ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ កុម្ភៈនេះ បានដាក់ចេញនូវអនុសាសន៍ថ្មីមួយដោយបញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវបញ្ចេញសាច់ប្រាក់ជាថវិការបស់រដ្ឋ ដើម្បីដោះស្រាយបញ្ហារបស់កម្មករកាត់ដេរដែលត្រូវបានថៅកែបិទទ្វាររត់ចោលពួកគេនោះ។
សហជីពការពារផលប្រយោជន៍កម្មករសាទរចំពោះអនុសាសន៍ថ្មីនេះ ដោយយល់ថាជម្លោះតវ៉ារ៉ាំរ៉ៃដែលកើតមានកន្លងមកគឺកើតចេញពីថៅកែមិនបើកប្រាក់អត្ថប្រយោជន៍ជូនកម្មករពេលបិទរោងចក្រ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់ទឹកថ្លា រាជធានីភ្នំពេញជាង ១ម៉ឺននាក់ សម្តេច ហ៊ុន សែន បានបញ្ជាទៅក្រសួងពាក់ព័ន្ធ ពិសេសគឺក្រសួងការងារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបញ្ចេញថវិការដ្ឋ ដើម្បីដោះស្រាយបញ្ហាតវ៉ារបស់កម្មករពេលថៅកែរត់ចោលពួកគេ។
សម្តេចប្រកាសថា អនុសាសន៍ថ្មីបន្ថែមទៀតនេះ ក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យទាន់ពេលវេលា ជៀស វាងបណ្តែតបណ្តោលទុកឱ្យកម្មករចេញតវ៉ា ឬធ្វើកូដកម្មយ៉ាងអនាធិបតេយ្យនៅមុខរោងចក្រនោះ។
ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលនេះពេលនេះ គឺបន្ទាប់ពីកម្មកររោងចក្រចំនួន ៣ ក្នុងខ័ណ្ឌពោធិ៍សែនជ័យត្រូវបានថៅកែបិទទ្វាររត់ចោល ក្រោយពីថៅកែបញ្ចូនពួកគេឱ្យមកស្រាប់ និងជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ០៧ កុម្ភៈ កន្លងទៅ។
សម្តេច ហ៊ុន សែន៖«អញ្ចឹងបញ្ហានេះកុំឱ្យកើតជាជំងឺរ៉ាំរ៉ៃ កើតមានស្ថានភាពហ្នឹងភ្លាមចុះដោះស្រាយបញ្ហាភ្លាម ដកថវិកាយ៉ាង ណាដើម្បីដោះស្រាយនូវប្រាក់បៀរវត្តន៍ឱកយកម្មករជំនួសសិន។ ខ្ចីប្រាក់ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬក៏ក្រសួងណាក៏ប្រាក់ណា ក៏ដោយដោះស្រាយឱ្យកម្មករកម្មការិនីសិន បន្ទាប់ទៅជំហានបន្តយើងដោះយ៉ាងម៉េចទៀត កុំឱ្យកម្មករគាត់ខ្វះប្រាក់ខែក្នុងពេលវេលាហ្នឹង នេះជាអនុសាសន៍មួយបន្ថែមទៀតដែលមានស្រាប់»។
ទាក់ទិនបញ្ហានេះលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា(ស៊ីខៅឌូ) សាទរចំពោះអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល។ លោកបន្តថា ជម្លោះតែងតែកើតឡើងនាពេលកន្លងមក គឺភាគច្រើនកើតចេញពីម្ចាស់រោងចក្របិទទ្វារដោយមិនទូទាត់ប្រាក់អត្តប្រយោជន៍នានាជូនកម្មករ។
លោក អាត់ ធន់៖«ខ្ញុំគិតថាវាជារឿងមួយល្អដែលរដ្ឋជួយអន្តគមន៍បញ្ចេញសាច់ប្រាក់បុរេប្រទានជូនកម្មករ ហើយទូទាត់តាមក្រោយ ព្រោះជម្លោះរ៉ាំរ៉ៃវិវាទ ដែលកើតឡើងគឺបញ្ហាដែលមិនបើកលុយឱ្យកម្មករហ្នឹង»។
កាលពីថ្ងៃទី៨ កុម្ភៈ កម្មករ-កម្មការិនីប្រមាណ ២ ពាន់នាក់បានតវ៉ានៅមុខរោងចក្រចំនួន ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីម្ចាស់រោងចក្របានបិទទ្វាររត់គេចខ្លួន ក្រោយពីបញ្ជូនកម្មករទៅស្តាប់សុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនោះ។
កម្មករនៅរោងចក្រ Yu Fa Garment Industry រោងចក្រ Yu Da Garment Industry និងរោងចក្រ SRE Garment Co Ltd បានប្រាប់អ្នកសារព័ត៌មានថា ពួកគេត្រូវបានថៅកែរត់ចោល ទាំងមិនទាន់ទទួលបានប្រាក់បំណាច់ ឬប្រាក់ខែក្នុងខែមករា ឆ្នាំ២០១៨នេះទេ។ យ៉ាងណាតាមការគូសបញ្ជាក់ពីលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ រោងចក្រចំនួនពីរ Yu Da Garment Industry និងរោងចក្រ SRE Garment Co Ltd បានដោះស្រាយបញ្ចប់ជម្លោះជាមួយកម្មកររួចហើយកាលពីសប្តាហ៍មុន។
តាមការ បញ្ជាក់ដោយប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ គឺយ៉ាងហោចណាមានរោងចក្រចំនួន១០ដែលមានទីតាងក្នុងរាជធានីភ្នំពេញបានបិទទ្វាររត់ចោលកម្មករដោយពុំបានទូទាត់អត្ថប្រយោជន៍ជូនកម្មករនោះឡើយ។ ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បញ្ជាក់ថា រោងចក្រដែលបានរត់ចោលកម្មករទាំងនេះ ភាគច្រើនជារោងចក្រដែលមានកម្មករតិចតួចតែប៉ុណ្ណោះ៕