en     km
en     km

សម្តេច ហ៊ុន សែន៖ អ្នកប្រមាថអាយុជីវិតនាយករដ្ឋមន្ត្រីគឺប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ តែអ្នកសិទ្ធិមនុស្សថាមិនមែន

Share


នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែង គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ។ តែយ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា កម្ពុជាមិនមានច្បាប់ចែងបែបនេះទេ ។
រាយការណ៍ដោយ កញ្ញា លក្ខិណា ៖


បើតាមទំព័រហ្វេសបុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការបញ្ជាក់បែបនេះរបស់សម្ដេច ហ៊ុន សែន គឺធ្វើឡើងក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ១៣ ខែកក្កដានេះ ។
ជាក់ស្ដែងលោកផៃ ស៊ីផាន បានសរសេរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលមានការចូលរួមពីសម្ដេច ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ ។
លោកបន្ថែមថា រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ ។
តែយ៉ាងណា លោកផៃ ស៊ីផាន មិនបានបញ្ជាក់ទេថា ការប្រមាថនាយករដ្ឋមន្ត្រីនោះ គឺជាការប្រមាថសម្ដេច ហ៊ុន សែន ឬក៏យ៉ាងណានោះទេ ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១២ ខែកក្កដានេះ ដោយទទួចឱ្យមានការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ប្រកបទៅដោយសីលធម៌ តាមរយៈការបញ្ចេញមតិផ្ទាល់ ឬតាមបណ្ដាញសង្គមក្ដី ។ ជាងនេះ​ ការរិះគន់ផ្សេងៗ ក៏លោកថាគួរតែធ្វើឡើងឱ្យមានសីលធម៌ផងដែរ ខណៈប្រជាជនកម្ពុជាគឺគោរពព្រះពុទ្ធសាសនាភាគច្រើន ។
មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ បានបន្ថែមថា​ ការដែលអាចចាត់ទុកថាជាបទល្មើសបានលុះត្រាតែមានគ្រប់នូវធាតុផ្សំដែលមានបញ្ញត្តក្នុងច្បាប់ជាធរមាន ។
លោកបន្ថែមថា ការបង្កើតច្បាប់ណាមួយ លុះត្រាតែធ្វើឡើងតាមតម្រូវការសង្គម និងដើម្បីជាផលប្រយោជន៍សាធារណៈជន ។ យ៉ាងណា ប្រសិនបើមានការបង្កើតច្បាប់ពាក់ព័ន្ធនឹងសុខភាពនាយករដ្ឋមន្ត្រី ច្បាប់ប្រភេទនេះគឺដើម្បីតែនាយករដ្ឋមន្ត្រីតែម្នាក់តែប៉ុណ្ណោះ មិនមែនដើម្បីសាធារណៈជនទេ ។
កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន បានចេញទៅព្យាលបាលគ្រេចស្មាស្តាំនៅប្រទេសសឹង្ហបុរី ។ អំឡុងពេលនៃការព្យាបាលជម្ងឺ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យសម្ដេចឆាប់ជាសះស្បើយ ហើយក៏មានមនុស្សមួយចំនួន បន់អោយខ្ញុំឆាប់ស្លាប់ ។ សម្ដេច អំពាវនាវ​ឱ្យមានការបញ្ឈប់ការប្រមាថលើសុខភាពរបស់សម្ដេចបន្តទៀតទៅ ព្រោះការធ្វើនយោបាយរង់ចាំឱ្យសម្ដេចស្លាប់ដើម្បីទទួលបានអំណាច គឺមានតែរង់ចាំជាតិក្រោយ ។
នាយករដ្ឋមន្រ្តីកម្ពុជាបន្តទៀតថា យមរាជមិនត្រូវការជីវិតខ្លួននោះទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំទៀត ។
លោក​ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិនៃអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី ៧ ខែកក្កដា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយភ្ជាប់ជាមួយរូបថតរបស់សម្ដេច ហ៊ុន សែន​ និងភរិយា អំឡុងពេលសម្ដេចទៅព្យាបាលនៅសិង្ហបុរី ថា«កើតចាស់ឈឺស្លាប់មិនទៀង» ។
លោកបបន្ថែមដោយចោទជាសំណួរថា តើនាយរដ្ឋមន្ត្រីកម្ពុជា អាចរស់បាន៤០ខែ ឬ៤០ឆ្នាំទៀត ?
លោក ម៉ន ផល្លាថា ខ្លួនមិនប្រមាថជីវិតសម្ដេច ហ៊ុន សែន ទេ តែលោកថាលោកចង់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ប្រកួតប្រជែងដណ្តើមអំណាចស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដោយកិត្តិយស និងថ្លៃថ្នូរ តាមរយៈការបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះថា គ្មានអ្វីអមតៈទេក្នុងលោកនេះ មានតែការប្រែប្រួលទេ ដែលមិនប្រែប្រួល ៕

អត្តបទ៖ សោម លាភ

Share

Image
Image
Image