en     km
en     km

វិភាគ៖ តើរឿងធនញ្ជ័យត្រង់អាជ័យធ្លាក់ទឹកហៃអើៗ ឆ្លុះបញ្ចាំងទិដ្ឋភាពអ្វីខ្លះនៃសង្គមមនុស្ស?

Share

ភ្នំពេញ ៖ ក្នុងរឿងធនញ្ជ័យ ប្រជាជនខ្មែរគ្រប់ស្រទាប់តែងតែលើកយកពាក្យថា អាជ័យធ្លាក់ទឹក ហៃអើៗ មកដំណាល លេង សើច ឬចំអកចំអន់គ្នាលេង រហូតក្លាយជាពាក្យប្រជាប្រិយ។ ក្នុងសង្គម ឬស្ថានប័ន បើមានបុគ្គលិកឬមន្រ្តីធំៗ ជា ប្រភេទ មនុស្សហៃអើ តើនឹងធ្វើឱ្យមានការកែប្រែផ្នត់គំនិតអ្វីខ្លះដល់សង្គមរបស់មនុស្ស ?

តើមនុស្ស ហៃអើ ជាមនុស្សប្រភេទណានៃសង្គម?

តទៅនេះ លោក រស់ គង់ សូមលើកយកអក្សរសិល្បិ៍ប្រជាប្រិយ រឿង ធនញ្ជ័យ មកអធិប្បាយដោយផ្សារភ្ជាប់ពាក្យ អាជ័យ ធ្លាក់ទឹក ហៃអើៗ នឹងតថភាពសង្គមដូចតទៅ៖

គំនូរក្នុងរឿងធនញ្ជ័យ។រូបតំណាង
គំនូរក្នុងរឿងធនញ្ជ័យ។រូបតំណាង

ក្នុងសង្គមមួយដែលមានការជិះជាន់ បែងចែក និងរើសអើងវណ្ណៈ រវាងអ្នកមាន និងអ្នកក្រ រាស្រ្តខ្សត់ខ្សោយ និងនាម៉ឺនមន្រ្តី ក្នុងសង្គមនោះ នឹងមានការរើបម្រះបះបោរជាក់ជាមិនខាន។ ការបះបោរអាចមានទាំងការប្រមូលគ្នាតវ៉ា ការធ្វើបាតុកម្មតបតនឹងអំពើអយុត្តិធម៌ រួមទាំងការបះបោរផ្នែកស្មារតីប្រឆាំងនឹងផ្នត់គំនិតជិះជាន់ផងដែរ។

ការបះបោរផ្នែកស្មារតី គេអាចធ្វើឡើងតាមរយៈចលនាអក្សរសិល្បិ៍ប្រជាប្រិយ។ ជាក់ស្ដែងរឿងធនញ្ជ័យ គឺជាការបះបោរផ្នែកស្មារតីរបស់មហាជន តំណាងវណ្ណៈក្រីក្រ ហើយក៏ជាកញ្ចក់ឆ្លុះបញ្ជាំងពីថតភាពសង្គមមួយ ដែលមានការជិះជាន់ផងដែរ។

អក្សរសិល្បិ៍ប្រជាប្រិយរឿង ធនញ្ជ័យ គឺជារឿងប្រឌិតដោយដំណាលតៗគ្នាពីមាត់មួយទៅមាត់មួយ ដែលយើងមិនអាចដឹងឈ្មោះអ្នកនិពន្ធណាមួយពិតប្រាកដ ហើយក៏មិនដឹងពីពេលវេលាតាក់តែងជាក់លាក់ឡើយ។

ការសង្ខេបរឿងធនញ្ជ័យឡើងវិញ

រូបភាពត្រង់ឈុតមួយដែលធនញ្ជ័យត្រូវបានស្តេចចេញបញ្ជាឱ្យយកទៅសម្លាប់ដោយទម្លាក់។រូបភាពកាត់ចេញពីវីដេឌីអូយូធ្យូរឿងធនញ្ជ័យ
រូបភាពត្រង់ឈុតមួយដែលធនញ្ជ័យត្រូវបានស្តេចចេញបញ្ជាឱ្យយកទៅសម្លាប់ដោយទម្លាក់។រូបភាពកាត់ចេញពីវីដេឌីអូយូធ្យូរឿងធនញ្ជ័យ

ធនញ្ជ័យជាកូនអ្នកក្រីក្រ នៅមិនឆ្ងាយពីផ្ទះសេដ្ឋីម្នាក់។ អាយុ ៧ឆ្នាំ ក្រោយដឹងថាខ្លួនចាញ់កលសេដ្ឋីរឿងយកអំបុកមួយចង្អេរ ក៏សុំម្ដាយទៅនៅបម្រើសេដ្ឋី។ សេដ្ឋីប្រើធនញ្ជ័យវក់វី តែគេបានផ្ចាញ់ផ្ចាលប្រាជ្ញាសេដ្ឋីរហូតសេដ្ឋីខ្លាចប្រាជ្ញាធនញ្ជ័យ ហើយក៏បានយកទៅថ្វាយស្ដេច។ ធនញ្ជ័យបានផ្ចាញ់ផ្ចាលប្រាជ្ញាស្ដេច ជាច្រើនលើកច្រើនសារ ដូចជាភរស្ដេចរឿងក្បួនភរ យកកូនមាន់ប្រជល់មាន់ស្ដេច យកកូនក្របីប្រជល់ក្របីស្ដេច ធ្វើមាន់ឈ្មោលរងាវក្នុងទឹក ជិះសេះអុកចត្រង្គ ជិះដំរីបើកក្ដោង បង្ហាញគូថឲ្យស្ដេចឃើញហ៊ានប្រើស្ដេច។ល។ នៅពេលមួយនោះ ស្ដេចបានបញ្ជាឲ្យធនញ្ជ័យទៅនៅឯដងទន្លេ។ ទីនោះ ធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយដោយយកប្រាក់ ៣០ តម្លឹង។

ទង្វើនេះបណ្ដាលឲ្យមានទំនាស់ជាមួយក្រុមឈ្មួញ បន្ទាប់មកស្ដេចបានបញ្ជាឲ្យយក ១ បាទវិញ។ ធនញ្ជ័យបានផ្ជាញ់បញ្ជាស្ដេចដោយយកពន្ធប្រាក់១បាត្រលោក ដែលកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ ស្ដេចខ្ញាល់នឹងធនញ្ជ័យខ្លាំងណាស់ ក៏បញ្ជាឲ្យពេជ្ឈឃាតយកធនញ្ជ័យទៅសម្លាប់ដោយទម្លាក់ចូលទឹកទន្លេ។ ធនញ្ជ័យស្នើក្រុមពេជ្ឈឃាតស្រាយចំណងដៃ ហើយថា បំណាច់នឹងស្លាប់ គឺសុំរាំច្រៀងសប្បាយសិន។ ធនញ្ជ័យ បានបង្គាប់ឲ្យក្រុមពេជ្ឈឃាតច្រៀងថា«អាជ័យធ្លាក់ទឹក ហៃអើៗៗ»។ ក្រុមពេជ្ឈឃាតជក់ច្រៀងសប្បាយភ្លេចខ្លួន ធនញ្ជ័យក៏លោតទឹករំដោះខ្លួនពីការសម្លាប់ ហើយទៅបួសជាសង្ឃ។

មកដល់ត្រឹមនេះខ្ញុំសូមលើកយកចម្រៀង និងការបន្ទរ ថា« អាជ័យធ្លាក់ទឹក ហៃអើៗៗ» មកធ្វើការអធិប្បាយដោយភ្ជាប់នឹងតថភាពសង្គម។ ចម្រៀងនឹងការបន្ទរខាងលើនេះ គឺជាឃ្លា ប្រៀបដូចបាលីរំដោះជីវិត ដែលធនញ្ជ័យបានប្រើ។

ពាក្យមួយឃ្លានេះ នៅតែមានប្រជាប្រិយភាពក្នុងសង្គមខ្មែររហូតបច្ចុប្បន្ន ប៉ុន្តែមនុស្សក្នុងសង្គមខ្មែរបានឲ្យតម្លៃផ្សេងដោយភ្ជាប់នឹងទង្វើរបស់ធនញ្ជ័យ ដែលមានន័យថា មន្រ្តីពេជ្ឈឃាតល្ងីល្ងើគិតតែហៃអើៗ ធ្វើឲ្យខូចការអសាបង់បញ្ជាស្ដេចធ្វើឲ្យធនញ្ជ័យរួចជីវិតទៅទទេ។ បច្ចុប្បន្ន ពាក្យបន្ទរថា អាជ័យធ្លាក់ទឹកហៃអើៗ គឺគេសំដៅទៅមន្ត្រី ឬមនុស្សមួយចំនួន ដែលចាំតែវ៉ៃអែបស៊ីអប ឬហៅថាមនុស្សទ្រពង ឬមនុស្សមាត់សេក  ចាំតែនិយាយតាម និយាយចាក់បណ្ដោយ។ ពេលមេកើយនិយាយដូចម្ដេច ក៏ស្របតាម ក៏យល់ថាល្អ យល់ថាត្រឹមត្រូវ និងគាំទ្រជានិច្ច។

 ជំពូកមនុស្ស«ហៃអើ»នេះមានបួនប្រភេទ ដែលរស់ក្នុងសង្គម

មន្រ្តីក្នុងរឿងធនញ្ជ័យកំពុងទូលព្រះមហាក្សត្រ។រូបភាពពីវីដេឌីអូយូធ្យូបក្នុងរឿងធនញ្ជ័យ។
មន្រ្តីក្នុងរឿងធនញ្ជ័យកំពុងទូលព្រះមហាក្សត្រ។រូបភាពពីវីដេឌីអូយូធ្យូបក្នុងរឿងធនញ្ជ័យ។

ទី១ គឺមនុស្សល្ងង់ខ្លៅ អសមត្ថភាព ដែលមិនដឹងថាមេកើយរបស់ខ្លួន សម្រេចចិត្ត ឬប្រព្រឹត្តទង្វើខុសឬត្រូវនោះទេ គេចាំតែសរសើរ ចាំតែគាំទ្រ លើកមេដៃតែប៉ុណ្ណោះ ។

ទី២ គឺប្រភេទមនុស្សខ្លាច  ខ្លាចមេយកទោសពៃរ៍ មិនហ៊ានបញ្ចេញយោបល់ មិនហ៊ានការពារទស្សនៈយល់ឃើញរបស់ខ្លួន មិនហ៊ានលើកអំណះអំណាង ឬហេតុផលឲ្យបានច្បាស់លាស់។ កាលណាតែមេយល់ដូចម្ដេចក៏តាមចិត្តមេទាំងស្រុង ដល់ទៅមេធ្វើខុស ឬសម្រេចចិត្តខុស ក៏តាំងលួចរអ៊ូងូវៗស្ងាត់ៗថា ហ្នឹងហើយអត់តាមអញ។

ទី៣ គឺមនុស្សចាំយកតែរួចខ្លួន ពួកនេះចាំតែបញ្ជោរមេ ឲ្យមេសប្បាយចិត្ត ដើម្បីត្រងយកប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ដែលគេតែងនិយាយថា រុញទូកបណ្ដោយទឹក។ មានរឿងថ្ងៃណាក៏ថ្ងៃនោះចុះ ពេលមេអន្តរាយ ក៏តាំងអេះអុញ មិនដឹងមិនឮ ចូលរួមទទួលត្រូវតែមិនចូលរួមទទួលខុសនោះទេ។

ទី៤ គឺមនុស្សមានកលល្បិច ទោះដឹងថាមេធ្វើខុសក៏ដោយ គឺបណ្ដោយឲ្យមេធ្វើខុស ពន្យុះថែម ចង់ឲ្យមេបាក់មុខ ចង់ឲ្យមេបរាជ័យ ដែលគេតែងនិយាយថា រុញស៊ីក្លូបញ្ចូលឡាន។ មនុស្សប្រភេទនេះ អាចសើចសប្បាយលើក្ដីអន្តរាយរបស់មេថែមទៀតផង។

ការឆ្លុះបញ្ចាំងពីតថភាពសង្គម

រូបភាពសមាជិកសភាដែលភាគច្រើនមកពីគណបក្សកាន់អំណាចលើកដៃយល់ព្រមអនុម័តច្បាប់នាពេលកន្លងមក។
រូបភាពសមាជិកសភាដែលភាគច្រើនមកពីគណបក្សកាន់អំណាចលើកដៃយល់ព្រមអនុម័តច្បាប់នាពេលកន្លងមក។

ជាសរុបមក ក្នុងនាមជាអ្នកដឹកនាំក្នុងស្ថាប័នមួយ ប្រសិនបើជ្រើសរើសបានកូនចៅប្រភេទមនុស្សហៃអើទាំងបួនជំពូកនេះ នោះការដឹកនាំនឹងមិនទៅមុខបានរលូន ឬនឹងនាំឲ្យអន្តរាយថ្ងៃណាមួយមិនខាន។ លើសនេះទៅទៀត បើសិនជាថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មានទីប្រឹក្សា ឬមន្រ្តីគ្រាក់ៗកាន់កិច្ចការជាតិ ចាំតែហៃអើ ចាំតែលើកដៃយល់ស្របនោះ នោះកិច្ចការធំនឹងអសាបង់ទទេៗ ហើយវាគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិ។ អាចថា ការដឹកនាំកំពុងធ្វើដំណើរលើផ្លូវមហន្តរាយ ឆ្ពោះទៅរកជ្រោះមរណៈមិនខាន។

ដូច្នេះ ក្នុងនាមជាមេកើយ ការជ្រើសរើសបុគ្គលិកក្រោមឱវាទ ឬតែងតាំងទីប្រឹក្សាឬមន្រ្តី ធំៗឲ្យកាន់កិច្ចការជាតិ ចូលរួមសម្រេចជោគវាសនាប្រទេសជាតិ គឺជារឿងសំខាន់ ដែលអ្នកដឹកនាំ ត្រូវពិនិត្យពិចៃដោយប្រុងប្រយ័ត្ន។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំ បើសិនចង្អៀតចង្អល់ពេក ប្រកាន់ភាពអស្មិមានះ  អាត្មានិយម ខ្លាចគេថាខុស ខ្លាចអន់ កូនចៅទិតៀនមិនបាន មានយោបល់ជំទាស់គំនិតខ្លួន បែរជាយកទោសពៃរ៍ លុះត្រាតែសរសើរ លើកមេដៃគាំទ្រទើបពេញចិត្ត នោះមេដឹកនាំនឹងទទួលបានតែមន្រ្តីហៃអើ ហើយក្ដីអន្តរាយនឹងរត់មកចោមរួមរឹតខ្លួន រួមរឹតជាតិឲ្យរលំរលាយមិនខាន។

ផ្ទុយទៅវិញគប្បីបើកចិត្តឲ្យទូលាយ ទទួលយកការរិះគន់ ទទួលយកការផ្ដល់យោបល់ដើម្បីកែលម្អ កុំខ្លាចពាក្យថាខុស ស្ដាប់ហេតុផល និងប្រើប្រាស់បញ្ញារបស់ខ្លួនសម្រេចចុងក្រោយ ហើយគប្បីលើកទឹកចិត្តឲ្យកូនចៅផ្ដល់យោបល់ល្អៗ ដើម្បីភាពរីកចម្រើន ទើបស្ថាប័នឬជាតិអភិវឌ្ឍទៅមុខ៕

 

Share

Image
Image
Image