en     km
en     km

សម្ដេច ស ខេង ថា ការជួបជុំទៅទទួលលោក សម រង្ស៊ី គឺខុសច្បាប់ តែអ្នកវិភាគថាមិនមែនខុសច្បាប់ទាំងអស់ទេ

Share


ភ្នំពេញ៖ សម្ដេច ស ខេង ថា ការពលរដ្ឋណាដែល ធ្វើសកម្មភាពទៅទទួលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា គឺជារឿងខុសច្បាប់ ។ ដោយឡែក អ្នកវិភាគថាមិនមែនការជួបជុំទាំងឡាយខុសច្បាប់ទាំងអស់នោះទេ ។
រាយការណ៍ដោយ លោក សោម លាភ


ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។
សម្ដេច ស ខេង បញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយ ដើម្បីភាពរីកចំរើន ។
សម្តេចថា រាជរដ្ឋាភិបាលនឹងអនុវត្ត​ផ្តោ​តលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការលើកកម្ពស់​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត ជាពិសេសអនុញ្ញាតឱ្យ​បុគ្គលដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយវិញ​បាន ។ ជាងនេះទៅទៀត ក៏មានការលើកកម្ពស់ភាពជាដៃគូពិតប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល លើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ​ស្រប​តាមរ​ដ្ឋធ​ម្ម​នុ​​ញ្ញ និងច្បាប់នានាជាធរមានជាដើម ។
សម្ដេចថា សុខសន្តិភាព និងស្ថិរភាព គឺជាការចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពង្រឹងដើម្បីឱ្យមានការអភិវឌ្ឍលើវិស័យជាច្រើន ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ថារាជរដ្ឋាភិបាលមានជំហរច្បាស់លាស់ ក្នុងការប្រឆាំងទៅនឹងបុគ្គលដែលមានបំណងធ្វើបដិវត្តន៍ពណ៌ដែលសម្ដេច ថាមិនមែនជាសកម្មភាពប្រជាធិបតេយ្យ ។
សម្ដេចថា ការជ្រើសរើស ឬទម្លាក់មេដឹកនាំ តាមរយៈការបោះឆ្នោត ទើបជារឿងត្រឹមត្រូវតាមច្បាប់ ពោលគឺសកម្មភាពនយោបាយដែលធ្វើឡើងដើម្បីត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតលើក្រោយៗទៀត ដូចជាបោះឆ្នោតឆ្នាំ ២០២២ និង ២០២៣ ជាដើម ។
តែរដ្ឋមន្ត្រីរូបនេះផ្តោតសំខាន់ថា បើសកម្មភាពនយោបាយនោះ ធ្វើឡើងក្រោមស្លាកគណបក្សដែលត្រូវបានតុលាការរំលាយ នោះគឺជាសកម្មភាពខុសច្បាប់ ។
លោកថា សកម្មភាពប្រមូលផ្ដុំគ្នា ដើម្បីធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល មិនមែនជាសិទ្ធិស្របតាមច្បាប់នោះទេ ។
លោកបណ្ឌិតមាស នី មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២៩ សីហានេះដោយយល់ស្របថាបើសកម្មភាពទាំងនោះធ្វើឡើងគ្រាន់តែពិភាក្សា ជួបជុំធម្មតាទេ គឺមិនខុសច្បាប់ទេ តែបើប្រមូលផ្ដុំដោយទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោយមិនអនុវត្តតាមសាលដីការតុលាការ និងបង្ករជាចលាចលគឺជារឿងខុសច្បាប់ក្នុងបរិបទនៃប្រទេសកម្ពុជា ។
តែលោកថា ក្នុងបរិបទកម្ពុជា មានការពិបាកដោយថា ការចោទប្រកាន់ទាំងឡាយគឺអាស្រ័យទៅលើរាជរដ្ឋាភិបាល ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់កម្ពុជាតែងតែប្រកាសព្រមានថា នឹងប្រឆាំង ក៏ដូចជាបង្ក្រាបក្រុមដែលមន្ត្រីទាំងនេះចាត់ទុកថា ជាសកម្មភាពបដិវត្តន៍ពណ៌ ។
លោកបណ្ឌិតមាស នីថា រាជរដ្ឋាភិបាលគួរតែបញ្ឈប់ការព្រមានបែបនេះ ព្រោះអាចធ្វើឱ្យកំហឹងមហាជនផ្ទុះឡើង ។
អ្នកវិភាគរូបនេះបន្ថែមថា​ អាជ្ញាធរមានភាពងាយស្រួលក្នុងការចាង់លោក សម រង្ស៊ី តែការណ៍ដែលបង្ហាញសាច់ដុំ និងកម្លាំងជារឿយៗ គឺដោយសារតែរាជរដ្ឋាភិបាលផ្ទាល់មិនទុកចិត្តថា មាន ឬមិនមានកម្លាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាង ៣លាននាក់ផ្ទុះឡើង ។
គួររំលឹកថា លោក សម រង្ស៊ី បានកំណត់យកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ គឺជាវេលាដែលលោកធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដើម្បីធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញ ។ លោកថា នឹងនាំយកអ្នកមកជាមួយលោក មិនតិចជាងលាននាក់នោះទេ ៕

Share

Image
Image
Image