en     km
en     km

សម្តេច ហ៊ុន សែន ចាត់ទុកការព្រមានកាត់ជំនួយរបស់អាមេរិកថាជារឿងបោកពលរដ្ឋកម្ពុជា

Share

ភ្នំពេញ៖ បន្ថែមពីលើលិខិត​បំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ញើទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជុំវិញករណី ការផ្អាក ឬកាត់កាត់ជំនួយរបស់សហរដ្ឋអាមេរិក​មកកម្ពុជានោះ សម្តេច ហ៊ុន សែន នៅថ្ងៃនេះបាន​ បន្ទរបន្ថែមថា ការប្រកាសកាត់ជំនួយរបស់អាមេរិក គឺអាចធ្វើពលរដ្ឋខ្មែរមានការភ័ន្តច្រលំ ព្រោះជំនួយរបស់អាមេរិកបានបញ្ចប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករជាង ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃទី០៣ មីនានេះ សម្តេចក៏ចាត់ទុកការប្រកាសផ្អាក ឬកាត់ជំនួយរបស់អាមេរិកគឺជាការបង្ខូចកេរ្តិ៍របស់កម្ពុជាផងដែរ។

ប្រសាសន៍សម្តេច ហ៊ុន សែន

 

                                                                                            ​នាយករដ្ឋមន្រ្តី ហ៊ុន សែន

 

កាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរ​លិខិត​មួយច្បាប់​ជាភាសា អង់គ្លេស ជូនទៅដល់ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាក​ចិត្តជាខ្លាំង ជុំវិញ​ការប្រកាសរបស់អាមេរិកផ្អាកជំនួយ​មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយចោទថាអគ្គនាយកដ្ឋានពន្ធដារបានចូលរួមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។

លិខិតដដែលរបស់អគ្កនាយកដ្ឋានពន្ធដារបានបំភ្លឺថា ការផ្តល់ជំនួយរបស់អាមេរិកបានបញ្ចប់​តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ ប៉ុន្តែ សហរដ្ឋអាមេរិក​បែរជាមកប្រកាស​ចេញនូវ​ការកាត់ផ្តាច់នេះ​ម្តងទៀត​នាពេលថ្មីៗនេះ ដែលបង្ក​ឲ្យមានយល់​ច្រឡំជាសាធា រណៈថា អាមេរិក​​នៅតែបានផ្តល់​ជំនួយ​ដល់អគ្គនាយកដ្ឋានពន្ធដាររហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងលិខិតនោះ លោក គង់ វិបុល នោះអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​បានស្នើសូមស្ថានទូតអាមេរិកគួររៀនមើលសភាពការណ៍ពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ កុម្ភៈកន្លងទៅនេះ ស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសារព័ត៌មាន ស្តីពីការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាក ឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

តែយ៉ាងណាសហរដ្ឋអាមរិក ក៏នឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀតផងដែរ។

ជាការកត់សម្គាល់ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍គិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា៕

Share

Image
Image
Image