en     km
en     km

សិទ្ធិ​ស្ដ្រី​ មាន​តែ​នៅ​ក្នុង​គោលនយោបាយ​ តែ​ការ​អនុវត្ដ​បាន​តិច​តូច​

Share

​ភ្នំពេញ​ ៖​ ថ្ងៃ​ទី​០៨​ ខែមីនា​ គឺជា​ទិវា​នារី​អន្តរជាតិ​ ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​ដែល​លើកកម្ពស់​ស្ត្រី​ នៅ​លើ​ពិភពលោក​បាន​ប្រារព្ធ​ឡើង​ ដោយ​រំ​ឮ​ក​ពី​ការ​តស៊ូ​ ដើម្បី​សេរីភាព​ និង​ភាព​ស្នើ​គ្នា​ ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ សម្រេច​ទាំង​ក្នុង​កិច្ច​សង្គម​និង​នយោបាយ​។​ នៅ​ឆ្នាំ​២០១៨​នេះ​ ទិវា​នារី​អន្ដរជាតិ​ បាន​ឈាន​ចូល​ខួប​ទី​១០៧​ ហើយ​។​ ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ ស្ដ្រី​ មាន​សិទ្ធិ​ស្មើ​និង​បុរស​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ និង​បំពេញការងារ​ផ្សេងៗ​ស្រប​ទៅ​តាម​ច្បាប់​ ដែល​មាន​ចែង​។​ តែ​បែប​នេះ​ក្ដី​ នាយិកា​ប្រត្ដិបត្ដិ​ អង្គការ​ចំនួន​ពីរ​ មើលឃើញ​ប្រហាក់ប្រហែល​គ្នា​ថា​ សិទ្ធិ​ស្ដ្រី​កម្ពុជា​ បាន​ត្រឹមតែ​ស្ថិត​ក្នុង​គោលនយោបាយ​ប៉ុណ្ណោះ​ តែ​ការ​អនុវត្ដ​ជាក់ស្ដែង​ ហាក់​បាន​តិច​តូច​នៅឡើយ​ គឺ​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ​ ឬ​ក៏​សង្គម​ជាតិ​។​

​រាយការណ៍​លំអិត​ដោយ​លោក​ លៀ​ ស៊ី​ណា​ ៖​

 

លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C

 

“​ទិវា​នារី​អន្ដរជាតិ​”​ ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ឡើង​ ក្នុង​គោលបំណង​រំ​ឮ​ក​ដល់​វិ​រៈ​ភាព​របស់​កម្មការិនី​ ដែល​បាន​ចងក្រង​គ្នា​ទាមទារ​សិទ្ធិ​សេរីភាព​ និង​ភាព​ស្នើ​គ្នា​រវាង​ស្ដ្រី​ និង​បុរស​ក្នុង​សង្គម​។​ នៅ​ចុង​សតវត្សរ៍​ទី​១៩​ បច្ចេកវិទ្យា​បាន​រី​ចម្រើន​យ៉ាង​ខ្លាំង​ នៅ​លើ​ពិភពលោក​ ជា​ពិសេស​នៅ​សហរដ្ឋ​អាម​រិ​ក​ និង​បណ្ដា​ប្រទេស​មាន​ខឿន​ឧស្សាហកម្ម​រីក​ចម្រើន​។​ នារី​ និង​ក្រុម​កុមារ​ ក្រីក្រ​រាប់​លាន​នាក់​ ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ សហគ្រាស​ ឯកជន​នានា​។​ ពួក​ម្ចាស់​រោងចក្រ​ សហគ្រាស​មួយ​ចំនួន​ ដែល​មានគំនិត​លោភលន់​ បាន​កេងប្រវ័ញ្ច​លើ​ កម្លាំង​ពលកម្ម​របស់​កម្មករ​ ចំណែកឯ​ប្រាក់​បៀរ​វត្សរ៍​វិញ​ទទួល​បាន​ យ៉ាងតិច​តូច​បំផុត​។​ ម្យ៉ាងទៀត​ម្ចាស់​សហគ្រាស​ក៏​មិន​គិត​ពី​សុខភាព​របស់​កម្មករ​ ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​នារី​ និង​កុមារ​ ទាំងនោះ​ត្រូវ​រស់​ នៅ​យ៉ាង​វេទនា​ក្នុង​ជីវភាព​ក្រីក្រ​ ដុនដាប​។​

​ដោយសារ​តែ​ ការ​គាប​សង្កាត់​ កេងប្រវ័ញ្ច​ ហួសប្រមាណ​នោះ​ គឺ​នៅ​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​១៨៩៩​ កម្មការិនី​ ផ្នែក​តម្បាញ​ និង​កាត់ដេរ​ នៅ​ទីក្រុង​ ស៊ី​កា​ហ្គោ​ និង​ញូយ៉ក​ នៃ​សហរដ្ឋអាមេរិក​ បាន​សាមគ្គី​គ្នា​ ក្រោកឈរ​ឡើង​ តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឲ្យ​បន្ថយ​ម៉ោង​ធ្វើការ​ និង​ដំឡើង​ប្រាក់​បៀរ​វត្សរ៍​។​ ប៉ុន្ដែ​ជា​លទ្ធផល​កម្មការិនី​ ទាំងនោះ​ត្រូវ​បាន​ទទួល​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​ និង​ត្រូវ​គេ​ចាប់ចង​ ធ្វើ​ទារុណកម្ម​ ព្រមទាំង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។​

​តែបើ​ទោះជា​ត្រូវ​ទទួល​ការ​ឈឺចាប់​ និង​រងគ្រោះថ្នាក់​ ធ្ងន់ធ្ងរ​យ៉ាងណា​ក៏​ដោយ​ ក៏​កម្មការិនី​ទាំងនោះ​ នៅ​តែ​សាមគ្គី​គ្នា​តស៊ូ​យ៉ាង​ស្វិតស្វាញ​ ដោយ​ក្រោកឈរ​ឡើងជា​សាធារណៈ​ តវ៉ា​ប្រឆាំង​ ម្ដង​ហើយ​ម្ដងទៀត​ បង្ខំ​ឲ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ យល់ព្រម​ទទួលយក​តាម​សំណើ​របស់​ពួក​គេ​។​ ដំណើរ​តស៊ូ​ របស់​កម្មការិនី​ទាំងនោះ​ បាន​លើកទឹកចិត្ដ​យ៉ាង​ខ្លាំង​ ដល់​ចលនា​នារី​ ជា​ពលករ​ លើ​សាកលលោក​ទាំងមូល​ ដោយ​ការ​តស៊ូ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​នារី​ជា​ពលករ​ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដែល​ជា​ប្រទេស​ឧស្សាហកម្ម​ដ៏​ធំ​នា​សម័យ​នោះ​ក៏​បាន​ផ្ទុះ​ការ​តវ៉ា​។​ នៅ​ពេល​នោះ​ យុវនារី​ដ៏​ល្បីល្បាញ​បី​រូប​ គឺ​អ្នកស្រី​ ក្លា​រ៉ា​ស្ជេ​គ​គិ​ន​ ជនជាតិ​អា​ល្លឺ​ម៉​ង់​ អ្នកស្រី​ រ៉ូ​ស្កា​ លុ​ច​ស្ព័​រ​បួរ​ ជនជាតិ​ប៉ូ​ឡូញ​ និង​អ្នកស្រី​គ្រូ​ប​ស្កា​យ៉ា​ ភរិយា​លោក​ឡេ​នី​ន​ មេដឹកនាំ​បដិវត្ត​ នៅ​រុ​ស្ស៊ី​ក៏​ បាន​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​បង្កើត​បានជា​គណៈ​លេខា​អន្ដរជាតិ​ ដើម្បី​ដឹកនាំ​ចលនា​នារី​។​

​នៅ​ឆ្នាំ​១៩១០​ សន្និបាត​នារី​អន្ដរជាតិ​ មួយ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ប៉ិន​ហាក​ រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ ដែល​មាន​ប្រទេស​ចំនួន​ ១៧​ចូលរួម​ និង​បាន​សម្រេច​យក​ថ្ងៃ​ទី​០៨​ ខែមីនា​ ជា​រៀង​រាល់​ឆ្នាំ​ ជា​ថ្ងៃ​ប្រារព្ធ​ ទិវា​នារី​អន្ដរជាតិ​ដើម្បី​ រំ​ឮ​ក​ពី​ការ​តស៊ូ​របស់​នារី​ ពលករ​ នៅ​ទូ​ទាំង​សាកលលោក​ ដើម្បី​សិទ្ធិ​សេរីភាព​ ប្រជាធិបតេយ្យ​ និង​ការ​អនុវត្ដ​សិទ្ធិ​សេរីភាព​រវាង​បុរស​ និង​នារី​ ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា​ «​មួយ​ថ្ងៃ​ធ្វើការ​ ៨​ម៉ោង​»​ «​ធ្វើការ​ស្នើ​គ្នា​ បៀរ​វត្សរ៍​ស្នើ​គ្នា​»​ «​ការពារ​សុខភាព​មាតា​ និង​ទារក​»​។​

​យោង​តាម​ការ​តស៊ូ​របស់​មេ​ ចលនា​ស្ត្រី​ លើ​ពិ​ភ​លោក​នេះ​ បាន​នាំ​ឲ្យ​ប្រទេស​ស្ទើរ​ទាំងអស់​បាន​ទទួលស្គាល់​ថា​ ស្ត្រី​ជា​ថាមពល​មិន​ខ្វះ​បាន​ក្នុង​ការ​កែប្រែ​សង្គម​របស់​មនុស្ស​ ទើប​មានការ​ប្រារព្ធ​ទិវា​នេះ​ឡើង​។​

​ដោយឡែក​ប្រទេស​កម្ពុជា​វិញ​ ក៏​បាន​ចូលរួម​អបអរ​ទិវា​នារី​អន្តរជាតិ​នេះ​ផង​ដែរ​ ដែល​ក្នុង​ឆ្នាំ​២០១៨​នេះ​ ទិវា​នេះ​ បាន​ឈាន​ដល់​ខួប​ទី​១០៧​ ហើយ​។​ នាយិកា​ប្រតិបត្ដិ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ០២​រូប​ បង្ហាញ​ការ​យល់​ឃើញ​ថា​ ស្ដ្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ក៏​ប៉ុន្ដែ​សិទ្ធិ​អំណាច​របស់​ស្ដ្រី​ ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ហាក់​មិន​បាន​អនុវត្ដ​បាន​ពេញលេញ​នៅឡើយ​។​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​កា​ ដែល​ជា​ស្ដ្រី​ខ្មែរ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ក្នុង​កិច្ចការ​សង្គម​ ដើម្បី​លើក​កម្ពុ​ស់​សិទ្ធិ​ស្ដ្រី​ ឲ្យ​មាន​ភាព​ស្នើ​មុខ​ ស្នើ​មាត់​គ្នា​ជាមួយ​បុរស​ ជំរុញ​ឲ្យ​ស្ដ្រី​ មាន​តួនាទី​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​នានា​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ច្បាប់​ និង​យុទ្ធសាស្ត្រ​នយោបាយ​សុទ្ធតែ​ ចែង​ពី​សិទ្ធិ​សេរីភាព​ស្ដ្រី​។​ ក៏​ប៉ុន្ដែ​លោកស្រី​មើលឃើញ​ថា​ ការ​អនុវត្ដ​ជាក់ស្ដែង​មិន​បាន​ពេញលេញ​នៅឡើយ​ទេ​ ខណៈ​យុគ្គ​សម័យនេះ​ស្ដ្រី​ក៏​ត្រូវ​ចេញ​ធ្វើ​ការងារ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ខ្លាំង​។​

​នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​កា​ គិត​ថា​ បច្ចុប្បន្ន​នេះ​ មិន​ទាន់​អាច​និយាយ​បាន​ថា​ ស្ដ្រី​មាន​សិទ្ធិ​ស្នើ​ និង​បុរស​នោះ​ទេ​ ព្រោះតែ​ស្ដ្រី​ នៅ​មាន​គំនាប​ច្រើន​នៅឡើយ​ មិន​ថា​ ការ​សម្រេចចិត្ដ​ និង​ការ​ធ្វើ​សកម្មភាព​សង្គម​នានា​នោះ​ទេ​។​

​លោកស្រី​ ធីតា​ ឃឹះ​ ៖«​ដូច្នេះ​សិទ្ធិ​គេ​ថា​ មាន​ហើយ​ ប៉ុន្ដែ​ការ​អនុវត្ដ​វា​អត់​ទាន់​បាន​។​ អ​ញ្ចឹ​ង​ទៅ​គួរតែ​ចាប់ផ្ដើម​ ពន្យល់​ទាំងអស់​គ្នា​ឲ្យ​យល់​ថា​ សិទ្ធិ​យើង​មាននៅ​ពេល​ណា​យើង​អាច​ អនុវត្ដ​បាន​ មិនមែន​គ្រាន់តែ​ថា​ ហើយ​មិនមែន​គ្រាន់​ជា​នៅ​ក្នុង​ច្បាប់​ នៅ​ក្នុង​ផែនកា​ ដូច្នេះ​មនុស្ស​នៅ​ក្នុង​សង្គម​អាច​អនុវត្ដ​បាន​នោះ​ទើប​យើង​មាន​សិទ្ធិ​»​។​

​លោកស្រី​ បន្ដ​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​បាន​ច្រើន​ហើយ​ ជុំវិញ​ការ​ផ្សព្វផ្សាយ​ ស្ដី​ពី​សិទ្ធិ​ស្ដ្រី​និង​បុរស​ តែ​យ៉ាងណា​លោកស្រី​យល់​ថា​ រដ្ឋាភិបាល​គួរតែ​បន្ថែម​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ ។​ ដោយសារ​នៅ​មាន​ចំណុច​ខ្វះខាត​នេះ​ លោកស្រី​សំណូមពរ​ដល់​ស្ដ្រី​ ត្រូវ​បង្កើន​ភាព​ក្លាហាន​របស់​ខ្លួន​ ដោយ​ឈោង​ចាប់​ក្ដី​ស្រ​ម៉ៃ​គឺ​ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ខ្លួន​ ទៅ​តាម​ពាក្យបុរាណ​ដែល​ និយាយ​បង្អាប់​សមត្ថភាព​ស្ដ្រី​នោះ​ទេ​។​

​លោកស្រី​ ធីតា​ ឃឹះ​៖«​យើង​ជា​ស្ដ្រី​ យើង​ជា​មនុស្ស​ដូច​គេ​ដូច​ឯង​ដែរ​ ដូច្នេះ​យើង​ត្រូវ​ក្ដាប់​ទៅ​លើ​សេចក្ដី​បំណងប្រាថ្នា​ និង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​។​ ដូច្នេះ​អ្វី​ដែល​យើង​ចង់​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ដូចដែល​បុរស​ដែរ​។​ ប៉ុន្ដែ​មិនមែន​មាន​ន័យ​ថា​ យើង​ទៅ​ធ្វើ​រំលោភ​លើ​បុរស​ទេ​ ក៏​ប៉ុន្ដែ​ជា​ការ​ចែករំលែក​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ​ និង​នៅ​ក្នុង​សង្គម​»​។​

​ដូច​គ្នា​ដែរ​ លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្ដិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ GAD/C​ យល់​ឃើញ​ថា​ បើ​មើល​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ គឺ​ពិតជា​មាន​គោលនយោបាយ​ ពិតមែន​ក្នុង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​។​ ប៉ុន្ដែ​លោកស្រី​បន្ដ​ថា​ ចំពោះ​ការ​អនុវត្ដ​ហាក់​បាន​តិច​តូច​នៅឡើយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ គោលនយោបាយ​ផ្ដល់​សិទ្ធិ​ និង​ការ​លើកកម្ពស់​ សិទ្ធិ​អំណាច​ស្ដ្រី​ក្នុង​សង្គម​ នៅ​តែ​ចង្អៀត​។​ លោកស្រី​បន្ថែម​ថា​ សូ​ម្បី​តែ​តំណែង​ក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ​ ស្ដ្រី​គឺ​មាន​ចំនួន​តិច​ ដែល​មិន​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយជា​សំឡេង​របស់​ស្ដ្រី​ ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​។​

​លោកស្រី​ រស់​ សុភាព​ ៖«​យើង​ថា​ មិន​បាន​សោះ​ក៏​មិន​ត្រូវ​ដោយសារ​ថា​ យើង​មាន​គោលនយោបាយ​ហើយ​ ប៉ុន្ដែ​បើ​យើង​មើលទៅ​ការ​អនុវត្ដ​ជាក់ស្ដែង​ វា​នៅ​មាន​គម្លាត​ឆ្ងាយ​រវាង​បុរស​ និង​ស្ដ្រី​ ការ​ទទួល​បាន​នូវ​សមភាព​យេ​ន​ឌ័​រ​ ឲ្យ​បាន​ពេញលេញ​នៅ​មាន​គម្លាត​ឆ្ងាយ​ណាស់​។​ យើង​មើល​តែ​វិស័យ​ដឹកនាំ​ ស្ដ្រី​មាន​ចំនួន​តិច​ បើ​ក្នុង​សភា​មាន​ស្ដ្រី​តែ​ប៉ុន្មាន​ ២០​ភាគរយ​អី​ តំណាង​របស់​ខ្លួន​ច្រើន​ ហើយ​បើ​ប្រជាពលរដ្ឋ​មាន​រហូត​ទៅ​ដល់​យើង​ថា​ ៥២​ភាគរយ​ជាង​ទៀត​ ប្រជាពលរដ្ឋ​ជា​ស្ដ្រី​ អ​ញ្ចឹ​ង​តំណាង​របស់​ខ្លួន​អត់​គ្រប់គ្រាន់​ទេ​»​។​

​បន្ថែម​លើ​នេះ​ លោកស្រី​ រស់​ សុភាព​ សំណូមពរ​ដល់​អាណាព្យាបាល​ និង​បុរស​គ្រប់​រូប​ផ្ដល់​ឱកាស​ និង​បន្ដ​ជំរុញ​ទឹកចិត្ដ​ស្ដ្រី​ ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ ដើម្បី​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​។​ លើស​ពី​នេះ​ លោកស្រី​ចង់​ឲ្យ​ស្ដ្រី​ ត្រូវ​មាន​ជំហរ​រឹង​មាំ​ និង​ឈោង​ចាប់​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ ដោយ​មិន​ត្រូវ​ខ្លាច​នោះ​ឡើយ​។​ លោកស្រី​ ក៏​បាន​ទទូច​ផង​ដែរ​ ដល់​រាជរដ្ឋាភិបាល​ ដោយ​ត្រូវធ្វើ​យ៉ាងណា​ បង្កើន​ការ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ ចំពោះ​អំពើ​បំពាន​ណាមួយ​ មិន​ថា​ ជា​អំពើ​រំលោភ​ ឬ​ក៏​អំពើ​ហិង្សា​លើ​ស្ត្រី​នោះ​ទេ​។​

​បច្ចុប្បន្ន​នេះ​ ស្ដ្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ការងារ​ជា​ច្រើន​ មាន​ទាំង​ការងារ​ផ្ទះ​ មើលថែ​កូន​ អប់រំ​កូន​ និង​ការ​ចូល​ក្នុង​សង្គម​ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​ជា​សេដ្ឋកិច្ចជាតិ​។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ក្នុង​វិ​ដេ​អូ​ខ្លី​ របស់​ក្រសួង​កាលពី​ថ្មីៗ​នេះ​ ដោយ​បញ្ជាក់​ថា​ ស្ដ្រី​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​មានការ​រីក​ចម្រើន​។​ លោកស្រី​រដ្ឋមន្ត្រី​ បន្ដ​ថា​ ដំណើរ​នៃ​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​កម្ពុជា​ គឺ​នៅ​វែង​ឆ្ងាយ​ទៀត​ ទោះបី​កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវត្រូវ​ ក៏​ដោយ​ក្នុង​ការ​ធ្វើ​ឲ្យ​បុរស​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ភាព​មិន​អាច​ខ្វះ​បាន​ នូវ​ការ​រួមចំណែក​របស់​ស្ដ្រី​ ដើម្បី​ឲ្យ​សង្គម​ពោរពេញ​ទៅ​ដោយ​ភាព​រុងរឿង​ សិរី​សួស្ដី​ និង​សុភមង្គល​៕​

Share

Image
Image
Image