en     km
en     km

វិភាគ៖តើ ICCអាចចាត់ការឌូទើតេ​បានទេបើហ្វីលីពីនដកខ្លួនពីសមាជិកភាពលក្ខន្តិកៈក្រុងរ៉ូម?(មានសំឡេង)

Share

កាលពីថ្ងៃទី១៣ មីនា ប្រធានាធិបតីហ្វីលីពីនបានប្រាប់ទៅអ្នកនាំពាក្យរបស់ខ្លួនអោយជូនដំណឹងទៅអ្នកសារព័ត៌មានថា ហ្វីលីពីននឹងសម្រេចដកខ្លួនចេញពីសមាជិកភាពនៃលក្ខន្ដិកៈក្រុងរ៉ូម ដែលជាអ្នកស្ថាបនិក ឬក៏ជួយទ្រទ្រង់អោយមានតុលាការព្រហ្មទណ្ឌអន្ដរជាតិ ហៅកាត់ថា  IC C ។

តុលាការអន្ដរជាតិនេះ មានមូលដ្ឋាននៅក្រុងឡាអេ​ ប្រទេសហូឡង់ និងជាស្ថាប័នយុត្តាធិការមួយមានទំនាក់ទំនងផ្លូវច្បាប់ ជាមួយនឹងអង្គការសហប្រជាជាតិ។

តើប្រធានាធិបតីឌូទើតេដែលរងការស៊ើបអង្កេតដោយតុលាការ ICC អាចគេចពីការចោទប្រកាន់បានទេ បើហ្វីលីពីនលែងជាសមាជិករបស់សន្ធិសញ្ញាក្រុងរ៉ូម? សូមស្ដាប់ការអត្ថាធិប្បាយដោយលោក នួន បូរិន ៖

 

មានប្រទេសជាច្រើនហើយបានដកខ្លួនចេញពីសមាជិកភាពនៃលក្ខន្ដិកៈទីក្រុងរ៉ូមដែលជាផ្នែកមួយចូលរួមបង្កើតតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ។

តាមការកត់សម្គាល់ អ្វីដែលនាំអោយប្រទេសសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ប្រទេសរ៉ូង្វានដា ប៊ូរ៉ាន់ឌី និងប្រទេសហ្គាំមប៊ៀ  ដកខ្លួនចេញពីសមាជិកទីក្រុងរ៉ូមនោះ គឺមានហេតុផលច្រើននៅពីក្រោយដូចជាការចាត់ទុកតុលាការនេះកាត់ក្ដីមិនមានភាពយុត្ដិធម៌មកលើខ្លួន និងមួយទៀត មេដឹកនាំប្រទេសនោះប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។

ជាមួយគ្នានេះប្រទេសនោះក៏ការពារមេដឹកនាំ ប្រទេសណាមួយជាសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។តែដូចគ្នានេះ សម្រាប់ហ្វីលីពីន គឺ លោកប្រធានាធិបតីរ៉ូឌ្រីងហ្គូឌូទើតេ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញា ICC ដោយសារតែប្រធានាធិបតីរូបនេះត្រូវបានចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងយុទ្ធនាសង្រ្គាមបង្រ្កាបគ្រឿងញៀនដែលនាំអោយមនុស្សជាង ១ម៉ឺននាក់បានស្លាប់។ ប៉ុន្ដែរដ្ឋាភិបាលក្រុងម៉ានីលអះអាងថា មានមនុស្សតែ ៤ពាន់នាក់ទេ ត្រូវបានបង្រ្កាប និងសម្លាប់។

កាលពីខែកុម្ភៈរដ្ឋអាជ្ញាពិសេសម្នាក់របស់ ICC គឺលោកស្រី Fatou Bensouda បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿង និងពាក្យបណ្ដឹងដែលក្រុមសិទ្ធិមនុស្ស រួមទាំងក្រុមមេធាវីសិទ្ធិមនុស្សអន្ដរជាតិបានប្ដឹងមកកាន់ ICC គឺ ស្ថិតនៅក្នុងបណ្ដឹងអាទិភាពដែលត្រូវធ្វើការស៊ើបអង្កេតហើយជនពាក់ព័ន្ធ គឺ ណាក៏ដោយរួមទាំងលោក ឌូទើតេ ត្រូវតែចូលខ្លួនមកកាន់តុលាការ ទោះជាខ្លួនមានឋានៈខ្ពស់យ៉ាងណាក៏ដោយ។

ដោយទទួលបានព័ត៌មាននេះ លោក ឌូទើតេ ច្រឡោតខឹង ហើយប្រតិកម្មវិញថា បើ ICCរកកំហុសឃើញដូចការប្ដឹងរបស់មេធាវីក្រុមសិទ្ធិមនុស្ស មែននោះ មិនបាច់បើករឿងក្ដីនោះទេ គឺនាំខ្លួនលោកបាញ់ចោលតែម្ដងទៅ។

 យ៉ាងនេះក្ដី ឌូទើតេបែរជាបង្គាប់អោយរដ្ឋាភិបាលរបស់លោកដកខ្លួនពីសមាជិករបស់ក្រុងរ៉ូមទៅវិញ។

ត្រង់នេះ អ្នកវិភាគ និងអ្នកការពារសិទ្ធិមនុស្សដាក់ចម្ងល់ថា បើឌូទើតេទទួលយកកំហុស គឺ មិនសមនាំហ្វីលីពីនចេញពីសមាជិកក្រុងរ៉ូមនោះទេ។ពួកគាត់ថា ឌូទើតេ ពេលខ្លះបង្ហាញភាពម៉ឺងម៉ាត់ ពេលខ្លះចុះញ៉មនឹងអំពើរបស់ខ្លួនទៅវិញ។

 តើ ICC អាចជំនុំជម្រះក្ដីសំណុំរឿងរបស់លោក ឌូទើតេ បានឬទេ ?

ចម្លើយអាចមានច្រើនបែប ប៉ុន្ដែនៅលើលោកនេះ បើICC ឬ តុលាការយុត្តិធម៌អន្តរជាតិICJចេញដីកាចោទប្រកាន់ ឬនាំខ្លួនគឺ មេដឹកនាំនោះ មិនមានឱកាសច្រើនទេក្នុងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួន ជាពិសេសទៅកាន់បណ្ដាប្រទេសជាសមាជិករបស់ទីក្រុងរ៉ូម ដែលបច្ចុប្បន្នមាន សមាជិក  ១២៣ប្រទេស  ក្នុងចំណោម ១៩៣ប្រទេស នៅទូទាំងពិភពលោក។

ជាការកត់សម្គាល់មេដឹកនាំណាក៏ដោយបើកំពុងកាន់អំណាចហាក់ដូចជាមានអំនួតខ្លាំងគេចវេសពីយុត្ដាធិការរបស់ ICC ឬ ICJ ដូចជា មេដឹកនាំប្រទេសស៊ីរី បាសា អាល់អាសាដ  និងលោក គីម ជុងអ៊ុនជាដើម សុទ្ធតែជាមេដឹកនាំប្រឈមមុខនឹងបទចោទករណីរំលោភសិទ្ធិមនុស្សខណៈមេដឹកនាំ សែប៊ី ស្លូមូដានមីឡូសូវិក មិនអាចរួចខ្លួនបានឡើយ ។

ទោះបីICCបង្កើតនៅឆ្នាំ ១៩៩៨ ក៏ដោយ តែ គោលការណ៍របស់ ក្រុងរ៉ូម អាចក្រឡែកមើលរឿងអតីតកាលបានដែរ ករណីតុលាការរបស់ប្រទេសនោះ ឬមេដឹកនាំរបស់ប្រទេសនោះ ធ្វើការធ្វេសប្រហេសក្នុងការការពារយុត្ដិធម៌របស់ពលរដ្ឋខ្លួន។ ដំណើររឿងក្ដី របស់ ICCមានយុត្តាធិការប្រហាក់ប្រហែល នឹង សាលាជំនុំជម្រៈក្ដី ICJ ដែរ ដោយផ្ដោតលើ បទល្មើស ប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋសង្រ្គាមដូចគ្នាដោយ គ្រាន់តែ ICC មានលក្ខណៈទូលំទូលាយជាង ICJ ត្រង់ ថា ភាគីពាក់ព័ន្ធអាចប្ដឹងបានទាំងអស់ មិនថា ប្រទេសមួយប្ដឹងប្រទេសមួយឡើយ ។ ករណីនេះ ពលរដ្ឋ ឬ មេធាវីសិទ្ធិមនុស្ស អ្នកនយោបាយណាក៏មានលទ្ធភាពប្ដឹងទៅកាន់ICC ដែរ ដូចជា ប្រធានាធិបតីឌូទើតេ រងការប្ដឹងពីមេធាវីជនរងគ្រោះ ​អង្គការសិទ្ធិមនុស្ស Amnesty International និងអង្គការ Human Rights Watch ។

បណ្ដឹងនេះនាំឱ្យ រដ្ឋអាជ្ញាICC កំពុងពិនិត្យនឹងផ្ដើមស៊ើបអង្កេត ឆាប់ៗនេះ៕

Share

Image
Image
Image