៊ី កឹម សុខា មិនអាចស្ថិតជាកញ្ចប់។ កឹម សុខា មិនអាចដោះលែងមុនខែមីនា ដោយសារការភ្នាល់ ដែលសម រង្ស៊ី ទារហ៊ុន សែន ចុះចេញ »។

លោកបន្ថែមថា លោក កឹម សុខា គាំទ្រអ្នកនយោបាយទទួលបានការលើកបម្រាម មាននីតិសម្បទាធ្វើនយោបាយឡើងវិញ ផ្ទុយពីលោក សម រង្ស៊ីមិនគាំទ្រ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បា្រប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា លោក សម រង្ស៊ី គ្មានសិទ្ធិបញ្ជាឱ្យនាយករដ្ឋមន្ត្រីកម្ពុជាឡើយ។

លោកបន្ថែមទៀតថា អ្នកទាំង ១១៨ នាក់នោះមិនមែនជារបស់លោក សម រង្ស៊ីតែម្នាក់ឯងនោះទេ ពោលគឺជារបស់លោក កឹម សុខាផងដែរ។

លោក ផៃ ស៊ីផាន៖  « គាត់គ្មានសិទ្ធិអំណាចណាមកបង្គាប់បញ្ជា នាយករដ្ឋមន្ត្រីដែលកើតចេញពី ឆន្ទៈរបស់មហាជន ដែលកើតចេញពីការបោះឆ្នោតនោះទេ។ ចំណុចទី ២​ យើងសុំឱ្យគាត់យកចិត្តទុកដាក់តែគ្នាគាត់ទៅ ព្រោះគាត់បែកបាក់គ្នា ហើយ១១៨ នាក់នឹង គឺមិនមែនជារបស់គាត់ទាំងអស់នោះទេ។ មានរបស់លោក កឹម សុខា មានរបស់ក្រុមកណ្ដាលមួយ ក្រុមដែលមាននិន្នាការកណ្ដាល ដូច្នេះជោគវាសនារបស់១១៨នាក់នេះ គឺមិនស្ថិតនៅក្នុង កណ្ដាប់ដៃរបស់សម រង្ស៊ីទេ ១១៨ នាក់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ នៅក្នុងការសម្រេចចិត្តរបស់គេ នៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ »។

អ្នកនាំពាក្យរូបនេះ ហៅសាររបស់លោកសម រង្ស៊ីនេះថា ជាសម្ដីរបស់ជនផ្ដាច់ការ មិនគោរពសិទ្ធិរបស់អ្នកដទែ។

កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋសភាជាតិកម្ពុជា បើ​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋសភាថា រដ្ឋសភាកំពុង​ពិនិត្យ​ឡើង​វិញ​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់ ដែលឈានទៅដល់ការធ្វើវិសោធនកម្មនូវមាត្រាមួយចំនួន ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​នយោបាយ ​ អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួនឡើង​វិញ។ ការធ្វើបែបនេះរបស់រដ្ឋសភា ហាក់ដូចជាសម្ដៅដល់ការបើកចំហនយោបាយដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិជាងគេ។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួន)។

ករណី១១៨នាក់ដែលជាមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានអ្នកវិភាគមួយចំនួនទៀត ធ្វើការព្រមានថា ក្នុងចំណោមពួកគេ គឺក្រុមលោកកឹមសុខា អាចត្រូវ​បានដោះលែងមុន ខាងលោកសមរង្ស៊ី ប្រយោជន៍ទុកឱ្យឱកាសអ្នកមានសេរីភាព មុនអាចធ្វើសកម្មភាពមួយចំនួន ផ្ទុយនឹងការដឹកនាំរបស់លោកសមរង្ស៊ីក្នុងតួនាទីជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ព្រោះតួនាទីនេះ មានមន្ត្រីខ្លះដែលជាមនុស្សរបស់លោកកឹមសុខា ហាក់មិនគាំទ្រ លោកសមរង្ស៊ីនោះទេ៕

 

Share

Image
Image
Image