en     km
en     km

វិបត្តិអ៊ីរ៉ង់-អាមេរិក រុស្សីចំណេញជាងគេលើសក្តានុពលការផ្គត់ផ្គង់ប្រេងពិភពលោក

Share

ក្រុងវ៉ាស៊ីនតោន៖ កត្តានៃវិបត្តិអ៊ីរ៉ង់ និង អាមេរិកបានធ្វើឲ្យទីផ្សារភាគហ៊ុនប្រេងកាន់តែជ្រួលច្របល់  ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃមួយប្រឹប។ ភាព​​តាន​តឹង និង កំដៅយ៉ាងក្តៅរោលរាល ​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ប្រហែលជាក្លាយទៅជារឿងយ៉ាងអាក្រក់សម្រាប់ពិភពលោកដែលប្រឈមនឹងវិបត្តិតម្លៃប្រេងឆៅ។ ប៉ុន្តែគេមិនច្រឡំទេ អតីតបងធំសូវៀត ឬ រុស្ស៊ីដែលមានបំណងចង់លេបយកពិភពលោកទាំងមូលលើគ្រប់វិស័យកំពុងលួចសប្បាយចិត្ត ដោយទទួលបានប្រយោជន៍មហាសាលពីវិបត្តិនៅមជ្ឈឹមបូព៌ា។

វិបតិ្តនៅមជ្ឈឹមបូព៌ា បានធ្វើឲ្យទីផ្សារភាគហ៊ុនតម្លៃប្រេងមានភាពច្របូកច្របល់។ អ្នកវិនិយោគ​សំឡឹងមិនដាក់ភ្នែកទេ នៅលើស្ថានភាពនៃច្រកប្រេងហ៊ូម៉ូសដែលជាច្រកប្រេងឆៅអន្តរជាតិសំខាន់ ព្រោះថាច្រកប្រេងសំខាន់នេះ គឺជាច្រកដែលនាំចេញប្រេងប្រមាណ ២១ ភាគរយ យ៉ាងសកម្មបំផុតរបស់ពិភពលោក។

ត្រីងៀតឆ្លៀតពង

សេដ្ឋវិទូអន្តរជាតិល្បីៗ យល់ថាភាពច្របូកច្របល់នេះ គឺរុស្សីនឹងក្លាយជាអ្នកផ្គត់ផ្គង់ប្រេងយ៉ាងសំខាន់ មានសក្តានុពល ហើយប្រទេសសហព័ន្ធមួយនេះនឹងចំណេញទាំងផ្លូវសេដ្ឋកិច្ច និង ការទូតលើកិច្ចការអន្តរជាតិ។

ព្រឹត្តិបត្រយុទ្ធសាស្រ្តមូលបទានបត្ររបស់ IEA បានបង្ហាញថា តម្លៃប្រេងឆៅអាចនឹងខ្ពស់ដែលបណ្តាលមកពីការប្រឈមនឹងការបិទច្រកប្រេងសំខាន់ Hormus ហើយអាចទំនងជាប៉ះពាល់ដល់ទីផ្សារប្រេងឆៅទាំងមូល ប្រសិនបើស្ថានការក្តៅគគុកនៅលើមជ្ឈឹមបូព៌ានៅតែអូសបន្លាយពេល ហើយគេជឿថា អ្នកឆក់ឱកាសផ្គត់ផ្គង់ប្រេងនិងលក់ប្រេងឆៅក្នុងតម្លៃថ្លៃនោះគឺរុស្សី។

ប្រសិនបើស្ថានការណ៍នៅតែក្តៅ ហើយច្រកប្រេងសំខាន់នៅតែបិទ រុស្សីដែលជាប្រទេសដែលអាចផលិតប្រេងដែលមានគុណភាព និង ជាសត្រូវសក្តានុពលរបស់អាមេរិកនិងចំណេញកប់ក្តោងលក់ប្រេងឆៅទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេលអន្តរកាលនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក Forbes បានចុះផ្សាយនៅថ្ងៃទី​ ៨​ ខែមករា ឆ្នាំ ២០២០ បានឲ្យដឹងថា រុស្សីមានសមត្ថភាពផលិតប្រេងឆៅ កន្លះលានបារ៉ែលក្នុងមួយថ្ងៃ។

បណ្តោយតាមខ្យល់ ដើម្បីសម្រេចកិច្ចការធំ

មូលហេតុមួយដែលធ្វើឲ្យរុស្សីក្លាយជាប្រទេសឆក់ឱកាស គឺនៅពេលដែលច្រកប្រេងសំខាន់មិនមានចរាចរណ៍ពាណិជ្ជកម្ម ជាពិសេស​គឺប្រទេសផលិតប្រេង អង្គការ OPEC ដែលជាអង្គការមានឥទ្ធិពលបំផុតនោះ ភាគហ៊ុនប្រេងឆៅនឹងច្របូកច្របល់ភ្លាម ហើយអ្នកដែលបញ្ចេញប្រេងឆៅលក់រាប់លានបារ៉ែលទៅកាន់ទីផ្សារពិភពលោកគឺរុស្សី។

បើគេនិយាយអំពីប្រទេសដែលមានសមត្ថភាពផលិតបន្ទាប់ពីអារ៉ាបីស៊ាអូឌីត និង ចរាចរណ៍ប្រេងឆៅនោះ គឺគេមិនភ្លេចអ៊ីរ៉ង់ និង វេនេហ្សូអេឡាទេ។ ប៉ុន្តែប្រទេសទាំងពីរនេះ កំពុងស្ថិតនៅក្នុងគំនាបទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និង បូករួមទាំងវិបត្តិនយោបាយក្នុងស្រុក ក្រៅស្រុក ទើបធ្វើឲ្យការផ្គត់ផ្គង់ប្រេងឆៅរបស់ខ្លួនទីកាន់ទីផ្សារអន្តរជាតិគឺបានតិចតួចតែប៉ុណ្ណោះ។

ណាមួយបរិមាណ​​​នាំ​ចេញរបស់ប្រទេសក្នុងមជ្ឈឹមបូព៌ានឹងថមថយ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ៊ីរ៉ាក់ និង​ប្រសិន​បើ​អាមេរិក​ដក​កងទ័ព​ចេញ​ពី​អ៊ីរ៉ាក់ ដែល​ធ្វើ​ប្រទេស​អាច​ជួប​បញ្ហា​អសន្តិសុខ។ សភា​អីរ៉ាក់​បាន​បោះឆ្នោត​អនុម័ត​ កាលពី​ថ្ងៃ​ចន្ទ​ បណ្តេញ​ទាហាន​បរទេស​ចេញ​ពី​ទឹក​ដី។ ​លោក​ដូណាល់​ត្រាំ បាន​ព្រមាន​ចាក​ចេញ​ពី​អ៊ីរ៉ាក់ ជាមួយ​នឹង​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ទណ្ឌកម្ម​អាមេរិក​ក្នុងសម័យ​សាដាមអូសេន។

ក្រៅ​អំពី​អ៊ីរ៉ាក់ អស្ថិរភាព​ក្នុង​តំបន់​ក៏ជា​ប្រភព​នាំ​ការ​ដឹក​ជញ្ជូនប្រេង​តាម​ច្រក​អ័រម៉ូស​ជួប​ភាព​រអាក់រអួល​ រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ដែរ។ ច្រក​អ័រម៉ូស ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេងយ៉ាង​សំខាន់​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ដោយ​មាន​ប្រេង​ឆៅ​ប្រមាណ​២១លាន​ធុង​​ឆ្លងកាត់​​ក្នុង​មួយ​ថ្ងៃៗ នៅ​ឆ្នាំ​២០១៨ ពោល​គឺ​តំណាង​ឱ្យ​មួយ​ភាគ​៥​នៃ​តម្រូវការ​ពិភពលោក​។ អ៊ីរ៉ង់​តែ​ចាត់​ទុក​ខ្លួន​ឯង ជា​ឆ្មាំ​ច្រក​សមុទ្ទ​មួយ​នេះ និង​តែ​ង​តែ​គំរាម​ជា​រៀង​រាល់​លើក​ថា​បើ​អាមេរិក​ហ៊ាន​ធ្វើ​អន្តរាគមន៍​យោធា​ភ្លាម​ អ៊ីរ៉ង់​នឹង​​បិទខ្ទប់​ច្រកសមុទ្ទ​អ័រម៉ូស​ភ្លាម។ ប្រទេស​ផលិត​ប្រេង​ក្នុង​តំបន់​ដូច​ជា​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាត់​អារ៉ាបរួម​ មាន​ផ្លូវស្រគួរ​តាម​សមុទ្ទ​ក្រហម​និង​សមុទ្ទ​អូម៉ង់​ដែរ ​ ​តែ​ច្រក​អ័រម៉ូស​នៅ​តែ​សំខាន់។ អង់គ្លេស​បានប្រកាស​តាំង​ពី​ថ្ងៃ​សៅរ៍​ ថា​នឹង​​បញ្ជូន​នាវា​យោធា​ទៅ​អម​ការពារ​នាវា​ដឹកប្រេង​​នៅ​ច្រក​អរ័ម៉ូស​រួច​​ទៅ​ហើយ។

បរិមាណ​ប្រេង​នាំ​ចេញ​របស់អ៊ីរ៉ាក់​គិត​ក្នុង​កំរិត​ពិភពលោក ពិបាក​នឹង​រក​អ្វី​មក​ជំនួស​បាន​មែន គ្រាន់​តែ​ថា​អ៊ីរ៉ង់ ជាប់ទណ្ឌកម្ម​អាមេរិក​តាំង​ពី​យូរមក​ហើយ។ ផលិតកម្មប្រេងបានធ្លាក់​ចុះ​ខ្លាំង​ណាស់ និង​​សម្រាប់តែ​បំរើ​សេចក្តីត្រូវការ​ក្នុង​ស្រុក​ខ្លួន​ទេពេលនេះ។ ​ប្រភព​ក្រៅ​ផ្លូវការ​​ លើក​ឡើង​ដោយ​អង្គការ​OPEP បាន​បង្ហាញ​ថា អ៊ីរ៉ង់​បូមប្រេង​ប្រមាណ​តែ​២លាន​១សែន​ធុង​បារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែ​វិច្ឆិកា ទល់​នឹង​៣,៨៧​លាន​ជាមធ្យម​កាលពី​ឆ្នាំ​២០១៧។ ដូច្នេះ​​ដើម្បី​ធានា​ផ្គត់ផ្គង់​ទីផ្សារ OPEP គ្រាន់​តែ​មិន​សូវ​បន្ថយ​ការ​បរិមាណ​បូមប្រេង​ សម្រេច​កាលពី​ធ្នូ​ដើម្បី​ទប់​ថ្លៃ​កុំ​ឱ្យ​ធ្លាក់​ជាកាស្រេច។​

ហេតុផលទាំងនេះ វាល្មមគ្រប់គ្រាន់សម្រាប់អតីតបងធំសូវៀត ឬ រុស្សីដើម្បីសម្រេចមហិច្ចតារបស់ខ្លួនដើរតួនាទីជាអ្នកផ្គត់ផ្គង់ប្រេងនៅលើពិភពលោក ជាពិសេសតំបន់អ៊ឺរ៉ុបកណ្តាល និង តំបន់អាស៊ីដែលកំពង់ស្រេកឃ្លាននូវតម្រូវការធនធានធម្មជាតិប្រេងឆៅនេះផងដែរ ដែលក្នុងនោះចិនគឺជាទីផ្សារសក្តានុពល មានតម្រូវការបញ្ជាទិញ បើទោះបីជាប្រទេសចិនមានរោងចក្រចំរាញ់ប្រេងខ្លួនឯងរួចទៅហើយ ក៏មិនអាចចម្រាញ់ប្រេងគ្រប់តាមតម្រូវការទីផ្សារក្នុងស្រុកបានដែរ។

យ៉ាងណា បើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes នៅ​លើ​ពិភពលោក​មាន​តម្រូវ​ការ​ប្រេង​ប្រមាណ​ជាង ៨០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​ដែល​មាន​តម្រូវ​ការ​ប្រេង​ខ្ពស់​ជាង​គេ គឺ​សហរដ្ឋអាមេរិក ប្រើប្រាស់​ប្រមាណ ២០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​គឺ​ប្រទេស​ចិន ប្រើប្រាស់​ប្រមាណ ៨​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​ និង​ប្រទេស​ជប៉ុន ប្រើប្រាស់​ប្រមាណ​ជិត ៥​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក​​គឺ​ប្រទេស​ឥណ្ឌា និង​រុស្សី ដែល​ប្រទេស​ទាំង​ប្រាំ​នេះ បាន​ប្រើ​ប្រាស់​ប្រេង​ជិត​ពាក់​កណ្ដាល​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​សរុប​លើ​ពិភពលោក៕

អត្ថបទដោយ៖ សេរីវឌ្ឍនៈ

Share

Image
Image
Image