en     km
en     km

សម្តេច ហ៊ុន សែន បើកផ្លូវចរចាផ្នែកនយោបាយពេលទៅអូស្រ្តាលី តែមិនសន្ទនាជាមួយពួកប្រឆាំង

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីជំហររបស់ខ្លួនថា សម្តេចនឹងអាចបើកផ្លូវចរចាជាមួយបក្សនយោបាយស្របច្បាប់ ដោយលើកឡើងពីដំណោះស្រាយផ្នែកនយោបាយមកពិភាក្សាពេលសម្តេចទៅចូលរួមកិច្ចប្រជុំកំពូសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលីនាពេលខាងមុខ។

តែយ៉ាងណាសម្តេចបានបញ្ជាក់ថា ក្នុងជំនួបចរចានៅប្រទេសអូស្រ្តាលីនោះ គឺសម្តេចបដិសេធមិនជួបជាមួយអតីតបក្ខពួកប្រឆាំងនោះទេ ហើយជំនួបចរចានោះទៀតសោត ក៏ហាមមិនឱ្យលើកយកបញ្ហាអ្នកទោសនយោបាយ និងអ្នកនយោបាយដែលត្រូវដកហូតសិទ្ធិទាំង ១១៨រូប មកដាក់លើតុចរចានោះដែរ។

សម្តេចសង្កត់ធ្ងន់ថា ការលើកលែងទោសណាមួយចំពោះមន្រ្តីអតីតបក្សប្រឆាំង និងការផ្តល់សិទ្ធិនយោ បាយដល់មន្រ្តីអតីតបក្សប្រឆាំងទាំង១១៨រូប គឺលុះត្រាតែអ្នកទាំងនោះបានអនុវត្តទោសយ៉ាងតិច ២ភាគ៣ តាមច្បាប់ស្តីពីពន្ធនាគារជាមុនសិទ្ធិ ទើបនាយករដ្ឋមន្រ្តីអាចមានសិទ្ធិស្នើព្រះមហាក្សត្រលើកលែងទោសបាន។

សម្ដេច ហ៊ុន​ សែន  ៖

 

ការថ្លែងរបស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ មីនា ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញនេះ គឺឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីតមន្រ្តីបក្សប្រឆាំង ដែលបានផ្តល់សម្ភាសន៍ដល់កាសែត Reuters ដែលលោកមានជំហរ​រង់ចាំ​ជួប​សន្ទនា​ជាមួយ​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅអូស្រ្តាលី។

លោក សម រង្ស៊ី ​អតីត​មេគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ និងកំពុង​រស់នៅនិរទេស​ខ្លួន​ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ទាក់ទង​នឹង​បណ្តឹងជាច្រើនរបស់មន្រ្តីរដ្ឋាភិបាលនោះ​ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ​៖«លោកត្រៀមខ្លួនជានិច្ច ជួបសន្ទនាជាមួយរដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ចំពោះវិបត្តិដែលមិនធ្លាប់មានដូចសព្វថ្ងៃ»។

លោក សម រង្ស៊ីសរសេរបន្តថា ៖«ជំនួបនេះអាចជាជាដំណោះស្រាយតែមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ»។

តែយ៉ាងណាមិញ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា លោកមិនជួបចរចាជាមួយក្រុមបក្ខពួកប្រឆាំងឡើយ ជាពិសេសក្រុមដែលដុត ទីងមោងបំពាក់រូបថតរបស់សម្តេចនោះ។ សម្តេចថា លោកគ្មានតម្លៃគ្រប់គ្រាន់ដើម្បីទៅចរចាជាមួយពួកក្បត់ជាតិ ដែលចង់ឱ្យបរទេសដាក់សម្ពោធលើរដ្ឋាភិបាលកម្ពុជានោះទេ៕

 

Share

Image
Image
Image