en     km
en     km

វិភាគ​៖​ កត្តា​អ្វីខ្លះ​ដែល​សម្ដេច​ ហ៊ុន​ សែន​ ថា​ CNRP​ គួរ​ចូល​សភា​ទើប​អាច​ ចរចា​គ្នា​បាន​វិញ​?

Share

ភ្នំពេញ៖ ដូច​បានដឹង​ហើយ​ថា​ ការ​ឡើង​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​ រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្ដរជាតិ​ ដែល​ការ​ព្រួយបារម្ភ​នេះ​ គឺ​ ពួក​គេ​ មើលឃើញ​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ បាន​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​។​
លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤
លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤

​ចំនុច​ដែល​គ្រោះថ្នាក់​មាន​ដូច​ជា​ ការ​គាបសង្កត់​ ទៅ​លើ​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ មាន​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ ពោល​គឺ​ រូបភាព​នៃ​ការ​ប្រើប្រាស់​អំណាចច្បាប់​ តាម​ប្រព័ន្ធ​តុលាការ​ ដែល​គេ​ថា​ ជា​ឧបករណ៍​នយោបាយ​ និង​ការ​ប្រើប្រាស់​ កងទ័ព​ជា​រូបភាព​ដើម្បី​ការ​គំរាមកំហែង​ ដោយ​គួប​ផ្សំ​ នៃ​ការ​ប្រើ​ពាក្យ​គំរាមកំហែង​ និង​ការ​បញ្ចេញ​វោហា​សាស្ដ្រ​របស់​ប្រមុខ​រដ្ឋាភិបាល​។​

 

 

 

 

​ដើម្បី​ធ្វើ​អោយ​មាន​តុល្យភាព​នៃ​អំណាច​ គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ ដឹកនាំ​ដោយ​អ្នកនយោបាយ​ល្បី​២​រូប​ គឺ​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ បាន​ធ្វើ​ពហិការ​ មិន​ចូល​ប្រជុំ​សភា​រយៈពេល​៣​ខែ​មក​ហើយ​។​

​ក្នុង​រយៈពេល​៣​ខែ​នៃ​ការ​ធ្វើ​ពហិការ​នេះ​ CNRP​ បាន​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ តាម​រូបភាព​នៃ​អហិង្សា​ ដូច​ជា​ ការ​ស្នើ​សុំ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​ ដើម្បី​បន្ថយកម្ដៅ​នយោបាយ​ និងការ​ស្វែងរក​អន្ដរាគមន៍​ ពី​ សហគមន៍​អន្ដរជាតិ​ឱ្យ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើង​វិញ​ ដោយ​ CNRP​ សរសេរ​លិខិត​ទៅ​កាន់​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​បន្ថែម​លើ​នេះ​ សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដែល​ត្រូវ​គេ​មើលឃើញ​ថា​ មាន​ឥទ្ធិពល​លើ​ស្ថាប័ន​នានា​នៅ​លើ​ ពិភពលោក​ ដូច​ជា​ អង្គការសហប្រជាជាតិ​ ប្រទេស​ទាំង​ពីរ​នេះ​ បាន​ព្រមព្រៀង​គ្នា​ ចេញ​សេចក្ដីសម្រេច​ ថ្កោលទោស​កម្ពុជា​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​បំបិទ​សម្លេង​ ក្រុមប្រឆាំង​។​

​សហគមន៍​អន្ដរជាតិ​ធំៗ​ទាំង​បី​ គឺ​ សហភាព​អឺរ៉ុប​ អា​មេ​រិ​ក​ អង្គការសហប្រជាជាតិ​ ដោយ​រួម​និង​ប្រទេស​ជប៉ុន​ផង​ដែរ​ សុទ្ធតែ​បាន​ទាមទារ​ឱ្យ​កម្ពុជា​ ត្រឡប់​មក​រក​ស្ថានភាព​ប្រក្រតី​វិញ​ តាម​រយៈ​ការ​ចរចារ​ វាង​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​កំពុង​កាន់​អំណាច​ និង​គណបក្សប្រឆាំង​។​

​ក្រៅពី​ការ​ធ្វើ​សេចក្ដីថ្លែងការណ៍​ សហគមន៍​អន្ដរជាតិ​បី​ធំៗ​ ជា​ពិសេស​ពី​សហភាព​អឺរ៉ុប​ តែងតែ​និយាយ​ថា​ កម្ពុជា​ គឺជា​ដៃគូ​វិនិយោគទុន​ដ៏​ធំ​ ជាមួយ​ខ្លួន​ ហើយ​បើ​គិត​ជា​ទឹកប្រាក់​ គឺ​មាន​ទំហំ​ពាណិជ្ជកម្ម​ រហូត​ដល់​៨៣​ពាន់​លាន​ដុល្លារ​ អា​មេ​រិ​ក​ ដោយ​ទំនិញ​ពី​កម្ពុជា​សំខាន់​បំផុត​ គឺ​ សំលៀក​បំពាក់​ និង​ស្បែកជើង​។​ ចំណែក​ ឯ​សហរដ្ឋអាមេរិក​ ដែល​ជា​កម្លាំង​ទីផ្សារ​នាំ​ចូល​សំលៀក​បំពាក់​ដ៏​ធំ​មួយ​ដែរ​ពី​កម្ពុជា​ ក៏​តែងតែ​និយាយ​ថា​ អា​មេ​រិ​ក​ចង់​ឃើញ​ កម្ពុជា​ គោរព​សិទ្ធិ​មនុស្ស​ និង​បើកផ្លូវ​អោយ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​វិញ​ តាម​រយៈ​ការ​ចរចា​ គឺ​ជា​ប្រយោជន៍​នៃ​ការ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​ ។​

​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៀត​នោះ​ គឺ​ ប្រទេស​៣៩​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ កាលពី​ថ្មីៗ​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​ ដោយ​ថ្កោលទោស​ជា​ថ្មី​ម្ដងទៀត​ ចំពោះ​ការ​បំបិទ​សម្លេង​ប្រឆាំង​ នៅ​កម្ពុជា​ ហើយ​ជាមួយ​គ្នា​នេះ​ គឺ​បាន​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​តើ​កត្តា​ទាំងនេះ​ដែល​នាំ​ឱ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បោះ​សំឡេង​ឱ្យ​ CNRP​ ចូល​សភា​បើ​ចង់​ចរចា​ឡើង​វិញ​?

​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​ កញ្ញា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​ សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ដោយ​ព្រមាន​បិទផ្លូវ​ចរចា​ បើ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ ប្រឆាំង​ អ្វីមួយ​ដែល​ខ្លួន​មិន​ពេញ​ចិត្តជា​ពិសេស​ សម្ដេច​ចង់​យោង​ដល់​ លោក​ កឹ​ម​ សុខា​ ដែល​មានរឿង​ក្ដី​នៅ​តុលាការ​។​ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ គឺ​សម្ដេច​ព្រមាន​ផង​បែរជា​ ផ្ដល់​អនុសាសន៍​ ផង​ ដោយ​ឱ្យ​បក្ស​ប្រឆាំង​ ចូល​សភា​ បើ​ចង់​ចរចា​ ដើម្បី​រក​ដំណោះស្រាយ​។​

​ភ្លាមៗ​បន្ទាប់​ពី​ បាន​ផ្ដល់​ភ្លើង​ខៀវ​ដូចនេះ​ បក្ស​ប្រឆាំង​ CNRP​ ក៏​បាន​ប្រញាប់​ ធ្វើ​សេចក្ដីថ្លែងការណ៍​ ឆ្លើយ​តប​វិញ​។​ លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ត្រ​ CNRP​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ថា​ នៅ​ខែ​ក្រោយ​នេះ​ សមាជិក​សភា​ CNRP​ នឹង​ចូល​ប្រជុំ​សភា​ឡើង​វិញ​ ដែល​ ការ​សម្រេច​ប្រកាន់​ជំហរ​នេះ​ គឺ​ធ្វើ​ឡើង​តាម​កាលៈទេសៈ​។​

​តុល្យភាព​ នៃ​ឥទ្ធិពល​ CNRP​ ទៅ​លើ​ CPP

​អ្នកវិភាគ​ឯករាជ្យ​ មួយ​ចំនួន​ តែង​តែព្រមាន​ថា​ បើ​ CNRP​ នៅ​តែ​បន្ត​មិន​ចូល​ប្រជុំ​សភា​ គឺ​នឹង​នាំ​ឱ្យ​ ភាព​ស្របច្បាប់​ នៃ​សភា​កម្ពុជា​ កាន់តែ​ រួម​តូច​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ កាន់តែ​គាបសង្កត់​លើ​ បក្ស​កាន់​អំណាច​កាន់តែ​ខ្លាំង​។​ នេះ​ជា​ប្រការ​មួយ​ ក្នុង​ ចំនុច​ ខ្លាំង​ជា​ច្រើន​ទៀត​ ដែល​ CNRP​ ថា​ជា​ក្ដី​រំពឹង​របស់​ខ្លួន​ ថា​ CPP​ ព្រម​វិល​រក​តុ​ចរចា​វិញ​។​

​ក្រៅពី​នេះ​ អ្នកវិភាគ​ថា​ CNRP​ នៅ​មាន​ពលរដ្ឋ​គាំទ្រ​កន្លះ​ប្រទេស​នៅ​ពីក្រោយ​ ដែល​ចាំ​ជួយ​ បើ​បក្ស​ប្រឆាំង​ធំ​នេះ​ ធ្លាក់​ដល់​ចំនុច​គ្រោះថ្នាក់​។​ តែ​យ៉ាងណា​ក៏​ដោយ​ អ្នកវិភាគ​ថា​ អ្វី​ដែល​ CNRP​ មាន​តុល្យភាព​នៃ​ឥទ្ធិពល​របស់​ខ្លួន​ ទៅ​លើ​ CPP​ គឺ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ លើ​ CPP​។​    

​កត្តា​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ CPP​ ចង់ឱ្យ​ CNRP​ ចូល​សភា​

CPP​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចង់​ ប្រើ​វិធានការ​របស់​កងទ័ព​ និង​ ប៉ូលិស​ បង្ក្រាប​ទៅ​លើ​ អ្នកគាំទ្រ​ CNRP​ បើ​បាតុកម្ម​ផ្ទុះ​ឡើង​ ព្រោះ​មិន​ចង់​មានឈ្មោះ​ទៀត​ថា​ ជា​អ្ន​កបង្ក្រាប​ ពលរដ្ឋ​សាច់ឈាម​ខ្មែរ​ដូច​គ្នា​ ហើយ​ ម្យ៉ាងទៀត​ ចង់​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា​ CPP​ មាន​គោលនយោបាយ​ ផ្សះផ្សា​ជាតិ​ ដោយ​គិត​ថា​ បើ​មានការ​ឯកភាព​ជាតិ​ គឺ​ CPP​ នឹង​មានឈ្មោះ​ជា​អ្នក​ កសាង​ប្រវត្តិសាស្ត្រ​អហិង្សា​ សម្រាប់​អ្នក​បន្តវេន​។​

CPP​ ប្រហែល​គិត​ថា​ បើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ដូច​ប្រទេស​ភូមា​ កាល​នៅ​របប​យោធា​ គឺ​ CPP​ មិន​គ្រោះថ្នាក់​ទេ​ តែ​ពលរដ្ឋ​និង​ជាតិ​ បែកបាក់​ ហើយ​ មាន​វិបត្តិ​កាន់តែ​ធ្ងន់​ធ្ងន់​ដែល​ ធ្វើ​ឱ្យ​អ្នកប្រវត្តិសាស្ត្រ​ ចាប់ផ្ដើម​កត់ត្រា​ថា​ CPP​ មាន​កំហុស​ ជា​ប្រវត្តិសាស្ត្រ​ខណៈ​ CPP​ ជា​អ្នក​រំដោះប្រទេស​ពី​ របប​ប្រល័យពូជសាសន៍​ នៃ​បន​ប៉ុ​ល​ពត​។

​តែ​យ៉ាងណា​ ក៏​ដោយ​ CPP​ ក៏​ចង់​សាកល្បង​ផង​ដែរ​ ក្នុង​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ក្រោយ​នេះ​ថា​តើ​ ប្រជាប្រិយភាព​របស់​ខ្លួន​ងើបឡើង​វិញ​ កម្រិត​ណា​ពីព្រោះ​ CPP​ បាន​ធ្វើការ​កែទម្រង់​យ៉ាង​ខ្លាំង​ ក្នុង​អាណត្តិ​ទី​៥​ របស់​ខ្លួន​ឋានៈ​ជា​អ្នក​កាច់ចង្កូត​នាវា​កម្ពុជា​ ដែលបាន​បើក​ជួប​រលក​ធំៗ​របស់​ CNRP៕​

Share

Image
Image
Image