en     km
en     km

សម្ដេចហ៊ុនសែនពន្យុះអាមេរិករឿងដាក់ទណ្ឌកម្មលើកម្ពុជាតែអ្នកវិភាគថាប្រយ័ត្នបង់ប្រយោជន៍ជាតិ

Share

 សេចក្ដីច្បាប់ H.R -526ស្ដីពីការស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជា និង ដាក់ទណ្ឌកម្មមន្រ្ដី កម្ពុជា ដែល​តំណាង​រាស្ត្រសហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៥កក្កដា បានកំពុងនៅក្នុង​ព្រឹទ្ធ​សភា។

ទាក់ទិនច្បាប់នេះ សម្ដេចហ៊ុនសែន ប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើការសិក្សារួចមកហើយ ថាលោក​ប្រធា​ធិបតីត្រាំនឹងមិនចុះហត្ថលេខាលើច្បាប់នេះទេ។  សម្ដេចបានថ្លែងពន្យុះ ឱ្យអាមេរិកឆាប់មានវិធានការលើមន្រ្ដីកម្ពុជាប៉ុន្តែសម្ដេចព្រមានថាបើអាមេរិកដាក់ទណ្ឌកម្មគឺស្មើនឹងអោយកម្ពុជា រៀបចំផ្ដាច់​ទំនាក់​​វិស័យ​មួយចំនួនជាមួយអាមេរិក។តែអ្នកវិភាគថាបើដូច្នេះសម្ដេចធ្វើរឿងមិនសមស្របទេ អាចនឹងខាតប្រយោជន៍ជាតិ។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

អំឡុងភាព ស្ងប់ស្ងាត់រយៈពេល ជាង២សប្ដាហ៍មកនេះ ក្រុមអ្នករិះគន់ថា សម្ដេចហ៊ុនសែន ទំនង ឈឺធ្ងន់ ហើយ ដើរមិនរួចទ៍ៀតផង។ ក្នុងភាពស្ងប់ស្ងាត់នេះ សម្ដេចហ៊ុនសែន មើលទៅ សម្រាកពិនិត្យ មើល និងធ្វើជាអ្នកសង្កេតការណ៍ ពីការវិវត្តន៍ នយោបាយ ជាតិនិងអន្តរជាតិ។ សម្ដេចនាយករដ្ឋមន្ត្រី ដឹងរឿងជាតិនិងអន្តរជាតិច្រើនណាស់ គឺសូម្បីភាពតានតឹងនៅមជ្ឈឹមបូព៌ា រវាងអាមេរិក និងអ៊ីរ៉ង់​ក៏​សម្ដេច​ដឹងដែរ។ ​សម្ដេចថាសម្ដេចមិនឈឺធ្ងន់ដូចអ្នកបន់អោយសម្ដេចស្លាប់នោះទេ។ សម្ដេចនៅតែ អះ​អាងថា ៤០ឆ្នាំទៀត ទើប ជាពេលវេលាចុងក្រោយនៃអាយុជិវិតរបស់សម្ដេច ហើយអំឡុងពេលនោះ គឺសម្ដេចនឹងកំទេចក្រុមប្រឆាំងអស់ពីកម្ពុជា។

ក្នុងកាយវិការចង់ប្រាប់ថា សុខភាពរឹងមាំណាស់ បានធ្វើឱ្យ បរិយាកាសនៅ ក្នុងពិធីមួយ នៅសំណង់​អាគារ​ពហុកីឡដា្ឋន​ជាតិមរតកតេជោក នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាល​ពីព្រឹក​ថ្ងៃចន្ទ​ទី​២៩កក្កដានេះ កាន់តែមានភាព អឹកធឹកថែមទៀត។ ប៉ុន្តែនៅពេលនិយាយដល់ត្រឹមនេះ ស្រាប់​តែនាយក​រដ្ឋមន្ត្រីកាន់អំណាចជាង៣០ឆ្នាំ  នឹកគិតភ្លាម រឿងសភាជាន់ទាបអាមេរិក នាំគ្នា អនុម័តច្បាប់​ដាក់​ទណ្ឌកម្ម លើសម្ដេច កូនរបស់សម្ដេច និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូប​ដែលមាន​ទាំង​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមសេនីយ៍។ទណ្ឌកម្ម នេះ សំដៅបង្កកទ្រព្យសម្បត្តិនិង បិទទិដ្ឋាការ ចូលអាមេរិក។ រឿងនេះភ្លាម សម្ដេចក៏ប្រតិកម្ម វាយប្រហារចំអកអោយសភាអាមេរិកភ្លាមដែរ។

សម្ដេចហ៊ុនសែន ព្រមានថា សូមអាមេរិកធ្វើដំណើរចុះ  ទោះជាកម្ពុជាមិនស្វាគមន៍ តែ កម្ពុជាមាន​ស្នៀតដើម្បី​​ទប់ទល់ហើយ ។

សម្ដេចថា៖« ឯងប្រឹងចង់ងាប់ វាប្រឹងបំផ្លាញ ឥលូវនិយាយពីច្បាប់អាមេរិក ឯកឧត្តមកៅគឹមហួននេះបានស្រាវជ្រាវនៅវៀតណាមមានច្បាប់ច្រើនណាស់ដែលអាមេរិកប្រុងធ្វើដាក់ទណ្ឌកម្មវៀតណាមនោះតែគ្មានច្បាប់ណាឆ្លងទេ នៅមីយ៉ាន់ម៉ានៅប្រទេសច្រើនទៀតណាស់គ្មានច្បាប់ណាមួយបានឆ្លងទេ! ឥលូវយើងយាយចេះចុះ យើងយាយថាច្បាប់បានឆ្លង តើប្រជាជនខ្មែរប៉ះពាល់ស្អីខ្លះ!»។

លោក កៅគឹមហួន ជារដ្ឋលេខាធិការក្រសួងការបរទេស គឺជាអ្នកសិក្សាអំពីអានុភាព នៃច្បាប់នេះទៅលើប្រទេសដទៃទៀត។ សម្ដេចបាន ចង្អុលបង្ហាញថា ច្បាប់មួយនេះកើតមាន ទៅលើប្រទេស វៀតណាម និង​មីយ៉ាន់ម៉ាដែលជាប្រទេស ក្បែរខាងកម្ពុជាក៏ប៉ុន្ដែគ្មានច្បាប់ណាអាចអនុម័តជាស្ថាពរនោះទេ ដោយលោកប្រធានាធិបតីអាមេរិកមិនចុះហត្ថលេខាដាក់ឱ្យប្រើ។

យ៉ាងណា សម្ដេចឱ្យ ថា បើទោះច្បាប់នេះមានជាធរមានក៏មិនប៉ះពាល់ដល់ ប្រជាជាតិកម្ពុជាដែរ។

ច្បាប់នេះសម្រាប់សម្ដេចគឺមើលឃើញថាប៉ះពាល់មន្រ្ដីជាន់ខ្ពស់ប៉ុន្មានរូបប៉ុណ្ណោះរបស់រដ្ឋាភិបាលកម្ពុជាគឺសំដៅលើពីរចំណុចជាសំខាន់គឺការរឹតត្បិតទិដ្ឋាការ និង ការបង្កកទ្រព្យសម្បត្តិ។មន្រ្ដីជាន់ខ្ពស់ធំៗនោះ សម្ដេចបានបញ្ចេញនូវឈ្មោះ និង ឋានៈរបស់ពួកគេដែលសុទ្ធសឹងតែកាន់តំណែងអាយុជីវិតជាតិ និង ទំនាក់ទំនងនយោបាយការបរទេស។បើសិនណាអាមេរិកដាក់រដ្ឋមន្រ្ដីអស់នោះ គឺស្មើនឹងផ្ដាច់ចេញនូវវិស័យទាក់នោះក្នុងភាពជាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

សូមស្ដាប់ប្រសាសន៍សម្ដេចរាប់រៀបអំពី ឈ្មោះរដ្ឋមន្រ្ដី និង ឋានៈរបស់ពួកគេដែលថាប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និង​អាមេរិក​បើអាមេរិកពិតដាក់ទណ្ឌកម្មលើពួកគេនិងរូបលោក។

សម្ដេចបញ្ជាក់ថា៖ «គិតថា១០០នាក់ទៅចុះ បើ១០នាក់អស់ហើយ ស្មើអាមេរិកផ្ដាច់ការទូតកម្ពុជា ដាក់ទៀបាញ់ស្មើម្ដេចទំនាក់ទំនងយោធា ​ដាក់សខេងស្មើនឹងផ្ដាច់ទំនាក់ទំនងនគរបាល ដាក់ប្រាក់សុខុនដាក់ទំនាក់ទំនងការទូត ដាក់អូន ព័ន្ធមុនីរ័ត្ន ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច អ៊ីចឹងប្រជាជនខ្មែររាប់លាននាក់ មានប៉ះឯណា អត់មានអីប៉ះផងហ្នឹង ម៉េចក៏ភ័យម៉េស ហ៊ី គេធ្វើច្បាប់ហ្នឹងវីវរ​ហើយ ហើយបើដាក់ជាប់ខ្ញុំឱ្យដាក់មកហើយសុំរឹបអូសទៅថាទ្រព្យសម្បត្តិគ្រាន់តែអម្បូរហ៊ុនសែន ត្រកូលហ៊ុនមាន២ពាន់លានដុល្លារ ខ្ញុំអំពាវនាវអាមេរិកកុំនិយាយច្រើន ដកហូតពីឥលូវទៅ!»

យ៉ាងណាសម្ដេចបានដាក់ជំនឿជាក់ថា រដ្ឋបាលលោកត្រាំមិនល្ងង់នឹងផ្ដាច់ទំនាក់ ទំនងការទូតកម្ពុជានោះទេ ។តែទន្ទឹមនឹងនេះសម្ដេចនិយាយពន្យុះបន្ថែមថាបើលោកមានលុយ២ពាន់លានដុល្លារមិនសមស្តាតដែលសម្ដេចមានវត្តមានពិនិត្យមើលការដ្ឋាននេះទៅជាខ្ចីបុលចិន៣០០លានដុល្លារនោះទេ។សម្ដេចថាបើសម្ដេចស្លាប់ទៅយកលុយទាំងនោះទៅមិនបានទេ គឺមានតែសាងអ្វីជាមរតកប៉ុណ្ណោះ។

២ឆ្នាំចុងក្រោយដែលស្ថានការណ៍នយោបាយកម្ពុជាត្រូវបានលោកខាងលិចឃ្លាំមើលថាធ្លាក់ចុះនូវស្ថានភាពនោះគឺក្រោយពីការរំលាយគណបក្សប្រឆាំងដ៏ធំពិតប្រាកដនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោកកឹមសុខា ការបិទប្រព័ន្ធផ្សព្វផ្សាយជាង២៣ស្ថានីយ៍វិទ្យុ​ ដូចជា វិទ្យុអាស៊ីសេរី វីអូអា និង​មួយសារព័ត៌មានបោះពុម្ពផ្សាយ ខេមបូឌាដេលី ការដកហូតនូវអាសនៈ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិរបស់អតីតគណបក្សសង្គ្រោះជាតិ និង ត្រូវបានចោទថារៀបចំការបោះឆ្នោតឆ្នាំ២០១៨មួយដែលមិនប្រព្រឹត្តទៅ ដោយត្រឹមត្រូវនោះទេ។ ទាំងនេះ គឺជាកត្តារុញអោយអាមេរិកនិងសភាពអឺរ៉ុប ដាក់សម្ពាធលើបក្ស​កាន់​​អំណាចនៅកម្ពុជា។

សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុបបានកំពុងបន្ដនីតិវិធីនៃការដកមកវិញនូវប្រព័ន្ ធអនុគ្រោះពន្ធលើមុខទំនិញទាំងឡាយរបស់កម្ពុជាលើកលែងតែអាវុធដោយសារតែករណីមិនគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀង នៃតម្លៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នៅកម្ពុជា។

មកទល់ពេលនេះ ដូចអ្វីដែលសម្ដេចហ៊ុនសែនមានប្រសាសន៍គឺសេចក្តីស្នើច្បាប់ចំនួនបួនហើយ ដែលអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។ សេចក្តីស្នើច្បាប់ចំនួនបីទៀត ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មកម្ពុជា, ការធ្វើ​ឱ្យ​វិល​ត្រឡប់​វិញ​នៃការវិនិយោគនៅ​កម្ពុជា និងសេចក្តីស្នើច្បាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ តែសុទ្ធតែមិនទាន់បានឆ្លងដល់ការិយាល័យប្រធានាធិបតីលោកត្រាំ។

បែបនេះ ក្ដី អ្នកវិភាគនយោបាយម្នាក់គឺលោកឯមសុវណ្ណារ៉ាជាអ្នកជំនាញ ផ្នែកវិទ្យាសាស្រ្ដនយោបាយយល់ឃើញថាបើទណ្ឌកម្មលើមេដឹកនាំស្ថាប័នណាហើយបែរជាស្ថាប័ននោះផ្ដាច់ទំនាក់ទំនងជាមួយអាមេរិកគឺខាតប្រយោជន៍ជាតិមិនមែនផលប្រយោជន៍បុគ្គលនោះទេ។លោកថាល្បែងនេះមិនគួរលេងទេ។

លោកមានទស្សនៈដូចនេះថា៖ «ប្រសិនបើសេចក្ដីព្រាង កើតឡើង បើច្បាប់HR526ហ្នឹងចេញ វាគ្រោះថ្នាក់ប្រទេសជាតិថ្វីត្បិតតែវាបង្កកលើឥស្សរជន ប្រើច្បាប់ចាស់HR57 59 ប៉ះទៅលើឥស្សរជនខ្លាំង៦រូបមានក្រុមហ៊ុនរកស៊ី ២០០ក្រុមហ៊ុនទៅហើយ! ចឹងបើថាប៉ះក្រសួងណាលែងមានទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិកគឺវាអត់ល្អ ទេ វាប៉ះលើបុគ្គល ចឹងគួរតែលើជំហរទំនាក់ទំនង ប្រទេសគួរមាន ច្បាប់ដាក់លើបុគ្គលទំនាក់ទំនងប្រទេសគួរមាន! ចឹងគួរតែមានវិធានការណ៍មួយចំនួន បើលោកនាយករដ្ឋមន្រ្ដីឆ្លើយតបដូចចឹង មិនសមស្របទាំងស្រុងទេ​ខ្ញុំមិនគាំទ្រទេ»។

លោកថា ទំនាក់ទំនងការទូតកម្ពុជា នៅលើឆាកអន្តរជាតិនឹងចាប់ធ្លាក់មួយកម្រិតទៀត បើច្បាប់ H.R -526​ត្រូវបានលោកត្រាំចុះហត្ថលេខាអោយប្រើប្រាស។

សូមជម្រាបថាបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកចេញផ្សាយនៅថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៨ គឺ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលត្រូវបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឱ្យចូលទឹកដីអាមេរិករួមមាន៖

សម្ដេច ហ៊ុន សែន​នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា,សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា,សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា,លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌,លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន,លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស,លោក ឱម យិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ,លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ,លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា,លោក គន់ គីម មេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ,លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ និងអគ្គមេបញ្ជាការកងរាជអាវុធហត្ថ,លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិ,លោក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងអគ្គស្នងការនគរបាល រាជធានីភ្នំពេញ,លោក ហ៊ុន ម៉ាណែត អនុប្រធានបុគ្គលិកទូទៅនៃកងយោធពលខេមរភូមិន្ទ,លោក សុខ ពុទ្ធីវុធ នាយកប្រតិបត្តិនៃក្រុមហ៊ុនសូម៉ា គ្រុប (SOMA Group) និងលោកស្រី ហ៊ុន ម៉ាណា ជាប្រធាន ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍បាយ័ន

ភ្លាមៗលោក ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិ បានប្រតិកម្មប្រកាសថាមិនជាន់ទឹកដីអាមេរិកទៀតឡើយ។

បែបណាក៏ដោយ បើករណីនេះកើតមែន កម្ពុជា អាចនឹងប្រឈមនឹងការខាតបង់ ប្រាក់ចំណូលជាតិ។ ដូចគេដឹងហើយថា ទំហំពាណិជ្ជកម្មកម្ពុជា​និង​អាមេរិកក្នុងឆ្នាំ២០១៩គឺប្រមាណ៣ពាន់៣រយលានដុល្លារ។នេះបើតាមប្រសាសន៍រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។ ទំហំពាណិជ្ជកម្មនេះក៏មានផ្សាភ្ជាប់នូវអត្ថប្រយោជន៍នៃការ​អនុគ្រោះ​ពន្ធ​ទូទៅគឺ GSPដល់កម្ពុជា។កាល​ពី​ខែ​មេសា ឆ្នាំ២០១៨ សហរដ្ឋ​អាមេរិក បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ ដល់​កម្ពុជា​ រហូត​ដល់​ឆ្នាំ ២០២០។តែពេលនេះប្រព័ន្ធអនុគ្រោះមួយនេះកំពុងស្ថិតក្នុងសេចក្ដីព្រាងច្បាប់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។បើព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្ដីព្រាងច្បាប់ថ្មីនេះគឺកម្ពុជា នឹងត្រូវបាត់ប្រព័ន្ធអនុគ្រោះមួយនេះហើយកម្ពុជាត្រូវបំពេញកាតព្វកិច្ចការបង់ពន្ធនាំចូលទំនិញ​កម្ពជាចូលអាមេរិកនៅទឹកប្រាក់ពន្ធប្រមាណ៤១០លានដុល្លារ សហរដ្ឋអាមេរិក។​ចំណែកឯសហភាពអឺរ៉ុបវិញ ព្រមានថា ប្រព័ន្ធEBA អាចនឹងដកពីកម្ពុជាវិញ នៅដើមឆ្នាំ២០២០ ហើយ​បើដូច្នេះគឺកម្ពុជាត្រូវបង់ពន្ធទំនិញចូលទីផ្សារអឺរ៉ុបនូវទឹកប្រាក់ជិត៧០០លានដុល្លារអាមេរិក៕

Share

Image
Image
Image