en     km
en     km

វិភាគ៖ វិធានការពិនិត្យប្រេងឥន្ធនៈ ផ្ដល់ផលចំណេញនិងការខាតបង់គឺដូចគ្នា

Share

ភ្នំពេញ៖​ រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មជាសេនាធិការ បានសម្ភោធដាក់ឱ្យដំណើរការរថយន្តពិនិត្យប្រេងឥន្ធនៈមួយគ្រឿង ភ្ជាប់ជាមួយឧបករណ៍ពិសោធន៍គុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលរថយន្តនេះនឹងចុះទៅតាមស្ថានីយ ឬដេប៉ូ ចែកចាយ​និងផ្ទះលក់សាំងទាំងឡាយ ដើម្បីធ្វើតេស្តរកឱ្យឃើញនូវសាំងបន្លំគុណភាព និងបរិមាណ។

ប្រសិនបើវិធានការនេះធ្វើឡើងដោយភាពតឹងរឹងមែន នោះអាជីវកររកស៊ីបន្លំអាចប្រឈមមុខនឹងទណ្ឌកម្មរបស់ក្រសួង។ ចំណែកអ្នកប្រើប្រាស់វិញនឹងទទួលបានប្រេងសុទ្ធល្អមកប្រើប្រាស់។

តែយ៉ាងណា វិធានការនេះនឹងក៏នឹងហុចផលប៉ះពាល់ខ្លះដែរ ចំពោះអ្នករកស៊ីលក់សាំងដបតាមដងផ្លូវ      ខណៈទាំងនោះភាគច្រើនគឺលក់សាំងដែលគ្មានគុណភាព និងមិនគ្រប់ចំណុះ។

តទៅនេះសូមស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូតតទៅ!

                                                                                         រូបភាពពីsabay

ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនយានយន្តក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់។ មធ្យោបាយដឹកជញ្ជូនទាំងអស់ សុទ្ធតែប្រើប្រាស់ប្រេងសាំង ឬម៉ាស៊ូត ដើម្បីដំណើរការ។ ក្នុងឆ្នាំ ២០១៦ កម្ពុជាបាននាំចូលប្រេងសាំងក្នុងបរិមាណ ៣៩១ពាន់តោន ស្មើ២ អណ្តក់សញ្ញា៧% នៃចំនួនប្រេងឥន្ធនៈ។ ចំណែកប្រេងម៉ាស៊ូតចំនួន ២អណ្តក់ ២លានតោន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងកាលពីថ្ងៃទី៣១ សីហា ដែលចំនួននេះ គេមិនទាន់រាប់បញ្ចូលប្រេងឥន្ធនៈដែលលួចលាក់នាំចូលខុសច្បាប់តាមច្រករបៀងតូចៗពីប្រទេសជិតខាងផង។

ទិដ្ឋភាពជារួម ការចរាចរប្រេងសាំង និងប្រេងម៉ាស៊ូត ក្នុងប្រទេសកម្ពុជាហាក់មានភាពសេរីជ្រុល។ ការលក់ចែកចាយប្រេងសាំង និងម៉ាស៊ូត មានរាប់ចាប់តាំងពីស្ថានីយប្រេងឥន្ធនៈខ្នាតធំ មធ្យម និងតូច ដេប៉ូចែកចាយ ព្រមទាំងមានលក់ជាដបតាមដងផ្លូវក៏មាន។ សេរីភាពនៃការចរាចរប្រេងឥន្ធនៈនេះ ស្របពេលដែលកម្ពុជាជារបបទីផ្សារសេរីស្រាប់ អាជីវករដែលប្រកបរបបនេះមួយចំនួន បានបន្លំយកសាំងដែលមានគុណភាពអត់ ឬសាំងលាយ និងបានកែច្នៃឧបករណ៍ចាក់សាំង និងច្នៃដបសាំង ដើម្បីកេងចំនេញ។

ធ្វើដូច្នេះបាន ពិតណាស់ គឺអាជីវករខិតខូតទាំងនោះ អាចលក់ប្រេងឥន្ធនៈរបស់ខ្លួនក្នុងតំលៃថោក ជាងសាំងដែលមានគុណភាពល្អ។

                                រថយន្តចល័តពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម

ទន្ទឹមនឹងទំនោរចិត្តរបស់ពលរដ្ឋខ្មែរចូលចិត្តជាវទំនិញ តម្លៃថោក​ និងបរិមាណច្រើនស្រាច់ស្រាប់ ប្រការនេះបានធ្វើឱ្យអាជីវកម្មមិនស្មោះត្រង់ទាំងនេះហាក់ធំធាត់ឡើងៗ។

តាមមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ឱ្យដឹងថា បច្ចុប្បន្នមានម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងផ្ទះលក់សាំងដបមួយចំនួន កំពុងតែធ្វើអាជីវកម្មសាំងដែលមានគុណភាពអន់បន្លំដល់ពលរដ្ឋ។ សាំងអន់ ឬសាំងមិនសុទ្ធ មានដង់ស៊ីតេ និងសន្ទទស្សន៍នៃចំនួនអុកតានទាបជាងសាំងដែលមានគុណភាពល្អត្រឹមត្រូវ។ ជាទូទៅសាំងមានគុណភាពល្អប្រភេទធម្មតា មានសន្ទទស្សន៍អុកតាន ៩២ ចំណែកប្រភេទសាំងស៊ុបពែមានចំនួនអុកតាន ៩៥ ដែលចំនួននេះគិតក្នុងសូចនាករនៃប្រទេសកម្ពុជា។

រីឯសាំងមិនសុទ្ធវិញ មានកំហាបអុកតានទាបជាងសាំងដែលមានគុណភាពល្អ ព្រោះអ្នកលក់សាំងខិលខូចមួយចំនួន បានលាយសមាសធាតុផ្សេងៗដូចជាប្រេងកាតជាដើម ដើម្បីអាចលក់ក្នុងតម្លៃទាបបាន។

ម្ចាស់ស្ថានីយលក់ប្រេងសាំងខិលខូចមួយចំនួនបានច្នៃប្រដាប់ចាក់សាំងរបស់ខ្លួន ធ្វើឱ្យសាំងដែលបាញ់បញ្ចូលក្នុងរថយន្តមិនគ្រប់ចំណុះ។ ចំណែកអ្នកលក់សាំងដបវិញ ពួកគេបានច្នៃដបសាំងឱ្យតូចបន្តិត ដែលនេះជាល្បិចកេងចំនេញរបស់ពួកគេ។

សាំងដបសព្វថ្ងៃលក់នៅលើទីផ្សារមានតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ។ ចំណែកសាំងធម្មតាតាមស្ថានីយមួយចំនួនមានតម្លៃ៣៧៥០រៀលក្នុងមួយលីត្រ។

                                                                                       រូបភាពពីsabay

តាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីរពិសោធន៍ និងមន្រ្តីបង្រ្កាបបទល្មើសសេដ្ឋកិច្ច សាំងបន្លំគុណភាព ភាគច្រើនមានប្រភពនាំចូលលួចលាក់ពីប្រទេសជិតខាង ពិសេសប្រទេស វៀតណាម និងថៃ។

ជាការពិតការប្រើប្រាស់នូវប្រេងសាំងដែលគ្មានគុណភាពត្រឹមត្រូវ នឹងបណ្តាលឱ្យគ្រឿងយន្ត ម៉ូតូ ឬ ឡាន ដំណើរការមិនល្អ។ សាំងបន្លំគុណភាពនឹងធ្វើឱ្យដំណើរការម៉ូតូ ឬឡាន មានភាពរអាក់រអួល ឬអាចរលត់ម៉ាស៊ីនពេលធ្វើដំណើរក៏មាន។ មួយវិញទៀត ការប្រើប្រាស់សាំងគ្មានគុណភាពត្រឹមត្រូវ ក៏បង្កឱ្យខូចបរិស្ថានផងដែរ ព្រោះចំហេះផ្សែងចេញពីរថយន្តគឺមានភាពកង្វក់ខ្លាំងជាងធម្មតា។

កន្លងមកអ្នកវិនិយោគគិនបរទេសមួយចំនួន បានរាយការណ៍ទៅកាន់ក្រសួងពាណិជ្ជកម្ម ឱ្យជួយដោះស្រាយ និងចាត់វិធានការចំពោះការចរាចរប្រេងឥន្ធនៈបន្លំគុណភាពទាំងនោះ។ ពាណិជ្ជករបរទេសទាំងនោះ ត្អូញត្អែរថា កម្ពុជាហាក់បណ្តែតបណ្តោយយ៉ាងខ្លាំងឱ្យវត្តមានប្រេងឥន្ធនៈគ្មានគុណភាពអាចចរាចរនៅលើទីផ្សារបាន ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីប្រកួតប្រជែងស្មោះត្រង់ ជាមួយប្រេងឥន្ធនៈដែលមានម៉ាក់ចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។

                                                                                  អ្នកលក់សាំងដបតាមដងផ្លូវ។

នៅចំពោះមុខនៃបញ្ហានេះ តើរដ្ឋាភិបាលមានវិធានការបែបណាដើម្បីទប់ស្កាត់ការចរាចរប្រេងសាំងគ្មានគុណភាព?

រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ បានដាក់ចុះនូវវិធានការថ្មីមួយ ដោយសម្រេចសម្ពោតនូវរថយន្តពិនិត្យសាំងចល័តមួយគ្រឿង ដែលរថយន្តនេះចុះទៅពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយ និងកន្លែងលក់សាំងទាំងអស់ក្នុងប្រទេសកម្ពុជា។ ​

រថយន្តចល័តពិសោធន៍ប្រេងឥន្ធនៈនេះ ជារថយន្តម៉ាកហ្វូត ស៊េរីឆ្នាំ២០១៦ ដែលមានតម្លៃជាង១៥លានដុល្លារ បំពាក់ជាមួយឧបករណ៍ពិសោធន៍ផងដែរ។

រថយន្តពិសោធន៍នេះនឹងធ្វើដំណើរឆ្មក់ចូលស្ថានីយ៍ និងផ្ទះលក់សាំងក្នុងខេត្តក្រុងទូទាំងប្រទេស ដើម្បីពិនិត្យគុណភាព និងបរិមាណ ប្រេងសាំង និងប្រេងម៉ាស៊ូតដែលពួកគេកំពុងដាក់លក់។

តាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រសិនករណីរកឃើញថា ប្រេងឥន្ធនៈទាំងនោះមិនមានគុណភាព ឬមិនគ្រប់បរិមាណ ក្រសួងនឹងធ្វើការណែនាំចំនួន ៣ លើក។ ករណីមិនរាងចាលក្រសួងនឹងធ្វើការផាកពិន័យហើយនឹងអាចឈានទៅបិទអាជីវកម្មនោះតែម្តង។

វិធានការថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំគម្រោងនេះ នឹងត្រូវដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ។

                                          ឧបករណ៍ពិនិត្យប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្មដែលបំពាក់ល់រថយន្ត។

ជាការពិតប្រសិនបើវិធានការនេះត្រូវបានអនុវត្តប្រកបដោយភាពត្រឹមត្រូវមែននោះ ពលរដ្ឋអ្នកប្រើប្រាស់យានយន្តនឹងទទួលបានសាំងសុទ្ធល្អ និងគ្រប់ចំណុះ។ តែចំពោះមុខនៃវិធានការនេះ អាជីវករតូចតាចលក់សាំងដបតាមដងផ្លូវក៏អាចប្រឈមការបិទមុខរបបនេះផងដែរ។

មួយវិញទៀត វិធានការចុះពិនិត្យសាំងបន្លំគុណភាព និងបរិមាណនេះ ក៏ធានាភាពជឿជាក់ជូនប្រជាពលរដ្ឋក្នុងការទទួលបានទំនិញជាប្រេងមានគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវបរិ យាកាសធុរៈកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈគ្រប់ប្រភេទ ដូចជាប្រេងម៉ាស៊ូត ប្រេងសាំងស៊ុបពែ សាំងធម្មតា និងប្រេងម៉ាស៊ីនជាដើម។

ប៉ុន្តែ យើងនៅរងចាំមើល ថាតើ​ ការចុះអនុវត្តនៃវិធានការពិនិត្យប្រេងឥន្ធនៈនេះ មានភាពសុក្រិត្យ យុត្តិធម៌ឬទេ? តើពលរដ្ឋប្រាដកចិត្តទេថា មន្រ្តីចុះពិនិត្យគុណភាពប្រេងតាមស្ថានីយ៍ ឬតាមផ្ទះលក់សាំងនឹងមិនទទួលយកសំណូក ឬចម្រិតប្រាក់សំណូកពីអ្នកលក់​ ជាថ្នូរបើកដៃឱ្យអាជីវករខូចខិលទាំងនោះអាចដំណើររកស៊ីបានតទៅទៀត? ខណៈកម្ពុជាត្រូវបានអន្តរជាតិសម្គាល់ថា មានអំពើពុករលួយច្រើន។

                                                                    អ្នកលក់សាំងដបតាមដងផ្លូវ។រូបភាពពីsabay

ដើម្បីជាមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ មន្ត្រីចុះពិនិត្យគុណភាព និងបរិមាណប្រេង គម្បីអនុវត្តតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់កំណត់។ រីឯអាជីករ ពាណិជ្ជករ ម្ចាស់ស្ថានីយ ឬដេប៉ូចែកចាយទាំងអស់ ព្រមទាំងអ្នកលក់សាំងដបតាមដងផ្លូវ ត្រូវមានឆន្ទៈធ្វើអាជីវកម្មដោយស្មោះត្រង់នឹងអតិថិជនរបស់ខ្លួន ពោលគឺត្រូវលក់ប្រេងឥន្ធនៈដែលមានគុណភាពសុទ្ធល្អ និងគ្រប់ចំណុះជូនអតិថជន។

ការធ្វើអាជីវកម្មឈរលើគោលការណ៍ប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ អាជីវករឬអ្នកលក់ដូរមិនត្រឹមតែទទួលបានទំនប់ចិត្តពីអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ហើយវា ថែមទាំងអាចទាក់ទាញអ្នកវិនិយោគិនបរទេសល្អៗបានថែមទៀតផង ប្រសិនបើកម្ពុជាមានបរិយាកាសធុរៈកិច្ចល្អប្រសើរ៕

Share

Image
Image
Image