en     km
en     km

ស្ដ្រី​ គួរ​មាន​ជំនាញ​ផ្ទាល់ខ្លួន​មួយ​ មុន​ពេល​រៀប​ការ​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​វ័យក្មេង​មួយ​ចំនួន​ធំ​ តែងតែ​សម្រេចចិត្ដ​រៀប​ការ​ ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​ជំនាញ​ផ្ទាល់ខ្លួន​ណាមួយ​ ច្បាស់លាស់​។​ ស្ដ្រី​ ដែល​រៀប​ការ​ទាំង​វ័យក្មេង​ ងាយ​ប្រឈម​បញ្ហា​ជីវភាព​ទៅ​ថ្ងៃក្រោយ​ ប្រសិនបើ​ពួក​គាត់​បែកបាក់​គ្រួសារ​។​ ស្ដ្រី​ វ័យក្មេង​ពីរ​រូប​ ដែល​កំពុង​បន្ដ​ការ​សិក្សា​ផ្នែក​ចម្អិន​មុខម្ហូប​ យល់​ថា​ ស្ដ្រី​ គួរ​មានមុខ​ជំនាញ​ច្បាស់លាស់​មួយ​មុន​ពេល​ដែល​សម្រេចចិត្ដ​រៀប​ការ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​កញ្ញា​ សែត​ ស៊ី​វន​ មាន​អាយុ​ ២២​ឆ្នាំ​ ស្រុក​កំណើត​ជា​អ្នក​ខេត្ដកំពត​ ហើយ​បាន​មក​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា

 

​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​តែ​សង្កេត​ឃើញ​ថា​ មាន​ស្ដ្រី​វ័យក្មេង​ជា​ច្រើន​ បាន​សម្រេចចិត្ដ​រៀប​ការ​ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បាក់​ឌុ​ប​។​ ការ​រៀប​ការ​របស់​ពួក​គេ​ ក្រោម​ហេតុផល​មួយ​ចំនួន​ ដែល​អ្នកខ្លះ​រៀប​ការ​ព្រោះ​គិត​ថា​ បើ​ទោះជា​បន្ដ​ការ​សិក្សា​ទៅ​មុខ​ ក្រោយ​ពេល​រៀប​ការ​ក៏​ត្រូវ​នៅផ្ទះ​មើលថែ​កូន​ដដែល​ និង​អ្នកខ្លះ​ទៀត​សម្រេចចិត្ដ​រៀប​ការ​ព្រោះ​ ឪពុក​ ម្ដាយ​ របស់​នាង​ គ្មាន​លទ្ធភាព​ឲ្យ​នាង​បន្ដ​ការ​សិក្សា​ដល់​ថ្នាក់ឧត្ដម​។​

​ស្ដ្រី​ ដែល​រៀប​ការ​ទាំង​វ័យក្មេង​ ខណៈ​មិន​មាន​ជំនាញ​ ឬ​មុខរបរ​ច្បាស់លាស់​ដែល​អាច​ផ្ដល់​ជា​ប្រាក់​ចំណូល​សម្រាប់​ខ្លួន​ ពួក​គេ​ងាយ​ប្រឈម​បញ្ហា​ ប្រសិនបើ​នាង​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​ស្វាមី​ ហើយ​ត្រូវ​ចែកផ្លូវ​គ្នា​នៅ​ថ្ងៃ​ណាមួយ​។​ ជា​ការ​ពិត​ គឺ​វា​គ្មាន​បញ្ហា​ទេ​ ប្រសិនជា​ក្រោយ​ពី​រៀប​ការ​ គូ​ស្វាមី​ រស់នៅ​ជាមួយ​គ្នា​ដោយ​មានការ​យល់ចិត្ដ​ និង​ចុះសម្រុង​ ។​

​តែ​យ៉ាងណា​សម្រាប់​យោបល់​ស្ដ្រី​ វ័យក្មេង​ពីរ​រូប​ ដែល​កំពុង​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ម្ហូប​ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ បង្ហាញ​ជា​មតិយោបល់​ថា​ នាង​មិន​គាំទ្រ​ឲ្យ​ស្ដ្រី​រៀប​ការ​ទាំង​វ័យក្មេង​ ខណៈ​ខ្លួន​គ្មាន​មុខរបរ​ ឬ​ជំនាញ​ច្បាស់លាស់​ ដើម្បី​រក​ចំណូល​នោះ​ទេ​។​

​កញ្ញា​ សែត​ ស៊ី​វន​ មាន​អាយុ​ ២២​ឆ្នាំ​ ស្រុក​កំណើត​ជា​អ្នក​ខេត្ដកំពត​ ហើយ​បាន​មក​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​កញ្ញា​ នៅ​តែ​បន្ដ​ការ​សិក្សា​រហូត​មក​ដល់​ពេល​នេះ​ ពីព្រោះ​តែ​នាង​ចង់​ឲ្យ​ជីវិត​មាន​លំ​ហ្នឹង​ជាក់លាក់​ ទៅ​ថ្ងៃក្រោយ​ ដោយ​ការ​ដែល​មានការ​ងារ​ធ្វើ​ច្បាស់លាស់​ អាច​រក​ចំណូល​ផ្គត់ផ្គង់​ខ្លួនឯង​បាន​។​ នាង​បញ្ជាក់​ថា​ ការ​ពុះពារ​មក​បន្ដ​ការ​សិក្សា​លើ​ជំនាញ​បដិសណ្ឋារកិច្ច​នេះ​ ពីព្រោះ​តែ​នាង​បានឃើញ​ ជីវិត​គូ​របស់​មីង​នាង​ ដែល​បាន​រៀប​ការ​ទាំង​វ័យក្មេង​ហើយ​ជូ​ប​ការ​លំបាក​ ៖«​សម្រាប់​ខ្ញុំ​ពិបាក​ ព្រោះ​អី​ខ្ញុំ​ធ្លាប់​ឃើញ​មីង​របស់ខ្ញុំ​គាត់​ការ​ទាំង​អាយុ​វ័យក្មេង​ ហើយ​គាត់​មានកូន​ ហើយ​គាត់​អត់​មាន​ជំនាញ​អី​មួយ​។​ អ​ញ្ចឹ​ង​គិត​ថា​ បើ​គាត់​បែកបាក់​ជាមួយ​ប្ដី​គាត់​គាត់​ធ្វើ​ម៉េច​គាត់​ត្រូវ​ចិញ្ចឹម​កូន​ម៉េច​។​ និយាយ​រួម​ទៅ​ យើង​អត់​មាន​ជំនាញ​អ​ញ្ចឹ​ង​ គេ​មើលងាយ​យើង​ យើង​អត់​មាន​លុយ​ យើង​ត្រូវ​សុំ​លុយ​គេ​ចាយ​ព្រោះ​អី​គាត់​អត់​ហ៊ាន​សុំ​បែក​គ្នា​ ដោយសារ​គាត់​រស់នៅ​ម្នាក់ឯង​ អ​ញ្ចឹ​ង​គាត់​ត្រូវ​មើល​កូន​ អ​ញ្ចឹ​ង​គាត់​អត់​មាន​ជំនាញ​អី​ក្នុង​ខ្លួន​ផង​ហ្នឹង​»​។​

​ព្រោះ​មាន​ម្ដាយមីង​ ដែល​រៀប​ការ​ទាំង​វ័យក្មេង​ជា​គំ​រូប​ដូចនេះ​ ទើប​កញ្ញា​ ស៊ី​វន​ គ្មាន​បំណង​នឹង​រៀប​ការ​ទាំង​វ័យក្មេង​។​
​បន្ថែម​លើ​នេះ​ នាង​បន្ដ​ថា​ ការ​ដែល​នាង​ចាប់​យក​ជំនាញ​ធ្វើ​ម្ហូប​នេះ​ ពីព្រោះ​នាង​មើលឃើញ​ថា​ នៅ​តាម​ហាង​ធំៗ​ ហាង​លំដាប់​ស្ដង់ដារ​អន្ដរជាតិ​ គឺ​មាន​តែ​មនុស្ស​ប្រុស​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ជា​មេ​ចុងភៅ​ ។​ ព្រោះតែ​ការ​មើលឃើញ​ដូចនេះ​ ទើប​កញ្ញា​ស​ម្រេ​ចិត្ដ​ចូល​រៀន​ផ្នែក​ចម្អិនម្ហូប​នេះ​ ដោយ​ចង់​បង្ហាញ​ថា​ បុរស​អាច​ធ្វើ​បាន​ ស្ដ្រី​ក៏​ធ្វើ​បាន​ដូច​គ្នា​ ៖«​ដោយសារ​តែ​ភាគច្រើន​ ចុងភៅ​ (​ហាង​ធំៗ​)​ គឺ​មាន​តែ​ប្រុស​ទេ​ដែល​ធ្វើ​ ដល់​ពេល​ដែល​យើង​ជា​ស្រី​ យើង​មក​ធ្វើ​ មាន​អារម្មណ៍​ថា​ យើង​ជា​ស្រី​មួយ​ដែល​អស្ចារ្យ​ មាន​អារម្មណ៍​ថា​ ប្លែក​ជាងគេ​ ខ្ញុំ​មាន​អារម្មណ៍​អ​ញ្ចឹ​ង​»​។​

​កញ្ញា​ សែត​ ស៊ី​វន​ ចង់​ឃើញ​ស្ដ្រី​វ័យក្មេង​គ្រប់​រូប​បន្ដ​ឈោង​ចាប់​ក្ដី​ស្រមៃ​របស់​ខ្លួន​ ដោយ​មិន​ត្រូវ​ឆាប់​រៀប​ការ​ទាំង​វ័យក្មេង​ពេក​នោះ​ទេ​។​ កញ្ញា​ផ្ដល់​ជា​យោបល់​ថា​ បើ​ខ្លួន​ស្រឡាញ់​ផ្នែក​បដិសណ្ឋារកិច្ច​ ឬ​ការ​ធ្វើ​ម្ហូប​នេះ​ គួរតែ​ងាក​ទៅ​មើល​ វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ដែល​ជា​សាលា​បើក​ទូលាយ​សម្រាប់​ពលរដ្ឋ​ទូទៅ​ និង​ផ្ដល់​អាទិភាព​សម្រាប់​ យុវជន​ក្រីក្រ​ ពិសេស​ស្ដ្រី​ ឲ្យ​បាន​ទទួល​អាហារូបករណ៍​ ដើម្បី​សិក្សា​នៅ​វិទ្យាស្ថាន​មួយ​នេះ​។​

​យុវតី​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ដកំពត​ រូប​នេះ​ យល់​ថា​ ស្ដ្រី​គួរ​ធ្វើ​ដំណើរ​ឲ្យ​បាន​ច្រើន​ ដើម្បី​ស្គាល់​កាន់តែ​ច្បាស់​ពី​ពិភពលោក​ខាងក្រៅ​ និង​រៀន​នៅ​អ្វី​ដែល​ថ្មីៗ​ សម្រាប់​ជីវិត​ មុន​ពេល​រៀប​ការ​៖«​សម្រាប់​ខ្ញុំ​គឺ​ត្រូវ​តែ​មានចំណេះ​ជំនាញ​ផ្ទាល់ខ្លួន​ ដើរ​ស្គាល់​ពិភពលោក​ឲ្យ​បាន​ច្រើន​ នោះ​យើង​ស្វែងរក​បុរស​ល្អ​ទៀត​ ព្រោះ​យើង​ដើរ​កាន់តែ​ច្រើន​យើង​ស្វែងរក​មនុស្ស​ថ្មីៗ​ ហើយ​យើង​ដឹង​ថា​ មនុស្ស​ណា​ល្អ​ មនុស្ស​ណា​អាក្រក់​ ហើយ​យើង​អា​ចរក​មនុស្ស​ល្អ​ដែល​សម​សម្រាប់​យើង​»​។​

​ដូច​គ្នា​ដែរ​ កញ្ញា​ ហួត​ សុ​ម៉ា​លី​ អាយុ​ ២៨​ឆ្នាំ​ មាន​ស្រុ​កំណើត​នៅ​ខេត្ដកំពង់ចាម​ ហើយ​កំពុង​សិក្សា​ផ្នែក​ បដិសណ្ឋារកិច្ច​នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ យល់​ស្រប​ថា​ ស្ដ្រី​បើ​ទោះ​ត្រូវ​រៀប​ការ​ មានកូន​ មើលថែ​កូនក្ដី​ ក៏​ស្ដ្រី​ត្រូវ​តែ​មានចំណេះ​ជំនាញ​ច្បាស់លាស់​ សម្រាប់​រក​ចំណូល​ខ្លួនឯង​ដែរ​។​ កញ្ញា​បន្ដ​ថា​ ជីវិត​ច្បាស់​ជា​មិន​ងាយស្រួល​ដូច​អ្វី​ដែល​និយាយ​នោះ​ទេ​ ដែល​អ្នកខ្លះ​និយាយ​ថា​ ស្ដ្រី​មិន​ចាំបាច់​រៀនសូត្រ​ខ្ពង់ខ្ពស់​ ឬ​ធ្វើ​ការងារ​ធ្វី​អ្វី​ទេ​ ព្រោះ​ពេល​ដែល​បាន​ប្ដី​ នឹង​ត្រូវ​នៅផ្ទះ​មើលថែ​កូន​ដដែល​ ៖«​ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ខុស​ពី​គេ​ យើង​អត់​មានចំណេះ​ជំនាញ​អី​ផង​ យើង​ទៅ​រៀប​ការ​ មានគ្រួសារ​ហើយ​ថ្ងៃ​អនាគត​ យើង​អត់​ដឹង​ថា​ ត្រូវ​រកស៊ី​អី​ ធ្វើការ​អី​ទេ​។​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ រៀន​ឲ្យ​បាន​ច្រើន​ បាន​ឱកាស​ការងារ​ច្រើន​ ហើយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ បើ​ទោះជា​មិន​មាន​លទ្ធភាព​បើកហាង​ខ្លួនឯង​ ក៏​យើង​អាច​ទៅ​ធ្វើការ​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ បាន​ប្រាក់ខែ​ខ្ពស់ៗ​សម្រាប់​ចិញ្ចឹម​ខ្លួន​ដែរ​»​។​

​កញ្ញា​ ហួត​ សុ​ម៉ា​លី​ គឺជា​ស្ដ្រី​ក្រីក្រ​ ដែល​នាង​ស្ទើរតែ​បោះបង់​ក្ដី​ស្រមៃ​ ដែល​ចង់​ក្លាយជា​ចុងភៅ​ដ៏​ជំនាញ​មួយ​រូប​ទៅ​ហើយ​ ក្រោយ​ពី​នាង​រៀន​ចប់​បាក់​ឌុ​ប​។​ តែ​ដោយសារ​ វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ មាន​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ មក​ពី​តាម​ខេត្ដ​ ហើយ​ផ្ដល់​អាទិភាព​ដល់​ស្ដ្រី​ ទើប​កញ្ញា​ មានឱកាស​បាន​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ជា​បន្ដ​ទៀត​។​ កញ្ញា​ សុ​ម៉ា​លី​ លើកទឹកចិត្ដ​ល់​ស្ដ្រី​ក្រីក្រ​ទាំងអស់​ដែល​ស្រឡាញ់​ខាង​ការ​ធ្វើ​ម្ហូប​នេះ​ ឲ្យ​ដាក់​ពាក្យសុំ​អាហារូបករណ៍​ពី​ វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​បន្ដ​ការ​សិក្សា​ជា​បន្ដ​ទៀត​។​

​កញ្ញា​ សុខ​ វ​ឡា​ ជំនួយការ​ប្រធាន​ផ្នែក​ទីផ្សារ​ របស់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​វិទ្យាស្ថាន​នេះ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​មក​ពី​តាម​ខេត្ដ​ ទាំងស្រី​ ទាំងប្រុស​ ក៏​ប៉ុន្ដែ​ចំនួន​ស្ដ្រី​ គឺ​មាន​ច្រើន​ជាង​ចំនួន​ប្រុស​ ដោយសារ​តែ​សង្គម​យើង​បច្ចុប្បន្ន​ កំពុង​ព្យាយាម​លើកកម្ពស់​ និង​ផ្ដល់​ឱកាស​សម្រាប់​ស្ដ្រី​ ៖«​និយាយ​ទៅ​ផ្ដល់​អាទិភាព​សម្រាប់​ស្ដ្រី​ ប៉ុន្ដែ​ជាក់ស្ដែង​សិស្ស​ Scholarship​ របស់​យើង​មាន​ទាំងស្រី​ ទាំងប្រុស​។​ ប៉ុន្ដែ​ស្រី​ ច្រើន​ជាង​ ហើយ​ណាមួយ​គាត់​គិត​ថា​ បច្ចុប្បន្ន​គឺ​គេ​លើកកម្ពស់​តម្លៃ​របស់​ស្ដ្រី​ អ​ញ្ចឹ​ង​ហើយ​គាត់​ចង់​ឲ្យ​ស្ដ្រី​ ពិសេស​ក្មេង​ស្រី​ក្រីក្រ​ ដែល​គ្នា​អត់​មាន​លទ្ធភាព​ហ្នឹង​ ឲ្យ​គ្នា​មាន​លទ្ធិ​ភាព​សម្រេច​នៅ​ក្ដី​ស្រមៃ​ បាន​រៀន​នៅ​អ្វី​ដែល​ខ្លួនឯង​ចង់​រៀន​ ដែល​ខ្លួនឯង​ស្រឡាញ់​ហើយ​ ដើម្បី​យក​ទៅ​ប្រកប​មុខរបរ​នៅ​ថ្ងៃ​អនាគត​»​។​

​តាម​សុភាសិត​ខ្មែរ​ ស្ដ្រី​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ភេទ​មួយ​ទន់ខ្សោយ​ហើយ​គេ​តែងតែ​និយាយ​ថា​ សមត្ថភាព​របស់​ស្ដ្រី​ គឺ​បង្វិល​ចង្ក្រាន​មិន​ជុំ​។​ តែ​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​ពេល​ដែល​ សង្គម​ទទួលយក​នូវ​អរិយធម៌​ទំនើប​ឃើញ​ថា​ ក្មេង​ស្រី​ចាប់ផ្ដើម​រៀន​បញ្ចប់​វិទ្យាល័យ​ និង​មហាវិទ្យាល័យ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​។​ ពួក​គាត់​ភាគច្រើន​ស្វែងរក​ការងារ​ធ្វើ​ មុន​ទទួលយក​គូស្រករ​។​ យ៉ាងណាមិញ​កញ្ញា​ សុខ​ វ​ឡា​ បាន​បញ្ជាក់​ថា​ នាង​ក៏​សម្រេចចិត្ដ​ជ្រើសរើស​យកមុខ​របរ​ និង​ការងារ​ មុន​ពេល​ដែល​នាង​នាង​សម្រេចចិត្ដ​ទទួលយក​ចំណងដៃ​អា​ពា​ហិ​ពិពាហ៍​៕

Share

Image
Image
Image