en     km
en     km

សម្តេច​ សុខ​ អាន​ ដៃ​ស្ដាំរបស់​សម្តេច​ ហ៊ុន​ សែន​ (មានសំឡេង)

Share

​ភ្នំពេញ​៖​មរណភាព​របស់​សម្តេច​ សុខ​ អាន​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ បាន​ក្លាយជា​ការ​បាត់បង់​មនុស្ស​មាន​ថាមពល​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ ប៉ុន្តែ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ មរណភាព​នេះ​ គេ​អាច​និយាយ​បាន​ថា​ គឺជា​ការ​បាត់បង់​ដៃស្តាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ​។​  

ស្តាប់សំឡេង៖

sok-an

​កាលពី​ថ្ងៃ​ពុធ​ សម្តេច​ សុខ​ អាន​ បាន​ទទួលមរណភាព​ ដោយ​រោគាពាធ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​អាយុ​ ៦៦​ឆ្នាំ​។​ ហើយ​សម្តេច​នឹង​ឈាន​ចូល​វ័យ​ ៦៧​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៦​ខែមេសា​ ខាង​មុខ​នេះ​។​ គឺជា​មរណភាព​នៃ​ឥស្សរជន​ កំពូល​ទី​ពីរ​ដែល​ស្ថិត​ក្នុង​អំណាច​យ៉ាង​យូរ​ បន្ទាប់​ពី​សម្តេច​ ជា​ ស៊ី​ម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​។​

​មរណភាព​របស់​សម្តេច​ សុខ​ អាន​ បាន​បើក​ទំព័រ​រំលឹក​សាវ​តា​មួយ​ដ៏​វែង​អន្លាយ​របស់​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។​ សម្តេច​ សុខ​ អាន​ ត្រូវ​គេ​ដឹង​ថា​ គឺជា​អ្នកចេះ​ដឹង​យ៉ាង​ជំនាញ​មួយ​រូប​ របស់​គណបក្សកាន់អំណាច​ និង​ ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ និង​ មាន​អំណាច​យ៉ាង​ស្ងាត់ស្ងៀម​។​ នៅ​ក្នុង​តួនាទី​ជា​ច្រើន​ ឬ​ច្រើន​ជាង​ដប់​មុខ​ដំណែង​និង​តួនាទី​ បាន​ធ្វើ​ឲ្យ​សម្តេច​ សុខ​ អាន​ ក្តាប់​បាន​យ៉ាង​ណែន​ នូវ​រាល់​យន្តការ​នៃ​ដំណើរការ​របស់​ប្រទេស​កម្ពុជា​។​

​និយាយ​ឲ្យ​ចំ​ជីវិត​អាជីព​របស់​សម្តេច​វិបុល​បញ្ញា​ សុខ​ អាន​ ត្រូវ​គេ​ចាត់​ទុក​ថា​ គឺជា​អ្នក​ជួយ​កាច់ចង្កូត​នយោបាយ​ម្នាក់​របស់​កម្ពុជា​។​ គឺជា​ជើង​ជ្រែង​មួយ​រូប​ សំរាប់​រដ្ឋាភិបាល​របស់​សម្តេច​ ហ៊ុន​ សែន​ ហើយ​ក៏​ជា​មនុស្ស​យុទ្ធសាស្ត្រ​ការទូត​និង​យុទ្ធសាស្ត្រ​នយោបាយ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សម្តេច​ សុខ​ អាន​ ក៏​ច្បាម​មក​កាន់កាប់​នូវ​កិច្ចការ​វិនិយោគ​ កិច្ចការ​ច្បាប់​និង​វប្បធម៌​ផង​ដែរ​។​

hun
សម្ដេច ហ៊ុន សែន

​នៅ​ក្នុង​កេរ្តិ៍​ដំណែល​ស្នាដៃ​កន្លង​មក​សម្តេច​ សុខ​ អាន​ តែងតែ​រត់​មុខ​ផ្នែក​កិច្ច​ការទូត​សំខាន់ៗ​ និង​ទំនាក់ទំនង​អន្តរជាតិ​ធំ​។​ក្នុង​នោះ​រួម​មាន​ស្នាដៃ​ក្នុង​ការ​សង្គ្រោះ​និង​អភិរក្ស​បេតិកភណ្ឌ​កម្ពុជា​ដូច​ជា​ការ​ចុះបញ្ជី​ប្រាសាទអង្គរវត្ត​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​ ប្រាសាទព្រះវិហារ​នៅ​ឆ្នាំ​២០០៨​ រួម​ទាំង​សម្តេច​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ដំណើរ​ច​រចា​ និង​នាំ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​មក​កាត់ទោស​ និង​បង្កើត​សាលាក្តី​ខ្មែរក្រហម​ជាមួយ​អង្គការសហ ប្រជាជាតិ​។​

​បើ​គេ​ប្រៀបធៀប​ស្នាដៃ​ទាំងនេះ​មរណភាព​របស់​សម្តេច​ សុខ​ អាន​ ត្រូវ​គេ​សម្គាល់ថា​ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​សំខាន់​និង​ជា​មនុស្ស​គន្លឹះ​មួយ​រូប​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាច់ចង្កូត​អំណាច​។​ ប៉ុន្តែ​អ្វី​ដែល​ធំធេង​ជាង​នេះ​ ការ​បាត់បង់​សម្តេច​ សុខ​ អាន​ អាច​ចាត់​ទុក​ថា​ គឺជា​ការ​បាត់បង់​ដៃស្តាំ​មួយ​រូប​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៕

Share

Image
Image
Image