en     km
en     km

វិភាគ៖បើគ្មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងក៏គ្មានការចរចាដើម្បីសន្តិភាពលើឧបទ្វីបកូរ៉េដែរ(មានសំឡេង) 

Share

ដំណើរឆ្ពោះទៅរកការកសាងសន្តិភាពរឹងមាំលើឧបទ្វីបកូរ៉េបានចាប់ផ្ដើម តាំងពីចុងខែមេសា គឺតាមរយៈជំនួបកំពូល រវាងមេដឹកនាំគីមជុងអ៊ុន និងសមភាគីកូរ៉េខាងត្បូងប្រធានាធិបតីម៉ូនចាវអ៊ីន។ ជំនួបកំពូលនេះ បានប្រព្រឹត្តទៅ ៣លើកមកហើយ។ តែកត្តាដែលនាំអោយ ក្រុងព្យុងយ៉ាង បន្ទន់ជំហរដើម្បីស្វែងរកសន្តិភាពជាមួយកូរ៉េខាងត្បូង គឺគ្មានអ្វីក្រៅពីរបបកុម្មយនិស្តទ្រាំលែងបានចំពោះការហុំព័ន្ធសេដ្ឋកិច្ចពីសំណាក់សហគម ន៍អន្តរជាតិ ដែលមានអាមេរិក សហភាពអឺរ៉ុប និងជប៉ុននាំមុខ។

លោកនួន បូរិន ជូនសេចក្ដីអធិប្បាយ ៖

សឹងតែមិនជឿថា ប្រទេសកូរ៉េខាងជើងជារដ្ឋផ្ដាច់ការខ្លាំងបំផុតនៅអាស៊ី បន្ទន់ឥរិយាបថនៅចំពោះមុខសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិដទៃទៀត ដើម្បីចាប់យកសន្ដិភាពយូរអង្វែង និងរឹងមាំសម្រាប់ឧបទ្វីបកូរ៉េនោះទេ។

រយៈពេល ២ឆ្នាំ ពោលគឺបន្ទាប់ពីដូណាល់ត្រាំចូលកាន់តំណែងជាប្រធានសេតវិមានមកគឺឧបទ្វីបកូរ៉េសឹងតែផ្ទុះសង្រ្គាមទៅហើយរវាងកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពកូរ៉េខាងជើង គឺ មួយថ្ងៃៗកងទ័ពនៃប្រទេសទាំងពីរនេះ ប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។

កូរ៉េខាងជើងធ្វើសមយុទ្ធយោធាទាំងទ័ពថ្មើរជើង និងការបាញ់កាំជ្រួចអន្ដរទ្វីប គម្រាមកូរ៉េខាងត្បូងផង និងគម្រាមសហរដ្ឋអាមេរិកផង ។ សារគម្រាមរបស់ក្រុងព្យុងយ៉ាង គឺ វាយប្រហារកូរ៉េខាងត្បូង និងកងទ័ពអាមេរិកអោយទៅជាសមុទ្រឈាមបើក្រុងវ៉ាស៊ីនតោនមិនព្រមបញ្ឈប់ការធ្វើសមយុទ្ធយោធាលើឧបទ្វីបទេនោះ។

ការគម្រាមរបស់សហរដ្ឋអាមេរិកវិញ ក៏មិនចាញ់ក្រុងព្យុងយ៉ាងប៉ុន្មាននោះទេ ។ សហរដ្ឋអាមេរិកគម្រាមផ្ដួលរំលំរបបក្រុងព្យុងយ៉ាងអោយទៅជាផេះតែម្ដង ហើយគម្រាមសម្លាប់មេដឹកនាំគីមជុងអ៊ុនទៀតផង។

រយៈពេលចុងក្រោយនេះ ក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចអន្ដរទ្វីបជាច្រើនលើក ដោយគម្រាមកំទេចកោះហាវ៉ៃ របស់អាមេរិកទៀតផងជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ខណៈដែល ភាពតានតឹងសឹងតែផ្ទុះសង្រ្គាមនៅលើឧបទ្វីបកូរ៉េហើយនោះ ក្រុងវ៉ាស៊ីនតោនមិនចុះញ៉មនឹងទីក្រុងព្យុងយ៉ាងឡើយ។

មន្ទីរបញ្ចកោណញភ្លាមៗបានរំកិលនាវាចម្បាំងធំៗចំនួន ៣គ្រឿង​ អមដោយនាវាមុជទឹក នាវាពិជឃាតជាច្រើនទៀតមកដាក់ពង្រាយនៅសមុទ្រកូរ៉េ​ ផ្ដើមអោយពិភពលោកព្រួយបារម្ភជាខ្លាំងថា ឧបទ្វីបកូរ៉េទំនងចៀសមិនរួចពីសង្រ្គាមនោះទេ។ ទោះជាការបង្ហាញកម្លាំងទ័ព និងសព្វាវុធ ដូចនេះក៏ដោយ តែសម្រាប់សហរដ្ឋអាមេរិកមើលទៅមានប្រៀបជាងកូរ៉េខាងជើងឆ្ងាយណាស់ គឺ ទទួលបានការគាំទ្រពីសហគមន៍អន្ដរជាតិ មាន សហភាពអឺរ៉ុប និងជប៉ុន បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើរបបក្រុងព្យុងយ៉ាង។

ទណ្ឌកម្មមានដូចជា បញ្ឈប់ទាំងស្រុងការផ្គត់ផ្គង់ប្រេងឥន្ទនះ ការបញ្ចប់ពាណិជ្ជកម្មធ្យូងថ្ម និងការបិទវាយនភ័ណ្ឌរវាងចិន និងក្រុងព្យុងយ៉ាង។ ទណ្ឌកម្មនេះ ទោះជាបានគាំទ្រតិចតួចពីចិន និងរុស្ស៊ីក្ដី ប៉ុន្ដែមានប្រសិទ្ធភាពជាខ្លាំងធ្វើអោយរបបក្រុងព្យុងយ៉ាងរងទុក្ខវេទនាយ៉ាងខ្លាំង ហើយស្រវេស្រវ៉ា ស្វែងរកជំនួយដើម្បីរស់ឡើងវិញ ខណះ ប្រជាជនរបស់ប្រទេសនេះ ជាងពាក់កណ្ដាលភាគរយះរស់ក្រោមបន្ទាត់ក្រីក្រ និងជួបគ្រោះទុរភិក្សយ៉ាងខ្លាំង។

របបក្រុងព្យុងយ៉ាងខ្វះខាតយ៉ាងខ្លាំងការផ្គត់ផ្គង់ប្រេងឥន្ទនះលើវិស័យកងទ័ពដែលជារណសិរ្សសង្រ្គាមទប់ទល់នឹងសហរដ្ឋអាមេរិក។

នៅពេលខ្លះ ក្រុងព្យុងយ៉ាងបានខ្សឹបប្រាប់ក្រុងសេអ៊ូលអោយជួយផ្ដល់ស្បៀងមកអោយខ្លួនផងបើពុំ នោះទេប្រជាជនដែលជាសាច់ឈាមជាមួយគ្នាអាចនឹងស្លាប់។

ដោយសារមិនអាចចោលសាច់ស្រវ៉ាឆ្អឹង ក្រុងសេអ៊ូលពេលខ្លះត្រូវគេរាយការណ៍មកថា បានលួចផ្ដល់ស្បៀងទៅអោយបងប្អូនខ្លួននៅទីក្រុងព្យុងយ៉ាង ដើម្បីបន្ដរស់រានមានជីវិតទៀត ទោះបីកូរ៉េខាងត្បូងចូលរួមជាមួយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាមួយកូរ៉េខាងជើងក៏ដោយ។

ទំនងដោយសារតែភាពអត់ឃ្លានផ្ទុះឡើងស្ទើរទូទាំងប្រទេស នាំអោយរបបកុម្មុយនីស្ដក្រុងព្យុងយ៉ាងដែលមិនចង់ឃើញប្រជាជនខ្លួនស្លាប់ដោយសារអត់បាយ អត់ថ្នាំពេទ្យព្យាបាលព្រោះតែកើតចេញពីការដាក់ទណ្ឌកម្មនេះ ក៏សម្រេចបន្ទន់ឥរិយាបថចាប់យកការចរចាដើម្បីទទួលបានជំនួយពីសហគមន៍អន្ដរជាតិឡើងវិញ។

មិនតែប៉ុណ្ណោះ ដោយសារតែខ្លាចរបបខ្លួនផ្ដួលរំលំ ក្រុងព្យុងយ៉ាងបានសម្រេចចសុំចរចាទ្វេភាគីជាមួយ មេរិក និងជាមួយកូរ៉េខាងត្បូងដើម្បីអ្វីដែលគេហៅថា អោយរួចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

ដោយសាររឿងនេះហើយមើលទៅ បានជាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បើកចំហទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូងតាមរយៈជំនួបកំពូលមេដឹកនាំប្រទេសទាំងពីរ។ ជំនួបរយៈពេល ៣លើកមកនេះរវាងគីមជុងអ៊ុន និងលោក ម៉ូន ចាវអ៊ីន ត្រូវបានគេមើលឃើញថា គឺជាការត្រួសត្រាយផ្លូវយ៉ាងពិតប្រាកដដើម្បីធ្វើអោយមានសន្ដិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ ទោះបីអាមេរិកស្ទាក់ស្ទើរមិនឯកភាពមួយចំនួនតាមកូរ៉េខាងត្បូងក៏ដោយ។

ចុងក្រោយនេះ របបក្រុងព្យុងយ៉ាងបានប្រាប់ពិភពលោកថា ខ្លួនពិតជាត្រូវការសន្ដិភាពយ៉ាងពិតប្រាកដ ហើយប្ដេជ្ញារំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៅក្រោមក្រមលក្ខខណ្ឌមួយគឺ ការលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។

ឥលូវនេះកូរ៉េខាងជើង កូរ៉េខាងត្បូងត្រូវបានរាយការណ៍មកថា កំពុងតែធ្វើសមាហរណកម្មព្រំដែនជាមួយគ្នាឡើងវិញប្រកបដោយជំនឿទុកចិត្ត នឹងសន្ដិភាព។

សរុបទៅ ឥរិយាបថរបស់ទីក្រុងព្យុងយ៉ាងដែលត្រូវបានមើលឃើញថា លែងប្រកាន់ជំហររឹងរួសហើយនោះ គឺគ្មានអ្វីក្រៅពីក្រុងព្យុងយ៉ាងមិនអាចទ្រទ្រង់បានចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្ដរជាតិបានទៀតនោះទេ៕

 

Share

Image
Image
Image