en     km
en     km

សហភាពអឺរ៉ុបប្រកាសដំណើរការនៃការដកការអនុគ្រោះពន្ធEBAដំណាក់កាលទី២ពីកម្ពុជា

Share

សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅប្រទេសប្រ៊ុចហ្សែលបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរ​នៃការដកអនុគ្រោះពន្ធEBAក្នុងដំណាក់កាលទី២ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះទៅ ហើយអាចនាំទៅរកការដកការអនុគ្រោះ​ពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន។

តាមសេចក្ដីប្រកាសនេះ​ គឺគោលដៅរបស់សហភាព​អឺរ៉ុបគឺចង់ឃើញស្ថានភាពសិទិ្ធមនុស្ស សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់​ពលរ​ដ្ឋកម្ពុជា ត្រូវ​បានអនុវត្តជាក់ស្ដែង។  

លោកស្រី Federica Mogherini  ប្រមុខការទូត និងជាអនុប្រធានគណៈ​កម្ម​ការ​អឺរ៉ុបបានរៀបរាប់​នៅ​ក្នុងសេចក្ដីប្រកាសដែលមានន័យដូចនេះថា៖«ក្នុងរយៈពេល១៨ខែហើយ ដែលយើង​បាន​ធ្វើការ​កត់សំគាល់ថាស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់​តែ​អាក្រក់ទៅៗ។ កាលពីខែកុម្ភៈឆ្នាំ២០១៨ ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់​រូច​ហើយអំពីស្ថានការណ៍វិវឌ្ឍន៍ដែលធ្ងន់ទៅៗ។ ជាថ្មីទៀតក្នុងប៉ុន្មានខែមកនេះ ឃើញថា ភាគីកម្ពុជា បានធ្វើឱ្យមានកត់សម្គាល់ជាវិជ្ជមានខ្លះដែរ ដូចជាការដោះលែង អ្នកទោស​នយោបាយ សកម្មជនស៊ីវិល អ្នកសារព័ត៌មាន រួមទាំងការបន្ថយ ការរឹតត្បិតលើ សកម្មភាព សង្គមស៊ីវិលនិងសកម្មជន សហ ជីព។ តែយ៉ាងណា យើងមើលឃើញថាគ្មានអ្វីល្អប្រសើរជាង​នេះ​ទៀតទេដែលភាគីកម្ពុជាអាចបំពេញបានទៅលើស្ថានភាពជាក់ស្ដែង ដែលមាននៅក្នុង​ស្មារតី​នៃ​លក្ខខ័ណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធEBA។ ក្នុងន័យនេះ យើងសហភាពអឺរ៉ុបនៅត្រូវតាំង​ចិត្ត​ធ្វើជាដៃគូជាមួយកម្ពុជាដែលជាផលប្រយោជន៍នៃប្រជាជនកម្ពុជា។ គោលដៅនៃ​ការ​បន្តគាំទ្រ របស់យើង គឺការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេស​កម្ពុជា ដែលត្រូវចាត់ទុកថាជា​ចំណុច​រួម​នៃ​ភាពជាដៃគូនឹងគ្នា»។

ក្នុងសេចក្ដីប្រកាសនេះ លោកស្រី Cecilia Malmström  ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ក៏បានចូលរួមប​ញ្ជាក់ថាទោះជាមាននៅដំណាក់ម្ដងទៀតក្ដី​ ប៉ុន្តែទ្រនិចនាឡិកាកំពុងដើរហើយ គឺនៅសល់ពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ។  

តាមសេចក្ដីប្រកាសនេះ គឺរយៈពេល ៦ខែទៀតនេះ គឺជាពេលវេលាតាមដាន និងវាយ​តម្លៃ​ជាក់ស្ដែងហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា។ ក្រោយពីធ្វើការតាម​ដាន និងវាយ​តម្លៃ ​១២ខែមក គឺជា​ពេល​វេលា​នៃដកការអនុគ្រោះពន្ធ EBAជាផ្លូវការដោយមានការកំណត់​ថេរវេលា​នៃការដកការអនុព្រោះពន្ធនេះ។

សូមជម្រាបថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈ​កម្មការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩​ មករា​ ឆ្នាំ២០១៩។

ទំនិញវាយនភ័ណ្ឌ ស្បែកជើង ផលិតផលបន្លែ អង្ករ កង់ពីកម្ពុជា ដែល​នាំ​ទៅ​​កាន់​ទីផ្សារអឺរ៉ុបបានឡើងដល់ ៩៧ ភាគរយ នៅឆ្នាំ ២០១៨។ ជារួមទៅ​ទំហំ​នាំ​ចូលទីផ្សារ​អឺរ៉ុប មាន ៤ពាន់ ​៩រយ​ លានអឺរ៉ូ កើន ៩៩ភាគរយ ដែលស្ថិតក្រោម​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA។

វិទ្យុស្ត្រី មិនទាន់បានសុំការ ឆ្លើយតបពី អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ចំពោះការ ប្រកាសព័ត៌មានរបស់ គណៈកម្មការអឺរ៉ុបនៅឡើយទេ ៕   ​

អត្ថបទ​​ប្រែសម្រួលក្រៅផ្លូវការ ៖ដោយលោក នួន បូរិន្ទ

Share

Image
Image
Image