en     km
en     km

សម្ដេចហ៊ុន សែន​ បន្តអះអាងថាសម្ដេចស ខេង មិនភ្លើធ្វើរដ្ឋប្រហារដណ្ដើមអំណាចទេ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា សម្ដេច ស ខេង មិនភ្លើធ្វើបក្សប្រហារ ឬរដ្ឋប្រហារទម្លាក់សម្ដេចចេញពីប្រធានបក្សឬនាយករដ្ឋមន្ត្រីឡើយ ព្រោះគណបក្សប្រជាជនកម្ពុជាមិនមានទម្លាប់ដណ្ដើមអំណាចគ្នាទេ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលលោកសម រង្ស៊ី អំពាវនាវ និងបញ្ជាក់ថា សម្ដេចស ខេង កំពុងមានផែនការក្បត់សម្ដេច ហ៊ុន សែន ។

រាយការណ៍ដោយ​លោក សោម លាភ

 

ការថ្លែងបែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ។

នៅក្នុងពិធីបើកសញ្ញាប័ត្រនៅក្នុងថ្ងៃនេះ សម្ដេចបានឆ្លើយឆ្លងសារឌឺដង និងជេរប្រទេចលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិជាខ្លាំង ។

កាលពីសប្ដាហ៍មុន សម្ដេចមានប្រសាសន៍នៅប្រទេសជប៉ុនពាក់ព័ន្ធទៅនឹងការប្រកាសធ្វើសង្គ្រាមជាមួយលោក សម រង្ស៊ី នោះ សម្ដេចថា ជាចេតនារបស់ខ្លួន ហើយសម្ដេចមិនដែលបាត់បង់ការគ្រប់គ្រង(Control) សម្ដីខ្លួនឯងនោះទេ ។

សម្តេចហ៊ុន សែន ថ្លែងថា ការអំពាវនាវរបស់លោក សម រង្ស៉ី ទៅដល់កងទ័ព និងប្រជាពលរដ្ឋធ្វើចលនាឱ្យចាប់សម្តេច គឺស្មើនឹងការធ្វើរដ្ឋប្រហារ និងបង្កើតសង្គ្រាម ។

តែយ៉ាងណា លោក សម រង្ស៊ី ថា​កម្ពុជាមិនមានសង្គ្រាមទេ មានតែទម្លាក់សម្ដេច ហ៊ុន សែន តែប៉ុណ្ណោះ ។

លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី ១ មិថុនាថា នាយករដ្ឋមន្ត្រីកម្ពុជា ខ្លាចវត្តមានរបស់ខ្លួន ទើបប្រកាសធ្វើសង្រ្គាម ។

កន្លងមកប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ធ្លាប់សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ខ្លួន គាំទ្រចំពោះសម្ដេច ស ខេង ក្នុងការទម្លាក់សម្ដេច ហ៊ុន​ សែន ពីដំណែងនាយករដ្ឋមន្ត្រី ។

តែយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាថា រឿងនេះមិនអាចទៅរួចនោះទេ ។

គេមិនទាន់ឃើញថា សម្ដេច ស ខេង បង្ហាញនូវគោលជំហជាថ្មីម្ដងទៀតបែបណានៅឡើយនោះទេជុំវិញករណីនេះ  ។

សម្ដេចថ្លែងថា នៅក្នុងគណបក្សប្រជាជនកម្ពុជាមិនមានទម្លាប់ដណ្តើមអំណាចគ្នានោះទេ ពោលគឺសម្ដេច ស ខេង មិនធ្វើបែបនេះជាដាច់ខាត ។

កាលពីយប់ថ្ងៃទី ២ មិថុនាម្សិលមិញ លោកសម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុកបន្ថែមទៀតថា លោក ឌី វិជ្ជា អគ្គស្នងការនគរបាលជាតិ និងជាកូនប្រសាររបស់សម្ដេច ហ៊ុន សែន កំពុងមានផែនការសងសឹកទៅលើសម្ដេច ហ៊ុន សែន ដែលផែនការនេះមានការគាំទ្រពីសម្ដេច ស ខេង ​ ។ ការណ៍នេះ ក៏ព្រោះតែលោកថាសម្ដេច ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះ ក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរ លើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ ។

សម្ដេច ហ៊ុន សែន បង្ហាញកំហឹងយ៉ាងខ្លាំងសម្បើមទៅលើលោក សម រង្ស៊ី រហូតដល់ទៅបបួលស្បថឱ្យស្លាប់មួយពូជជាមួយលោក សម រង្ស៊ី ដែលថាសម្ដេច ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ។

អ្នកវិភាគធ្លាប់មានប្រសាសន៍ថា ការណ៍នេះជាយុទ្ធសាស្ត្ររ​​បស់លោក សម រង្ស៊ី ហើយយុទ្ធសាស្ត្រនេះទំនងជាមិនបានផលនោះទេ ។ លោកថា អ្នកនយោបាយមិនគួរណាធ្វើនយោបាយបំបែកបំបាក់បែបនេះទៀតទេ ៕

Share

Image
Image
Image