en     km
en     km

សហមេធាវី៖នួន ជា មិនអស់ចិត្ត ដោយសារតុលាការមិនកោះហៅសាក្សីសំខាន់ៗមកបំភ្លឺ

Share

សហមេធាវីការពារក្ដីលោកនួនជាថាការប្ដឹងសាទុក្ខគឺជាគោលបំណងចុងក្រោយនៃជីវិតរបស់លោកនួនជា។ការប្ដឹងសាទុក្ខរបស់លោកគឺដើម្បីជម្រាបប្រាប់ទៅតុលាការកំពូលនៃសាលាក្ដីពិសេសថាតុលាការជាន់ទាបបានបំពាននីតិវិធីរបស់ខ្លួនដោយមិនបានកោះហៅសាក្សីសំខាន់ៗដទៃទៀត តាមការស្នើរបស់លោក។

កញ្ញា ឆោម ពៅនិកាលម្អិតព័ត៌មាននេះ

បណ្ដឹងសារទុក្ខនឹងនាំឱ្យមានកិច្ចនីតិវិធីមួយដែលអាចធ្វើឱ្យលោកនួនជា អាចសំដែងការពិតមួយចំនួនមុននឹងគាត់ទទួលមរណភាព។តែជាអកុសលក្ដីសង្ឃឹមរបស់គាត់បានរសាត់បាត់ទៅហើយ ព្រោះលោកបានទទួលមរណភាពកាលពីថ្ងៃទី៤សីហាវេលាម៉ោង៦ល្ងាច នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតដោយជំងឺនិងវ័យចាស់ជរា។

មរណភាពរបស់លោកគឺមុនតុលាការកំពូលសម្រេចបើកសវនាការលើបណ្ដឹងសាទុក្ខ។ ការប្ដឹងសារទុក្ខរបស់លោកគឺនិយាយអំពីតុលាការជាន់ក្រោមគឺសាលាដំបូង នៃអង្គជំនុំជម្រះក្ដីវិសាមញ្ញតុលាការកម្ពុជា បានបំពាននីតិវិធី ដោយមិនបានកោះហៅសាក្សីសំខាន់ៗមួយចំនួនតាមការស្នើរបស់លោក។

នេះបើតាមសម្ដីលោក លីវ សុវណ្ណា សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នួន ជាដែលបានថ្លែងអំពីបំណងបង្ហាញការពិតនៅក្នុងការពិតដល់ទៅប្រជាជនកម្ពុជាតាមរយៈសន្និសីទ​សារព័ត៌មាន​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែ​សីហា​។

សិទ្ធិកោះហៅសាក្សី គឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការស្វែងរកការពិតដោយសាក សួរលម្អិត ព្រោះពួកគេជាប្រភេទនៃភស្ដុតាងដែលអាចជាបុគ្គលដឹងរឿងហេតុដែល ភាគីចង់បញ្ចូល ឬ ជាបំណងរបស់តុលាការ។

តើនរណាខ្លះជាសាក្សីសំខាន់ៗដែលលោកនួន ជា បានស្នើឱ្យតុលាការកោះហៅ?

កាលពីខែកក្កដា ប្រហែលដោយដឹងថាខ្លួនមិនអាចបន្ដរស់បានយូរជាងនេះទៀត លោកនួនជា បានឱ្យមេធាវីការពារក្ដីខ្លួនរៀបចំនីតិវិធីផ្ទេរសិទ្ធិដល់ក្រុមគ្រួសារដើម្បីឱ្យ បន្ដនីតិវិធីបណ្ដឹងសារទុក្ខជំនួសរូបលោក។មកទល់ពេលនេះ សហមេធាវីការពារក្ដីរបស់លោកបានជម្រាបសាធារណជនថាបណ្ដឹងទាំងនោះបានឈានដល់ដំណាក់កាលសរសេរសារណាជូនតុលាការកំពូលនៃសាលាក្ដីពិសេសនេះ ហើយ។លោកមេធាវី លីវ សុវណ្ណា បានថ្លែងបញ្ជាក់ទៀតថា មូលហេតុនៃបណ្ដឹងសារទុក្ខរបស់គាត់គឺបង្ហាញនូវមូលដ្ឋាន៣៥១ចំណុចធំៗ និង បណ្ដឹងរួមដែល៥៤៦ចំណុចតូចៗគឺសុទ្ធតែជាកំហុសរបស់តុលាការជាន់ទាបនៃសាលាក្ដីនេះ លើ សំណុំរឿង ០០២/០២ ហើយមូលដ្ឋានកំហុសនេះគឺទាក់ទងបំពាននីតិវិធី សិទ្ធិរបស់ជនជាប់ចោទ នួនជា  គឺមានពិសេសក្នុងការកោះហៅសាក្សី។

តាមលោកមេធាវី គឺលោកនួនជា បានចោទតុលាការជាន់ទាបថា មានភាពលម្អៀងក្នុងអង្គជំនុំជម្រះសាលាដំបូងដោយមិនគោរពលើសិទ្ធិរបស់គាត់នោះទេ គឺគាត់ចង់សម្ដែងការពិតក្នុងការពិតឱ្យបានដឹងជូនសាធារណជាតិ និង​អន្ដរជាតិ។ដូច្នេះការធ្វើបណ្ដឹងសារទុក្ខនេះជាក្ដីសង្ឃឹមចុងក្រោយរបស់លោក និង ជាសខ្មៅរបស់ ប្រជាពលរដ្ឋខ្មែរបានដើម្បីឱ្យបណ្ដឹងនេះបានចូលក្នុងសំណុំរឿងបាន។

បណ្ដឹងសារទុក្ខនេះ គឺ ប្ដឹងពាក់ព័ន្ធនឹងការមិនកោះហៅសាក្សីរបស់តុលាការ។

សូមជម្រាបថា ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ វគ្គ ១ គឺ​លោក នួន ជា បានចោទ​ប្រកាន់​សាលាក្ដី​ខ្មែរ​ក្រហម​នេះថា លំអៀង គ្មាន​ឯករាជ្យ និង​រំលោភ​បំពាន​សិទ្ធិរបស់​លោក។ ទន្ទឹម​នឹង​ការ​ចោទ​នេះ ជនជាប់ចោទ​ក៏​បង្គាប់​មេធាវី​ឱ្យ​ដក​ខ្លួន​ចេញ​ពី​សវនាការ​ ដែល​ធ្វើ​ឱ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ផ្អាក​សវនាការ​មុន​ពេល​កំណត់។

ជនជាប់ចោទ នួន ជាកាលណោះនៅក្នុងរង្វង់ក្រចកសេះបានលើកឡើងតាមន័យ ដើមថា៖ «ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ លើក​ឡើង​អំពី​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ គឺ​ការ​បដិសេធ​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង មិន​កោះហៅ​សាក្សី​របស់​ខ្ញុំ គឺ​លោក ហេង សំរិន។ លោក ហេង សំរិន គឺ​ពិត​ជា​សាក្សី​សំខាន់​ណាស់ សម្រាប់​សវនាការ​លើក​ទី​មួយ​របស់​ខ្ញុំ។ មេធាវី​ខ្ញុំ​បាន​ស្នើ​សុំ​ជា​ច្រើន​ដង ឱ្យ​កោះ​ហៅ​គាត់​មក​ធ្វើ​ជា​សាក្សី​នៅ​គ្រប់​ដំណើរ​ការ​សវនាការ។ ក្នុង​ឋានៈ​ជា​មេបញ្ជាការ​កង​កងវរសេនាធំ និង​ជា​អនុ​មេបញ្ជាការ​របស់​កងពល​មួយ ដែល​ដឹក​នាំ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ លោក ហេង សំរិន ជា​បុគ្គល​សំខាន់​មួយ​រូប ដែល​នៅ​រស់រាន​មាន​ជីវិត ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ជម្លៀស​ប្រជាជន ដោយសារ​គាត់​ជា​បុគ្គល​ដៃ​ស្ដាំ​របស់ សោ ភឹម នៅ​ក្នុង​ស្ថាប័ន​យោធា​របស់​ភូមិភាគ​បូព៌ា គាត់​អាច​ផ្ដល់​សក្ខីកម្ម​យ៉ាង​ទូលំទូលាយ​អំពី​ការ​ជម្លៀស​ប្រជាជន»

តែយ៉ាងណាមិញ លោក​នួន ជា ក៏បាននិយាយបន្ថែមថា តុលាការ​កំពូល​ក៏​បាន​បដិសេធ​ការ​កោះហៅ​លោក ហេង សំរិន ដែល​លោក​ស្នើសុំ​ធ្វើ​ជា​សាក្សី​ ។ ​លោកបាន​ប្រាប់​មេធាវី​របស់​លោក​មិន​ឱ្យ​ចូលរួម​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នោះដែរ។បន្ទាប់​ពី​អវត្តមាន​របស់​សហ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា ទាំង​មេធាវី​ជាតិ និង​មេធាវី​អន្តរជាតិ ប្រធាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក​ចៅក្រម គង់ ស៊្រីម ប្រកាស​ផ្អាក​សវនាការ ហើយ​ព្រមាន​ចាត់​វិធានការ​ដាក់​វិន័យ ចំពោះ​សហ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា។

មិនតែប៉ុណ្ណោះ លោក នួន ជាក៏ធ្លាប់ឱ្យមេធាវី​អន្ដរជាតិ​របស់​លោក ​ដាក់​បណ្ដឹង​ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញកាលពីឆ្នាំ២០១១​នេះ​ប្រឆាំង​ទៅ​នឹង​សម្ដេច​នាយករដ្ឋ​មន្ដ្រី​ ​និង​លោក​ជា ​ស៊ីម លោក​ ហោ​ ណាំហុង ​លោក​គាត ​ឈុន ​លោក​អ៊ុក ​ប៊ុនឈឿន ​លោក​ស៊ីម​កា ​។

សំណុំរឿង០០២គឺជាសំណុំរឿងរបស់អតីតមេដឹកនាំខ្មែរក្រហមពីរនាក់រួមមានលោក  នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងសំណុំរឿង០០២ គឺមានវគ្គ០១ ដែលជាការជំនុំជម្រះលើកទីមួយនៃការជំនុំ ជម្រះយ៉ាងតិចពីរ ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងនួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១គឺត្រូវបានផ្តោតសំខាន់ទៅលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

ចំណែកសំណុំរឿង ០០២/០២ គឺសំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា ដែលនឹងត្រូវជំនុំជម្រះទៅលើបទចោទបន្ថែមទៀត ពីដីកាដំណោះស្រាយក្នុងសំណុំរឿង ០០២ ពីបទអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។

អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា​ឬ ហៅថាតុលាការកូនកាត់ត្រូវបានមេធាវី ការពារក្ដីលោកខៀវ សំផន និង លោកនួន ជា ថាជាតុលាការតុបតែង។តែតុលាការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ក្រោមកិច្ចព្រមព្រៀងនៃអង្គការសហប្រជាជាតិនិងកម្ពុជា៕

Share

Image
Image
Image