en     km
en     km

សម្តេច ហ៊ុន សែន ថ្កោលទោសអ្នកដែលឃោសនាមិនឱ្យពលរដ្ឋចេញបោះឆ្នោត

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្កោលទោសយ៉ាងខ្លាំងចំពោះជនណាដែលបានឃោសនាញុះញង់ប្រជាពលរដ្ឋ មិនឱ្យចេញទៅបោះ ឆ្នោតជាតិនាពេលខាងមុខនេះ ដែលសម្ដេចថាជាទង្វើបំពានច្បាប់ ។

ការចេញមុខថ្កោលទោសពីនាយករដ្ឋមន្រ្តីនេះ ចំពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានប្រកាស​ត្រៀម​បោះពុម្ព​ខិត្តប័ណ្ណ​​ ១០ ​ម៉ឺន​សន្លឹក​សម្រាប់​ចែកជូន​ពលរដ្ឋ ​​កុំ​ទៅ​បោះឆ្នោត​ ប្រសិន​ការបោះឆ្នោតនេះអវត្តមាន​បក្សសង្គ្រោះ​ជាតិ​នោះ។

 

                                                  នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។

 

តាមទំព័រហ្វេសប៊ុករ​បស់សម្តេច ហ៊ុន សែន នៅថ្ងៃទី ០៤ ឧសភា នេះ សម្តេចបានលើកយកមាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ដោយលើកពីករណីកិច្ចរបស់ប្រជាពលរដ្ឋចូលរួមការបោះឆ្នោត។ មាត្រានេះចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជាមូលដ្ឋាន គឺសិទ្ឋិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។

ទំព័រហ្វេសប៊ុករបស់សម្តេចដដែលនេះ បានថ្កោលទោសចំពោះការឃោសនាដែលមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ដោយចាត់ទុកថាទង្វើមួយ បានរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា ១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត។

បើទោះបីជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះជននោះឱ្យចំៗក្តី តែករណីនេះគេអាចសន្និដ្ឋានបានថា គឺសម្តេចចង់ឆ្លើយតប​ និងវាយប្រហារលើអតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែល បានអំពាវនាវដល់ពលរដ្ឋកុំចេញទៅបោះឆ្នោតជាតិ ប្រសិនបើគ្មានបក្សសង្គ្រោះជាតិចូលរួម។

លើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២៨ មេសា លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើពហិការ កុំទៅបោះ ឆ្នោតឱ្យសោះ បើរដ្ឋអំណាចសព្វថ្ងៃមិនឱ្យគណបក្សសង្គ្រោះជាតិមានឈ្មោះបោះឆ្នោតជាតិខាងមុខនោះ។

លោក សម រង្ស៊ី បានប្រៀបប្រដូច ការធ្វើពហិការមិនចូលរួមបោះឆ្នោត គឺជាជំហរ និងកាយវិការមួយដ៏ថ្លៃថ្នូរ ត្រឹមត្រូវ និងមានប្រសិទ្ធិភាព​។ លោក សម រង្ស៊ី ក៏បានប្រៀបធៀបការមិនចេញទៅបោះឆ្នោត ប្រៀបបានដូចជាការដកភាពស្របច្បាប់ចេញពីការបោះឆ្នោតក្លែងក្លាយក្នុងរបបផ្តាច់ការ ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យដែលពិភពលោកកំពុងថ្កោលទោស។

កាលពីថ្ងៃទី០១ ឧសភា លោក សម រង្ស៊ី បានសរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ​លោកត្រៀមខ្លួន​រួច​​ដើម្បី​បោះពុម្ព​ខិត្តប័ណ្ណ​​ ១០ ​ម៉ឺន​សន្លឹក ​ចែក​ជូន​ពលរដ្ឋ ​ដោយ​ប្រាប់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​។ លោក​បន្ថែម​ថា ​ដំណើរការ​នៃ​ការបោះពុម្ព​ខិត្តប័ណ្ណ​នេះ​នឹង​ធ្វើ​ឡើង​ បន្ទាប់ពី​ឱសានវាទ​នៃ​ការចុះ​ឈ្មោះ​បក្ស​នយោបាយ​ត្រូវ​ផុតកំណត់ ហើយ​គ្មាន​បក្សប្រឆាំង​ចូលរួម​។

លើទំព័រហ្វេសប៊ុកដដែលនោះ លោក សម រង្ស៊ី បានបង្ហាញពីទម្រង់នៃខិត្តប័ណ្ណដោយមានរូបលោក សម រង្ស៊ី ចាប់ដៃជាមួយលោក កឹម សុខា និងស្លាកសញ្ញាបក្សសង្គ្រោះជាតិ ដោយភ្ជាប់អត្ថន័យថា មិនចេញទៅបោះឆ្នោត គឺ«គាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងចិត្តហើយចង់អោយគណបក្សនេះ មកដឹកនាំប្រទេសដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន។ ដែលនេះជាជម្រើសទី ១ ក្នុងខិត្ត ប័ណ្ណនេះ។ ចំណែកជម្រើសទី ២ លោកបាន សរសេរថា បើទៅបោះឆ្នោត គឺគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ឱ្យគណបក្សនេះដឹកនាំប្រទេសតទៅមុខទៅទៀត ដូចសព្វថ្ងៃ។ ក្នុងជម្រើសទី ២ នៃខិត្តប័ណ្ណនេះ ក៏មានភ្ជាប់រូបភាពសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន អមជាមួយស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាផងដែរ។

កាលពីដើមខែមេសា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ឬស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងទុច្ចរិត ធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ។ ​

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ ជ ប ជនដែលធ្វើសកម្មភាពដោយផ្ទាល់ ឬប្រយោល រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យចេញទៅបោះឆ្នោត ​នឹងត្រូវទទួលទោសរដ្ឋប្បវេណីដោយពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ដោយ គ ជ ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ។

ពាក់ព័ន្ធគម្រោងបោះពុម្ព​ខិត្តប័ណ្ណ​​នេះមន្រ្តី គ ជ ប បានបញ្ជាក់ប្រាប់សារព័ត៌ក្នុងស្រុកថា ទង្វើរបស់លោក សម រង្ស៊ី គឺផ្ទុយពីច្បាប់ ដែលត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់។ ជាងនេះទៀត មន្រ្តី គ ជ ប ក៏បានព្រមានពីការទទួលខុសត្រូវផ្លូវច្បាប់ផងដែរ ចំពោះអ្នកលេងបណ្តេញសង្គមហ្វេសប៊ុកដែលចូលខ្លួនពាក់ព័ន្ធករណីនេះ។

ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជំរុញឱ្យពលរដ្ឋធ្វើពហិការមិនចេញទៅបោះឆ្នោតនេះ អ្នកវិភាគនយោបាយមើលឃើញថា ប្រសិនរឿងនេះជោគជ័យមែនវានឹងប៉ះពាល់យ៉ាងខ្លាំង ទៅលើភាពអាចជឿជាក់បាននៃការបោះឆ្នោត និងភាពស្របច្បាប់នៃរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត៕

Share

Image
Image
Image