en     km
en     km

សម្តេច ហ៊ុន សែន ស្វាគមន៍បក្សថ្មីចូលប្រកួត តែប្រតិកម្មការអំពាវនាវមិនឱ្យពលរដ្ឋចេញបោះឆ្នោត

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី០៧ ឧសភា នេះបានប្រកាសស្វាគមន៍គណបក្សនយោបាយ និងគណបក្សទើបបង្កើតថ្មីចូលរួមការប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខ ដោយសម្តេចបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវសម្រួលនិតីវិធីឱ្យបានងាយស្រួលដល់គណបក្សទាំងនោះ។ តែនៅពេលជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មចំពោះការអំពាវនាវឱ្យប្រជាពលរដ្ឋពហិការមិនចេញទៅបោះឆ្នោត ថាជាការបំពានច្បាប់។  

 

                                                                   ​              សម្តេច ហ៊ុន សែន(ឆ្វេង៌ លោក សម រង្ស៊ី (ស្តាំ)។

 

ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ នៅថ្ងៃទី០៧ ឧសភានេះ សម្តេច ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់គណបក្សនយោបាយចាស់ និងថ្មី ព្រមទាំងគណបក្សដែលបំរុងបង្កើតថ្មីទាំងអស់ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។ ក្នុងឱកាសនោះដែរ សម្តេចបានស្វាគមន៍ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបង្កើតឡើងដោយក្រុមបណ្ឌិតបញ្ញវ័ន្តដែលប្រកាសសម្រេចចូលរួមការបោះឆ្នោតជាតិ​នេះ។ ឆ្លៀតក្នុងឱកាសនោះសម្តេច ហ៊ុន សែន ក៏ដាក់ចេញនូវបទបញ្ជា ដោយតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបង្កភាពងាយស្រួលចំពោះគណបក្សគ្រោងបង្កើតថ្មីទាំងដែលចង់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។

សម្តេច ហ៊ុន សែន៖

ក្នុងពិធីដដែលនោះសម្តេចនាយករដ្ឋមន្រ្តីបានប្រតិកម្មចំពោះជនមួយចំនួន ដែលបានអំពាវនាវឱ្យពលរដ្ឋធ្វើពហិការមិនចេញទៅបោះឆ្នោតជាតិនាពេលខាងមុខថា ជាអំពើរំលោភបំពានច្បាប់ ដោយករណីនេះសម្តេចចង់សំដៅលើលោក សម រង្ស៊ី ព្រោះអតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិនៅក្រៅប្រទេសរូបនេះ បានអំពាវនាវតាមទំព័រហ្វេសប៊ុកឱ្យពលរដ្ឋធ្វើពហិការកុំចេញទៅបោះឆ្នោត ប្រសិនបើគ្មានវត្តមានគណបក្សសង្គ្រោះជាតិនោះ។ ជាងនេះទៀតលោកគ្រោងបោះខិត្តប័ណ្ឌចំនួន ១០ម៉ឺនសន្លឹកចែកជូនពលរដ្ឋ ពាក់ព័ន្ធនឹងការធ្វើពហិការនេះ។

 

មួយវិញទៀត សម្តេច ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំង ដែលតែងតែបំភ័យពីភាពមិនស្របច្បាប់នៃការបោះឆ្នោតជាតិខាងមុខ និងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិព្រោះគ្មានបក្សប្រឆាំងចូលរួមនោះថា ជារឿងភូតភរពលរដ្ឋ។ សម្តេចអៈអាងថា ការបោះឆ្នោតជាតិនេះ គឺមានសមាគមន៍អន្តរជាច្រើន ក្នុងនោះក៏មានប្រទេសមហាអំណាចមួយចំនួនផងដែរ ទទួលស្គាល់ពីលទ្ធផលបោះឆ្នោតរួមទៅហើយ។

សម្តេច ហ៊ុន សែន៖

ជាការកត់សម្គាល់ នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបិទសិទ្ធិនយោបាយមន្រ្តីបក្សនេះចំនួន១១៨រូប សហគមន៍អន្តរជាតិ និងស្ថាប័នអន្តរជាតិជាច្រើនបានចេញមកថ្កោលទោសយ៉ាងខ្លាំង ដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវសម្រួលស្ថានភាពនយោបាយឱ្យវិលទៅរកប្រក្រតីភាពវិញ ពោលគឺត្រូវរៀបចំការបោះឆ្នោតមួយដោយមានវត្តមានបក្សប្រឆាំងចូលរួមដូចការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។

ក្នុងនោះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសផ្អាក់ជំនួយភ្លាមៗដល់ស្ថាប័នរៀបចំការបោះឆ្នោតកម្ពុជា។​ តែយ៉ាងណាប្រទេសជប៉ុនដែលត្រូវគេរំពឹងថា នឹងអាចមិនផ្តល់ជំនួយដល់ គ ជ ប នោះឥឡូវប្រទេសនេះបានសម្រេចផ្តល់សម្ភារៈមួយចំនួនដល់ គជប ដែលគិតជាទឹកប្រាក់ជិត ១០លានដុល្លារក្នុងដំណើរការបោះឆ្នោតជាតិនេះ។  

កាលពីម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសសម្រេចចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនេះ បើទោះបីខ្លួនមិនសូវទទួលបានជោគជ័យកាលបោះឆ្នោតឃុំសង្កាត់យ៉ាងណាក្តី។ ការសម្រេចចូលរួមការបោះឆ្នោតជាតិថ្ងៃទី២៩ កក្កដា របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពីព្រឹក​ថ្ងៃអាទិត្យ ទី៦ ឧសភា​ នៅឯ​ស្នាក់ការ​កណ្តាល ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ និង​អ្នកតំណាង​ខេត្ត​នៃ​គណបក្ស​ប្រមាណ​ជា ១០០​នាក់​។

ជុំវិញករណីការអំពាវនាវឱ្យពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោត និងគម្រោងបោះពុម្ភខិត្តប័ណ្ណរបស់លោក សម រង្ស៊ី វិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់កាសែតក្នុងស្រុកថា ខ្លួននឹងសហការជាមួយស្ថាប័ន គជប ដើម្បីចាត់វិធានការប្រឆាំងនឹងសកម្មភាពទាំងនោះ។ ចំណែកមន្រ្តីគជប វិញធ្លាប់បានប្រកាសព្រមានពិវិធាការច្បាប់ ចំពោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពីការចូលខ្លួនពាក់ព័ន្ធករណីនេះ៕

 

Share

Image
Image
Image