en     km
en     km

សហគមន៍​អន្តរជាតិ​ចាប់ផ្ដើម​សាទរ​ប្រទេស​ភូមា​មាន​ប្រធានាធិបតី​ថ្មី​

Share

សហគមន៍​អន្ដរជាតិ​ចាប់ផ្ដើម​អបអរសាទរ​ប្រទេស​ភូមា​ ដែល​មាន​ប្រ​ធានា​ធិប​តី​ថ្មី​​មក​​ពី​គណ​បក្ស​ប្រឆាំង​​លម្អៀង​​ប្រជា​​ធិប​​តេយ្យ​​​។​ កាល​ពី​​ថ្ងៃ​​ម្សិលម៉ិញ​ ស្ថាន​ទូត​​​​​ចិន​​​ប្រចាំ​ភូមា​ បាន​​​ចេញ​សេចក្ដី​ថ្លែងការណ៍​​មុន​គេ​​ដោយ​​អបអរ​សាទរ​មេ​ដឹក​នាំ​​ថ្មី​ គឺ​លោក​ អ៊ូ​ ទី​ន​ក្យូ​វ​ ដែល​​ជា​ជំនួយ​ការ​​ជិត​ស្និទ្ធ​​បំផុត​​របស់​​លោក​ស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ ត្រូវ​​បាន​​តែង​តាំង​​ជា​​ប្រធា​នា​ធិប​តី​​។​

Mayamar-Prisident
លោក​ អ៊ូ​ ទី​ន​ក្យូ​វ​ (ពាក់អាវពណ៌ស) ត្រូវ​​បាន​​តែង​តាំង​​ជា​​ប្រធា​នា​ធិប​តី​​ភូមានាពេលថ្មីៗនេះ

សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​ចិន​បាន​លើក​ឡើង​ថា​៖​ ចិន​ប្រាថ្នា​ឲ្យ​ប្រទេស​ភូមា​ ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ជាតិ​ច្រើន​ថែម​ទៀត​ហើយ​ស​ង្ឈឹ​ម​ថា​រដ្ឋាភិបាល​ថ្មីនេះ ​នឹង​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ​ប្រកបដោយ​មិត្តភាព​ជាមួយ​និង​ប្រទេស​ចិន​។​

តំណាលគ្នា​នេះ​ដែរ ស្ថានទូត​ប្រទេស​បារាំង​នៅ​ទីក្រុង​ Yangon​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​សារ​ទរ​ប្រទេស​ភូមា ដែល​​មាន​មេ​ដឹកនាំ​ថ្មី​ផង​ដែរ​។​

​ស្ថានទូត​បារាំង​បាន​និយាយ​ថា​៖ «​ការ​បោះ​ឆ្នោត​ជ្រើសរើស​លោក ​អ៊ូ​ ទី​ន​ក្យូ​វ ​ធ្វើ​ជា​​ប្រធានា​ធិបតី​ គឺ​មាន​​ន័យ​​ថា​​ប្រទេស​​នេះ​បាន​​ធ្វើការ​​ផ្ទេរ​អំណាច​​ដោយ​​សន្ដិ​វិ​ធីំ​​មួយ​​ជំហាន​ៗ​​ដើម្បី​​ឆ្ពោះ​ទៅ​​រក​ការ​​ផ្ទេរ​អំណាច​​ទាំង​ស្រុង​ ហើយ​​បារាំង​​ស​ង្ឃឹម​ថា ភូមា​​នឹង​ក្លាយ​ជា​ប្រទេស​ប្រកប​ដោយ​​ប្រជាធិប​តេយ្យ​ ​ការ​អភិវឌ្ឍន៍ ​និង​ការ​បង្រួបបង្រួម​ជាតិ​»​។​

​ចំណែកឯ​អង្គការសហប្រជាជាតិ​វិញ​ក៏​បាន​ប្រកាស​អបអរសាទរ​ផង​ដែរ​ ។​ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​អបអរសាទរ​ការ​វិវត្តន៍​នយោបាយ​ដ័​វិជ្ជមាន​និង​មាន​សារៈសំខាន់​បំផុត​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​កែទម្រង់​ការ​ដឹកនាំ​ប្រទេស​។ លោកបាន​ហៅ​ការ​ជាប់​ឆ្នោត​របស់​ប្រធានាធិបតី ​អ៊ូ​ ទិន​ក្យូ​វ​ ថា​ជា​ការ​បោះ​ជំហាន​ដ៏​មាន​សារៈសំខាន់​ ឆ្ពោះទៅ​រក​ការ​ផ្ទេរអំណាច​ប្រកបដោយ​សាមគ្គីភាព​ ស្ថេ​រ​ភាព​ និង​ការ​យោគយល់​»​។

​ដោយឡែក​មេដឹកនាំ​កំពូល​ដ៏​មាន​ឥទ្ធិពល​គឺ​លោក​ឧត្តមសេនីយ៍​ មីន​ អ៊ុ​ង​ឡាំង​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អបអរសាទរ​លោក ​អ៊ូ​ ទី​ន​ក្យូ​វ​ និង​គណបក្ស​​សម្ព័ន្ធជាតិ​​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ ផង​ដែរ​។​

​ចំណែកនៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧត្តមសេនីយ៍​ មីន ​អ៊ុ​ង​ឡាំង​ បាន​ប្រកាស​ថា​៖ «​កងទ័ព​មាន​មោទនភាព​ហើយ​​ត្រូវ​គាំទ្រ​ប្រធានាធិបតី​ថ្មី​រូប​នេះ ​គឺ​ម្យ៉ាង​គត់​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សន្ដិភាព​ឯកភាព​ជាតិ​និង​ការ​អភិវឌ្ឍន៍​»​។​

​គេ​រំពឹង​ថា​គណៈរដ្ឋមន្ដ្រី​ថ្មី​របស់​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ នឹង​កើត​រូប​រាង​​នៅ​ថ្ងៃ​ ៣០ មីនា​ ខាងមុខ ហើយ​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ អាច​នឹង​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​៕​

ប្រភព​:Mizzima​

Share

Image
Image
Image