en     km
en     km

សាច់ញាតិជនរងគ្រោះ៖ សោកនាដកម្មក្នុងឧប្បទ្ទវហេតុកោះពេជ្រគឺជាការកាត់យកបេះដូងពីទ្រូង(មានសំឡេង)

Share

ក្រុងភ្នំពេញ៖ សាលារាជធានីភ្នំពេញបានរៀបចំពីធី រំលឹកខួបលើកទី ៧ នៃព្រឹត្តិការសោកនាដកម្មកោកាលពីថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១០ ធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ នេះ ដែលក្នុងនោះមានអាណាព្យាបាល សាច់ញាតិ ជាច្រើនរយនាក់បានចូលរួម។ ក្នុងពិធីនេះ សាច់ញាតិ ជាច្រើនដែលមកធ្វើពិធីរាប់បាត្រ បានហៅ « សោកនាដកម្មក្នុងឧប្បទ្ទវហេតុនេះគឺជាការកាត់យកបេះដូងពីទ្រូង»។ព័ត៌មាននេះរាយការណ៍ដោយលោក សេរី វឌ្ឍនៈ ៖ 

 

ក្នុងពិធីរាប់បាត្របង្សុកូលនោះ គេសង្កេតឃើញមានព្រះសង្ឃជាង ១០០ អង្គ បានប្រារព្ធពិធីនេះ នឹងមានការរាប់បាត្រ នៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះដែលបានបាត់បង់ជីវិត។

សាច់ញាតិ អាណាព្យាបាល ឪពុកម្ដាយ ជាច្រើននាក់ បានមកចូលរួមក្នុងពិធីនេះ ដើម្បីបង្សុកូល ឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានោះ។

ស្រ្តីម្នាក់ដែលអង្គុយកាន់រូបថត នៅក្នុងទឹកមុខក្រៀមក្រំបង្ហាញពីការអាឡោះអាល័យដោយសារបានបាត់បង់កូនប្រុសម្នាក់ដ៏ជាទីស្រឡាញ់។

អ្នកស្រី ម៉េត សុគន្ធ បានប្រាប់មកអ្នកសារព័ត៌មានវិទ្យុស្រ្តីថា ការបាត់បង់កូនប្រុសរបស់អ្នកស្រី គឺជារឿងឈឺចាប់បំផុត ដែលស្មើនឹងយកកាំបិតកាត់ផ្តាច់បេះដូង អ្នកស្រីជាចំរៀកៗ ព្រោះថាកូនអ្នកស្រីទើបតែមានវ័យ ១២ ឆ្នាំប៉ុណ្ណោះ។

អ្នកស្រីក៏បានអំពាវនាវឲ្យរដ្ឋាភិបាល រៀបចំឲ្យរក្សាសណ្តាប់ធ្នាប់ ជាពិសេសក្នុងឱកាសបុណ្យទានម្ដងកុំឲ្យមានករណីណា ដូចករណីឧប្បទ្ទវហេតុកោះពេជ្រនេះកើតឡើងម្ដងទៀត។

នៅក្នុងពិធីនេះដែរ ស្ត្រីជាម្តាយម្នាក់ទៀត កំពុងអង្គុយនៅក្នុងរោងពិធីបុណ្យ ដោយអង្គុយសម្លឹងរូបថត របស់កូនប្រសម្នាក់។ អ្នកស្រី ហ៊ន សារុំ បានបង្ហាញពីអារម្មណ៏សោកសៅ និង អាល័យកូនប្រុសដែលបានបាត់បងជិវិតក្នុងវ័យ ២៣ ឆ្នាំ ។

ទោះជាយ៉ាងណា អ្នកស្រីបានបង្ហាញពីអារម្មណ៍ពេញចិត្តដែល សាលារាជធានីភ្នំពេញបានធ្វើពិធីរំលឹកខួបនេះ។

សូមរម្លឹកថា សោកនាដកម្ម ឧប្បទ្ទវហេតុស្ពានកោះពេជ្រនេះ បានសម្លាប់មនុស្សជិត៣៥០ នាក់ ហើយរបួសជាង ១០០០ នាក់។

ព្រឹត្ដិការណ៍​សប្បាយ​រីករាយ​បានក្លាយ​ជាមហា​ទុក្ខដ៏​ធំធេង នាថ្ងៃ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ ព្រោះ​តែកើត​មាន​ឧបទ្ទវ​ហេតុ​នៅលើ​ស្ពានពេជ្រ​នៃតំបន់​កោះពេជ្រ​នាវេលាម៉ោង​៩និង​៣០នាទី​យប់ ថ្ងៃទី​២២ ខែ​វិច្ឆិកាឆ្នាំ២០១០។

នេះគឺជាមហាសោកនាដកម្ម មិនធ្លាប់​មានក្នុង​ប្រវត្ដិសាស្ដ្រ​ជាតិ​រយៈពេល​ជិត៤០ឆ្នាំ​កន្លងមក​នេះដោយ បានធ្វើ​ឱ្យមាន​ការ​សោកស្ដាយ​ភ្ញាក់ផ្អើល និង​រន្ធត់​ញាប់ញ័រ​ក្រៃលែង លាយឡំ​ដោយ​សេចក្ដី​ក្ដុកក្ដួល។

មហាសោកនាដកម្មមួយនេះ ត្រូវបានកត់ត្រាក្នុងទំព័រប្រវតិ្តសាស្ត្រនៃប្រទេសកម្ពុជាដែលពុំធ្លាប់ចាប់តាំងពីរបបប្រល័ពូជសាសន៍ខ្មែរក្រហមត្រូវបានផ្ដួលរំលំ៕

 

Share

Image
Image
Image